ភាសា

សន្ទស្សន៍ឥណទានលក្ខណៈបុគ្គល៖ ត្រីមាសទី ១ ឆ្នាំ ២០២២ ចេញផ្សាយនៅ ខែ ឧសភា ឆ្នាំ ២០២២

កាលបរិច្ឆេទផ្សាយ: ថ្ងៃ​សុក្រ ឧសភា 6th, 2022

សេចក្តីសង្ខេបរបាយការណ៍នៃត្រីមាសទី ១ ឆ្នាំ ២០២២

សមិទ្ធផលឥណទានលក្ខណៈបុគ្គល​ សម្រេចបាននូវ​កំណើន​ដ៏រឹងមាំ​ ដោយសមតុល្យឥណទាន​ និងចំនួនគណនីឥណទាន ​មានការកើនឡើងក្នុងគ្រប់តំបន់។ ចំណែកឯ ចំនួននៃការស្នើសុំឥណទានបុគ្គលវិញ​ មានការកើន​ឡើងតិចតួចក្នុងត្រីមាសចុងក្រោយនេះ បើប្រៀបធៀបនឹងត្រីមាសមុន។ ជាចុងក្រោយ គុណភាពនៃឥណទានបុគ្គលដែលវាស់វែងដោយអនុបាតនៃឥណទានសំណងយឺតលើសពី៣០ថ្ងៃ (30+DPD) មានភាពប្រសើរជាងមុន ដោយអនុបាតបានធ្លាក់ចុះយ៉ាងគំហុកនៅគ្រប់តំបន់។

  • ពាក្យស្នើសុំឥណទានលក្ខណៈបុគ្គល

ចំនួននៃពាក្យស្នើសុំឥណទានលក្ខណៈបុគ្គលកើន​ឡើង​ជារួម ១៧%

ចំនួននៃពាក្យស្នើសុំកម្ចីប្រើប្រាស់ផ្ទាល់ខ្លួនកើន​ឡើងចំនួន ​ ១៦% ប្រៀបធៀបនឹងត្រីមាសមុន។ ការស្នើរសុំប័ណ្ណឥណទានកើនឡើងចំនួន +០២% និងពាក្យស្នើសុំកម្ចីអចលនទ្រព្យ កើនឡើងចំនួន ​ +២៤%។​

  • ដំណើរការឥណទានលក្ខណៈបុគ្គល

ចំនួនគណនីឥណទានលក្ខណៈបុគ្គលសរុបមានការកើនឡើងគួរសម ចំនួន​ +២,៦៨% ដែលនាំអោយចំនួនគណនីសរុបមានចំនួន ១,៣៥៩លាន។

សមតុល្យសរុបកើនឡើង​ +៥,០៨%  ឈានដល់ ១២,៥០ ពាន់លានដុល្លារនៅចុងត្រីមាសនេះ។

  • គុណភាពឥណទានលក្ខណៈបុគ្គល

អនុបាតនៃឥណទានសំណងយឺតលើសពី ៣០ថ្ងៃ (30+DPD) មានការកើន​ឡើង​ដល់ ២,៣៥%។ អតិថិជនភាគច្រើននៅតែមានការប្រើប្រាស់កម្ចីតែមួយស្ថាប័ន ហើយមានគណនីឥណទានតែមួយគណនី។

ពាក្យស្នើសុំឥណទានលក្ខណៈបុគ្គល

បង្ហាញអំពីបំណងរបស់អ្នកប្រើប្រាស់ក្នុងការទទួលបានឥណទានក្នុងលក្ខណៈជា ឥណទានសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនប័ណ្ណឥណទាន និង កម្ចីអចលនទ្រព្យ។

នៅត្រឹមដើម​ត្រីមាស នៃឆ្នាំ២០២២នេះ ចំនួនអតិថិជនដែលព្យាយាមស្នើសុំឥណទានក្នុងទម្រង់៣ផ្សេងៗគ្នាដូចជា ឥណទានសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន (Personal Finance) ប័ណ្ណឥណទាន (Credit Cards) និងកម្ចីអចលនទ្រព្យ (Mortgage) បានកើន​ឡើង​ជារួម​ ​១៧%។ ពាក្យស្នើសុំកម្ចីអចលនទ្រព្យ កើនឡើងចំនួន ​ ២៤%ដែលក្នុងនេះតំបន់ទន្លេសាបមាន​ការ​កើន​ខ្ពស់បំផុតចំនួន​ +​៤៦%។ ការស្នើរសុំប័ណ្ណឥណទាន និងការស្នើសុំកម្ចីប្រើប្រាស់ផ្ទាល់ខ្លួន ជាមួយគ្នានេះដែរការកើន​ឡើង​ចំនួន +​២% និង +១៦%​។

បម្រែបម្រួលជាភាគរយទំហំទឹកប្រាក់នៃការស្នើសុំឥណទាន ក៏មានការធ្លាក់​ចុះគឺចំនួន -៣%​ ដែលចំនួននេះទាបជាងកាលពីត្រីមាសមុន (ឆ្នាំ២០២១ ត្រីមាសទី៤: +៤%)​ និងខ្ពស់ជាងកាលពីត្រីមាសដូចគ្នាក្នុងឆ្នាំ២០២១ (ឆ្នាំ២០២១ ត្រីមាសទី១: -៦%)។​ នេះដោយសារតែមានការធ្លាក់ចុះនៃទំហំទឹកប្រាក់នៃការស្នើសុំកម្ចី​អចលន​ទ្រព្យ -៨% និងការ​ស្នើ​សុំ​កម្ចី​​ប្រើ​ប្រាស់​ផ្ទាល់​ខ្លួន​​ -១% ខណៈពេលដែលការស្នើសុំ​ប័ណ្ណឥណទា​នមានការកើន​ឡើង​ ២៨%។

 

ដំណើរការឥណទានលក្ខណៈបុគ្គល

បង្ហាញអំពីទំហំឥណទានលក្ខណៈបុគ្គលនៅបំណាច់ត្រីមាសឆ្លុះបញ្ចាំងពីទីផ្សារឥណទានសកម្ម។

គិតត្រឹមខែមីនា ឆ្នាំ២០២២ ចំនួនគណនីឥណទានលក្ខណៈបុគ្គលមានការកើនឡើងគួរសម ចំនួន +២,៦៨% ប្រៀបពីត្រីមាសមុនដែលធ្វើអោយចំនួនគណនីនៅទូទាំងប្រទេសសរុបមានចំនួន ១,៣៩ លាន។ ក្នុងចំណោមចំនួននេះ ៧៩,៥០% ជាឥណទានសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន ខណៈចំណែកតូចជាងនេះគឺកម្ចីប័ណ្ណឥណទាន(៨,៤%) និងកម្ចីអចលនទ្រព្យ (១២,១%) ។ កំណើននេះត្រូវបានគេមើលឃើញនៅក្នុងគ្រប់តំបន់ នៃព្រះរាជាណាចក្រកម្ពុជា (+៤,៣% នៅតំបន់​ខ្ពង់រាប +​៣,៩%​ នៅតំបន់ឆ្នេរ +៣,០% នៅតំបន់ទំនាប និង +១,៣% នៅតំបន់ទន្លេសាប)។

 

សមតុល្យឥណទានលក្ខណៈបុគ្គល ក៏បានបន្តកើនឡើង​ជាលំដាប់ក្នុងកម្រិត +៥,០៨% គិតត្រឹមពីខែមីនា ឆ្នាំ២០២២​។ នៅចុងត្រីមាសនេះ សមតុល្យឥណទានលក្ខណៈបុគ្គលមានចំនួន ១២,៥០ ពាន់លានដុល្លារ។

បើទោះបីជា​ ចំនួនគណនី​​នៃកម្ចី​អចលនទ្រព្យមាន​​ត្រឹមតែ​ ១២,១០% នៃ​ចំនួន​គណនី​សរុប កម្ចីអចលនទ្រព្យមានលើសពីពាក់       កណ្តាលនៃសមតុល្យឥណទានលក្ខណៈបុគ្គលសរុប ៥៤,៤% ចំណែកឯ សមតុល្យឥណទានប្រើប្រាស់ផ្ទាល់ខ្លួនមានចំណែក ៤៤,៩%។ សមតុល្យប័ណ្ណឥណទានមានចំណែកតូចគឺត្រឹមតែ០,៦៧%ប៉ុណ្ណោះ។ និយាយជារួម សមតុល្យឥណទានមានកំណើនវិជ្ជមាននៅគ្រប់តំបន់​ទាំងអស់ដូចជា តំបន់ខ្ពង់រាប +៧,៧% តំបន់ឆ្នេរ +៧,៣% តំបន់ទំនាប +៥,១%​ និង តំបន់ទន្លេសាប +៤,១%។

 

គុណភាពឥណទានលក្ខណៈបុគ្គល

បានមកពីអនុបាទនៃគណនីឥណទានជាមួយនឹងការសងយឺត ៣០ ថ្ងៃហួសកាលបរិច្ឆេទកំណត់ ដែលជា30+ DPD។ វាបង្ហាញពីលទ្ធភាពនៃការបង់សង និង ហានិភ័យនៃការខកខាននៅក្នុងត្រីមាស។

អនុបាទ 30+DPD កើន​ឡើង​ពី ៣,០៣%នៅត្រីមាសទី៤ ២០២១ ដល់ ២,៣៥% ក្នុងត្រីមាសទី១ ឆ្នាំ២០២២។ ក្នុងចំណោមផលិតផលទាំងបីនោះ ផលិតផលដែលមាន អនុបាទ ៣០+DPD ខ្ពស់បំផុតគឺ ប័ណ្ណឥណទាន ជាមួយនឹងអនុបាតចំនួន ៥,៣០%។

ចំនួនសមតុល្យឥណទានមិនដំណើរការលើសពី៣០ថ្ងៃ មានការកើន​ឡើង​ជារួម ២១% នៅទូទាំងតំបន់។ ការកើន​ឡើងដែលច្រើនជាងគេនៃចំនួនទឹកប្រាក់ឥណទានសំណងយឺតលើសពី៣០ថ្ងៃគឺនៅ ​តំបន់ឆ្នេរដែលបានកើន​ឡើងចំនួន ៦៦%, តំបន់ទំនាបកើន​ឡើង​ចំនួន ២៨%  តំបន់ខ្ពង់រាបចំនួន​ ១៨% ហើយតំបន់ទន្លេសាបមានការកើន​ឡើង​ចំនួន​ ២៣%។

ចំនួនអតិថិជនដែលមានកម្ចីតែមួយស្ថាប័ននៅតែមានកម្រិតខ្ពស់គឺ ៧២,២១%នៃចំនួនអតិថិជនទាំងអស់។ ចំណែកឯអតិថិជន​​ដែលមានកម្ចីច្រើនស្ថាប័ននៅតែមានកម្រិតទាបដដែលត្រឹម ២៧,៧៩%។

អតិថិជនប្រើប្រាស់ឥណទានលក្ខណៈបុគ្គលដែលមានគណនីចំនួន ១ មាន ៥៩,៦២%, ​ អ្នកមានគណនីឥណទានចំនួន ២ មានចំនួន ២៧.៦០% អ្នកដែលមានគណនីឥណទានចំនួន ៣​ មានចំនួន ៩,៣២% ហើយអ្នកដែលមានគណនីឥណទានច្រើនជាង៣ មានចំនួន ៣,៤៦% នៃចំនួនអតិថិជនទាំងអស់។

 

លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា ខូ អិលធីឌីមានប្រសាសន៍ថា “តម្រូវការពាក្យស្នើសុំឥណទានបុគ្គលមានការថមថយបន្តិច។ យ៉ាងណាក៏ដោយ សមិទ្ធផលឥណទានលក្ខណៈបុគ្គលនៅតែរក្សារបាននូវកំណើនរឹងមាំ ជាមួយនឹងការកើនឡើងនៃចំនួនគណនី និងសមតុល្យកម្ចីក្នុងត្រីមាសចុងក្រោយ បើប្រៀបធៀបនឹងត្រីមាសមុន”។ លោកបានបន្ថែមទៀតថា គុណភាពកម្ចីមានភាពប្រសើរឡើង ជាមួយនឹងការកើន​ឡើងនៃអនុបាទនៃគណនីប្រាក់កម្ចីជាមួយនឹងការសងយឺត ៣០ ថ្ងៃហួសកាលបរិច្ឆេទកំណត់ ពី ២,០៣ក្នុងត្រីមាសមុន មកដល់២,៣៥%ក្នុងត្រីមាសនេះ។

 

*END*

 

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង

ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា ខូ អិលធីឌី

Mr. Prashanta Pradhan

ទូរសព្ទ៖+855 86 999 790

អ៊ីមែល៖ P.Pradhan@creditbureau.com.kh

 

 

ចំណាំសម្រាប់និពន្ធនាយក

  • របាយការណ៍ពេញលេញមានភ្ជាប់ជាមួយសារនេះ
  • សម្រាប់គោលបំណងនៃរបាយការណ៍នេះ ប្រទេសកម្ពុជាបានបែងចែកជា ៤ តំបន់៖ ទន្លេសាប តំបន់ឆ្នេរ តំបន់វាលទំនាប និងខ្ពង់រាប

 

 

 

 

 

 

  • អំពីក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា ខូ អិលធីឌី(CBC)

ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា ខូ អិលធីឌី ជាក្រុមហ៊ុនឈានមុខគេក្នុងការផ្ដល់ព័ត៌មានឥណទាន ឧបករណ៍វិភាគ និង  សេវាកម្មរាយការណ៍របាយការណ៍ឥណទានដល់ធនាគារ ស្ថាប័នហិរញ្ញវត្ថុ ក្រុមហ៊ុនផ្ដល់ប្រាក់កម្ចី ប្រតិបត្តិករឥណទាន និងអ្នកប្រើប្រាស់នានាក្នុងព្រះរាជាណាចក្រកម្ពុជា។

 

CBC បានដំណើរការប្រតិបត្តិការជាផ្លូវការក្នុងខែមិនា ឆ្នាំ​២០១២ ដោយមានការគាំទ្រពីធនាគារជាតិ នៃកម្ពុជា (NBC) សមាគមធនាគារនៃកម្ពុជា (ABC) សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC)។ CBC ជំរុញឱ្យលំនឹងសេដ្ឋកិច្ចកាន់តែប្រសើរឡើងដោយផ្ដល់ទិន្នន័យទាន់ហេតុការណ៍និងត្រឹមត្រូវដល់អ្នកប្រើប្រាស់ និងឧស្សាហកម្មដែលជួយក្នុងការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុនៃធុរកិច្ចរបស់ពួកគេ។ យើងជួយធុរកិច្ចក្នុងការគ្រប់គ្រងហានិភ័យនៃឥណទាន ការពារការក្លែងបន្លំ និងការធ្វើសេចក្ដីសម្រេចចិត្តដោយស្វ័យប្រវត្តិ។ CBC ក៏ជួយបុគ្គលប្រើប្រាស់ក្នុងការត្រួតពិនិត្យរបាយការណ៍ឥណទានរបស់ពួកគាត់ដើម្បីធានាថាពួកគាត់អាចទទួលបានប្រាក់កម្ចី និងហិរញ្ញវត្ថុ និងការពារខ្លួនពីការក្លែងបន្លំអត្តសញ្ញាណ។

 

CBC ជាសម្ព័ន្ធអាជីវកម្មរវាង ក្រុមហ៊ុន ក្រេឌីតប្យូរ៉ូ​ ហូលឌិញ (ក​​ម្ពុជា​​) ​អ៊ិលធីឌី (CHBC) និង ក្រុមហ៊ុន Equifax (Cambodia Holdings) Pte Limited​ (ECH)។ CHBC គឺជា​ក្រុមហ៊ុន​ដែលមានការរួមបញ្ចូលគ្នានៃ សមាគមន៍ធនាគារកម្ពុជា សមាគមន៍មីក្រូហិរញ្ញវត្ថុ ធនាគារអេស៊ីលីដា ធនាគារសហពាណិជ្ជ ក.អ និង ធនាគារពាណិជ្ជទីមួយ។ ECH គឺជាក្រុមហ៊ុន​​ដែលត្រូវ​បាន​បង្កើត​ឡើង​ដោយ​​ការ​បណ្តាក់​​ទុន​រួមគ្នា​​ រវាងក្រុមហ៊ុន Credit Bureau Asia Holdings Pte Ltd (មានមូលដ្ឋាននៅប្រទេសសិង្ហបុរី)និង ក្រុមហ៊ុន Equifax (​​មានមូលដ្ឋាន​​នៅ​​សហរដ្ឋ​អាមេរិក) ដែលឈានមុខគេក្នុងដំណើរការ ការិយាល័យឥណទាន។