ភាសា

សន្ទស្សន៍ឥណទានលក្ខណៈបុគ្គល ក្នុងត្រីមាសទី១ ឆ្នាំ២០១៩

កាលបរិច្ឆេទផ្សាយ: ថ្ងៃ​ពុធ ឧសភា 8th, 2019

សន្ទស្សន៍ឥណទានលក្ខណៈបុគ្គល ក្នុងត្រីមាសទី ឆ្នាំ២០១៩៖ ការស្នើសុំឥណទានមើលឃើញនូវកំណើនឡើងវិញ  រីឯដំណើរការឥណទាននៅតែបន្តកើនឡើង  ទោះបីជាសន្ទស្សន៍នៃឥណទានមិនដំណើរការលើសពី ៣០ថ្ងៃ (NPL 30)កើនឡើងបន្តចក៏ដោយ

រាជធានីភ្នំពេញ  ថ្ងៃទី ០៨ ខែឧសភា ឆ្នាំ ២០១៩

សេចក្តីសង្ខេបរបាយការណ៍៖

  • ការស្នើសុំឥណទានលក្ខណៈបុគ្គល
    • ចំនួននៃការស្នើសុំឥណទានលក្ខណៈបុគ្គលកើនឡើង +១១.៤៤​%
    • ទំហំទឹកប្រាក់នៃការស្នើសុំឥណទានលក្ខណៈបុគ្គលកើនឡើង +៣១%
    • ចំនួននៃការស្នើសុំ​ប័ណ្ណឥណទានធ្លាក់ចុះ -២០%
  • ដំណើរការឥណទានលក្ខណៈបុគ្គល
    • ចំនួនគណនីឥណទានលក្ខណៈបុគ្គលសរុប កើនឡើងដល់ ១.១៤លានគណនី (កើន+៥.៣០%)
    • សមតុល្យឥណទានលក្ខណៈបុគ្គលកើនឡើងដល់៦.៧០ប៊ីលានដុលា្លរ ​(កើន+៧.៤៥%)
  • គុណភាពឥណទានលក្ខណៈបុគ្គល
    • ឥណទានមិនដំណើរការលើសពី ៣០ថ្ងៃ (NPL 30) កើនឡើងបន្តិចដល់ ១.២៤% បង្ហាញពីកំណើនវិជ្ជមាននៃការបង់ត្រលប់ទាន់ពេលវេលា
    • អតិថិជនភាគច្រើននៅតែមានប្រើប្រាស់កម្ចីពី មួយស្ថាប័ន ហើយមានគណនីឥណទានតែមួយគណនី

ការស្នើសុំឥណទានលក្ខណៈបុគ្គល​ បង្ហាញ​អំពីបំណងរបស់អ្នក​ប្រើប្រាស់​ក្នុងការទទួលបានឥណទានក្នុង​​លក្ខណៈជាហិរញ្ញវត្ថុផ្ទាល់ខ្លួន ប័ណ្ណឥណទាន និង កម្ចីអចលនទ្រព្យ

បន្ទាប់ពីធ្លាក់ចុះនៅត្រីមាសមុន ក្នុងត្រីមាសទី១ ឆ្នាំ២០១៩នេះ ចំនួននៃការស្នើសុំឥណទានលក្ខណៈបុគ្គលមានកំណើនត្រលប់មកវិញក្នងកម្រិត +១១.៤៤% ប្រៀបធៀបទៅនឹងត្រីមាសមុន។ កំណើននេះដោយសារតែមានការកើនឡើងនៃចំនួននៃការស្នើសុំហិរញ្ញវត្ថុផ្ទាល់ខ្លួន (Personal Finance) +១២%​ និង ចំនួននៃការស្នើសុំកម្ចីអចលនទ្រព្យ (Mortgage) +៨%។ ផ្ទុយទៅវិញ ចំនួននៃការស្នើសុំប័ណ្ណឥណទាន (Credit Cards) បានធ្លាក់ចុះចំនួន -២០% ធៀបនឹងត្រីមាសមុនដែលមានកំណើនចំនួន +១៩%។ នេះដោយសារតែមានការធ្លាក់ចុះនូវការស្នើសុំប័ណ្ណនៅតំបន់ទំនាបកណ្តាល -២៣%។

ក្នុងត្រីមាសនេះផងដែរ ទំហំទឹកប្រាក់នៃការស្នើសុំឥណទាននេះក៏នៅតែបន្តកើនឡើងដល់ +៣១% ធៀបនឹងត្រីមាសមុន ហើយខ្ពស់ជាងត្រីមាសដូចគ្នាក្នុងឆ្នាំ២០១៨ ចំនួន ១០%។ កំណើននេះចូលរួមដោយកំណើននៃទំហំទឹកប្រាក់នៃការស្នើសុំហិរញ្ញវត្ថុលក្ខណៈបុគ្គល (+៣៧%) និង កម្ចីអចលនទ្រព្យ (+៧%) ទោះបីជាទំហំទឹកប្រាក់នៃការស្នើប័ណ្ណឥណទានធ្លាក់ចុះ -១១% ក៏ដោយ។

ចំនួននៃការស្នើសុំហិរញ្ញវត្ថុផ្ទាល់ខ្លួនមើលឃើញកំណើនជាង១០%នៅគ្រប់តំបន់ទាំងអស់ លើកលែងតែតំបន់ខ្ពង់រាបដែលធ្លាក់ចុះ​ -៥%។ ចំណែកឯ ចំនួននៃការស្នើសុំប័ណ្ណឥណទានគឺធ្លាក់ចុះ -២៣%នៅតំបន់ទំនាបកណ្តាល ប៉ុន្តែមានកំណើននៅតំបន់ផ្សេងវិញ។ ចំនួននៃការស្នើសុំកម្ចីអចលនទ្រព្យមានការកើនឡើងនៅតំបន់ចំនួន៣ ដែលនាំមុខដោយតំបន់ខ្ពង់រាប (+១៦%) តំបន់ទំនាបកណ្តាល (+១១%) និង តំបន់ទន្លេសាប (+៦%) ប៉ុន្តែវាមានការធ្លាក់ចុះនៅតំបន់ឆ្នេរ​(-៤%)។

ដំណើរការឥណទានលក្ខណៈបុគ្គល៖ បង្ហាញអំពីស្ថានភាពឥណទានជាក់ស្ដែង រាយការណ៍នៅដំណាច់ត្រីមាស។

ក្នុងត្រីមាសនេះ ចំនួនគណនីឥណទានលក្ខណៈបុគ្គលសរុបបន្តកើនឡើងចំនួន+៥.៣០%, ទាបជាងត្រីមាសមុនបន្តិចដែលមានកំណើន +៦.៣០%។ កំណើននេះធ្វើអោយចំនួនគណនីឥណទានលក្ខណៈបុគ្គលសរុបកើនឡើងដល់ ១.១៤លានគណនី គិតត្រឹំមចុងខែមីនាឆ្នាំ២០១៩នេះ ដែលស្មើនឹង ៣៦%នៃគណនីឥណទានសរុបក្នុងទីផ្សារ។ ស្រដៀងគ្នាទៅនឹងត្រីមាសទី៤ឆ្នាំ២០១៨ ក្នុងចំនួនគណនីឥណទានលក្ខណៈបុគ្គលសរុបនេះ ហិរញ្ញវត្ថុផ្ទាល់ខ្លួនមានចំនួន ៨១.១១% កម្ចីអចលនទ្រព្យមាន ១១.៥២% ហើយប័ណ្ណឥណទានមាន៧.៣៧%។ បើមើលទៅតាមតំបន់ទាំង៤វិញ ឃើញថាមានកំណើននៃចំនួនគណនីឥណទាននៅគ្រប់តំបន់ ទោះបីកំណើននោះទាបជាងបន្តិចធៀបនឹងត្រីមាសមុនក៏ដោយ។ តំបន់ទំនាបកណ្តាលទាំងបួនឃើញមានកំណើនចំនួនគណនីឥណទាននាំមុខគេ ក្នុងកំណើន +៦.៣០%។

គិតត្រឹមត្រីមាសទីមួយនេះ សមតុល្យឥណទានលក្ខណៈបុគ្គលសរុបក៏នៅតែបន្តកើនឡើងដូចគ្នា ក្នុងចំនួន +៧.៤៥% ទាបជាងត្រីមាសទី៤ឆ្នាំមុនបន្តិច​ ដែលមានកំណើន +១០.៤៤%។ កំណើននេះធ្វើអោយសមតុល្យឥណទានលក្ខណៈបុគ្គលកើនឡើងដល់ ៦.៧០ប៊ីលានដុល្លារ ស្មើនឹង ៣០% នៃសមតុល្យឥណទានសរុបក្នុងទីផ្សារ។ សមតុល្យហិរញ្ញវត្ថុផ្ទាល់ខ្លួននៅតែបន្តចំណែកធំជាងគេចំនួន ៥១.២៦% បន្ទាប់មក កម្ចីអចលនទ្រព្យ ៤៧.៦២% ហើយប័ណ្ណឥណទាននៅតែមានចំណែកតូចត្រឹមតែ១.១២% កើនឡើងបន្តិចពី ០.៨០%នៅត្រីមាសទី៤។ បើមើលជារួម ឃើញថា គ្រប់តំបន់ទាំងអស់មានកំណើនជាវិជ្ជមាននៃសមតុល្យឥណទានធៀបនឹងត្រីមាសមុន ដោយតំបន់ឆ្នេរ និង តំបន់ខ្ពង់រាបនាំមុខគេ ក្នុងកំណើន +៨.៩០% និង +៨.៦០%រៀងគ្នា ហើយតំបន់ទំនាបកណ្តាល +៧.៤០% និងតំបន់ទន្លេសាប មានកំណើនចំនួន +៧.២០%។

គុណភាពឥណទានលក្ខណៈបុគ្គល​ ៖ ឆ្លុះបញ្ចាំងអំពីលទ្ធភាពទូទាត់សងរបស់កូនបំណុលទៅតាមថ្ងៃកំណត់ ដោយប្រើប្រាស់អនុបាតនៃឥណទានមិនដំណើរការលើសពី៣០ថ្ងៃ។

គិតត្រឹមត្រីមាសទី១ឆ្នាំ២០១៩នេះ ឥណទានមិនដំណើរការលើសពី ៣០ថ្ងៃ (NPL 30)មានការកើនឡើងបន្តិច ពី ១.១៨%នៅតី្រមាសមុន មក ១.២៤%ក្នុងត្រីមាសនេះ។ ទោះបីជាមានកំណើនបន្តិចមែន ប៉ុន្តែវានៅតែបង្ហាញពីគុណភាពឥណទានស្ថិតក្នុងកម្រិតមួយល្អដែលបញ្ជាក់ពីការបង់សងត្រលប់ឥណទានលក្ខណៈបុគ្គលបានទាន់ពេលវេលាក្នុងកម្រិតមួយខ្ពស់។ បើមើលទៅគ្រប់តំបន់ មានតែតំបន់ទន្លេសាបដែលមានកំណើននៃបម្រែបម្រួលសមតុល្យឥណទានមិនដំណើរការលើសពី៣០ថ្ងៃ។ (NPL Amount change)ឥណទានមិនដំណើរការលើសពី៣០ថ្ងៃបានបន្តធ្លាក់ចុះចាប់តាំងពីត្រីមាសមុន​(ត្រីមាសទី៤ ២០១៨៖ -១.៧៤%,​ ត្រីមាសទី១ ២០១៩៖ -៤%) នៅពេលដែលតំបន់ផ្សេងមានការកើនឡើង។

ចំនួននៃអតិថិជនដែលមានកម្ចីនៅ មួយស្ថាប័ននៅតែមានកម្រិតខ្ពស់ ៧៧.៥២%។ ចំណែកឯអតិថិជនដែលមានកម្ចីច្រើនគណនីឥណទានបានកើនឡើងបន្តិចពី ៣៣.៧២% នៅត្រីមាសទី៤ ទៅ ៣៥.១១%នៅត្រីមាសទី៤នេះ។ ៦៤.៨៩%នៃអតិថិជនប្រើប្រាស់ឥណទានលក្ខណៈបុគ្គល នៅតែមានគណនីឥណទានចំនួន១ នៅពេលដែលអ្នកមានគណនីឥណទានចំនួន២ មាន ២៥.៧៤% ហើយមានគណនីឥណទានចំនួន៣ មាន ៧.២៥% ហើយប្រហែល២.១២% មានគណនីឥណទានលើសពី៣។

លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិនៃការិយាល័យឥណទានកម្ពុជា មានប្រសាសន៍ថា “ក្នុងត្រីមាសទី១ដើមឆ្នាំនេះ យើងឃើញថា ចំនួនអ្នកស្នើសុំឥណទានលក្ខណៈបុគ្គលចាប់ផ្តើមកើនឡើងមកវិញ ដល់ +១១.៥០%។ ប៉ុន្តែ យើងកត់សម្គាល់ឃើញថា ចាប់តាំងពីឆ្នាំ២០១៧មក ចំនួននៃការស្នើសុំប័ណ្ណឥណទានធ្លាក់ចុះក្នុងត្រីមាសទីមួយដើមឆ្នាំ ធៀបនឹងត្រីមាសមុន ដែលបញ្ជាក់ថាមានតម្រូវការប័ណ្ណឥណទានតិចនៅត្រីមាសនេះ។” លោកបន្តថា “កំណើននៃឥណទាននៅតែល្អ ហើយទោះបីជាឥណទានមិនដំណើរការលើសពី ៣០ថ្ងៃ មានកំណើនបន្តិចក៏ដោយ​ ក៏វាស្ថិតក្នុងកម្រិតមួយទាបដែលបញ្ជាក់អំពីការគ្រប់គ្រងគុណភាពឥណទានបានល្អពីស្ថាប័នហិរញ្ញវត្ថុ។”

ដើម្បីទាញយកឯកសារ សូមចុចលើតំណ