ភាសា

សន្ទស្សន៍ឥណទានលក្ខណៈបុគ្គល ក្នុងត្រីមាសទី២ ឆ្នាំ២០១៩

កាលបរិច្ឆេទផ្សាយ: ថ្ងៃ​ពុធ សីហា 7th, 2019

រាជធានីភ្នំពេញ  ថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០១៩

សេចក្តីសង្ខេបរបាយការណ៍៖

ដំណើរការឥណទានលក្ខណៈបុគ្គល​ បានបន្តកើនឡើងនៅគ្រប់តំបន់ទាំងអស់ ទាំងចំនួនគណនីឥណទាននិងសមតុល្យឥណទានសរុបទាំងនោះ។ បើទោះជា​ការធ្លាក់ចុះនៃចំនួននៃការ​ស្នើសុំឥណទាន        លក្ខណៈបុគ្គល ដែលជានិន្នាការ​ធម្មតាក្នុងត្រីមាសទី២ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ក៏កម្រិ​តភាគរយនៃការធ្លាក់ចុះចំនួនទឹកប្រាក់នៃការស្នើសុំឥណទានលក្ខណៈបុគ្គលក្នុងត្រីមាសនេះធៀបនឹងត្រីមាសមុន មានកម្រិតទាបជាង រយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨។ ឥណទានមិនដំណើរការលើសពី៣០ថ្ងៃ (30+DPD) បានថយចុះបន្តិច ខណៈពេលដែលកទំហំទឹកប្រាក់នៃឥណទានមិនដំណើរការលើសពី៣០ថ្ងៃ (30+DPD)  នៅក្នុងតំបន់ឆ្នេរបានធ្លាក់ចុះបើប្រៀបធៀបទៅនឹងត្រីមាសមុន។

  • ការស្នើសុំឥណទានលក្ខណៈបុគ្គល
    • ចំនួននៃការស្នើសុំឥណទានលក្ខណៈបុគ្គលធ្លាក់ចុះ -១៩.២៩%
    • ចំនួននៃការស្នើសុំកម្ចីអចលនទ្រព្យធ្លាក់ចុះយ៉ាងគំហុក-៣៦% ប្រៀបធៀបនឹងត្រីមាសមុន​
    • ចំនួននៃការស្នើសុំ​ប័ណ្ណឥណទានធ្លាក់ចុះ -៩​% ទាបជាងការធ្លាក់ចុះនៅត្រីមាសមុនដែលមានចំនួន-២០%
  • ដំណើរការឥណទានលក្ខណៈបុគ្គល
    • ចំនួនគណនីឥណទានលក្ខណៈបុគ្គលសរុប កើនឡើងដល់ ១.១៩លានគណនី (កើន+៥.០៣%)
    • សមតុល្យឥណទានលក្ខណៈបុគ្គលកើនឡើងដល់៧.១៦ប៊ីលានដុលា្លរអាមេរិច ​          កើនឡើង +៦.៨០%
  • គុណភាពឥណទាន
    • ឥណទានមិនដំណើរការលើសពី ៣០ថ្ងៃ (30+DPD) ធ្លាក់ចុះបន្តិចមកត្រឹម ១.១៩%
    • អតិថិជនភាគច្រើននៅតែមានការប្រើប្រាស់កម្ចីពីមួយស្ថាប័ន ហើយមានគណនីឥណទានតែមួយគណនី

 

ការស្នើសុំឥណទានលក្ខណៈបុគ្គល​ បង្ហាញ​អំពីបំណងរបស់អ្នក​ប្រើប្រាស់​ក្នុងការទទួលបានឥណទានក្នុង​​លក្ខណៈជា ហិរញ្ញវត្ថុផ្ទាល់ខ្លួន ប័ណ្ណឥណទាន និង កម្ចីអចលនទ្រព្យ

នៅត្រឹមត្រីមាសទី២ នៃឆ្នាំ២០១៩នេះ ចំនួនអតិថិជនដែលព្យាយាមស្នើសុំឥណទាន​ក្នុងទម្រង់​៣ផ្សេងៗគ្នា​ដូចជា ហិរញ្ញវត្ថុផ្ទាល់ខ្លួន​ (Personal Finance)  ​, ប័ណ្ណឥណទាន (Credit Cards) និងកម្ចី​អចលនទ្រព្យ (Mortgage) បានធ្លាក់ចុះ ធៀបនឹងត្រីមាសមុន។ ការធ្លាក់ចុះជារួម គឺក្នុងកម្រិត -១៩.២៩% ស្ថិតនៅក្នុងលក្ខណៈសមរម្យមួយ ធៀបទៅឆ្នាំមុនៗ ដែលតែងតែមានការធា្លក់ចុះក្នុងត្រីមាសទី២។

ការធ្លាក់ចុះនេះគឺដោយសារតែមានការថយចុះខ្លាំងនៃការស្នើសុំកម្ចី​អចលនទ្រព្យ -៣៦%។ នេះបង្ហាញពីស្ថានភាពជាក់ស្តែង​ដែលគ្រប់តំបន់ទាំងអស់មានការធ្លាក់ចុះ ដោយនៅតំបន់មាត់សមុទ្រ​មានការធ្លាក់ចុះខ្លាំងជាងគេ​នៃការសើ្នសុំកម្ចីអចលនទ្រព្យក្នុងកម្រិត ​-៤៩%។ ចំនួននៃការធ្លាក់ចុះតិចបំផុត​គឺ ការស្នើរសុំ ប័ណ្ណឥណទាន -៩% ដែលគួរអោយកត់សម្គាល់ថាទាបជាងត្រីមាសទី១ដែលធ្លាក់ចុះ-២០% ។

ទំហំទឹកប្រាក់នៃការស្នើសុំឥណទានលក្ខណៈបុគ្គលក៏បានធ្លាក់ចុះ​កម្រិត -៩% ផងដែរ ដែលទាបជាងរយៈពេលដូចគ្នាកាលពីឆ្នាំមុន (ត្រីមាសទី២ ក្នុងឆ្នាំ២០១៨៖ -១៤%)។ នេះ ដោយសារតែការធ្លាក់ចុះនៃទំហំទឹកប្រាក់នៃការស្នើសុំហិរញ្ញវត្ថុផ្ទាល់ខ្លួន -១០% និងកម្ចីអចលនទ្រព្យ -៥%។ ទោះបីជាយ៉ាងណាក៏ដោយ ទំហំទឹកប្រាក់នៃការស្នើសុំប័ណ្ណឥណទាន ​បានកើនឡើង​ +២% ធៀបទៅនឹងត្រីមាសមុន។

ដំណើរការឥណទានលក្ខណៈបុគ្គល៖ បង្ហាញអំពីស្ថានភាពឥណទានជាក់ស្ដែង រាយការណ៍នៅដំណាច់ត្រីមាស។

            គិតត្រឹមខែមិថុនា ឆ្នាំ២០១៩ ចំនួនគណនីឥណទានលក្ខណៈបុគ្គលបានបន្តកើនឡើង​ជាលំដាប់​ ក្នុងកម្រិត +៥.០៣% ធៀបត្រីមាសមុន។ នេះ បានធ្វើអោយចំនួនគណនីឥណទានលក្ខណៈបុគ្គលសរុប ទូទាំងប្រទេស​បានកើនឡើងដល់ ១.១៩លានគណនី ស្មើនឹង ៣៧.៦៧% នៃចំនួនគណនីឥណទានទីផ្សារសរុប។ នៅក្នុងចំណោមតួលេខនេះ គឺ៨១.៦៨% ជាឥណទានហិរញ្ញវត្ថុផ្ទាល់ខ្លួន ​១១.០៤% ជាកម្ចីអចលនទ្រព្យ​​ និង ៧.២៩% ជាប័ណ្ណឥណទាន ។ ការកើនឡើងនេះ ត្រូវបានគេមើលឃើញជាទូទៅនៅទូទាំងតំបន់ទាំងបួន​នៃព្រះរាជាណាចក្រកម្ពុជា ​ដោយតំបន់ទំនាបឈានមុខគេដោយចំនួនគណនីឥណទានលក្ខណៈបុគ្គលមានកំណើន + ៥.៨%។

ចំណែកឯសមតុល្យឥណទានលក្ខណៈបុគ្គល ក៏បានបន្តកើនឡើង​ជាលំដាប់ក្នុងកម្រិត +៦.៨០%ធៀបនឹងត្រីមាសមុន។​ គិតត្រឹមចុងខែមិថុនា ឆ្នាំ២០១៩ សមតុល្យឥណទានលក្ខណៈបុគ្គលសរុបមានទំហំ ៧.១៦ប៊ីលានដុល្លារអាមេរិច ស្មើនឹង ៣០.២២% នៃសមតុល្យឥណទានអតិថិជនទីផ្សារសរុប។

សមតុល្យហិរញ្ញវត្ថុផ្ទាល់ខ្លួននៅតែបន្តចំណែកធំជាងគេ (៥១.៤៦%) នខណៈដែលសមតុល្យកម្ចីអចលនទ្រព្យមានចំនួន​ ៤៧.៧៩%។ សមតុល្យប័ណ្ណឥណទាន នៅតែមានចំណែកតូចត្រឹម០.៧៥% នៃសមតុល្យសរុប។​ ជារួម សមតុល្យឥណទានលក្ខណៈបុគ្គលនៅក្នុងប្រទេសកម្ពុជា ត្រូវបានមើលឃើញថាមានកំណើនជាវិជ្ជមាននៅគ្រប់តំបន់ទាំងអស់ ក្នុងនោះ តំបន់ទំនាបឈានមុខគេ (+៧.៥%) បន្ទាប់មកតំបន់ទន្លេសាប និងតំបន់ឆ្នេរដែលមានកំណើនរៀងដូចគ្នា(+៤.៧%) និងតំបន់ខ្ពង់រាបទាបជាងបន្តិច (+២%)។ ​

គុណភាពឥណទានលក្ខណៈបុគ្គល​ ៖ ឆ្លុះបញ្ចាំងអំពីលទ្ធភាពទូទាត់សងរបស់កូនបំណុលទៅតាមថ្ងៃកំណត់ ដោយប្រើប្រាស់អនុបាតនៃឥណទានមិនដំណើរការលើសពី៣០ថ្ងៃ។

គិតត្រឹមត្រីមាសទី២ ឆ្នាំ២០១៩នេះ អនុបាតឥណទានមិនដំណើរការលើសពី៣០ថ្ងៃ (30+ DPD) មានការធ្លាក់ចុះបន្តិច​ពី ១.២៤%នៅត្រីមាសមុន មកត្រឹម១.១៩% ក្នុងត្រីមាសនេះ។  ក្នុងចំណោមផលិតផលឥណទានទាំងបី គឺ    ប័ណ្ណឥណទាន មានអនុបាតឥណទាន​មិនដំណើរការលើសពី៣០ថ្ងៃ មានការកើនឡើងបន្តិច ពី១.៤២%នៅត្រីមាសមុន មក២.៦៣%នៅត្រីមាសនេះ។

ចំនួនទឹកប្រាក់ឥណទានមិនដំណើរការលើសពី៣០ថ្ងៃមានការកើនឡើងជារួម​ +២.៧៦% នៅទូទាំងតំបន់ ធៀបនឹងត្រីមាសមុន។ កំណើននេះមាននៅតំបន់ទាំងបី ប៉ុន្តែវាបានធ្លាក់ចុះ​នៅតំបន់​មាត់សមុទ្រចំនួន ៥.១%។

ចំនួនអតិថិជនដែលមានកម្ចីនៅមួយស្ថាប័ននៅតែមានកម្រិតខ្ពស់ ៧៦.៩៥% នៃចំនួនអតិថិជនទាំងអស់។ ចំណែកឯអតិថិជន​​ដែលមានកម្ចីច្រើនស្ថាប័ននៅតែមានកម្រិតទាបដដែលត្រឹម ២៣.០៥%។  ៦៦.៣៩% នៃអតិថិជនប្រើប្រាស់ឥណទានលក្ខណៈបុគ្គល នៅតែមានគណនីឥណទានចំនួន១ នៅពេលដែលអ្នកមានគណនីឥណទានចំនួន២ មាន២៦.៥៦% ហើយគណនីឥណទានចំនួន៣ មាន៧.៧០% ហើយប្រហែល២.៣៥% មានគណនីឥណទានលើសពី៣។

លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិនៃការិយាល័យឥណទានកម្ពុជា មានប្រសាសន៍ថា «នៅក្នុងត្រីមាសនេះគឺ មិនខុសពីឆ្នាំមុនៗនោះទេ ចំនួននៃការស្នើសុំឥណទានលក្ខណៈបុគ្គល​ធ្លាក់ចុះ នៅត្រីមាសទី២។ ទោះបីយ៉ាងណា បើប្រៀបធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៨ ចំនួននៃការស្នើសុំឥណទានលក្ខណៈបុគ្គលសរុបបានកើនឡើង +៩,០៣% ខណៈដែលទំហំទឹកប្រាក់នៃការស្នើសុំឥណទាន កើនឡើងជិតទ្វេដង។»

លោកបន្តថា «ចំនួនគណនីឥណទានលក្ខណៈបុគ្គលបានកើនឡើងជាលំដាប់ ចាប់តាំងពី ឆ្នាំ២០១៨ ក្នុងចន្លោះពី​ ៥%ទៅ៧% ក្នុងត្រីមាសនីមួយៗ។ ខណៈ សមតុល្យឥណទានលក្ខណៈបុគ្គលសរុបកើនឡើង ចន្លោះពី ៦% ទៅ ៨%។ ជារួម អនុបាតនៃឥណទានមិនដំណើរការលើសពី៣០ថ្ងៃ របស់ផលិតផលឥណទានទាំងបី នៅតែមានលក្ខណៈល្អប្រសើរ និងនៅតែបន្តស្ថិតនៅក្នុងកម្រិតទាប ១.១៩%។»

ចុចទីនេះដើម្បីទាញយករបាយការណ៍។

#ចប់#