ភាសា

សន្ទស្សន៍ឥណទានលក្ខណៈបុគ្គល៖ ត្រីមាសទី ២ ឆ្នាំ ២០២១ ចេញផ្សាយនៅ ខែ កក្កដា ឆ្នាំ ២០២១

កាលបរិច្ឆេទផ្សាយ: ថ្ងៃ​សុក្រ កក្កដា 30th, 2021

សេចក្តីសង្ខេបរបាយការណ៍នៃត្រីមាសទី ២ ឆ្នាំ ២០២១

ធៀបនឹងត្រីមាសមុន សមិទ្ធផលឥណទានលក្ខណៈបុគ្គល​ សម្រេចបាននូវ​កំណើន​បន្តិចបន្តួច​ ដោយសមតុល្យឥណទាន​ ​មានអត្រាបម្រែបម្រួល​វិជ្ជមា​ន​។ ប្រហាក់ប្រហែលនឹងត្រីមាសដូចគ្នានេះក្នុងឆ្នាំមុនៗដែរ ការស្នើសុំឥណទានបុគ្គលមានការថមថយ​ ដែលនេះបង្ហាញថា ក្នុងកំឡុងត្រីមាសទីពីរប្រចាំឆ្នាំ​ តម្រូវការមានការធ្លាក់ចុះ។ ទន្ទឹមនឹងនេះ ចំនួនគណនីកម្ចី ក៏បានធ្លាក់ចុះនៅគ្រប់តំបន់សំខាន់ៗផងដែរ លើកលែងតែតំបន់ខ្ពង់រាបប៉ុណ្ណោះ។ គុណភាពនៃឥណទានបុគ្គលមានការថមថយ វាស់វែងដោយកំណើនវិជ្ជមាននៃអនុបាតនៃឥណទានសំណងយឺតលើសពី៣០ថ្ងៃ (30+DPD)។

  • ពាក្យស្នើសុំឥណទានលក្ខណៈបុគ្គល

ចំនួននៃពាក្យស្នើសុំឥណទានលក្ខណៈបុគ្គលធ្លាក់ចុះជារួម -៣៤%

ចំនួននៃពាក្យស្នើសុំកម្ចីសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនធ្លាក់ចុះ ច្រើនជាងគេគឺ​ -៣៤% ប្រៀបធៀបនឹងត្រីមាសមុន រួមជាមួយនឹងការធ្លាក់ចុះនៃចពាក្យស្នើសុំឥណទានអចលនទ្រព្យចំនួន ​ -៣២%។​ ចំណែកឯការស្នើរសុំប័ណ្ណឥណទានមានការធ្លាក់ចុះ -២៥% បើធៀបនឹងត្រីមាសមុន។

  • ដំណើរការឥណទានលក្ខណៈបុគ្គល

ចំនួនគណនីឥណទានលក្ខណៈបុគ្គលសរុបមានការធ្លាក់ចុះចំនួន​ -០,៤០% ដែលនាំអោយចំនួនគណនីសរុបមានចំនួន ១,៣០ លាន។

សមតុល្យសរុបកើនឡើង​ +៣,៤២%  ឈានដល់ ១០,៣៧៥ ពាន់លានដុល្លារនៅចុងត្រីមាសនេះ។

  • គុណភាពឥណទានលក្ខណៈបុគ្គល

អនុបាតនៃឥណទានសំណងយឺតលើសពី ៣០ថ្ងៃ (30+DPD) មានការកើនឡើងបន្តិច​ដល់ ២,៥៧%។ អតិថិជនភាគច្រើននៅតែមានការប្រើប្រាស់កម្ចីតែមួយស្ថាប័ន ហើយមានគណនីឥណទានតែមួយគណនី។

ពាក្យស្នើសុំឥណទានលក្ខណៈបុគ្គល

បង្ហាញអំពីបំណងរបស់អ្នកប្រើប្រាស់ក្នុងការទទួលបានឥណទានក្នុងលក្ខណៈជា ឥណទានសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន

ប័ណ្ណឥណទាន និង កម្ចីអចលនទ្រព្យ។

នៅត្រឹមត្រីមាសទី២ នៃឆ្នាំ២០២០នេះ ចំនួនអតិថិជនដែលព្យាយាមស្នើសុំឥណទានក្នុងទម្រង់៣ផ្សេងៗគ្នាដូចជា ឥណទានសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន (Personal Finance)  , ប័ណ្ណឥណទាន (Credit Cards) និងកម្ចីអចលនទ្រព្យ (Mortgage) បានធ្លាកចុះជារួម​ ៣៤%។ ទំហំនៃការធ្លាក់ចុះខ្លាំងជាងគេ គឺការស្នើសុំកម្ចីសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន ដែលបានថយចុះចំនួន​៣៤%,​ ដែលក្នុងនេះតំបន់ទំនាបទទួលរងការធ្លាក់ចុះខ្ពស់បំផុត គិតជាភាគរយមានចំនួន ​៣៧%។ ទន្ទឹមនឹងនេះ ការស្នើសុំកម្ចីអចលនទ្រព្យ មានការថមថយចំនួន​ -៣២%។​ ចំណែកឯការស្នើសុំ​ប័ណ្ណឥណទានវិញ​ មានការធ្លាក់ចុះចំនួន​២៥%។

ជាមួយគ្នានេះដែរ នៅត្រីមាសដដែលនេះ ភាគរយទំហំទឹកប្រាក់នៃការស្នើសុំឥណទាន បានធ្លាក់ចុះចំនួន -៣៥%​ ដែលចំនួននេះខ្ពស់ជាងកាលពីត្រីមាសមុន (ឆ្នាំ២០២១ ត្រីមាសទី១: -៦%)​ តែទាបជាងកាលពីត្រីមាសទី២ដូចគ្នាក្នុងឆ្នាំ២០២0 (ឆ្នាំ២០២០ ត្រីមាសទី២: -៤៧%)។​ នេះដោយសារតែមានការធ្លាក់ចុះនៃទំហំទឹកប្រាក់នៃការស្នើសុំគ្រប់ប្រភេទដូចជា៖​ ​ប័ណ្ណឥណទា​ន (-២៧%) ឥណទានសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន (-៣៩%) និងកម្ចី​អ​ចលនទ្រព្យ ​(-១៧%)។

ដំណើរការឥណទានលក្ខណៈបុគ្គល

បង្ហាញអំពីទំហំឥណទានលក្ខណៈបុគ្គលនៅបំណាច់ត្រីមាសឆ្លុះបញ្ចាំងពីទីផ្សារឥណទានសកម្ម។

គិតត្រឹមខែមិថុនា ឆ្នាំ២០២១ ចំនួនគណនីឥណទានលក្ខណៈបុគ្គលមានការធ្លាក់ចុះចំនួន –,៤០% ប្រៀបពីត្រីមាសមុនដែលធ្វើអោយចំនួនគណនីនៅទូទាំងប្រទេសសរុបមានចំនួន ១,៣០ លាន។ ក្នុងចំណោមចំនួននេះ ៨០,៤៦% ជាឥណទានសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន ខណៈដែលចំណែកតូចជាងនេះគឺ កម្ចីអចលនទ្រព្យ (១១,២៦%) និង  កម្ចីប័ណ្ណឥណទាន (៨,២៧%)។ ការថមថយនេះត្រូវបានគេមើលឃើញនៅក្នុងគ្រប់តំបន់ នៃព្រះរាជាណាចក្រកម្ពុជា (-១,៤% នៅតំបន់​ឆ្នេរ, ០,៤% នៅតំបន់ទំនាប និងតំបន់ទន្លេសាប) លើកលែងតែនៅតំបន់ខ្ពង់រាបមានការកើនឡើងចំនួន​ +២,២%។

ចំណែកឯសមតុល្យឥណទានលក្ខណៈបុគ្គល ក៏បានបន្តកើនឡើង​ជាលំដាប់ក្នុងកម្រិត +៣,៤២% គិតត្រឹមពីខែមិថុនា ឆ្នាំ២០២១​។ នៅចុងត្រីមាសនេះសមតុល្យឥណទានលក្ខណៈបុគ្គលមានចំនួន ១០,៧៥ ពាន់លានដុល្លារ។

បើទោះបីជា​ ចំនួនគណនី​​នៃកម្ចី​អចលនទ្រព្យមាន​ចំនួន​ត្រឹម​ ១១,២៦% នៃ​ចំនួន​គណនី​សរុប កម្ចីអចលនទ្រព្យមានលើសពីពាក់       កណ្តាលនៃសមតុល្យឥណទានលក្ខណៈបុគ្គលសរុប (៥២,៤៧%) ចំណែកឯ សមតុល្យឥណទានហិរញ្ញវត្ថុផ្ទាល់ខ្លួនមានចំណែក ៤៦,៩៣%។ សមតុល្យប័ណ្ណឥណទានមានចំណែកតូចគឺត្រឹមតែ០,៦០% ប៉ុណ្ណោះ។ និយាយជារួម សមតុល្យឥណទានមានកំណើនវិជ្ជមាននៅគ្រប់តំបន់​ទាំងអស់ដូចជា តំបន់ខ្ពង់រាប +៤,៤%​ តំបន់ទំនាប +៣,៦% តំបន់ទន្លេរសាប +២,៧% និង តំបន់ឆ្នេរ +៣,៤%។

គុណភាពឥណទានលក្ខណៈបុគ្គល

បានមកពីអនុបាទនៃគណនីឥណទានជាមួយនឹងការសងយឺត ៣០ ថ្ងៃហួសកាលបរិច្ឆេទកំណត់ ដែលជា30+ DPD។ វាបង្ហាញពីលទ្ធភាពនៃការបង់សង និង ហានិភ័យនៃការខកខាននៅក្នុងត្រីមាស។

អនុបាទ 30+DPD មានការកើនឡើងពី ២,២៤% ដល់ ២,៥៧ ក្នុងត្រីមាសទី២នេះ។ ក្នុងចំណោមផលិតផលទាំងបីនោះ ផលិតផលដែលមាន អនុបាទ ៣០+DPD ខ្ពស់បំផុតគឺ ប័ណ្ណឥណទាន ជាមួយនឹងការកើនឡើងដល់ ៥,៨៣%។

ចំនួនសមតុល្យឥណទានមិនដំណើរការលើសពី៣០ថ្ងៃ មានការកើនឡើងជារួម ១៨% នៅទូទាំងតំបន់។ កំណើនដែលច្រើនជាងគេនៃចំនួនទឹកប្រាក់ឥណទានសំណងយឺតលើសពី៣០ថ្ងៃគឺនៅ ​តំបន់ទន្លេសាប​ដែលមានការកើនឡើងចំនួន +៦៤%។ បន្ថែម​ពីនេះ​ តំបន់ទំនាប និងតំបន់ខ្ពង់រាបមានការកើនឡើងចំនួន​ +១៨%, ហើយតំបន់ទន្លេសាបមានការកើនឡើងចំនួន​ +​១០%។

ចំនួនអតិថិជនដែលមានកម្ចីតែមួយស្ថាប័ននៅតែមានកម្រិតខ្ពស់គឺ ៧៣,៦៦%នៃចំនួនអតិថិជនទាំងអស់។ ចំណែកឯអតិថិជន​​ដែលមានកម្ចីច្រើនស្ថាប័ននៅតែមានកម្រិតទាបដដែលត្រឹម ២៦,៣៤%។

អតិថិជនប្រើប្រាស់ឥណទានលក្ខណៈបុគ្គលដែលមានគណនីចំនួន ១ មាន ៦១,០៩% ​ អ្នកមានគណនីឥណទានចំនួន ២ មានចំនួន ២៧.២៥% អ្នកដែលមានគណនីឥណទានចំនួន ៣​ មានចំនួន ៨,៦៩% ហើយអ្នកដែលមានគណនីឥណទានច្រើនជាង៣ មានចំនួន ២,៩៧% នៃចំនួនអតិថិជនទាំងអស់។

លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា ខូ អិលធីឌីមានប្រសាសន៍ថា “ដូចគ្នាទៅនឹងឆ្នាំមុនៗដែរ ទីផ្សារឥណទានបុគ្គលនៅក្នុងត្រីមាសទីពីរ តែងមានការថមថយចុះ។ យ៉ាងណាមិញ ទំហំនៃការធ្លាក់ចុះនៃកំណើនការស្នើរសុំឥណទានទាំងចំនួន និងទំហំទឹកប្រាក់ មានកម្រិតទាបជាងកាលពីត្រីមាសដូចគ្នានេះ ក្នុងឆ្នាំ២០២០ ដែលជាឆ្នាំចាប់ផ្តើមទទួលរងឥទ្ធិពលដោយការរាតត្បាតនៃជំងឺកូវីដ ១៩។ អនុបាទនៃគណនីប្រាក់កម្ចីជាមួយនឹងការសងយឺត ៣០ ថ្ងៃហួសកាលបរិច្ឆេទកំណត់ បានកើនឡើងដល់២,៥៧%​ ដែលបង្ហាញពីការធ្លាក់ចុះបន្តិចនៃគុណភាពឥណទានធៀបនឹងត្រីមាសមុន។”

*ចប់*

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង

ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា ខូ អិលធីឌី

កញ្ញា ធន សុភ័ណ្ឌ

ទូរសព្ទ៖+855 86 999 754

អ៊ីមែល៖ s.thun@creditbureau.com.kh