ភាសា

សិក្ខាសាលាស្ដីអំពី “ការគ្រប់គ្រងហានិភ័យឥណទានតាមរយៈប្រព័ន្ធចែករំលែកព័ត៌មានឥណទាន”

កាលបរិច្ឆេទផ្សាយ: ថ្ងៃ​ព្រហស្បតិ៍ កញ្ញា 5th, 2019

 

រាជធានីភ្នំពេញៈ នា​​​ថ្ងៃទី​ ០៥​​ ខែ កញ្ញា​ ឆ្នាំ​២០១៩ កន្លង​ទៅ​ ការិយាល័យឥណទានកម្ពុជា(ស៊ីប៊ីស៊ី) បានចូលរួមសហការជាមួយវិទ្យាស្ថាន វ៉ាន់ដា រៀបចំកម្ម​វិធីសិក្ខា​សាលា ​ លើប្រធានបទស្ដី​អំពី​ ​ “ការ​គ្រប់​គ្រង​ហានិភ័យ​ឥណ​ទាន​តាម​រយៈ​ប្រព័ន្ធ​ចែក​រំ​លែក​ព័ត៌​មាន​ឥណ​ទាន​”។ ​សិក្ខាសាលានេះមានការ​អញ្ជើញ​ចូលរួម​​​ក្រោម​អធិបតីភាព​របស់​លោក អឿ សុធារ័ត្ន​ ប្រធាន​នាយក​ប្រតិ​បត្តិ​ ​នៃ​ការិ​យា​ល័យឥណ​ទាន​កម្ពុជា​ និងកញ្ញា ហ៊ូ គុជគន្ធលីនណា នាយិកា រង វិទ្យាស្ថាន វ៉ាន់ដា​។  សិក្ខា​សា​លា​​នេះក៏​មាន​ការ​ចូល​រួម​ពីលោកសាស្ត្រាចារ្យនៃសាកលវិទ្យាល័យ និង​​​​និ​ស្សិត​ជាច្រើន​កុះ​ករ​សរុប​ជាង​ ២០០នាក់​ ដែល​កំពុង​សិក្សា​នៅវិទ្យាស្ថាននេះ លើ​ជំនាញ ​គណនេយ្យ​ និង ធនាគារ​។

គោលបំណង​នៃ​ការ​បង្កើត​អោយ​មាន​កម្ម​វិ​ធី​សិក្ខា​សាលា​នេះ​គឺដើម្បី​ចែក​រំលែក​​​​ចំណេះ​ដឹងហិរញ្ញវត្ថុ​ និង​អាច​ផ្សារ​ភ្ជាប់​​​​​​​ទ្រឹ​ស្ដីដែល​​ប្អូនៗ​​និសិ្សត​​បាន​សិក្សា​នៅ​សា​លា​ ទៅ​នឹង​ការ​អនុវត្តន៍​ជាក់​ស្ដែង​ក្នុង​ទី​ផ្សារ​ និង​លើក​កម្ពស់​ការ​យល់ដឹង​ពី​ ការ​គ្រប់​គ្រង​ហានិភ័យ​ឥណ​ទាន​តាម​រយៈ​ប្រព័ន្ធ​ចែក​រំ​លែក​ព័ត៌​មាន​ឥណ​ទាន ប្រតិបត្តិ​ការនៃប្រព័ន្ធ​ចែក​រំ​លែក​ព័ត៌​មាន​ឥណ​ទានក្នុងព្រះរាជាណាចក្រកម្ពុជា និង​ជាពិសេស​ផ្ដល់​ជា​បំណិន​​បន្ថែម​ដល់ប្អូន​ៗ​​និសិ្សត​ដើម្បី​បង្កើន​ប្រសិទ្ធ​ភាព​ការងារ​ និង​រួម​គ្នា​អភិវឌ្ឍ​ន៍​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ពេ​ល​អនាគត​។​ ​លើស​ពីនេះ​ សិក្ខា​សាលា​ក៏​មាន​គោល​បំណង​លើក​កម្ពស់​សកម្ម​ភាពជួយ​​សង្គម​ និង​សកម្ម​ភាព​មនុស្ស​ធម៌ ហើយ​ចូល​រួម​ជាមួយ​ ក្រសួង​អប់​រំ​ យុវ​ជន​​ និង​កីឡា​ ដើម្បី​បង្កើន​គុណ​ភាព​អប់​រំ​ តាមរូបភាព​នៃ​​ការ​អប់​រំ​ក្រៅ​ប្រព័ន្ធ​ ដែល​ជា​ផ្នែក​មួយ​ដ៏សំខាន់​ក្នុងការជួយ​ពង្រឹង​សមត្ថភាព​និស្សិត​ ដើម្បី​ត្រៀម​ខ្លួន​រួច​រាល់​ក្នុង​ការ​ចាប់​យក​ឱ​កាស​ការងារ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​។​

ចំណេះដឹងផ្នែកហិរញ្ញវត្ថុកំពុងតែត្រូវបានគេទទួលស្គាល់ថាជាគោលដៅសំខាន់មួយនៅក្នុងប្រទេសកម្ពុជា។ ទាំងនេះគឺជាការឆ្លុះបញ្ចាំងពីតម្រូវការរបស់ប្រជាជនកម្ពុជាក្នុងការស្វែងយល់និងគ្រប់គ្រង់ហិរញ្ញវត្ថុរបស់ខ្លួន ដែលជារឿងចាំបាច់ក្នុងការធ្វើការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ សម្រេចបានសុខមាលភាពហិរញ្ញវត្ថុ និងផ្តល់អត្ថប្រយោជន៍ទៅដល់កំណើនសេដ្ឋកិច្ចសង្គមរបស់ប្រទេសផងដែរ។

កាលពីខែមេសា ឆ្នាំ២០១៩កន្លងទៅ ធនាគារជាតិនៃកម្ពុជាបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយក្រសួងអប់រំយុវជននិងកីឡា តាមយុទ្ធសាស្ត្រអភិវឌ្ឍវិស័យហិរញ្ញវត្ថុឆ្នាំ២០១៦-២០២៥ ដោយបញ្ចូលចំណេះដឹងផ្នែកនេះ ទៅក្នុងកម្មវិធីសិក្សាពីថ្នាក់ទី១ ដល់ថ្នាក់ទី១២ ទៅលើផ្នែកគណិតវិទ្យា សេដ្ឋកិច្ច និងពលរដ្ឋវិជ្ជាផងដែរ ដើម្បីលើកកម្ពស់ការយល់ដឹងលើចំណេះដឹងហិរញ្ញវត្ថុនៅកម្ពុជា។

លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិនៃស៊ីប៊ីស៊ីមានប្រសាសន៍ថា «ស៊ីប៊ីស៊ីជឿជាក់ថា ការចែករំលែកចំណេះដឹងហិរញ្ញវត្ថុ នឹងជួយក្នុងដំណើរកសាងជីវិតជោគជ័យ និងធ្វើអោយនិស្សិតយល់កាន់តែច្បាស់ពី ការគ្រប់គ្រងហានិភ័យឥណទានតាមរយៈប្រព័ន្ធចែករំលែកឥណទាន ព្រមទាំងចំណេះដឹងពាក់ព័ន្ធនឹងរបាយការណ៍ឥណទានដែលនឹងជួយអោយប្អូនៗនិស្សិតត្រៀមខ្លួនរួចរាល់ និងធ្វើការសម្រេចចិត្តបានត្រឹមត្រូវមុនពេលស្នើសុំឥណទាននៅពេល​ អនាគត។»

ស៊ីប៊ីស៊ី បានកំពុងបន្តរៀបចំធ្វើកម្មវិធិសិក្ខាសាលានៅតាមសកលវិទ្យាល័យជាច្រើន ទៅលើប្រធានបទខុសៗគ្នា សម្រាប់និស្សិតនៅតាមរាជធានីភ្នំពេញ ក៏ដូចជានៅតាមបណ្តាខេត្តផ្សេងៗដែលមានដូចជាសៀមរាប ព្រះសីហនុ និងកំពង់ចាមជាដើម។ លើសពីនេះ យើងក៏បានរៀបចំនៅកម្មវិធីសម្រាប់សាធារណៈជនទូទៅ រួមមានកម្មវិធី Consumer Talk និងកម្មវិធីផ្សេងៗទៀត ក្នុងការបង្កើនការយល់ដឹងអោយកាន់តែប្រសើរឡើងទៅលើព័ត៌មានឥណទានផ្សេងៗសម្រាប់និស្សិតនិងសាធារណជនទូទៅ។ ក្រៅពីនេះទៀត ស៊ីប៊ីស៊ីក៏បានផ្តួចផ្តើមកម្មវិធីចូលរួមចំណែកជួយសង្គម តាមរយៈការឧបត្ថម្ភដល់អង្គការក្រៅរដ្ឋាភិបាលជាច្រើនដែលធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រជាជននៅក្នុងសហគមន៍ ក្នុងគោលបំណងលើកកម្ពស់ចំណេះដឹងទាំងនេះ។

ការិយាល័យឥណទានកម្ពុជាចាប់ផ្តើមប្រតិបត្តិការជាផ្លូវការនៅថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០១២ ដោយមានការគាំទ្រពីធនាគាជាតិនៃកម្ពុជា    សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា    សមាគមធនាគារនៅកម្ពុជា     និងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ។        ស៊ីប៊ីស៊ី លើកកម្ពស់ស្ថេរភា ពហិរញ្ញវត្ថុអោយកាន់តែប្រសើរឡើង ដោយផ្តល់នូវទិន្នន័យទាន់ពេលវេលានិងជាក់លាក់ទៅកាន់គ្រឹះស្ថានហិរញ្ញវត្ថុនិង ស្ថាប័នហិរញ្ញវត្ថុដែលជាសមាជិក ក្នុងការជួយដល់ការគ្រប់គ្រងទិដ្ឋភាពហិរញ្ញវត្ថុនៃអាជីវកម្មរបស់ពួកគេ ដោយអនុញ្ញាតអោយអាជីវកម្មទាំងមូលអាច គ្រប់គ្រងហានិភ័យឥណទាន ការពារការក្លែងបន្លំអត្តសញ្ញាណ និងធ្វើការសម្រេចចិត្តបានលឿន។ ស៊ីប៊ីស៊ី ក៏បានផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋគ្រប់រូបក្នុងការត្រួតពិនិត្យមើលរបាយការណ៍ឥណទានរបស់ខ្លួន ដើម្បីធានាថា ពួកគេមានឱកាសក្នុងការស្វែងរកនិងទទួលបានប្រាក់កម្ចីនិងការពារខ្លួនពីការលួចបន្លំអត្តសញ្ញាណផងដែរ។ គិតត្រឹមខែសីហា ឆ្នាំ២០១៩ ស៊ីប៊ីស៊ីមានសមាជិកចំនួនលើសពី១៦៥ ស្ថាប័នដែលរួមមានធនាគារ គ្រឹស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនភតិសន្យា និងគ្រឹះស្ថានឥណទានជនបទ។