ភាសា

សន្ទស្សន៍ឥណទានលក្ខណៈបុគ្គល៖ ត្រីមាសទី ៣ ឆ្នាំ ២០២១ ចេញផ្សាយនៅ ខែ វិច្ឆិកា ឆ្នាំ ២០២១

កាលបរិច្ឆេទផ្សាយ: ថ្ងៃ​ច័ន្ទ វិច្ឆិកា 1st, 2021

សេចក្តីសង្ខេបរបាយការណ៍នៃត្រីមាសទី ៣ ឆ្នាំ ២០២១

សមិទ្ធផលឥណទានលក្ខណៈបុគ្គល​ សម្រេចបាននូវ​កំណើន​ដ៏រឹងមាំ​ ដោយសមតុល្យឥណទាន​ និងចំនួនគណនីឥណទាន ​មានការកើនឡើងក្នុងគ្រប់ប្រភេទឥណទាន និងគ្រប់តំបន់។ ប្រហាក់ប្រហែលនឹងគ្នានេះដែរ ការស្នើសុំឥណទានបុគ្គលក៏មានការកើនឡើងគួរអោយកត់សំគាល់នៅគ្រប់ប្រភេទឥណទាន​​​ និងគ្រប់តំបន់ផងដែរ។ ជាចុងក្រោយ គុណភាពនៃឥណទានបុគ្គលដែលវាស់វែងដោយអនុបាតនៃឥណទានសំណងយឺតលើសពី៣០ថ្ងៃ (30+DPD) មានភាពប្រសើរជាងមុន ដោយអនុបាតបានធ្លាក់ចុះយ៉ាងគំហុកនៅតំបន់ឆ្នេរ បើទោះបីជានៅតំបន់បីផ្សេងទៀត អនុបាតមានការកើនឡើងក៏ដោយ។

  • ពាក្យស្នើសុំឥណទានលក្ខណៈបុគ្គល

ចំនួននៃពាក្យស្នើសុំឥណទានលក្ខណៈបុគ្គលកើនឡើងជារួម +៣៨%

ចំនួននៃពាក្យស្នើសុំកម្ចីអចលនទ្រព្យមានការកើនឡើង ច្រើនជាងគេគឺ​ +៣៩% ប្រៀបធៀបនឹងត្រីមាសមុន រួមជាមួយនឹងការកើនឡើងនៃពាក្យស្នើសុំឥណទានប្រើប្រាស់ផ្ទាល់ខ្លួន និងការស្នើរសុំប័ណ្ណឥណទានចំនួន ​ +៣៨%។​

  • ដំណើរការឥណទានលក្ខណៈបុគ្គល

ចំនួនគណនីឥណទានលក្ខណៈបុគ្គលសរុបមានការកើនឡើងគួរសម ចំនួន​ +១,៦៥% ដែលនាំអោយចំនួនគណនីសរុបមានចំនួន ១,៣២ លាន។

សមតុល្យសរុបកើនឡើង​ +៥,៨៤%  ឈានដល់ ១១,៣៧ ពាន់លានដុល្លារនៅចុងត្រីមាសនេះ។

  • គុណភាពឥណទានលក្ខណៈបុគ្គល

អនុបាតនៃឥណទានសំណងយឺតលើសពី ៣០ថ្ងៃ (30+DPD) មានការធ្លាក់ចុះបន្តិច​ដល់ ២,៥៦%។ អតិថិជនភាគច្រើននៅតែមានការប្រើប្រាស់កម្ចីតែមួយស្ថាប័ន ហើយមានគណនីឥណទានតែមួយគណនី។

ពាក្យស្នើសុំឥណទានលក្ខណៈបុគ្គល

បង្ហាញអំពីបំណងរបស់អ្នកប្រើប្រាស់ក្នុងការទទួលបានឥណទានក្នុងលក្ខណៈជា ឥណទានសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន ប័ណ្ណឥណទាន និង កម្ចីអចលនទ្រព្យ។

នៅត្រឹមត្រីមាសទី៣ នៃឆ្នាំ២០២១នេះ ចំនួនអតិថិជនដែលព្យាយាមស្នើសុំឥណទានក្នុងទម្រង់៣ផ្សេងៗគ្នាដូចជា ឥណទានសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន (Personal Finance)  , ប័ណ្ណឥណទាន (Credit Cards) និងកម្ចីអចលនទ្រព្យ (Mortgage) បានកើនឡើងជារួម​ +៣៨%។ ទំហំនៃការកើនឡើងខ្ពស់ជាងគេ គឺការស្នើសុំកម្ចីអចលនទ្រព្យ ដែលបានកើនឡើងចំនួន​ ​+៣៩%,​ ដែលក្នុងនេះតំបន់ទំនាបមានកំណើនខ្ពស់បំផុត គិតជាភាគរយមានចំនួន ​+៤៧%។ ការស្នើសុំកម្ចីប្រើប្រាស់ផ្ទាល់ខ្លួន និងការស្នើរសុំប័ណ្ណឥណទានមានកំណើនចំនួន​ +៣៨% ជារួម។​

ជាមួយគ្នានេះដែរ​ បម្រែបម្រួលជាភាគរយទំហំទឹកប្រាក់នៃការស្នើសុំឥណទាន ក៏មានការកើនឡើងដែរ គឺចំនួន +៤៥%​ ដែលចំនួននេះខ្ពស់ជាងកាលពីត្រីមាសមុន (ឆ្នាំ២០២១ ត្រីមាសទី២: -៣៥%)​ តែទាបជាងកាលពីត្រីមាសទី១ដូចគ្នាក្នុងឆ្នាំ២០២0 (ឆ្នាំ២០២០ ត្រីមាសទី៣: +៥៧%)។​ នេះដោយសារតែមានការកើនឡើងនៃទំហំទឹកប្រាក់នៃការស្នើសុំគ្រប់ប្រភេទដូចជា៖​ ឥណទានសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន (+៤២%) ​ប័ណ្ណឥណទា​ន (+៦៣%) និងកម្ចី​អ​ចលនទ្រព្យ ​(+៥៦%)។

ដំណើរការឥណទានលក្ខណៈបុគ្គល

បង្ហាញអំពីទំហំឥណទានលក្ខណៈបុគ្គលនៅបំណាច់ត្រីមាសឆ្លុះបញ្ចាំងពីទីផ្សារឥណទានសកម្ម។

គិតត្រឹមខែកញ្ញា ឆ្នាំ២០២១ ចំនួនគណនីឥណទានលក្ខណៈបុគ្គលមានការកើនឡើងគួរសម ចំនួន +១,៦៥% ប្រៀបពីត្រីមាសមុនដែលធ្វើអោយចំនួនគណនីនៅទូទាំងប្រទេសសរុបមានចំនួន ១,៣២ លាន។ ក្នុងចំណោមចំនួននេះ ៨០,០៩% ជាឥណទានសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន ខណៈចំណែកតូចជាងនេះគឺកម្ចីអចលនទ្រព្យ (១១,៦០%) និងកម្ចីប័ណ្ណឥណទាន (៨,៣០%)។ កំណើននេះត្រូវបានគេមើលឃើញនៅក្នុងគ្រប់តំបន់ នៃព្រះរាជាណាចក្រកម្ពុជា (+៤,១% នៅតំបន់​ខ្ពង់រាប, +២,៣% នៅតំបន់ទំនាប, +​១,៨%​ នៅតំបន់ឆ្នេរ និង +០,២% នៅតំបន់ទន្លេសាប)។

សមតុល្យឥណទានលក្ខណៈបុគ្គល ក៏បានបន្តកើនឡើង​ជាលំដាប់ក្នុងកម្រិត +៥,៨៤% គិតត្រឹមពីខែកញ្ញា ឆ្នាំ២០២១​។ នៅចុងត្រីមាសនេះសមតុល្យឥណទានលក្ខណៈបុគ្គលមានចំនួន ១១,៣៧ ពាន់លានដុល្លារ។

បើទោះបីជា​ ចំនួនគណនី​​នៃកម្ចី​អចលនទ្រព្យមាន​​ត្រឹមតែ​ ១១,៦០% នៃ​ចំនួន​គណនី​សរុប កម្ចីអចលនទ្រព្យមានលើសពីពាក់       កណ្តាលនៃសមតុល្យឥណទានលក្ខណៈបុគ្គលសរុប (៥៣,៥៤%) ចំណែកឯ សមតុល្យឥណទានប្រើប្រាស់ផ្ទាល់ខ្លួនមានចំណែក ៤៥,៨៣%។ សមតុល្យប័ណ្ណឥណទានមានចំណែកតូចគឺត្រឹមតែ០,៦២% ប៉ុណ្ណោះ។ និយាយជារួម សមតុល្យឥណទានមានកំណើនវិជ្ជមាននៅគ្រប់តំបន់​ទាំងអស់ដូចជា តំបន់ទំនាប +៦,៥%​ តំបន់ឆ្នេរ +៥,៨% តំបន់ខ្ពង់រាប +៤,៥% និង តំបន់ទន្លេសាប +២,៩%។

គុណភាពឥណទានលក្ខណៈបុគ្គល

បានមកពីអនុបាទនៃគណនីឥណទានជាមួយនឹងការសងយឺត ៣០ ថ្ងៃហួសកាលបរិច្ឆេទកំណត់ ដែលជា30+ DPD។ វាបង្ហាញពីលទ្ធភាពនៃការបង់សង និង ហានិភ័យនៃការខកខាននៅក្នុងត្រីមាស។

អនុបាទ 30+DPD ធ្លាក់ចុះពី ២,៥៧%នៅត្រីមាសទី២ ដល់ ២,៥៦% ក្នុងត្រីមាសទី៣នេះ។ ក្នុងចំណោមផលិតផលទាំងបីនោះ ផលិតផលដែលមាន អនុបាទ ៣០+DPD ខ្ពស់បំផុតគឺ ប័ណ្ណឥណទាន ជាមួយនឹងអនុបាតចំនួន ៥,១៧%។

ចំនួនសមតុល្យឥណទានមិនដំណើរការលើសពី៣០ថ្ងៃ មានការកើនឡើងជារួម +៦% នៅទូទាំងតំបន់។ កំណើនដែលច្រើនជាងគេនៃចំនួនទឹកប្រាក់ឥណទានសំណងយឺតលើសពី៣០ថ្ងៃគឺនៅ ​តំបន់ខ្ពង់រាបដែលមានការកើនឡើងចំនួន +១៣%។ បន្ថែម​ពីនេះ​ តំបន់ទន្លេសាបមានការកើនឡើងចំនួន +១០% និងតំបន់ទំនាបចំនួន​ +៧%, ហើយតំបន់ឆ្នេរមានការធ្លាក់ចុះចំនួន​ -២១%។

ចំនួនអតិថិជនដែលមានកម្ចីតែមួយស្ថាប័ននៅតែមានកម្រិតខ្ពស់គឺ ៧៣,១៤%នៃចំនួនអតិថិជនទាំងអស់។ ចំណែកឯអតិថិជន​​ដែលមានកម្ចីច្រើនស្ថាប័ននៅតែមានកម្រិតទាបដដែលត្រឹម ២៦,៨៦%។

អតិថិជនប្រើប្រាស់ឥណទានលក្ខណៈបុគ្គលដែលមានគណនីចំនួន ១ មាន ៦០,៥១% ​ អ្នកមានគណនីឥណទានចំនួន ២ មានចំនួន ២៧.៤០% អ្នកដែលមានគណនីឥណទានចំនួន ៣​ មានចំនួន ៨,៩០% ហើយអ្នកដែលមានគណនីឥណទានច្រើនជាង៣ មានចំនួន ៣,១៩% នៃចំនួនអតិថិជនទាំងអស់។

លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា ខូ អិលធីឌីមានប្រសាសន៍ថា “ទីផ្សារឥណទានបុគ្គលនៅក្នុងត្រីមាសនេះ មានការកើនឡើងគួរឲ្យកត់សំគាល់ ដែលបង្ហាញពីការកើនឡើងតម្រូវការ ក្រោយពីមានការថមថយក្នុងត្រីមាសមុន”។ លោកបានបន្ថែមទៀតថា បើទោះបីជាមានកំណើននៃពាក្យស្នើសុំ និងសមិទ្ធផលក្នុងទីផ្សារឥណទានលក្ខណៈបុគ្គលក៏ដោយ ក៏អនុបាទនៃគណនីប្រាក់កម្ចីជាមួយនឹងការសងយឺត ៣០ ថ្ងៃហួសកាលបរិច្ឆេទកំណត់ បានធ្លាក់ចុះតិចតួចពី ២,៥៧%ក្នុងត្រីមាសមុន មកដល់២,៥៦%ក្នុងត្រីមាសនេះ។

 

*END*

 

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង

ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា ខូ អិលធីឌី

កញ្ញា ធន សុភ័ណ្ឌ

ទូរសព្ទ៖+855 86 999 754

អ៊ីមែល៖ s.thun@creditbureau.com.kh

 

ចំណាំសម្រាប់និពន្ធនាយក

  • របាយការណ៍ពេញលេញមានភ្ជាប់ជាមួយសារនេះ
  • សម្រាប់គោលបំណងនៃរបាយការណ៍នេះ ប្រទេសកម្ពុជាបានបែងចែកជា ៤ តំបន់៖ ទន្លេសាប តំបន់ឆ្នេរ តំបន់វាលទំនាប និងខ្ពង់រាប

 

  • អំពីក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា ខូ អិលធីឌី(CBC)

ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា ខូ អិលធីឌី ជាក្រុមហ៊ុនឈានមុខគេក្នុងការផ្ដល់ព័ត៌មានឥណទាន ឧបករណ៍វិភាគ និង  សេវាកម្មរាយការណ៍របាយការណ៍ឥណទានដល់ធនាគារ ស្ថាប័នហិរញ្ញវត្ថុ ក្រុមហ៊ុនផ្ដល់ប្រាក់កម្ចី ប្រតិបត្តិករឥណទាន និងអ្នកប្រើប្រាស់នានាក្នុងព្រះរាជាណាចក្រកម្ពុជា។

CBC បានដំណើរការប្រតិបត្តិការជាផ្លូវការក្នុងខែមិនា ឆ្នាំ​២០១២ ដោយមានការគាំទ្រពីធនាគារជាតិ នៃកម្ពុជា (NBC) សមាគមធនាគារនៃកម្ពុជា (ABC) សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC)។ CBC ជំរុញឱ្យលំនឹងសេដ្ឋកិច្ចកាន់តែប្រសើរឡើងដោយផ្ដល់ទិន្នន័យទាន់ហេតុការណ៍និងត្រឹមត្រូវដល់អ្នកប្រើប្រាស់ និងឧស្សាហកម្មដែលជួយក្នុងការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុនៃធុរកិច្ចរបស់ពួកគេ។ យើងជួយធុរកិច្ចក្នុងការគ្រប់គ្រងហានិភ័យនៃឥណទាន ការពារការក្លែងបន្លំ និងការធ្វើសេចក្ដីសម្រេចចិត្តដោយស្វ័យប្រវត្តិ។ CBC ក៏ជួយបុគ្គលប្រើប្រាស់ក្នុងការត្រួតពិនិត្យរបាយការណ៍ឥណទានរបស់ពួកគាត់ដើម្បីធានាថាពួកគាត់អាចទទួលបានប្រាក់កម្ចី និងហិរញ្ញវត្ថុ និងការពារខ្លួនពីការក្លែងបន្លំអត្តសញ្ញាណ។

CBC ជាសម្ព័ន្ធអាជីវកម្មរវាង ក្រុមហ៊ុន ក្រេឌីតប្យូរ៉ូ​ហូលឌិញ (ក​​ម្ពុជា​​) ​អ៊ិលធីឌី (CHBC) និង ក្រុមហ៊ុន Equifax (Cambodia Holdings) Pte Limited​ (ECH)។ CHBC គឺជា​ក្រុមហ៊ុន​ដែលមានការរួមបញ្ចូលគ្នានៃ សមាគមន៍ធនាគារកម្ពុជា សមាគមន៍មីក្រូហិរញ្ញវត្ថុ ធនាគារអេស៊ីលីដា ធនាគារសហពាណិជ្ជ ក.អ និង ធនាគារពាណិជ្ជទីមួយ។ ECH គឺជាក្រុមហ៊ុន​​ដែលត្រូវ​បាន​បង្កើត​ឡើង​ដោយ​​ការ​បណ្តាក់​​ទុន​រួមគ្នា​​ រវាងក្រុមហ៊ុន Credit Bureau Asia Holdings Pte Ltd (មានមូលដ្ឋាននៅប្រទេសសិង្ហបុរី)និង ក្រុមហ៊ុន Equifax (​​មានមូលដ្ឋាន​​នៅ​​សហរដ្ឋ​អាមេរិក) ដែលឈានមុខគេក្នុងដំណើរការ ការិយាល័យឥណទាន។