ភាសា

សន្ទស្សន៍ឥណទានលក្ខណៈបុគ្គល៖ ត្រីមាសទី ៤ ឆ្នាំ ២០២១ ចេញផ្សាយនៅ ខែ កុម្ភះ ឆ្នាំ ២០២២

កាលបរិច្ឆេទផ្សាយ: ថ្ងៃ​ច័ន្ទ កុម្ភៈ 7th, 2022

សេចក្តីសង្ខេបរបាយការណ៍នៃត្រីមាសទី ៤ ឆ្នាំ ២០២១

 

សមិទ្ធផលឥណទានលក្ខណៈបុគ្គល​ សម្រេចបាននូវ​កំណើន​ដ៏រឹងមាំ​ ដោយសមតុល្យឥណទាន​ និងចំនួនគណនីឥណទាន ​មានការកើនឡើងក្នុងគ្រប់តំបន់។ ចំណែកឯ ចំនួននៃការស្នើសុំឥណទានបុគ្គលវិញ​ មានការធ្លាកចុះតិចតួចក្នុងត្រីមាសចុងក្រោយនេះ បើប្រៀបធៀបនឹងត្រីមាសមុន។ ជាចុងក្រោយ គុណភាពនៃឥណទានបុគ្គលដែលវាស់វែងដោយអនុបាតនៃឥណទានសំណងយឺតលើសពី៣០ថ្ងៃ (30+DPD) មានភាពប្រសើរជាងមុន ដោយអនុបាតបានធ្លាក់ចុះយ៉ាងគំហុកនៅគ្រប់តំបន់។

 

  • ពាក្យស្នើសុំឥណទានលក្ខណៈបុគ្គល

ចំនួននៃពាក្យស្នើសុំឥណទានលក្ខណៈបុគ្គលធ្លាក់ចុះជារួម -២%

ចំនួននៃពាក្យស្នើសុំកម្ចីប្រើប្រាស់ផ្ទាល់ខ្លួនធ្លាក់ចុះចំនួន ​ -​២% ប្រៀបធៀបនឹងត្រីមាសមុន។ ការស្នើរសុំប័ណ្ណឥណទានកើនឡើងចំនួន +៦% និងពាក្យស្នើសុំកម្ចីអចលនទ្រព្យ កើនឡើងចំនួន ​ +០,១%។​

  • ដំណើរការឥណទានលក្ខណៈបុគ្គល

ចំនួនគណនីឥណទានលក្ខណៈបុគ្គលសរុបមានការកើនឡើងគួរសម ចំនួន​ +២,២០% ដែលនាំអោយចំនួនគណនីសរុបមានចំនួន ១,៣៥ លាន។

សមតុល្យសរុបកើនឡើង​ +៤,៥៨%  ឈានដល់ ១១,៨៩ ពាន់លានដុល្លារនៅចុងត្រីមាសនេះ។

  • គុណភាពឥណទានលក្ខណៈបុគ្គល

អនុបាតនៃឥណទានសំណងយឺតលើសពី ៣០ថ្ងៃ (30+DPD) មានការធ្លាក់ចុះដល់ ២,០៣%។ អតិថិជនភាគច្រើននៅតែមានការប្រើប្រាស់កម្ចីតែមួយស្ថាប័ន ហើយមានគណនីឥណទានតែមួយគណនី។

 

ពាក្យស្នើសុំឥណទានលក្ខណៈបុគ្គល

បង្ហាញអំពីបំណងរបស់អ្នកប្រើប្រាស់ក្នុងការទទួលបានឥណទានក្នុងលក្ខណៈជា ឥណទានសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន

ប័ណ្ណឥណទាន និង កម្ចីអចលនទ្រព្យ។

 

នៅត្រឹមត្រីមាសចុងក្រោយ នៃឆ្នាំ២០២១នេះ ចំនួនអតិថិជនដែលព្យាយាមស្នើសុំឥណទានក្នុងទម្រង់៣ផ្សេងៗគ្នាដូចជា ឥណទានសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន (Personal Finance)  , ប័ណ្ណឥណទាន (Credit Cards) និងកម្ចីអចលនទ្រព្យ (Mortgage) បានធ្លាក់ចុះជារួម​ ​ -២%។ ការស្នើសុំកម្ចីប្រើប្រាស់ផ្ទាល់ខ្លួនមានការធ្លាក់ចុះចំនួន​ -២% ដែលក្នុងនេះតំបន់ទំនាបមានធ្លាក់ចុះខ្ពស់បំផុត គិតជាភាគរយមានចំនួនត្រឹម ​-៣%។ ជាមួយគ្នានេះដែរ​ ការស្នើរសុំប័ណ្ណឥណទានកើនឡើងចំនួន +៦% និងពាក្យស្នើសុំកម្ចីអចលនទ្រព្យ កើនឡើងចំនួន ​ +០,១%។​

 

 

បម្រែបម្រួលជាភាគរយទំហំទឹកប្រាក់នៃការស្នើសុំឥណទាន ក៏មានការកើនឡើងដែរ គឺចំនួន +៤%​ ដែលចំនួននេះទាបជាងកាលពីត្រីមាសមុន (ឆ្នាំ២០២១ ត្រីមាសទី៣: +៤៥%)​ និងទាបជាងកាលពីត្រីមាសដូចគ្នាក្នុងឆ្នាំ២០២0 (ឆ្នាំ២០២០ ត្រីមាសទី៤: +២៥%)។​ នេះដោយសារតែមានការកើនឡើងនៃទំហំទឹកប្រាក់នៃការស្នើសុំសម្រាប់ឥណទានសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន (+៨%), ខណៈពេលដែលការស្នើសុំ​ប័ណ្ណឥណទា​នមានការធ្លាក់ចុះ (​ -៣%) និងការស្នើរសុំកម្ចី​អ​ចលនទ្រព្យក៏មានការធ្លាក់ចុះ ​(​ -១០%)។

 

ដំណើរការឥណទានលក្ខណៈបុគ្គល

បង្ហាញអំពីទំហំឥណទានលក្ខណៈបុគ្គលនៅបំណាច់ត្រីមាសឆ្លុះបញ្ចាំងពីទីផ្សារឥណទានសកម្ម។

 

គិតត្រឹមខែធ្នូ ឆ្នាំ២០២១ ចំនួនគណនីឥណទានលក្ខណៈបុគ្គលមានការកើនឡើងគួរសម ចំនួន +២,២០% ប្រៀបពីត្រីមាសមុនដែលធ្វើអោយចំនួនគណនីនៅទូទាំងប្រទេសសរុបមានចំនួន ១,៣៥ លាន។ ក្នុងចំណោមចំនួននេះ ៧៩,៧៧% ជាឥណទានសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន ខណៈចំណែកតូចជាងនេះគឺកម្ចីអចលនទ្រព្យ (១១,៨២%) និងកម្ចីប័ណ្ណឥណទាន (៨,៤១%)។ កំណើននេះត្រូវបានគេមើលឃើញនៅក្នុងគ្រប់តំបន់ នៃព្រះរាជាណាចក្រកម្ពុជា (+៥,១% នៅតំបន់​ខ្ពង់រាប, +​២,៦%​ នៅតំបន់ឆ្នេរ, +២,៥% នៅតំបន់ទំនាប, និង +១,៤% នៅតំបន់ទន្លេសាប)។

 

សមតុល្យឥណទានលក្ខណៈបុគ្គល ក៏បានបន្តកើនឡើង​ជាលំដាប់ក្នុងកម្រិត +៤,៥៨% គិតត្រឹមពីខែធ្នូ ឆ្នាំ២០២១​។ នៅចុងត្រីមាសនេះ សមតុល្យឥណទានលក្ខណៈបុគ្គលមានចំនួន ១១,៨៩ ពាន់លានដុល្លារ។

បើទោះបីជា​ ចំនួនគណនី​​នៃកម្ចី​អចលនទ្រព្យមាន​​ត្រឹមតែ​ ១១,៨២% នៃ​ចំនួន​គណនី​សរុប កម្ចីអចលនទ្រព្យមានលើសពីពាក់       កណ្តាលនៃសមតុល្យឥណទានលក្ខណៈបុគ្គលសរុប (៥៤,១៥%) ចំណែកឯ សមតុល្យឥណទានប្រើប្រាស់ផ្ទាល់ខ្លួនមានចំណែក ៤៥,១៣%។ សមតុល្យប័ណ្ណឥណទានមានចំណែកតូចគឺត្រឹមតែ០,៧២% ប៉ុណ្ណោះ។ និយាយជារួម សមតុល្យឥណទានមានកំណើនវិជ្ជមាននៅគ្រប់តំបន់​ទាំងអស់ដូចជា តំបន់ខ្ពង់រាប +៩,១% តំបន់ឆ្នេរ +៥,០% តំបន់ទំនាប +៤,៨%​ និង តំបន់ទន្លេសាប +២,៦%។

 

គុណភាពឥណទានលក្ខណៈបុគ្គល

 

បានមកពីអនុបាទនៃគណនីឥណទានជាមួយនឹងការសងយឺត ៣០ ថ្ងៃហួសកាលបរិច្ឆេទកំណត់ ដែលជា30+ DPD។ វាបង្ហាញពីលទ្ធភាពនៃការបង់សង និង ហានិភ័យនៃការខកខាននៅក្នុងត្រីមាស។

 

អនុបាទ 30+DPD ធ្លាក់ចុះពី ២,៥៧%នៅត្រីមាសទី២ ដល់ ២,០៣% ក្នុងត្រីមាសទី៤នេះ។ ក្នុងចំណោមផលិតផលទាំងបីនោះ ផលិតផលដែលមាន អនុបាទ ៣០+DPD ខ្ពស់បំផុតគឺ ប័ណ្ណឥណទាន ជាមួយនឹងអនុបាតចំនួន ៤,៥៨%។

 

ចំនួនសមតុល្យឥណទានមិនដំណើរការលើសពី៣០ថ្ងៃ មានការធ្លាក់ចុះជារួម -១៧% នៅទូទាំងតំបន់។ ការធ្លាក់ចុះដែលច្រើនជាងគេនៃចំនួនទឹកប្រាក់ឥណទានសំណងយឺតលើសពី៣០ថ្ងៃគឺនៅ ​តំបន់ឆ្នេរដែលបានធ្លាក់ចុះ ចំនួន -២៤%, តំបន់ទំនាបធ្លាក់ចុះចំនួន -១៩%  តំបន់ខ្ពង់រាបចំនួន​ -១៤%, ហើយតំបន់ទន្លេសាបមានការធ្លាក់ចុះចំនួន​ -៩%។

 

ចំនួនអតិថិជនដែលមានកម្ចីតែមួយស្ថាប័ននៅតែមានកម្រិតខ្ពស់គឺ ៧២,៤៧%នៃចំនួនអតិថិជនទាំងអស់។ ចំណែកឯអតិថិជន​​ដែលមានកម្ចីច្រើនស្ថាប័ននៅតែមានកម្រិតទាបដដែលត្រឹម ២៧,៥៣%។

 

អតិថិជនប្រើប្រាស់ឥណទានលក្ខណៈបុគ្គលដែលមានគណនីចំនួន ១ មាន ៥៩,៧៣%, ​ អ្នកមានគណនីឥណទានចំនួន ២ មានចំនួន ២៧.៦៦% អ្នកដែលមានគណនីឥណទានចំនួន ៣​ មានចំនួន ៩,២១% ហើយអ្នកដែលមានគណនីឥណទានច្រើនជាង៣ មានចំនួន ៣,៤០% នៃចំនួនអតិថិជនទាំងអស់។

 

លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា ខូ អិលធីឌីមានប្រសាសន៍ថា “បើមើលទៅលើចំនួនការដាក់ពាក្យស្នើសុំ តម្រូវការឥណទានបុគ្គលមានការថមថយបន្តិច។ យ៉ាងណាក៏ដោយ សមិទ្ធផលឥណទានលក្ខណៈបុគ្គលនៅតែរក្សារបាននូវកំណើនរឹងមាំ ជាមួយនឹងការកើនឡើងនៃចំនួនគណនី និងសមតុល្យកម្ចីក្នុងត្រីមាសចុងក្រោយ បើប្រៀបធៀបនឹងត្រីមាសមុន”។ លោកបានបន្ថែមទៀតថា គុណភាពកម្ចីមានភាពប្រសើរឡើង ជាមួយនឹងការធ្លាក់ចុះនៃអនុបាទនៃគណនីប្រាក់កម្ចីជាមួយនឹងការសងយឺត ៣០ ថ្ងៃហួសកាលបរិច្ឆេទកំណត់ ពី ២,៥៦%ក្នុងត្រីមាសមុន មកដល់២,០៣%ក្នុងត្រីមាសនេះ។

 

*END*

 

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង

ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា ខូ អិលធីឌី

កញ្ញា ធន សុភ័ណ្ឌ

ទូរសព្ទ៖+855 86 999 754

អ៊ីមែល៖ s.thun@creditbureau.com.kh

 

ចំណាំសម្រាប់និពន្ធនាយក

  • របាយការណ៍ពេញលេញមានភ្ជាប់ជាមួយសារនេះ
  • សម្រាប់គោលបំណងនៃរបាយការណ៍នេះ ប្រទេសកម្ពុជាបានបែងចែកជា ៤ តំបន់៖ ទន្លេសាប តំបន់ឆ្នេរ តំបន់វាលទំនាប និងខ្ពង់រាប

 

  • អំពីក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា ខូ អិលធីឌី(CBC)

 

 

ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា ខូ អិលធីឌី ជាក្រុមហ៊ុនឈានមុខគេក្នុងការផ្ដល់ព័ត៌មានឥណទាន ឧបករណ៍វិភាគ និង  សេវាកម្មរាយការណ៍របាយការណ៍ឥណទានដល់ធនាគារ ស្ថាប័នហិរញ្ញវត្ថុ ក្រុមហ៊ុនផ្ដល់ប្រាក់កម្ចី ប្រតិបត្តិករឥណទាន និងអ្នកប្រើប្រាស់នានាក្នុងព្រះរាជាណាចក្រកម្ពុជា។

 

CBC បានដំណើរការប្រតិបត្តិការជាផ្លូវការក្នុងខែមិនា ឆ្នាំ​២០១២ ដោយមានការគាំទ្រពីធនាគារជាតិ នៃកម្ពុជា (NBC) សមាគមធនាគារនៃកម្ពុជា (ABC) សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC)។ CBC ជំរុញឱ្យលំនឹងសេដ្ឋកិច្ចកាន់តែប្រសើរឡើងដោយផ្ដល់ទិន្នន័យទាន់ហេតុការណ៍និងត្រឹមត្រូវដល់អ្នកប្រើប្រាស់ និងឧស្សាហកម្មដែលជួយក្នុងការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុនៃធុរកិច្ចរបស់ពួកគេ។ យើងជួយធុរកិច្ចក្នុងការគ្រប់គ្រងហានិភ័យនៃឥណទាន ការពារការក្លែងបន្លំ និងការធ្វើសេចក្ដីសម្រេចចិត្តដោយស្វ័យប្រវត្តិ។ CBC ក៏ជួយបុគ្គលប្រើប្រាស់ក្នុងការត្រួតពិនិត្យរបាយការណ៍ឥណទានរបស់ពួកគាត់ដើម្បីធានាថាពួកគាត់អាចទទួលបានប្រាក់កម្ចី និងហិរញ្ញវត្ថុ និងការពារខ្លួនពីការក្លែងបន្លំអត្តសញ្ញាណ។

 

CBC ជាសម្ព័ន្ធអាជីវកម្មរវាង ក្រុមហ៊ុន ក្រេឌីតប្យូរ៉ូ​ហូលឌិញ (ក​​ម្ពុជា​​) ​អ៊ិលធីឌី (CHBC) និង ក្រុមហ៊ុន Equifax (Cambodia Holdings) Pte Limited​ (ECH)។ CHBC គឺជា​ក្រុមហ៊ុន​ដែលមានការរួមបញ្ចូលគ្នានៃ សមាគមន៍ធនាគារកម្ពុជា សមាគមន៍មីក្រូហិរញ្ញវត្ថុ ធនាគារអេស៊ីលីដា ធនាគារសហពាណិជ្ជ ក.អ និង ធនាគារពាណិជ្ជទីមួយ។ ECH គឺជាក្រុមហ៊ុន​​ដែលត្រូវ​បាន​បង្កើត​ឡើង​ដោយ​​ការ​បណ្តាក់​​ទុន​រួមគ្នា​​ រវាងក្រុមហ៊ុន Credit Bureau Asia Holdings Pte Ltd (មានមូលដ្ឋាននៅប្រទេសសិង្ហបុរី)និង ក្រុមហ៊ុន Equifax (​​មានមូលដ្ឋាន​​នៅ​​សហរដ្ឋ​អាមេរិក) ដែលឈានមុខគេក្នុងដំណើរការ ការិយាល័យឥណទាន។