ភាសា

ការបរិច្ចាគសំភារៈសិក្សា ជូនដល់កុមារក្នុងអង្គការ Shanty Town Spirit

កាលបរិច្ឆេទផ្សាយ: ថ្ងៃ​អាទិត្យ មករា 29th, 2017

ថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០១៧ វេលាម៉ោង ២ រសៀល ក្រុមហ៊ុនការិយាល័យឥណទានកម្ពជា (CBC) បានរៀបចំពិធី​ចែក​អំណោយ ជាសំភារៈសិក្សាដល់កុមារចំនួន ៦៣ នាក់ នៅក្នុងអង្គការ Shanty Town Spirit ដោយមាន​ការចូលរួមពី លោក អឿ សុធារ័ត្ន ប្រធាននាយក​ស្តីទី​ការិយាល័យ​ឥណទាន​កម្ពុជា អ្នកម្នាង Ermine Norodom​ ជាស្ថាបនិកគម្រោង Shanty Town Spirit ថ្នាក់ដឹកនាំ និង បុគ្គលិកនៃការិយាល័យឥណទានកម្ពុជា និង អង្គការ Shanty Town Spirit សរុប​ជាង​១០០​នាក់។

អ្នកម្នាង Ermine Norodom​ ដែលជាស្ថាបនិក​អង្គការ​ Shanty Town Spirit បានមាន​បន្ទូល​ថាគោលបំណង​នៃអង្គការ Shanty Town Spirit គឺជួយ​ដល់​កុមា​រ​ក្រីក្រ ដែល​រស់​នៅតំបន់គំនរ​សំរាម ហើយរើសសំរាម​ដើម្បីចិញ្ចឹម​ជីវិត អោយទទួល​បានការ​សិក្សាដូច​កុមារទូទៅ ដោយមានសំលៀកបំពាក់ សំភារៈសិក្សា និង ហិរញ្ញ​វត្ថុ​គ្រប់​គ្រាន់ ដែលអាច​ជួយ​ពួកគេ​អោយ​ឈប់​រើស​សំរាម ហើយ​យកពេល​វេលា​ផ្តោត​លើការ​សិក្សា ដែលអាច​ជួយពួកគេ​អោយ មានអនាគតល្អ។ សម្រាប់ឆ្នាំ ២០១៧​នេះ ការិយាល័យ​ឥណទាន​កម្ពុជា ជាក្រុម​ហ៊ុនមួយ ដែលបាន​ឧបត្ថម្ភជាសំភារៈ​សិក្សាជាច្រើន​ដល់​កុមារ​ទាំង ៦៣ នាក់ នៅក្នុង​អង្គការ​របស់អ្នកម្នាង ហើយ​អ្នកម្នាង និងកុមារ​ទាំងអស់ ក៏សូម​ថ្លែងអំណរ​គុណ​យ៉ាងជ្រាល​ជ្រៅ ដល់ការិយាល័យឥណទានកម្ពុជា សម្រាប់ការ​ឧបត្ថម្ភនេះ ដែលបាន​ជួយ​សម្រួល​បន្ទុក នៃការ​សិក្សា​របស់កុមារ និង ក្រុមគ្រួសារ របស់ពួកគេ។

លោក អឿ សុធារ័ត្ន ប្រធាននាយកស្តីទី នៃ ការិយាល័យឥណទានកម្ពុ​ជា​បានមាន​ប្រសាសន៍​សំណេះសំណាល​ថា “ការិយាល័យឥណទានកម្ពុជា ជាក្រុម​ហ៊ុន​ឯកជន ប៉ុន្តែ​យើង​មិន​មែន​គិត តែពីប្រាក់​ចំនេញ​នោះទេ។ ជារៀង​រាល់ឆ្នាំ យើងតែងតែ​មាន​គម្រោង​សកម្មភាព​ផ្សេងៗដែល​ជួយ​ដល់​សង្គម។” លោកបាន​បន្តថា “ការអប់រំ​គឺ​ជា​ផ្នែក​មួយ នៃគម្រោង​សកម្មភាព​ជួយ​សង្គម​របស់យើង។ ដោយឃើញ​ពីតម្រូវការ​របស់​កុមារ​ក្នុង​អង្គការ Shanty Town Spirit ដែល​ចង់​បាន​សំភារៈ​សិក្សា ការិយាល័យ​ឥណទាន​កម្ពុជា​បាន​សម្រេច​ធ្វើការឧបត្ថម្ភជា​សំភារៈ​សិក្សា​ដល់កុមារទាំង ៦៣ នាក់។” តំណាងអោយបុគ្គលិកនៃ ការិយាល័យ​ឥណទាន​កម្ពុជា លោក​ពិតជា​សប្បាយចិត្ត ដែល​បានជួយ​ឧបត្ថម្ភ​ដល់​ការសិក្សា​របស់កុមារ​ទាំង​អស់ ក្នុងអង្គការនេះ ហើយសង្ឃឹមថាក្មួយ​ៗ​ទាំងអស់នឹង​ខិតខំប្រឹងប្រែង រៀន​សូត្រ​ដើម្បី​អនាគត​​ដ៏ល្អ នៅពេល​ខាងមុខ។

សំភារៈសិក្សា​ដែល​ចែក​ជូនកុមារៗ ទាំងអស់រួមមាន កាបូប សៀវភៅ ប៊ិច បន្ទាត់ ស្បែកជើង និង សំភារៈផ្សេងៗជាច្រើនទៀត។

សូមបញ្ជាក់ថា​ការិយាល័យ​ឥណទាន​កម្ពុជា ជាក្រុមហ៊ុនឈានមុខគេ​ក្នុងការ​ផ្ដល់ព័ត៌​មាន​ឥណទាន ឧបករណ៍វិភាគ និងសេវាកម្មរាយ​ការណ៍​​ដល់ធនាគារ ស្ថាប័ន​ហិរញ្ញវត្ថុ ក្រុមហ៊ុនផ្ដល់​ប្រាក់កម្ចី ប្រតិបត្តិករ​ឥណទាន និងអ្នកប្រើប្រាស់​នានា​ក្នុងព្រះ​រាជា​ណាចក្រ​កម្ពុជា។

CBC ត្រូវបានបង្កើតឡើង​ក្នុងខែមិនា ឆ្នាំ2012 ដោយមាន​ការគាំទ្រ​ពីធនាគារ​ជាតិនៃកម្ពុជា (NBC) សមាគមធនាគារ​នៃកម្ពុជា (ABC) សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា (CMA) និងក្រុមប្រឹក្សា​ហិរញ្ញវត្ថុ​អន្តរ​ជាតិ (IFC)។