ភាសា

សន្ទស្សន៍ឥណទានលក្ខណៈបុគ្គល ក្នុងត្រីមាសទី ២ ក្នុងឆ្នាំ ២០១៧

កាលបរិច្ឆេទផ្សាយ: ថ្ងៃ​ព្រហស្បតិ៍ សីហា 10th, 2017

យោងតាម របាយការណ៍ស្ដីពីសន្ទស្សន៍ឥណទានលក្ខណៈបុគ្គល របស់ CBC បង្ហាញថា ចំនួននៃការស្នើសុំប្រាក់កម្ចីបានធ្លាក់​ចុះវិញនៅក្នុង​ត្រីមាសទី ២ ឆ្នាំ ២០១៧នេះ ប៉ុន្តែមាន​ទំនោរទាប​ជាង​ត្រីមាស​ដូចគ្នាក្នុង​ឆ្នាំ២០១៦។ ទោះបីជាមានការ​ធ្លាក់ចុះ​នៃការស្នើសុំកម្ចីជា​រួមក៏​ដោយ ក៏ការផ្តល់ប្រាក់​កម្ចីមាន​ការកើន​ឡើង​ចំនួន ៤.១៩% នៃគណនីឥណទាន​សរុប និង ៦.៥៩% នៃទំហំ​ប្រាក់កម្ចីសរុប។

ការស្នើសុំប្រាក់កម្ចីលក្ខណៈបុគ្គល៖ បង្ហាញ​អំពីបំណង​របស់អ្នក​​ប្រើប្រាស់​ក្នុងការទទួល​បានឥណទាន​ក្នុង​​លក្ខណៈជាហិរញ្ញវត្ថុផ្ទាល់ខ្លួន ប័ណ្ណឥណទាន ឬ កម្ចីអចលនទ្រព្យ ។

តាមការអង្កេតក្នុងត្រីមាសទី ២ ក្នុងឆ្នាំ២០១៧បង្ហាញថា ការស្នើរ​សុំ​ឥណទាន​បានធ្លាក់ចុះគួរ​អោយកត់សំគាល់ (-15%)ធៀបនឹងត្រីមាសទី១ (+29%) ប៉ុន្តែទំនោរ​នៃការធ្លាក់​ចុះនេះ​គឺទាបជាង​ត្រីមាស​ដូចគ្នា ក្នុងឆ្នាំ ២០១៦ (-25%)។ ការធ្លាក់ចុះនៃការ​ស្នើសុំឥណទាន​នេះដោយ​សារតែ​មានការធ្លាក់​ចុះនៃការរស្នើប័ណ្ណឥណទាន(-18%) ការស្នើសុំហិរញ្ញវត្ថុផ្ទាល់ខ្លួន (-15%) ​និង កម្ចីអចលនទ្រព្យ(-8%)។​ ប្រសិនបើមើល​លើតំបន់ទាំងបួន ការស្នើសុំប្រាក់​កម្ចីធ្លាក់ចុះ​ស្ទើរគ្រប់តំបន់ លើកលែងតែតំបន់ឆ្នេរ ដែលនៅតែមាន​កំណើន​លើការ​ស្នើសុំប័ណ្ណឥណ​ទាន(+100%) និង ការសើ្នសុំកម្ចីអចលនទ្រព្យ(+3%)។

ដំណើរការ​ប្រាក់កម្ចីលក្ខណៈបុគ្គល៖ បង្ហាញអំពីស្ថាន​ភាពប្រាក់​កម្ចីជាក់ស្ដែង​របស់អ្នក​ប្រើប្រាស់​ដូចបានរាយ​ការណ៍ក្នុងត្រីមាស។

នៅត្រីមាសទី២នេះ កំណើនចំនួនគណនីមានការថមថយបន្តិច ដោយមានកំណើនត្រឹម +4.19% ធៀបនឹងត្រីមាសទី១ (+10.87) ។   ​ចំនួ​ន​គណនី​ឥណទាន​​សរុបកើនឡើងដល់​ចំនួនជាង 785 ពាន់គណនី ដែលក្នុងនោះ ​82.42% ជាហិរញ្ញវត្ថុផ្ទាល់ខ្លួន 10.53% ជា​កម្ចី​អចលនទ្រព្យ និង 7.06% ​ប័ណ្ណឥណទាន។

ដូចគ្នាដែរ កំណើនសមតុល្យប្រាក់កម្ចីសរុប ក៏មានការថមថយមកត្រឹម 6.59% ក្នុងត្រីមាសទី 2 ឆ្នាំ2017 ធៀបនឹងត្រីមាសទី១ (+14.97%)។ កំណើននេះ ធ្វើអោយ​សមតុល្យឥណទាន​កើនឡើង​មកដល់ 3.87 ប៊ីលានដុល្លារ ដែលក្នុងនោះ វានៅតែត្រូវ​បានបែងចែក​ស្ទើតែស្មើគ្នា រវាងហិរញ្ញវត្ថុផ្ទាល់ខ្លួន (50.24%) និងប្រាក់កម្ចីអចលនទ្រព្យ (48.89%) ទោះបីជាប័ណ្ណ​ឥណទាន​នៅតែមាន​ចំណែក​មួយដ៏តូច ដែលទាបជាង១%។

គុណភាពប្រាក់កម្ចីលក្ខណៈបុគ្គល៖ ឆ្លុះបញ្ចាំងអំពី​លទ្ធភាព​របស់កូនបំណុល​ក្នុងការទូទាត់​តាមថ្ងៃកំណត់។

ទិដ្ឋភាពទូទៅរបស់​ប្រទេស​កម្ពុជានៅ​តែមិនមាន​ការប្រែប្រួល​ខ្លាំងទាក់​ទង​ទៅនឹងប្រាក់​កម្ចីដែល​មិនមាន​ដំណើរការ (៣០ថ្ងៃ) ដែល​ជាប្រាក់​កម្ចីដែល​កូនបំណុល​មិនមានលទ្ធភាព​ទូទាត់​តាមថ្ងៃកំណត់​លើស​ពី 30 ថ្ងៃ (NPL30) ។ វាបានកើន​ឡើង​តិចតួច​ដល់ 1.70% ក្នុងត្រីមាស​នេះ ធៀបនឹង 1.62% ក្នុងត្រីមាសទី ២ ឆ្នាំ២០១៧។

ដូចគ្នាទៅ​នឹងត្រីមាសទី១​ដែរ ស្ទើរតែ 80% នៃប្រជាជនកម្ពុជា​បន្ដប្រើសេវា​ឥណទាន​ពីគ្រឹះស្ថាន​ហិរញ្ញវត្ថុតែមួយ ដែលវាបានកាត់បន្ថយ​ហានិភ័យ​លើការទូទាត់​ប្រាក់ដើម។ មិនតែប៉ុណ្ណោះ អតិថិជន​​ដែលមាន​គណនីតែមួយ​​​មានចំនួន​70% នៃអតិថិជនសរុប ចំណែកអតិថិជនដែល​មានគណនីចាប់​ពីពីរ​ឡើងមានចំនួន​ត្រឹមតែ​៣០%ប៉ុណ្ណោះ។

លោក អឿ សុធារ័ត្ន  ប្រធាននាយកប្រតិបត្តិ របស់ ការិយាល័យឥណទានកម្ពុជា បានមានប្រសាសន៍ថា “ ទោះបីជា     ទំនោរធ្លាក់ចុះនៃការការស្នើសុំ​ប្រាក់កម្ចីលក្ខណៈបុគ្គល គឺមានលក្ខណៈ​ជារដូវកាល​ក៏ដោយ ក៏យើងឃើញថា ក្នុងត្រីមាសនេះ ចំនួនគណនីឥណទាន​នៅតែមានការ​កើនឡើង ប្រមាណ ៤.១៩% សមាមាត្រនឹង​កំណើន​ទឹកប្រាក់កម្ចី ៦.៥៩%។ ចំណែកឯប្រាក់​កម្ចីមិនដំណើរ​ការ​លើសពី ៣០ ថ្ងៃវិញ ទោះបីជាមានកំណើន​តិចតួចនិង អាចគ្រប់គ្រងបានក្តី ប៉ុន្តែ វាក៏ជាសញ្ញា​មួយសម្រាប់​អោយគ្រប់ស្ថាប័ន   ហិរញ្ញវត្ថុទាំង​អស់គួរ​ចាប់ផ្តើមយក​ចិត្តទុកដាក់​លើគុណភាព​ឥណទាន​របស់ខ្លួន​លើផលិតផលទាំងបី។”

 

ចុចទីនេះ ដើម្បីទាញយករបាយការណ៍ស្តីពីស្ថានភាពឥណទាននៅកម្ពុជា ត្រីមាសទី២ ឆ្នាំ២០១៧

អានរបាយការណ៍ផ្សេងៗបន្ថែម : របាយការណ៍ស្តីពីស្ថានភាពឥណទាន​នៅ​កម្ពុជា