ភាសា

សារពីប្រធាននាយកប្រតិបត្តិ

ក្នុងឆ្នាំ ២០២២ យើងមាន ក្ដីរំពឹងទុកខ្ពស់ បន្ទាប់ពីការបើកប្រទេសឡើងវិញ ក្រោយពីជំងឺរាតត្បាតសុខភាពជាសាកល (កូវីដ១៩)។ ស្ថានភាពនៅតែមិនទាន់មានស្ថេរភាព ជាពិសេសនៅដើមឆ្នាំ ប៉ុន្តែដោយ មានការអនុវត្តយុទ្ធនាការ ចាក់វ៉ាក់សាំងជាច្រើនដំណាក់កាលតាមវិធានការគាំពារសង្គមរបស់រាជរដ្ឋា ភិបាល និងគំនិតផ្តួចផ្តើមថ្មីនៃឌីជីថលនីយកម្មរបស់អាជីវកម្ម បានជួយអោយសេដ្ឋកិច្ចបន្តរឹងមាំ និងភាពធន់។ ស៊ីប៊ីស៊ី នៅតែអាចបន្តប្រតិបត្តិការ និងផ្ដល់សេវាកម្ម ដល់សមាជិក យ៉ាងរលូន និងអាចសម្រេច​គោលដៅយុទ្ធសាស្រ្ត និងអាជីវកម្ម។ ដូចនេះ ខ្ញុំបាទ មានសេចក្តីសោមនស្សរីករាយក្រៃលែង ក្នុងការបង្ហាញនូវសមិទ្ធិផលសំខាន់ៗ ប្រចាំឆ្នាំនេះដូចតទៅ។

គិតត្រឹមខែធ្នូ ឆ្នាំ២០២២ ស៊ីប៊ីស៊ី មានសមាជិកសរុបចំនួន ១៨៥ស្ថាប័ន រួមមានធនាគារពាណិជ្ជ ធនាគារឯកទេស គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានជនបទ។ ស៊ីប៊ីស៊ី បានផ្ដល់របាយការណ៍ឥណទាន ច្រើនជាង ៦.៤លាន របាយការណ៍ក្នុងឆ្នាំនេះទៅដល់សមាជិក និងអតិថិជន។ ប្រព័ន្ធគ្រប់គ្រងព័ត៌មានឥណទានរបស់យើងផ្ទុកនូវប្រវត្តិឥណទាន និងប្រវត្តិការទូរទាត់សងត្រលប់របស់អតិថិជន ជាង ៧លាននាក់ ស្មើនឹងជាង៦០% នៃចំនួនប្រជាជនសកម្មសរុបនៅក្នុងប្រទេស និងទិន្នន័យឥណទានក្រុមហ៊ុនរបស់សហគ្រាសជាង ២២,៧០០ ស្ថាប័ន ដែលបាន រាយការណ៍ដោយស្ថាប័នហិរញ្ញវត្ថុ ៧៥ជា​សមាជិក។ យើងក៏ បានរាយការណ៍ និងតាមដានអំពីឥណទាន ដែលរៀបចំឡើងវិញ ដោយសារផលប៉ះពាល់នៃជំងឺកូវីដ១៩។ គិតត្រឹម ខែធ្នូ ឆ្នាំ២០២២ គណនីប្រាក់កម្ចីជាង៦៧១,០០០ ត្រូវបានរៀបចំ ឡើងវិញ។

នៅឆ្នាំ២០២២ គឺជាឆ្នាំដ៏ពិសេសមួយ ដែល ស៊ីប៊ីស៊ី បានប្រារព្ធ ខួប ១ទសវត្សរ៍ នៃការផ្ដល់សេវាចែករំលែករបាយការណ៍ឥណទាននៅកម្ពុជា។ ស៊ីប៊ីស៊ី​ ចាប់ផ្ដើមជាមួយនឹងសមាជិក៥១ស្ថាប័ន និងបុគ្គលិក ៨នាក់។ គិតត្រឹមខែធ្នូ ឆ្នាំ២០២២ ស៊ីប៊ីស៊ី មានសមាជិក ១៨៥ស្ថាប័ន និងបុគ្គលិកជាង ៧០នាក់។ ហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុនៅ កម្ពុជាបានរីក ចម្រើនលូតលាស់គួរអោយកត់សម្គាល់ ហើយខ្ញុំបាទ មានសេចក្ដីសោមនស្សរីករាយដែល ស៊ីប៊ីស៊ី អាចចូលរួមក្នុងការរីកចម្រើននេះ តាមរយៈការផ្តល់របាយការណ៍ឥណទានគ្រប់ ជ្រុងជ្រោយ សេវាវិភាគទិន្នន័យ និងសេវាតាមដានឥណទានផ្សេងៗ។

ឆ្នាំនេះ យើងបានដាក់ដំណើរការដំណោះស្រាយថ្មីមួយ គឺប្រព័ន្ធវាយតម្លៃអចលនទ្រព្យឌីជីថល ដែលជា ការវាយតម្លៃអចលនទ្រព្យដោយផ្អែកលើការវិភាគទិន្នន័យ និងឌីជីថលនីយកម្ម ប្រកបដោយភាពងាយស្រួល រហ័ស និងតម្លៃសមរម្យ។

យើងសង្កេតឃើញ ពីការកើនឡើងយ៉ាងឆាប់រហ័ស របស់អតិថិជនក្នុងការប្រើប្រាស់កម្មវិធីទូរស័ព្ទស៊ីប៊ីស៊ី ដែលត្រូវបានដាក់អោយដំណើរការ រយៈពេលពីរឆ្នាំ តាំងពីខែវិច្ឆិកា ឆ្នាំ២០២០។ ក្នុងសម័យឌីជីថលនីយកម្ម កម្មវិធីទូរសព្ទ័ ស៊ីប៊ីស៊ី ក្លាយជាថ្នាលឌីជីថលមួយ ដែលអនុញ្ញាតអោយអតិថិជន អាចត្រួតពិនិត្យសុខភាពហិរញ្ញវត្ថុផ្ទាល់ខ្លួនពីគ្រប់ទីកន្លែង និងគ្រប់ ពេលវេលា។ ជាមួយសមាហរណកម្ម លើការទូទាត់តាមរយៈ បាគង ដែលអនុញ្ញាតអោយអតិថិជនបញ្ជាទិញផលិតផល និងសេវាផ្សេងៗនៅលើ កម្មទូរសព្ទ័ស៊ីប៊ីស៊ី យ៉ាងងាយស្រួល។ គោលដៅអាទិភាពរបស់យើង គឺប្រជាជនកម្ពុជាគ្រប់រូបអាចពិនិត្យមើល របាយការណ៍ឥណទាន របស់ពួកគាត់ ហើយបន្តថែរក្សាសុខភាពហិរញ្ញវត្ថុបន្ថែមទៀត។

យើងបានបង្កើតគំនិតផ្តួចផ្តើមថ្មី និងសកម្មភាពជាច្រើន ដើម្បីពង្រឹងបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា។ ដោយមានការគាំទ្រពី ស៊ីប៊ីស៊ី វិធានផ្ដល់ឥណទាន ត្រូវបានប្រើប្រាស់ ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ចាប់តាំងពីឆ្នាំ២០១៦ នឹងត្រូវបានអនុម័តនៅក្នុងក្រមប្រតិបត្តិនៃវិស័យធនាគារនិងហិរញ្ញវត្ថុលើការផ្ដល់កម្ចីដើម្បីតាមដានលើហានិភ័យបំណុលលើសលប់ នៅក្នុងឆ្នាំ ២០២២។ បន្ថែមពីនេះទៀត យើងក៏បានបង្កើតនូវ កម្មវិធីពង្រឹងបន្ថែមសមត្ថភាព និងការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដល់គ្រឹះស្ថានឥណទានជនបទផងដែរ។

ពួកយើងជឿជាក់ថា ក្រុមហ៊ុនរីកចម្រើនបាន តាមរយៈការវិនិយោគលើធនធានមនុស្ស ទេព្យកោសល្យ ជម្រុញលើកទឹក ចិត្តបុគ្គលិក ដើម្បីឱ្យពួកគាត់អាចបំពេញ តម្រូវការរបស់សមាជិក និងសង្គមកាន់តែប្រសើរឡើង។ ឆ្នាំ២០២២ជាឆ្នាំទីពីរ នៃការបង្កើតឱ្យមាន កម្មវិធីនវានុវត្តន៍បុគ្គលិក ដែលជាវេទិការ បើកទូលាយសម្រាប់បុគ្គលិក ទាំងអស់នៅក្នុង ក្រុមហ៊ុនធ្វើការចែករំលែក គំនិតច្នៃប្រឌិតនានា និងយកគំនិតទាំងនោះទៅអនុវត្តសម្រាប់ការរីកចម្រើន និងការអភិវឌ្ឍរបស់ក្រុមហ៊ុន។ យើងបានបន្តផ្ដល់ វគ្គបណ្ដុះបណ្ដាល និងការអភិវឌ្ឍប្រកប ដោយគុណភាពផ្សេងៗ ដើម្បីបង្កើនសមត្ថភាពបុគ្គលិក និងបន្តរីកលូតលាស់នៅក្នុងក្រុមហ៊ុន។

ក្នុងនាមជាក្រុមហ៊ុនមានការីកចម្រើនលឿន និងមានពិពិធកម្មខ្ពស់ យើងបានគាំទ្រ និងសហការជាមួយធនាគារជាតិនៃកម្ពុជា ក្នុងការរៀបចំ សន្និសីទថ្នាក់តំបន់ស្ដីអំពីការចែករំលែកព័ត៌មានឥណទាន នៅខែវិច្ឆិកា ឆ្នាំ២០២២។ សន្និសីទនេះ បាននាំយកថ្នាក់ដឹកនាំ ក្រុមហ៊ុនក្រេឌីតប្យួរ៉ូ អាជ្ញាធរ និងស្ថាប័នហិរញ្ញវត្ថុមក ពីប្រទេសក្នុងតំបន់អាស៊ាន និងបណ្ដាប្រទេសផ្សេងៗទៀត ដូចជា ប៊ូតាន នេប៉ាល់ ប៉ាគីស្ថាន កូរ៉េ សហរដ្ឋអាមេរិច ចក្រភពអង់គ្លេស និងនូវែលហ្សេឡង់។ សន្និសីទនេះ បានផ្ដល់ជាវេទិកាថ្នាក់អាស៊ី ទៅដល់តួអង្គសំខាន់ៗ នៅក្នុងតំបន់រួមគ្នាសម្រាប់ ការចែករំលែកព័ត៌មានឥណទាន ឆ្លងប្រទេសដ៏មានប្រសិទ្ធភាព។

ស៊ីប៊ីស៊ី ក៏បានបង្កើតគំនិតផ្តួចផ្តើមមួយចំនួន ក្នុងការចូលរួមសកម្មភាពសង្គម សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ ស៊ីប៊ីស៊ី បានចូលរួមជាមួយ ធនាគារជាតិនៃកម្ពុជា ក្នុងការឧបត្ថម្ភ ទៅដល់ក្រុមគ្រួសារ ដែលទទួលផលប៉ះពាល់ដោយ ទឹកជំនន់នៅខេត្តសៀមរាបផងដែរ។

បន្ថែមពីនេះ ពួកយើង ក៏បានបន្តសហការជាមួយ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលធុរកិច្ចថ្មី “តេជោ” ក្នុងការជម្រុញ កម្មវិធីនវានុវត្តន៍បញ្ច្រាស ដើម្បីជួយដល់អ្នកដឹកនាំ ជំនាន់ក្រោយ អាចប្រើប្រាស់ការវិភាគទិន្នន័យ និងបច្ចេកវិទ្យាឌីជីថលក្នុងការដោះស្រាយបញ្ហាស្មុគស្មាញ។ក្នុងឱកាសប្រារព្ធខួប ១ទសវត្សរ៍ ពួកយើងក៏បានផ្ដល់ អាហារូបករណ៍ទៅដល់សិស្សានុសិស្សនិងនិស្សិតជំនាញវិទ្យាសាស្រ្តទិន្នន័យ និងវិស្វកម្ម នៅ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងមួយក្រុមទៀតផ្នែក សេដ្ឋកិច្ច និងគ្រប់គ្រងនៅ សាកលវិទ្យាល័យភូមិន្ទ នីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ដែលនឹងផ្ដល់នូវចំណេះជំនាញ ផ្នែកហិរញ្ញវត្ថុសម្រាប់វិស័យការងារនាពេលអនាគត។

ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធ ដ៏រឹងមាំ និងការឆ្ពោះទៅរកឌីជីថលនីយកម្ម អាចឱ្យក្រុមហ៊ុន ត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលយកនូវនវានុវត្តន៍ថ្មីៗ ដើម្បីជួយដល់ ការវិភាគទិន្នន័យ និងការប្រើប្រាស់ ទិន្នន័យក្នុងការសម្រេចចិត្តដ៏ត្រឹម ត្រូវនៅក្នុងប្រទេស។ ខ្ញុំបាទ មានក្ដីរំភើបរីករាយក្នុងការបន្តដឹកនាំក្រុមការងារ ដើម្បីអនុវត្តផែនការធុរកិច្ច សម្រាប់ឆ្នាំ២០២៣។ ក្នុងឆ្នាំ២០២៣ យុទ្ធសាស្រ្តអាទិភាពមួយ ក្នុង ចំណោមយុទ្ធសាស្រ្ត ជាច្រើនទៀត របស់ពួកយើងគឺការធ្វើពិពិធកម្មទិន្នន័យ ដោយការទាញយក ប្រភពទិន្នន័យថ្មីៗ ដើម្បីឱ្យសមាជិក របស់យើងទទួលបាន នូវថ្នាលក្នុងការ សម្រេចចិត្តនិងការគ្រប់គ្រង ហានិភ័យឥណទាន ប្រសើរជាងមុន។ ទន្ទឹមនឹងប្រភពទិន្នន័យថ្មីៗ ស៊ីប៊ីស៊ី ក៏កំពុងតែបង្កើនសមត្ថភាពការវិភាគទិន្នន័យដើម្បីបន្តអភិវឌ្ឍ របាយការណ៍ឥណទាន និងសេវាបន្ថែមសម្រាប់ឆ្លើយតបនឹងតម្រូវការរបស់សមាជិក។

មុននឹងបញ្ចប់ ខ្ញុំបាទក៏សូមឆ្លៀតក្នុងឱកាសនេះ ដើម្បីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ការណែនាំដ៏មានតម្លៃរបស់ក្រុមប្រឹក្សាភិបាល ធនាគារជាតិនៃកម្ពុជា និងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ។ ខ្ញុំបាទក៏សូមថ្លែងអំណរគុណចំពោះការគាំទ្រ និងកិច្ចសហការជាបន្តបន្ទាប់ពី សមាគមសំខាន់ពីរ គឺសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុ។ ខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាជិកដៃគូ និងអតិថិជនទាំងអស់ចំពោះការជឿទុកចិត្ត និងការគាំទ្រកន្លងមក។ ជាចុងក្រោយ ខ្ញុំបាទសូមអរគុណនូវការប្ដេជ្ញាចិត្តរបស់បុគ្គលិក ទាំងអស់ដែលជាកម្លាំង ក្នុងការជម្រុញ ការរីកចម្រើន និងការបោះជំហ៊ានទៅមុខ ជានិច្ចរបស់ក្រុមហ៊ុន។

 

អឿ សុធារ័ត្ន

ប្រធាននាយកប្រតិបត្តិ