ភាសា

ការិយាល័យឥណទានកម្ពុជា​ប្រារព្ធខួប​ប្រាំឆ្នាំ​នៃការផ្តល់​ព័ត៌មាន​ឥណទាន​ប្រកប​ដោយ​តម្លា​ភាព​នៅ​​កម្ពុជា

កាលបរិច្ឆេទផ្សាយ: ថ្ងៃ​អង្គារ តុលា 31st, 2017

នៅថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០១២ បន្ទាប់ពីទទួលបាន​ការអនុញ្ញាតពីធនាគារជាតិនៃកម្ពុជា​លើការស្នើសុំ​បង្កើត​ការិយាល័យឥណទាន​នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុន​ស៊ីប៊ីស៊ី​ក៏បាន​បើក​ដំណើការ​ការិយាល័យ​ប្រតិបត្តិការ​របស់ខ្លួន​នាពេលនោះ​ផងដែរ។ ចាប់តាំងពីបង្កើត​មកដល់​បច្ចុប្បន្ន ការិយាល័យ​ឥណទាន​កម្ពុជា​ បាន​ប្រមូល​ទិន្នន័យ​ពីស្ថាប័ន​ហិរញ្ញវត្ថុ​ទាំងអស់​ដើម្បី​ផ្តល់​ព័ត៌មាន​អំពី​ឥណទាន​ដែល​ពេញ​លេញ អាចជឿ ទុកចិត្តបាន នៅប្រទេសកម្ពុជា។ ទិន្នន័យត្រូវបានប្រើប្រាស់សម្រាប់របាយការណ៍ឥណទានបុគ្គល របាយការណ៍​ព័ត៌មាន​ឥណទាន​សាធារណៈ និងសេវា​ព័ត៌មាន​ហិរញ្ញវត្ថុផ្សេងៗ​ទៀត សម្រាប់​​គ្រឹះស្ថាន​ហិរញ្ញវត្ថុនានា។

ការរួមចំណែកដល់កំណើនសេដ្ឋកិច្ចក្នុងព្រះរាជាណាចក្រកម្ពុជា

ក្រុមហ៊ុន​ស៊ីបីស៊ី​ គឺជាស្ថាប័នដំបូងគេ​បង្អស់​ដែលបាន និងកំពុងផ្តល់ព័ត៌​មានពោពេញ​ដោយភាព​ជឿទុកចិត្ត​បាននៅលើទីផ្សារ​ឥណទានកម្ពុជា។ ដូច្នេះ​ហើយ​វា​បាន​បង្ក​នូវភាព​ងាយស្រួល​ដល់​វិនិយោគិន​ក្នុង​ការចូល​មក​កាន់​ទីផ្សារ​កម្ពុជា​ដោយ​អាច​ធ្វើការ​ប្រឹក្សា​នូវរបាយ​ការណ៍ព័ត៌​មានឥណទាន​សាធា​រណៈ ឬធ្វើការ​ស្នើសុំ​របាយការណ៍​ដោយ​ផ្ទាល់​តាមរយៈ​ទិន្នន័យ​របស់​ក្រុមហ៊ុន​ស៊ីប៊ីស៊ី ។ ក្រុមហ៊ុនស៊ីប៊ីស៊ី មានមោទ​ន​ភាព​យ៉ាងខ្លាំង​ចំពោះ​សកម្មភាព​របស់ខ្លួន ដោយបាន​រកឃើញ​ថា ខ្លួនបាន​ជួយ​ជម្រុញ​ឱ្យប្រទេស​កម្ពុជា ទទួល​បាន​ចំណាត់ថ្នាក់​កាន់តែ​ប្រសើរ​ឡើង​ក្នុង​របាយការណ៍​ប្រចាំឆ្នាំ របស់​ក្រុម​ធនាគារ​ពិភពលោក​ស្តីពី​ភាពងាយស្រួល​ក្នុងការ​ធ្វើ​ជំនួញ ដែល​បាន​​ធ្វើឱ្យកម្ពុជា​​ជាប់​​ចំណាត់​ថ្នាក់​ជា​ប្រទេស​ល្អបំផុតទី ៧ នៅ​លើ​ពិភព​លោក ចំពោះ​​ភាព​ងាយ​ស្រួល​ក្នុងការ​ទទួល​បាន​ឥណទាន។ ពិន្ទុសម្រាប់​ប្រទេស​នីមួយៗ​ត្រូវបាន​គណនា​តាម​លក្ខណៈវិនិច្ឆ័យ​ជាច្រើន រួមមាន​ការបង្កើត​ការិយាល័យ​ឥណទាន និង​ការ​អនុលោម​ទៅតាម​បទដ្ឋាន​អន្ដរជាតិ។

លោកអឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិរបស់​ក្រុមហ៊ុន​ស៊ីប៊ីស៊ី បានមាន​ប្រសាសន៍ថា៖ “ការិយាល័យឥណទាន​ភាគច្រើន​មាននៅបណ្តា​ប្រទេស​អភិវឌ្ឍន៍​ដូចជា៖ សឹង្ហបុរី ជប៉ុន អាមេរិក និងអឺរ៉ុប … ហើយ​ដោយឡែក​ការិយាល័យឥណទាន​របស់យើង​ទទួលបាន​ការកោតសរសើរ និងទទួលស្គាល់​ថាជា​គំរូ​ដ៏ជោគជ័យ”។ លោកបានបន្ថែមទៀតថា៖ យើងមាន​មោទនភាព​ចំពោះ​ការ​ចូលរួម​ចំណែក​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា។

គ្រឹះស្ថានអព្យាក្រឹត្យ និងឯករាជ្យក្នុងការការពារស្ថាប័នហិរញ្ញវត្ថុនិងអតិថិជន

ក្រោម​កិច្ចសហការ​ជាមួយស្ថាប័ន​ហិរញ្ញវត្ថុជាង ១៤០ នៅកម្ពុជា ក្រុមហ៊ុន​ស៊ីប៊ីស៊ី គឺជាស្ថាប័ន​ធ្វើការទៅ​លើការ​ប្រមូលទិន្នន័យ​ពីបណ្តា​ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនភតិសន្យា និងប្រតិបត្តិករ​ឥណទាន​ទាំងអស់។ នៅពេល​ទិន្នន័យ​បាន​ប្រមូល​រួចរាល់ ស៊ីប៊ីស៊ី​ធ្វើការ​វិភាគ និងចងក្រង​ទិន្នន័យ​ទំាងនោះ​ទុក​ដើម្បីផ្ដល់​ជា​ចក្ខុវិស័យ​ច្បាស់​លាស់ និងមានតម្លាភាព អំពី​ប្រវត្តិឥណទាន​របស់​ស្ថាប័ន​ទាំងនោះ។

ក្រុមហ៊ុនស៊ីប៊ីស៊ីបាន​ធ្វើរបាយ​ការណ៍ជាង  ១៣ លានរបាយការណ៍ ចាប់ពីឆ្នាំ ២០១២ មក។ ផ្អែកទៅលើ​ព័ត៌មាន​ដែលផ្តល់​ដោយ​ស្ថាប័ន​ហិរញ្ញវត្ថុនីមួយៗ ជួយអោយ​មាន​ទិន្ន័យ​ជារួម​មួយ​ដើម្បី​អាច​យល់​យ៉ាង​ច្បាស់ពីស្ថានភាព​ឥណទាន​ជា​សកល​របស់​បុគ្គល​ម្នាក់ៗ។ សម្រាប់​អតិថិជន​កម្ចី វាគឺជាឱកាស ក្នុងការ​ជួយ​ឱ្យពួក​គេមាន​ប្រវត្តិស្ថាន​ភាព​ឥណទាន​ផ្ទាល់ខ្លួន​មួយ​ច្បាស់​លាស់ និងជាពិសេស​ជួយ​បង្ការ​បំណុល​វ័នក សម្រាប់​អតិថិជន​ដែលគ្មាន​លទ្ធភាព​សង​ត្រលប់វិញ។ សម្រាប់ស្ថាប័ន ផ្តល់កម្ចី ក្រៅ​ពី​ជួយ​ធ្វើការ​សម្រេច​ចិត្ត​បាន​លឿន​នៅ​ពេល​ផ្តល់​ប្រាក់​កម្ចី​ហើយ​នោះ វា​ក៏​ជា​ឧបករណ៍​ដ៏​មាន​តម្លៃ​ក្នុង​ការ​កាត់​បន្ថយ​ហានិភ័យ​ឥណទាន និង​ការពារ​ពីការ​លួច​បន្លំផ្សេងៗ។ រាល់របាយការណ៍​ទាំងអស់​ត្រូវបាន​ការពារ និងរក្សា​ទុក​ជាការ​សម្ងាត់ ហើយ​របាយការណ៍​ទំាងនេះ​អាចទាញយក​បានតាម​រយៈស្ថាប័ន​នីមួយៗបន្ទាប់​ពីមាន​ការព្រម​ព្រៀង​ពីអតិថិជន ។ ប្រជា​ជន​កម្ពុជា​ទាំង​អស់​ក៏មាន​សិទ្ធិ​ទទួល​បាន​របាយការណ៍​ហិរញ្ញវត្ថុ​ផ្ទាល់​ខ្លួន​របស់​ពួក​គេ​ក្នុង​មួយ​ឆ្នាំ​ម្តង​ដោយ​ឥតគិត​ថ្លៃផងដែរ។

ការខិតខំប្រឹងប្រែងដើម្បីទទួលបានទិន្នន័យកាន់តែសុក្រិត

ក្រុមហ៊ុនស៊ីប៊ីស៊ី តែងតែ​ធ្វើការលើក​កម្ពស់​គុណ​ភាព​ទិន្នន័យ​ដែល​ប្រមូលបាន តាមរយៈ​ការគ្រប់គ្រងទិន្នន័យ​យ៉ាង​ហ្មត់ចត់ និងមានភាពរឹង​មាំ​លើដំណើរ​ការទិន្នន័យ។ ទិន្នន័យ​ដែល​មាន​សុវត្ថិភាព ការការពារ ភាពជឿជាក់ និងទុកចិត្តបាន ជាកត្តាសំខាន់ និងជា​ផ្នែក​មួយ​នៃការត្រួត​ពិនិត្យ​ប្រចាំ​ថ្ងៃរបស់​ស៊ីប៊ីស៊ី។ នៅក្នុង​ផ្នែក​សេវាកម្ម ស៊ីប៊ីស៊ី ផ្តល់​ការបណ្តុះ​បណ្តាល​ដល់​សមាជិក​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នៅពេល​ពួកគេ​ចូលជា​សមាជិក​របស់​ការិយាល័យឥណទាន​លើកដំបូង និងវគ្គ​បណ្តុះ​បណ្តាល​ផ្សេងទៀត​ក្នុងមួយឆ្នាំៗ​ឬវគ្គ​បណ្តុះ​បណ្តាល​តាមតម្រូវការ​ជា​ច្រើន​ទៀត ។

ក្រុមហ៊ុនស៊ីប៊ីស៊ី តែងតែស្តាប់ និង​មាន​ទំនាក់​ទំនង​យ៉ាង​ជិតស្និត​ជាមួយ​សមាជិក​គ្រឹះស្ថាន​ហិរញ្ញវត្ថុនានា​ដើម្បី​ធ្វើ​ការ​សិក្សា​ថា​តើការ​កែ​ប្រែបែប​ណា​ដែល​សមាជិក​របស់​យើង​ត្រូវការ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​យើង​តម្រូវ​ឱ្យ​ធ្វើ​ការ​កែ​លម្អ​យ៉ាងហោច​ណាស់ ៣ ដងក្នុង​មួយឆ្នាំ​ទៅ​លើ​ប្រព័ន្ធ​របាយការណ៍​ឥណទាន​របស់យើង។ ក្រុមហ៊ុន​ស៊ីប៊ីស៊ី តែងតែ​រក្សា​ប្រព័ន្ធ​ប្រតិបត្តិការ​របស់​ខ្លួន​អោយ​មាន​ទំនាក់​ទំនង​ទៅ​នឹង​ការវិវត្តន៍​នៃ​តម្រូវការ និងទីផ្សារជានិច្ច។

លោក​សុធារ័ត្ន បានមាន​ប្រសាសន៍ថា៖ នេះជាលើក​ទីមួយ​ហើយ​ដែល​យើង​ប្រារព្ធ​ខួបប្រាំឆ្នាំ​នេះ​ឡើង ប៉ុន្តែ​យើង​ជឿ​ជាក់​ថានឹងមាន​កម្មវិធីផ្សេងៗ​ទៀត​ជាច្រើននាពេលខាងមុខ។ លោកបន្តថា៖ នៅមានរឿង​ជាច្រើន​ទៀត​ដែលយើង​ត្រូវធ្វើ​ក្នុង​ប្រទេសកម្ពុជា ហើយ​យើង​មាន​សេចក្តី​សោមន្ស​រីករាយ​ក្នុងការ​បន្តអភិវឌ្ឍ​សកម្មភាព​របស់​យើង​នាពេល​ប៉ុន្មាន​ឆ្នាំខាង​មុខនេះ។