ភាសា

សន្ទស្សន៍ឥណទានលក្ខណៈបុគ្គល ក្នុងត្រីមាសទី៤ ឆ្នាំ២០១៨

កាលបរិច្ឆេទផ្សាយ: ថ្ងៃ​ព្រហស្បតិ៍ មករា 31st, 2019

សេចក្តីសង្ខេបរបាយការណ៍៖

ឥណទានមិនដំណើរការលើសពី ៣០ថ្ងៃ (NPL 30)​ ​បានបន្តធ្លាក់ចុះនៅក្នុងត្រីមាសទី៤ ឆ្នាំ ២០១៨ ប្រៀបធៀបទៅនឹងត្រីមាសមុន​ ហើយបម្រែបម្រួលសមតុល្យទឹកប្រាក់ដែលសងត្រលប់យឺតក៏ធ្លាក់ចុះចាប់ពីត្រីមាសមុនផងដែរ។ ចំនួននៃការស្នើសុំឥណទានជារួម មានការធ្លាក់ចុះបន្តិចធៀបនឹងត្រីមាសទី៣ ដោយឡែកចំនួននៃការដាក់ពាក្យស្នើសុំប័ណ្ណឥណទានមានការកើនឡើងទូទាំងប្រទេស ដែលបង្ហាញថាប្រជាជនចាប់ផ្តើមចូលរួមក្នុងសេដ្ឋកិច្ចឌីជីថល។ ចំនួនគណនីសរុប និង សមតុល្យឥណទានលក្ខណៈបុគ្គលសរុប នៅតែបន្តកើនឡើងគិតត្រឹមចុងត្រីមាសទី៤ នេះ។

  • ការស្នើសុំឥណទានលក្ខណៈបុគ្គល
    • ចំនួននៃការស្នើសុំឥណទានលក្ខណៈបុគ្គលសរុបធ្លាក់ចុះ -០.២៧%
    • ទំហំទឹកប្រាក់នៃការស្នើសុំឥណទានលក្ខណៈបុគ្គលកើនឡើង +៦%
    • ចំនួននៃការស្នើសុំ​ប័ណ្ណឥណទានកើនឡើងនៅគ្រប់តំបន់
  • ដំណើរការឥណទានលក្ខណៈបុគ្គល
    • ចំនួនគណនីឥណទានលក្ខណៈបុគ្គលសរុប កើនឡើង +៦.៣០% ហើយសមតុល្យឥណទានកើន +១០.៤៤%
    • សមតុល្យឥណទានលក្ខណៈបុគ្គលកើនឡើងដល់ ៦.២៤ ពាន់លានដុលា្លរអាមេរិក គិតត្រឹមចុងឆ្នាំ ២០១៨
  • គុណភាពឥណទានលក្ខណៈបុគ្គល
    • ឥណទានមិនដំណើរការលើសពី ៣០ថ្ងៃ (NPL 30) ធ្លាក់ចុះត្រឹម ១.១៨% បង្ហាញពីកំណើនវិជ្ជមាននៃការបង់ត្រលប់ទាន់ពេលវេលា
    • អតិថិជនភាគច្រើននៅតែមានប្រើប្រាស់កម្ចីតែមួយស្ថាប័ន និង មានគណនីឥណទានតែមួយគណនី

ការស្នើសុំឥណទានលក្ខណៈបុគ្គល​ បង្ហាញ​អំពីបំណងរបស់អ្នក​ប្រើប្រាស់​ក្នុងការទទួលបានឥណទានក្នុង​​លក្ខណៈជាហិរញ្ញវត្ថុផ្ទាល់ខ្លួន ប័ណ្ណឥណទាន និង កម្ចីអចលនទ្រព្យ

នៅក្នុងត្រីមាសទី៤ សំរាប់ឆ្នាំ២០១៨នេះ បើប្រៀបធៀនទៅនឹងត្រីមាសទី៣ ចំនួននៃការស្នើសុំហិរញ្ញវត្ថុផ្ទាល់ខ្លួន (Personal Finance) បានធ្លាក់ចុះបន្តិចចំនួន -០.១៣% ហើយការស្នើកម្ចីអចលនទ្រព្យ (Mortgage) ធ្លាក់ចុះ -៦%។ ដោយឡែក ចំនួននៃការស្នើសុំប័ណ្ណឥណទាន (Credit Card) បានកើនឡើង +១៩% ធៀបនឹងត្រីមាសមុន។ បើមើលជារួម ចំនួននៃការស្នើសុំឥណទានលក្ខណៈបុគ្គលនៃផលិតផលទាំងបីនេះ បានធ្លាក់ចុះបន្តិចត្រឹម -០.២៧%​ ក្នុងត្រីមាសទី៤នេះ។

ទោះបីជាចំនួននៃការស្នើសុំឥណទានលក្ខណៈបុគ្គលមានការធ្លាក់ចុះក៏ដោយ ទំហំទឹកប្រាក់នៃការស្នើសុំឥណទាននេះនៅតែបន្តកើនឡើងដល់ +៦% ដែលមានន័យថា ចំនួនអ្នកស្នើសុំឥណទានតិចជាងត្រីមាសមុន ប៉ុន្តែជាមធ្យមទំហំឥណទានដែលស្នើសុំលើផលិតផលទាំងបីច្រើនជាងត្រីមាសទី៣។ កំណើននេះដោយសារ ទំហំទឹកប្រាក់នៃការស្នើសុំកម្ចីអចលនទ្រព្យបានកើនឡើង ១% ប័ណ្ណឥណទានកើន + ៥% និង ហិរញ្ញវត្ថុផ្ទាល់ខ្លួនកើន +៨%។

ធៀបនឹងត្រីមាសមុនៗ ត្រីមាសទី៤នេះ គឺជាត្រីមាសដែលឃើញមានកំណើនបន្តបន្ទាប់ ពីត្រីមាសមុនលើទំហំនៃការស្នើសុំប័ណ្ណឥណទាន។ គួរអោយចាប់អារម្មណ៍ផងដែរ នៅតំបន់ទាំង៤ គឺតំបន់ទំនាប តំបន់ឆ្នេរ តំបន់ខ្ពង់រាប និង តំបន់ទន្លេសាប ការស្នើសុំឥណទានមានការកើនឡើងគ្រប់តំបន់ទាំងអស់។​ ចំណែកឯ តំបន់ខ្ពង់រាបជាតំបន់ដែលមានកំណើនច្រើនជាងគេលើការស្នើសុំឥណទានលើផលិតផលទាំងបី រួមមាន កំណើននៃចំនួននៃការស្នើសុំហិរញ្ញវត្ថុប្រើប្រាស់ផ្ទាល់ខ្លួន +៨% ការស្នើសុំប័ណ្ណឥណទាន​​ +៣២% និង ការស្នើសុំកម្ចីអចលនទ្រព្យនៅថេរ។

ដំណើរការឥណទានលក្ខណៈបុគ្គល៖ បង្ហាញអំពីស្ថានភាពឥណទានជាក់ស្ដែង រាយការណ៍នៅដំណាច់ត្រីមាស។

ចំនួនគណនីឥណទានលក្ខណៈបុគ្គលសរុបកើនឡើងបន្តិច ពី +៦.២៦% នៅត្រីមាសទី៣ មកត្រឹម+៦.៣០% នៅត្រីមាសទី៤នេះ។ កំណើននេះធ្វើអោយចំនួនគណនីឥណទានលក្ខណៈបុគ្គលសរុបកើនឡើងដល់ ១.០៨លានគណនី គិតត្រឹមចុងឆ្នាំ២០១៨នេះ ដែលស្នើនឹង ៣៦% នៃគណនីឥណទានសរុបក្នុងទីផ្សារ។ ក្នុងចំនួនគណនីឥណទានលក្ខណៈបុគ្គលសរុបនេះ ហិរញ្ញវត្ថុផ្ទាល់ខ្លួនមានចំនួន ៨១.០៩% កម្ចីអចលនទ្រព្យមាន ១១.៥៨% ហើយប័ណ្ណឥណទានមាន៧.៣៣%។ ស្រដៀងទៅនឹងត្រីមាសមុនដែរ នៅគ្រប់តំបន់ទាំងបួនឃើញមានកំណើនចំនួនគណនីឥណទាន ដោយតំបន់ទំនាបនាំមុខគេ ក្នុងកំណើន ៧.២% ធៀបនឹងត្រីមាសមុន។

គិតត្រឹមចុងឆ្នាំ២០១៨នេះ សមតុល្យឥណទានលក្ខណៈបុគ្គលសរុបក៏នៅតែបន្តកើនឡើងដូចគ្នា ក្នុងចំនួន +១០.៤៤% ធៀបនឹងត្រីមាសទី៣។ កំណើនេះធ្វើអោយសមតុល្យឥណទានលក្ខណៈបុគ្គលសរុបកើនឡើងដល់ ៦.២៤ពាន់លានដុល្លារអាមេរិក ស្មើនឹង ៣០% នៃសមតុល្យឥណទានសរុបក្នុងទីផ្សារ។ សមតុល្យហិរញ្ញវត្ថុផ្ទាល់ខ្លួននៅតែបន្តចំណែកធំជាងគេចំនួន ៥១.៦៥% បន្ទាប់មក កម្ចីអចលនទ្រព្យ ៤៧.៥៥% ហើយប័ណ្ណឥណទាននៅតែមានចំណែកតូចជាងគេត្រឹមតែ០.៨%។ បើមើលជារួមឃើញថា គ្រប់តំបន់ទាំងអស់មានកំណើនជាវិជ្ជមាននៃសមតុល្យឥណទានលក្ខណៈបុគ្គល ធៀបនឹងត្រីមាសមុន ដោយតំបន់ខ្ពង់រាបនាំមុខគេក្នុងកំណើន +១២.៨% បន្តដោយតំបន់ទំនាប +១០.៧% ហើយតំបន់ខ្ដង់រាប និងទំនាប មានកំណើនប្រហែលគ្នាត្រឹម +៩.៤%។

គុណភាពឥណទានលក្ខណៈបុគ្គល​ ៖ ឆ្លុះបញ្ចាំងអំពីលទ្ធភាពទូទាត់សងរបស់កូនបំណុលទៅតាមថ្ងៃកំណត់ ដោយប្រើប្រាស់អនុបាតនៃឥណទានមិនដំណើរការលើសពី៣០ថ្ងៃ រាយការណ៍នៅដំណាច់ត្រីមាស

គិតត្រឹមត្រីមាសទី៤នេះ ឥណទានមិនដំណើរការលើសពី ៣០ថ្ងៃ (NPL 30) នៅតែល្អដោយបន្តធ្លាក់ចុះមកត្រឹម ១.១៨% ដែលបង្ហាញថាការបង់សងត្រលប់ឥណទានលក្ខណៈបុគ្គលបានទាន់ពេលវេលាក្នុងកម្រិតមួយខ្ពស់ជាងមុន។ បើមើលទៅគ្រប់តំបន់ ឥណទានមិនដំណើរការលើសពី៣០ថ្ងៃ បានធ្លាក់ចុះ ប៉ុន្តែតំបន់ខ្ពង់រាបមានកំណើននៃបម្រែបម្រួល សមតុល្យឥណទានមិនដំណើរការលើសពី៣០ថ្ងៃ +៦.១៥% ធៀបនឹងត្រីមាសមុន។

ចំនួននៃអតិថិជនដែលមានកម្ចី នៅមួយស្ថាប័ននៅតែមានកម្រិតខ្ពស់រហូតដល់ ៧៧.៩៧% ក្នុងត្រីមាសនេះ ទោះបីជាធ្លាក់ចុះបន្តិចពីត្រីមាសទី៣ ៧៨.៥៦%​ ហើយ ៨០.៣០% នៅត្រីមាសទី២។ ចំណែកឯ អតិថិជនដែលមានកម្ចីច្រើនស្ថាប័ន បានកើនឡើងបន្តិចពី ៣២.៧៨% នៅត្រីមាសទី៣ មក ៣៣.៧២%នៅត្រីមាសទី៤នេះ។ ៦៦.២៨% នៃអតិថិជនប្រើប្រាស់ឥណទានលក្ខណៈបុគ្គល នៅតែមានគណនីឥណទានចំនួន១ នៅពេលដែលអ្នកមានគណនីឥណទានចំនួន២ មាន ២៤.៨៥% ហើយមានគណនីឥណទានចំនួន៣ មាន ៦.៨៨% ហើយប្រហែល ២% មានគណនីឥណទានលើសពី៣។

លោក អឿ សុធារ័ត្ន ប្រធាននាយប្រតិបត្តិនៃការិយាល័យឥណទានកម្ពុជា មានប្រសាសន៍ថា “ទោះបីជាចំនួនអ្នកស្នើសុំឥណទានលក្ខណៈបុគ្គលមានការធ្លាក់ចុះបន្តិចក្នុងត្រីមាសនេះ (-០.២៧%) ធៀបនឹងត្រីមាសមុន ដោយឡែកបើមើលពីកំណើនសរុបប្រចាំឆ្នាំ ឃើញថាចំនួនសើ្នសុំឥណទានលក្ខណៈបុគ្គលសរុបប្រចាំឆ្នាំ២០១៨នេះ កើនឡើងដល់ ៣៥% ធៀបនឹងចំនួនសើ្នសុំឥណទានលក្ខណៈបុគ្គលសរុបកាលពីឆ្នាំ២០១៧។ ចំនួនគណនីឥណទានលក្ខណៈបុគ្គលសរុបក៏មានកំណើនរហូតដល់ ១.០៨លានគណនី ហើយសមតុល្យឥណទានសរុបបានកើនឡើងរហូតដល់ ៦.២៤ពាន់លានដុល្លារអាមេរិក គិតត្រឹមចុងឆ្នាំ២០១៨ នេះផងដែរ។ បើមើលពីកំណើនប្រចាំឆ្នាំ ចំនួនគណនីឥណទានកើនឡើង ២៨% ហើយសមតុល្យឥណទានមានកំណើន ៣៧% ធៀបនឹងរយៈពេលពេលដូចគ្នាក្នុងឆ្នាំ២០១៧។”

លោកបន្តថា “កំណើននៃឥណទានបន្តតាមទំនោរជាវិជ្ជមាន ដូចបញ្ជាក់តាមរយៈការបន្តធា្លក់ចុះនៃអនុបាតឥណទានមិនដំណើរការលើសពី ៣០ថ្ងៃ ពី១.៥១% នៅត្រីមាសទី៤ ឆ្នាំ ២០១៧ មកត្រឹម ១.១៨% នៅត្រីមាសទី៤ ឆ្នាំ២០១៨ ដែលបញ្ជាក់អំពីការគ្រប់គ្រងគុណភាពឥណទានបានល្អពីស្ថាប័នហិរញ្ញវត្ថុ។”

ដើម្បីអាន ឬ​ទាញយករបាយការណ៍ទាំងមូល សូមចុចនៅទីនេះ

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង

ការិយាល័យឥណទានកម្ពុជា

ផៃ សុផល ប្រធានផ្នែកទីផ្សារ

ទូរសព្ទ៖ +855 86 999 760

អ៊ីមែល៖ s.phay@creditbureau.com.kh