ភាសា

សន្ទស្សន៍ឥណទានលក្ខណៈបុគ្គល ក្នុងត្រីមាសទី៣ ឆ្នាំ២០១៨ ៖ ការស្នើសុំឥណទានលក្ខណៈបុគ្គលមានការកើនឡើងគ្រប់តំបន់ ចំនួនគណនី និងសមតុល្យនៃឥណទានលក្ខណៈបុគ្គល បន្តកើនឡើង ស្របពេលដែលឥណទានមិនដំណើរការមិនមានការប្រែប្រួល

កាលបរិច្ឆេទផ្សាយ: ថ្ងៃ​ពុធ វិច្ឆិកា 7th, 2018

រាជធានីភ្នំពេញ  ថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ ២០១៨

យោងតាមរបាយការណ៍ស្ដីពីសន្ទស្សន៍ឥណទានលក្ខណៈបុគ្គល របស់ការិយាល័យឥណទានកម្ពុជា បានបង្ហាញថា ចំនួនអ្នកស្នើសុំប្រាក់កម្ចី ក៏ដូចទំហំទឹកប្រាក់ស្នើសុំឥណទានបានចាប់ផ្តើមកើនឡើងមកវិញក្នុងត្រីមាសនេះ បន្ទាប់ពីធ្លាក់ចុះជាលើកដំបូងសម្រាប់ ឆ្នាំ២០១៨ នៅក្នុងត្រីមាសទី២នេះ។ ​ ដូចគ្នាដែរ ចំនួនគណនី និងសមតុល្យឥណទានលក្ខណៈបុគ្គលនៅតែបន្តកើនឡើងក្នុងកម្រិតមធ្យម ធៀបនឹងត្រីមាសមុន។ ទន្ទឹមនឹងនេះ ឥណទានមិនដំណើរការលើសពី ៣០ថ្ងៃ ស្ថិតក្នុងស្ថានភាពល្អ អនុបាតមិនសូវខុសគ្នាពីត្រីមាសមុននោះទេ។

ការស្នើសុំឥណទានលក្ខណៈបុគ្គល​ បង្ហាញ​អំពីបំណងរបស់អ្នក​ប្រើប្រាស់​ក្នុងការទទួលបានឥណទានក្នុង​​លក្ខណៈជាហិរញ្ញវត្ថុផ្ទាល់ខ្លួន ប័ណ្ណឥណទាន និង កម្ចីអចលនទ្រព្យ

 នៅក្នុងត្រីមាសទី៣ ឆ្នាំ២០១៨ ចំនួននៃការស្នើសុំឥណទានលក្ខណៈបុគ្គលបានកើនឡើងមកវិញចំនួន ២២% រីឯទំហំទឹកប្រាក់នៃការស្នើសុំឥណទានក៏បានកើនឡើងក្នុងកម្រិត ១៩% បន្ទាប់ពីធ្លាក់ចុះនៅត្រីមាសទី២។ បើធៀបទៅនឹងអំឡុងពេលដូចគ្នានៃ ឆ្នាំ​២០១៧ ចំនួននៃការស្នើសុំឥណទានបានកើនឡើង២ដង (ត្រីមាសទី៣ឆ្នាំ ២០១៧៖​ +១០%)។ កំណើននេះ គឺដោយសារមានការកើនឡើងចម្បងពីការស្នើសុំប័ណ្ណឥណទាន (៣៩%) ការស្នើសុំកម្ចីអចលនទ្រព្យ (២៤%) និង ការស្នើសុំហិរញ្ញវត្ថុផ្ទាល់ខ្លួន (២១%)។ ចំពោះទំហំទឹកប្រាក់នៃការស្នើសុំឥណទានលក្ខណៈបុគ្គលដែលមានកំណើន១៩% គឺដោយ សារតែកំណើននៃទំហំទឹកប្រាក់នៃការស្នើសុំកម្ចីអលទ្រព្យ (៤១%) ប័ណ្ណឥណទាន (៣៩%) និង កម្ចីលក្ខណៈបុគ្គល (១៤%)។ ក្នុងត្រីមាសនេះ ឃើញថា គ្រប់តំបន់ទាំង៤ មានការកើនឡើងការស្នើសុំកម្ចីលក្ខណៈបុគ្គល។ តំបន់ទំនាប និង ខ្ពង់រាបមានកំណើន ច្រើនជាងគេរហូតដល់ជាង ២០% នៃការស្នើសុំកម្ចីលក្ខណៈបុគ្គល (ត្រីមាសមុន ធ្លាក់ចុះ -១៦% និង -១៤% រៀងគ្នា)។​ ស្រដៀងគ្នានេះដែរ សម្រាប់ការស្នើសុំកម្ចីអចលនទ្រព្យ កត់សម្គាល់ឃើញមានការកើនឡើងខ្ពស់ជាងគេនៅតំបន់ខ្ពង់រាប ចំនួន ៤៦% (ត្រីមាសទី២៖ -២៤%) ហើយនៅតំបន់ផ្សេងៗទៀតកើនឡើងជាង២០%។ វាក៏មានការកត់សម្គាល់ឃើញថា តំបន់ឆ្នេរនិងតំបន់ខ្ពង់រាបមានការកើនឡើងនូវការស្នើសុំប័ណ្ណឥណទានច្រើនជាងគេផងដែរចំនួន ៤៨% និង ៤២% រៀងគ្នា។

ដំណើរការឥណទានលក្ខណៈបុគ្គលបង្ហាញអំពីស្ថានភាពឥណទានជាក់ស្ដែង រាយការណ៍នៅដំណាច់ត្រីមាស។

គិតត្រឹមត្រីមាសទី៣នេះ ចំនួនគណនីឥណទានលក្ខណៈបុគ្គលសរុបនៅតែបន្តកើនឡើងលើសពីត្រីមាសមុនបន្តិច ចំនួន +៦.២៦%ធៀបនឹងត្រីមាសមុនដែលមានកំណើនត្រឹម +៥.៦២%។  គិតត្រឹមតំណាច់ត្រីមាសនេះ ចំនួនគណនីសម្រាប់វិស័យឥណទានសរុបបានកើនឡើងដល់ ២.៨៨លានគណនី ដែលក្នុងនោះ ៣៥.១៩% គឺជាចំនួនគណនីឥណទានលក្ខណៈបុគ្គលសរុប ស្មើនឹង ១.០១លានគណនី (ត្រីមាសមុនមាន ៩៥៥ពាន់គណនី)។ កំណើននេះត្រូវបានកត់សម្គាល់ឃើញមានការកើនឡើងនៅគ្រប់តំបន់ទាំង៤ នៅពេលដែលតំបន់ទន្លេសាបនិងខ្ពង់រាបមានការកើនឡើងលើសពី ៦%។​ហិរញ្ញវត្ថុផ្ទាល់ខ្លួននៅតែមានចំណែកច្រើនជាងគេ ៨០.៧៥% ក្នុងចំណោមឥណទានលក្ខណៈបុគ្គលសរុប បន្ទាប់មកគឺ កម្ចី​អចលនទ្រព្យដែលមានចំណែក ១១.៦៤% និង​ប័ណ្ណឥណទាន មានចំណែកស្មើនឹង ៧.៦០%​, គឺប្រហាក់ប្រហែលនឹងត្រីមាសមុន។​ ចំណែករបស់កម្ចី​អចលនទ្រព្យកើនឡើងស្របនឹងកំណើនចំនួនគណនីរបស់ផលិតផលនេះ ​+៧.១២% នៅពេលដែលកំណើនគណនីរបស់កម្ចីលក្ខណៈបុគ្គល និង ប័ណ្ណឥណទានមានចំនួន ​+៦.២៣% និង  +៥.២១% រៀងគ្នា។

ដូចគ្នានឹងចំនួនគណនីដែរ សមតុល្យឥណទានលក្ខណៈបុគ្គលសរុប​បានកើនឡើង +៩.៥០% ប្រហែលជិតព២ដង ធៀបនឹងត្រីមាសមុនដែលមានកំណើន +៥.០៨%។ ​កំណើននេះបានធ្វើអោយស​មតុល្យឥណទានលក្ខណៈបុគ្គលសរុប កើនឡើងដល់ ៥.៦៥ប៊ីលាន ស្នើរនឹង ២៩.៣២% នៃសមតុល្យឥណទានទីផ្សារសរុប។ សមតុល្យហិរញ្ញវត្ថុផ្ទាល់ខ្លួន និង កម្ចី​អចលនទ្រព្យ​មានចំណែកប្រហែលគ្នានៃសមតុល្យឥណទានលក្ខណៈបុគ្គលសរុប គឺ ៥០.៧៤% និង ៤៨.៤៦% រៀងគ្នា, នៅពេលដែល    ប័ណ្ណឥណទាននៅតែមានចំណែកមួយដ៏តូចត្រឹមតែ​០.៨០%។ វាគួរអោយចាប់អារម្មណ៍ក្នុងត្រីមាសនេះ ផលិតផលទាំងបី មានកំណើនសមតុល្យលើស ៩%ធៀបនឹងត្រីមាសមុន។ រាជធានីភ្នំពេញនៅតែនាំមុខគេ ដោយមានកម្រិតសមតុល្យឥណទានធំជាងគេរហូតដល់ ៤៩% នៃសមតុល្យឥណទានលក្ខណៈបុគ្គលសរុប ធ្វើអោយតំបន់ទំនាបកណ្តាលទាំងមូលចូលរួមចំណែករហូតដល់ ៧៦%។ ខេត្តកណ្តាលដែលមានសមតុល្យធំជាងគេទីពីរមានចំណែកត្រឹមតែ ៧.២២% បន្ទាប់មកគឺខេត្ត សៀមរាប និង កំពង់ស្ពឺដែលមានចំណែកប្រហែលគ្នាប្រមាណ ៦.២៧% និង ៥.៦៨% រៀងគ្នា។​

គុណភាពឥណទានលក្ខណៈបុគ្គល​ ឆ្លុះបញ្ចាំងអំពីលទ្ធភាពទូទាត់សងរបស់កូនបំណុលទៅតាមថ្ងៃកំណត់។

គិតត្រឹមត្រីមាសទី៣នេះ ឥណទានមិនដំណើរការលើសពី ៣០ថ្ងៃ (NPL 30) មិនមានការប្រែប្រួលគួរអោយកត់សម្គាល់នោះទេ គឺ ១.៣២% ប្រហាក់ប្រហែលនឹងត្រីមាសមុនដែរ​(១.៣០%)។ បើមើលក្នុងតំបន់ទាំង៤ យើងឃើញថា ឥណទានមិនដំណើរការលើសពី ៣០ថ្ងៃ (NPL 30) មានកម្រិតក្រោម ២% ប៉ុណ្ណោះ បើទោះបីជាកំណើននៃសមតុល្យឥណទានមិនដំណើរការ លើសពី ៣០ថ្ងៃ(NPL 30’s Amount Change) មានចំនួនជិត ១០% ធៀបនឹងត្រីមាសទី២ក៏ដោយ។ តំបន់ខ្ពង់រាប មានកំណើននៃសមតុល្យឥណទានមិនដំណើរការខ្ពស់ជាងគេគឺ ២០.៤%ធៀបនឹងត្រីមាសទី២ ប៉ុន្តែកម្រិតឥណទានមិនដំណើរការលើសពី ៣០ថ្ងៃ (NPL 30) ត្រឹមតែ ១.៨៨% ប៉ុណ្ណោះ (កើនឡើងតិចតួចធៀបនឹងត្រីមាសទី២៖ ១.៧៤%)។ រាជធានីភ្នំពេញ ជាតំបន់ដែលមានសមតុល្យឥណទានជិតពាក់កណ្តាលនៃសមតុល្យឥណទានលក្ខណៈបុគ្គលសរុប មានឥណទានមិនដំណើរការលើសពី ៣០ថ្ងៃ ត្រឹមតែ ១.២៧% ទាបជាងត្រីមាសមុន (១.៣៥%)។​ ខេត្តព្រះសីហនុ មានឥណទានមិនដំណើរការលើសពី ៣០ថ្ងៃ (NPL 30) ទាបជាងគេ ត្រឹមតែ ០.៥០% បើទោះបីជាសមតុល្យឥណទានរបស់វាស្មើនឹង ៣% នៃសមតុល្យឥណទានលក្ខណៈបុគ្គលសរុប។

កម្ចីច្រើនស្ថាប័ន៖ សំដៅទៅលើអតិថិជនដែលមានគណនីឥណទានច្រើន ឬបានប្រើប្រាស់ឥណទានជាមួយស្ថាប័ន​ហិរញ្ញ​វត្ថុ​លើសពី​មួយ​ ក្នុងពេលជាមួយគ្នា (សំដៅលើឥណទានលក្ខណៈបុគ្គលតែប៉ុណ្ណោះ)។

យើងសង្កេតឃើញថាមិនទាន់មានភាពខុសប្លែកពីត្រីមាសមុនៗនៅឡើយ​ ភាគច្រើនអតិថិជនមានឥណទានតែមួយដែលមានរហូតដល់ ៦៧.២២% នៃអតិថិជនឥណទានបុគ្គលសរុប ទោះបីជាមានកម្រិតទាបជាងត្រីមាសមុនបន្តិចបណ្ណោះ ជាហេតុធ្វើអោយមានការកើនឡើងអតិថិជនដែលមានចំនួនឥណទានពីរ ​(២៤.១៧%) និង បីគណនី ​​(៦.៦៩%)។  អតិថិជនដែលមានទំនាក់ទំនងតែមួយស្ថាប័ននៅតែមានកម្រិតចម្បងក្នុងទីផ្សារនេះរហូតដល់ ៧៨.៥៦% នៃអតិថិជនឥណទានលក្ខណៈបុគ្គលសរុបធ្លាប់ចុះបន្តិចធៀបនឹងត្រីមាសមុនដែរ( ត្រីមាសទី២៖ ៧៩.៩១%)។

“បន្ទាប់ពីត្រីមាសមុនដែលមានការឈប់សម្រាកច្រើន យើងឃើញពីកំណើននៃចំនួននៃការស្នើសុំឥណទានលក្ចណៈបុគ្គលមានការកើនឡើងមកវិញក្នុងត្រីមាសនេះ ពី -១៥% មក ២២%។ លើសពីនេះ យើងក៏ឃើញថា ចំនួនគណនី និង សមតុល្យឥណទានលក្ខណៈបុគ្គលមានកំណើនក្នុងកម្រិតមធ្បម (កើនដល់ ១.០១លានគណនី និង ៥.៦៥ប៊ីលានដុល្លារ)។ មិនមានការប្រែប្រួលទេសម្រាប់ឥណទានមិនដំណើរការលើសពី ៣០ថ្ងៃ គឺត្រឹមតែ ១.៣២%ប៉ុណ្ណោះ នេះបញ្ជាក់អោយឃើញពីស្ថានភាពដ៏ល្អ នៃទីផ្សារឥណទានលក្ខណៈបុគ្គលក្នុងប្រទេសប្រកបដោយគុណភាពឥណទានដែលបានអនុម័ត” លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិនៃការិយាល័យឥណទានកម្ពុជា៕

ដើម្បីអានរបាយការណ៍លម្អិត សូមចុចទីនេះ

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង

ការិយាល័យឥណទានកម្ពុជា

លោក ផៃ សុផល ប្រធានផ្នែកទីផ្សារ

ទូរសព្ទ៖ +855 86 999 760

អ៊ីមែល៖ s.phay@creditbureau.com.kh

កំណត់សម្គាល់សម្រាប់និពន្ធនាយក

  • របាយការណ៍ពេញលេញមាននៅក្នុងសារនេះ
  • សម្រាប់គោលបំណងនៃរបាយការណ៍នេះ ប្រទេសកម្ពុជាបានបែងចែកជា ៤ តំបន់៖ ទន្លេសាប តំបន់ឆ្នេរ តំបន់វាលទំនាប និងខ្ពង់រាប

 

 

 

 

 

 

 

 

 

 

 

  • អំពីការិយាល័យឥណទានកម្ពុជា (CBC)

ការិយាល័យឥណទានកម្ពុជាជាក្រុមហ៊ុនឈានមុខគេក្នុងការផ្ដល់ព័ត៌មានឥណទាន ឧបករណ៍វិភាគ និងសេវាកម្មរាយការណ៍ដល់ធនាគារ ស្ថាប័នហិរញ្ញវត្ថុ ក្រុមហ៊ុនផ្ដល់ប្រាក់កម្ចី ប្រតិបត្តិករឥណទាន និងអ្នកប្រើប្រាស់នានាក្នុងព្រះរាជាណាចក្រកម្ពុជា។

CBC ត្រូវបានបង្កើតឡើងក្នុងខែមិនា ឆ្នាំ​២០១២ ដោយមានការគាំទ្រពីធនាគារជាតិនៃកម្ពុជា (NBC) សមាគមធនាគារនៃកម្ពុជា (ABC) សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងក្រុមប្រឹក្សាហិរញ្ញវត្ថុអន្តរជាតិ (IFC)។

CBC ជំរុញឱ្យលំនឹងសេដ្ខកិច្ចកាន់តែប្រសើរឡើងដោយផ្ដល់ទិន្នន័យទាន់ហេតុការណ៍និងត្រឹមត្រូវដល់អ្នកប្រើប្រាស់ និងឧស្សាហកម្មដែលជួយក្នុងការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុនៃធុរកិច្ចរបស់ពួកគេ។ យើងជួយធុរកិច្ចក្នុងការគ្រប់គ្រងហានិភ័យនៃឥណទាន ការពារការក្លែងបន្លំ និងការធ្វើសេចក្ដីសម្រេចចិត្តដោយស្វ័យប្រវត្តិ។ CBC ក៏ជួយបុគ្គលប្រើប្រាស់ក្នុងការត្រួតពិនិត្យរបាយការណ៍ឥណទានរបស់ពួកគាត់ដើម្បីធានាថាពួកគាត់អាចទទួលបានប្រាក់កម្ចី និងហិរញ្ញវត្ថុ និងការពារខ្លួនពីការក្លែងបន្លំអត្តសញ្ញាណ។

CBC ជាសម្ព័ន្ធអាជីវកម្មរវាង Credit Bureau Holding Cambodia (តំណាងដោយ ABC និង CMA)​ និង Equifax Cambodia Holding Pte. Limited (ECH) ដែលមានការិយាល័យឥណទាននាំមុខគេផ្នែកប្រតិបត្តិការទូទាំងសាកលលោក។ ECH ជាក្រុមហ៊ុនសាជីវកម្មដែលបានបង្កើតឡើងជាសម្ព័ន្ធអាជីវកម្មរវាង Asia Credit Bureau Holdings Pte Ltd (ACB) និងជាក្រុមហ៊ុនដែលមានការិល័យស្ថិតនៅប្រទេសសិង្ហបុរី និង ក្រុមហ៊ុន Equifax Company ។