ភាសា

សន្ទស្សន៍ឥណទានលក្ខណៈបុគ្គល៖ ត្រីមាសទី ១ ឆ្នាំ ២០២១ ចេញផ្សាយនៅ ខែ ​​​​​មេសា ឆ្នាំ ២០២១

កាលបរិច្ឆេទផ្សាយ: ថ្ងៃ​សៅរ៍ ឧសភា 8th, 2021

សេចក្តីសង្ខេបរបាយការណ៍នៃត្រីមាសទី ១ ឆ្នាំ ២០២១

យោងតាមទិន្នន័យក្នុងត្រីមាសទី១ នៃឆ្នាំ២០២១ សមិទ្ធផលឥណទានលក្ខណៈបុគ្គល​បានបង្ហាញពី​កំណើនជាលំដាប់​ ក្នុងនោះ​សមតុល្យឥណទាន​និង​ចំនួន​គណនី​ឥណទាន​មាន​ភាព​វិជ្ជមា​ន​គួរ​ឲ្យ​កត់សម្គាល់។ ទន្ទឹមនឹងនេះ កំណើននៃការស្នើសុំឥណទានបុគ្គលមានការថមថយ ដោយសារតែការស្នើសុំឥណទានគិតជាទឹកប្រាក់ បានធ្លាក់ចុះ បើទោះជាចំនួនពាក្យស្នើសុំឥណទាននៅបន្តកំណើនក៏ដោយ។ ជាចុងក្រោយ គុណភាពនៃឥណទានបុគ្គលមានការថមថយ ដោយសារតែទំហំទឹកប្រាក់នៃឥណទានមិនដំណើរការលើសពី៣០ថ្ងៃ (30+DPD)  បានកើនឡើងនៅគ្រប់តំបន់ ជាមួយ​នឹង​ការកើនឡើង​ខ្លាំងជាងគេ​នៅតំបន់ខ្ពង់រាប​និងក្នុងប្រភេទឥណទានអលនទ្រព្យ។

  • ពាក្យស្នើសុំឥណទានលក្ខណៈបុគ្គល

ចំនួននៃពាក្យស្នើសុំឥណទានលក្ខណៈបុគ្គលកើនឡើងជារួម +១១%

ចំនួននៃពាក្យស្នើសុំកម្ចីអចលនទ្រព្យកើនឡើងច្រើនជាងគេគឺ​ +១៥%ប្រៀបធៀបនឹងត្រីមាសមុន រួមជាមួយពាក្យស្នើសុំឥណទានសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន កើនឡើង​ +១១%។​ ចំណែកឯការស្នើរសុំប័ណ្ណឥណទានមានការធ្លាក់ចុះ -៣០%។

  • ដំណើរការឥណទានលក្ខណៈបុគ្គល

ចំនួនគណនីឥណទានលក្ខណៈបុគ្គលសរុបកើនឡើង​ +២,០៥% ដែលនាំអោយចំនួនគណនីសរុបកើនដល់ ១,៣០ លាន។

សមតុល្យសរុបកើនឡើង​ +៦,៤៤%  ឈានដល់ ១០,៣៩ ពាន់លានដុល្លារនៅចុងត្រីមាសនេះ។

  • គុណភាពឥណទានលក្ខណៈបុគ្គល

ឥណទានមិនដំណើរការលើសពី ៣០ថ្ងៃ (30+DPD) មានការកើនឡើងបន្តិច​ដល់ ២,២៤%។ អតិថិជនភាគច្រើននៅតែមានការប្រើប្រាស់កម្ចីតែមួយស្ថាប័ន ហើយមានគណនីឥណទានតែមួយគណនី។

ពាក្យស្នើសុំឥណទានលក្ខណៈបុគ្គល

បង្ហាញអំពីបំណងរបស់អ្នកប្រើប្រាស់ក្នុងការទទួលបានឥណទានក្នុងលក្ខណៈជា ឥណទានសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន

ប័ណ្ណឥណទាន និង កម្ចីអចលនទ្រព្យ។

នៅត្រឹមត្រីមាសទី១ នៃឆ្នាំ២០២០នេះ ចំនួនអតិថិជនដែលព្យាយាមស្នើសុំឥណទានក្នុងទម្រង់៣ផ្សេងៗគ្នាដូចជា ឥណទានសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន (Personal Finance)  , ប័ណ្ណឥណទាន (Credit Cards) និងកម្ចីអចលនទ្រព្យ (Mortgage) បានកើនឡើងជារួម​ +១១%។ទំហំនៃការកើនឡើងខ្លាំងជាងគេគឺការស្នើសុំកម្ចីអចលនទ្រព្យដែលកើនឡើងដល់ទៅ ​ +១៥%,​ ដែលក្នុងនេះការកើនឡើងខ្ពស់បំផុតមានចំនួន +៤៦%  ដែលស្ថិតនៅក្នុងតំបន់ឆ្នេរ។ ទន្ទឹមនឹងនេះ ការស្នើសុំកម្ចីផ្ទាល់ខ្លួន មានការកើនឡើងទៅដល់​+១១%។​ ចំណែកឯការស្នើសុំ​ប័ណ្ណឥណទានវិញ​ មានការធ្លាក់ចុះចំនួន​៣០%។

យ៉ាងណាក៏ដោយ នៅត្រីមាសដដែលនេះ ភាគរយនៃការស្នើសុំឥណទានគិតជាចំនួនទឹកប្រាក់ បានធ្លាក់ចុះចំនួន -៦%​ បើទោះជាភាគរយនេះមានកំណើនវិជ្ជមានកាលពីត្រីមាសមុន (ឆ្នាំ២០២០ ត្រីមាសទី៤: ២៥%)​ ហើយកាលពីត្រីមាសទី១ដូចគ្នាក្នុងឆ្នាំ២០២0 ក៏ភាគរយនេះមានកំណើនវិជ្ជមាន (ឆ្នាំ២០២០ ត្រីមាសទី១: ១,៣%)។​ នេះដោយសារតែមានការធ្លាក់ចុះនៃចំនួនពាក្យស្នើសុំគ្រប់ប្រភេទដូចជា៖​ ​ប័ណ្ណឥណទា​ន (-២៣%) ឥណទានសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន (-៦%) និងកម្ចី​អ​ចលនទ្រព្យ ​(-៤%)។

ដំណើរការឥណទានលក្ខណៈបុគ្គល

បង្ហាញអំពីទំហំឥណទានលក្ខណៈបុគ្គលនៅបំណាច់ត្រីមាសឆ្លុះបញ្ចាំងពីទីផ្សារឥណទានសកម្ម។

គិតត្រឹមខែមីនា ឆ្នាំ២០២១ ចំនួនគណនីឥណទានលក្ខណៈបុគ្គលមានការកើនឡើងចំនួន +២,០៥% ប្រៀបពីត្រីមាសមុនដែលធ្វើអោយចំនួនគណនីនៅទូទាំងប្រទេសកើនឡើងទៅដល់ ១,៣០ លាន។ ក្នុងចំណោមចំនួននេះ ៨០,៩២% ជាឥណទានសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន ខណៈដែលចំណែកតូចជាងនេះគឺ កម្ចីអចលនទ្រព្យ (១១%) និង  កម្ចីប័ណ្ណឥណទាន (៨,០៩%)។ ការកើនឡើងនេះត្រូវបានគេមើលឃើញនៅក្នុងតំបន់ចំនួន ៤ នៃព្រះរាជាណាចក្រកម្ពុជា +៥,២% នៅតំបន់​ខ្ពង់រាប, +៣,២% នៅតំបន់ឆ្នេរ​,​ ហើយ +១,៩%នៅតំបន់បឹងទន្លេសាប និងតំបន់​វាល​ទំនាប។

ចំណែកឯសមតុល្យឥណទានលក្ខណៈបុគ្គល ក៏បានបន្តកើនឡើង​ជាលំដាប់ក្នុងកម្រិត+៦,៤៤% គិតត្រឹមពីខែមីនា ឆ្នាំ២០២១​។ នៅចុងត្រីមាសនេះសមតុល្យឥណទានលក្ខណៈបុគ្គលមានចំនួន ១០,៣៩ ពាន់លានដុល្លារ។

បើទោះបីជា​ ចំនួនគណនី​​នៃកម្ចី​អចលនទ្រព្យមាន​ចំនួន​ត្រឹម​ ១១% នៃ​ចំនួន​គណនី​សរុប កម្ចីអចលនទ្រព្យមានលើសពីពាក់       កណ្តាលនៃសមតុល្យឥណទានលក្ខណៈបុគ្គលសរុប (៥១,៧២%) ចំណែកឯ សមតុល្យឥណទានហិរញ្ញវត្ថុផ្ទាល់ខ្លួនមានចំណែក ៤៧,៦៨%។ សមតុល្យប័ណ្ណឥណទានមានចំណែកតូចគឺត្រឹមតែ០,៦០% ប៉ុណ្ណោះ។ និយាយជារួម សមតុល្យឥណទានមានកំណើនវិជ្ជមាននៅគ្រប់តំបន់​ទាំងអស់ដូចជា តំបន់ខ្ពង់រាប +៩,៩%​ តំបន់ទំនាប +៦,៣% តំបន់ទន្លេរសាប +៦,០% និង តំបន់ឆ្នេរ +៨,៤%។

គុណភាពឥណទានលក្ខណៈបុគ្គល

បានមកពីអនុបាទនៃគណនីឥណទានជាមួយនឹងការសងយឺត ៣០ ថ្ងៃហួសកាលបរិច្ឆេទកំណត់ ដែលជា30+ DPD។ វាបង្ហាញពីលទ្ធភាពនៃការបង់សង និង ហានិភ័យនៃការខកខាននៅក្នុងត្រីមាស។

អនុបាទ 30+DPD មានការកើនឡើងពី ១,៩១% ដល់ ២,២៤ក្នុងត្រីមាសទី១នេះ។ ក្នុងចំណោមផលិតផលទាំងបីនោះ ផលិតផលដែលមាន អនុបាទ ៣០+DPD ខ្ពស់បំផុតគឺ ប័ណ្ណឥណទាន ជាមួយនឹងការកើនឡើងដល់ ៤,៣៦%។

ចំនួនសមតុល្យឥណទានមិនដំណើរការលើសពី៣០ថ្ងៃ មានការកើនឡើងជារួម ២៥% នៅទូទាំងតំបន់។ កំណើនដែលច្រើនជាងគេនៃចំនួនទឹកប្រាក់ឥណទានមិនដំណើរការលើសពី៣០ថ្ងៃគឺនៅ ​តំបន់ខ្ពង់រាប​ដែលមានការកើនឡើងចំនួន +៤៣%។ បន្ថែម​ពីនេះ​ តំបន់ទំនាបមានការកើនឡើងចំនួន​ +២៩%, តំបន់ឆ្នេរមាន​ការកើនឡើង +២៧%, ហើយតំបន់ទន្លេសាបមានការកើនឡើងចំនួន​ +​១១%។

ចំនួនអតិថិជនដែលមានកម្ចីតែមួយស្ថាប័ននៅតែមានកម្រិតខ្ពស់គឺ៧៣,៦៣%នៃចំនួនអតិថិជនទាំងអស់។ ចំណែកឯអតិថិជន​​ដែលមានកម្ចីច្រើនស្ថាប័ននៅតែមានកម្រិតទាបដដែលត្រឹម ២៦,៣៧%។

អតិថិជនប្រើប្រាស់ឥណទានលក្ខណៈបុគ្គលដែលមានគណនីចំនួន ១ មាន ៦១,០១% ​ អ្នកមានគណនីឥណទានចំនួន ២ មានចំនួន ២៧.២៣% អ្នកដែលមានគណនីឥណទានចំនួន ៣​ មានចំនួន ៨,៧៣% ហើយអ្នកដែលមានគណនីឥណទានចំនួន ៣ឬ ច្រើនមានចំនួន ៣,០៣% នៃចំនួនអតិថិជនទាំងអស់។

លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា ខូ អិលធីឌីមានប្រសាសន៍ថា «នៅក្នុងត្រីមាសទី១ នៃឆ្នាំ២០២១នេះ ដំណើរការទីផ្សារឥណទានបុគ្គលនៅកម្ពុជានៅតែរក្សារបានភាពរឹងមាំ ដោយសារតែការស្នើរសុំ​ និងដំណើរការឥណទានប្រចាំត្រីមាសនៅតែមានកំណើនជាបន្តបន្ទាប់។ យ៉ាងណាមិញ អនុបាទនៃគណនីប្រាក់កម្ចីជាមួយនឹងការសងយឺត ៣០ ថ្ងៃហួសកាលបរិច្ឆេទកំណត់ បានកើនឡើងដល់២,២៤%​ ដែលបង្ហាញពីការធ្លាក់ចុះបន្តិចនៃគុណភាពឥណទាន។

*END*

ចំណាំសម្រាប់និពន្ធនាយក

  • របាយការណ៍ពេញលេញមានភ្ជាប់ជាមួយសារនេះ
  • សម្រាប់គោលបំណងនៃរបាយការណ៍នេះ ប្រទេសកម្ពុជាបានបែងចែកជា ៤ តំបន់៖ ទន្លេសាប តំបន់ឆ្នេរ តំបន់វាលទំនាប និងខ្ពង់រាប

អំពីក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា ខូ អិលធីឌី(CBC)

ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា ខូ អិលធីឌី ជាក្រុមហ៊ុនឈានមុខគេក្នុងការផ្ដល់ព័ត៌មានឥណទាន ឧបករណ៍វិភាគ និង  សេវាកម្មរាយការណ៍របាយការណ៍ឥណទានដល់ធនាគារ ស្ថាប័នហិរញ្ញវត្ថុ ក្រុមហ៊ុនផ្ដល់ប្រាក់កម្ចី ប្រតិបត្តិករឥណទាន និងអ្នកប្រើប្រាស់នានាក្នុងព្រះរាជាណាចក្រកម្ពុជា។

CBC បានដំណើរការប្រតិបត្តិការជាផ្លូវការក្នុងខែមិនា ឆ្នាំ​២០១២ ដោយមានការគាំទ្រពីធនាគារជាតិ នៃកម្ពុជា (NBC) សមាគមធនាគារនៃកម្ពុជា (ABC) សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC)។ CBC ជំរុញឱ្យលំនឹងសេដ្ឋកិច្ចកាន់តែប្រសើរឡើងដោយផ្ដល់ទិន្នន័យទាន់ហេតុការណ៍និងត្រឹមត្រូវដល់អ្នកប្រើប្រាស់ និងឧស្សាហកម្មដែលជួយក្នុងការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុនៃធុរកិច្ចរបស់ពួកគេ។ យើងជួយធុរកិច្ចក្នុងការគ្រប់គ្រងហានិភ័យនៃឥណទាន ការពារការក្លែងបន្លំ និងការធ្វើសេចក្ដីសម្រេចចិត្តដោយស្វ័យប្រវត្តិ។ CBC ក៏ជួយបុគ្គលប្រើប្រាស់ក្នុងការត្រួតពិនិត្យរបាយការណ៍ឥណទានរបស់ពួកគាត់ដើម្បីធានាថាពួកគាត់អាចទទួលបានប្រាក់កម្ចី និងហិរញ្ញវត្ថុ និងការពារខ្លួនពីការក្លែងបន្លំអត្តសញ្ញាណ។

CBC ជាសម្ព័ន្ធអាជីវកម្មរវាង ក្រុមហ៊ុន ក្រេឌីតប្យូរ៉ូ​ហូលឌិញ (ក​​ម្ពុជា​​) ​អ៊ិលធីឌី (CHBC) និង ក្រុមហ៊ុន Equifax (Cambodia Holdings) Pte Limited​ (ECH)។ CHBC គឺជា​ក្រុមហ៊ុន​ដែលមានការរួមបញ្ចូលគ្នានៃ សមាគមន៍ធនាគារកម្ពុជា សមាគមន៍មីក្រូហិរញ្ញវត្ថុ ធនាគារអេស៊ីលីដា ធនាគារសហពាណិជ្ជ ក.អ និង ធនាគារពាណិជ្ជទីមួយ។ ECH គឺជាក្រុមហ៊ុន​​ដែលត្រូវ​បាន​បង្កើត​ឡើង​ដោយ​​ការ​បណ្តាក់​​ទុន​រួមគ្នា​​ រវាងក្រុមហ៊ុន Credit Bureau Asia Holdings Pte Ltd (មានមូលដ្ឋាននៅប្រទេសសិង្ហបុរី)និង ក្រុមហ៊ុន Equifax (​​មានមូលដ្ឋាន​​នៅ​​សហរដ្ឋ​អាមេរិក) ដែលឈានមុខគេក្នុងដំណើរការ ការិយាល័យឥណទាន។