ភាសា

ការសើ្នសុំប្រាក់កម្ចីលក្ខណៈ បុគ្គល និងការអនុម័ត កើនឡើង ខណៈដែលកម្ចីមិនដំណើរការកាន់តែល្អជាងមុន

កាលបរិច្ឆេទផ្សាយ: ថ្ងៃ​ព្រហស្បតិ៍ កុម្ភៈ 1st, 2018

យោងតាមរបាយការណ៍ស្ដីពីសន្ទស្សន៍ឥណទានលក្ខណៈបុគ្គល របស់ការិយាល័យឥណទានកម្ពុជា បានបង្ហាញថា ចំនួនអ្នកស្នើសុំប្រាក់កម្ចីបានបន្តកើនឡើង នៅក្នុងត្រីមាសទី៤នេះ បន្ទាប់ពីបានធ្លាក់ចុះក្នុងត្រីមាសទី២ និងមានការកើនឡើងបន្តិចក្នុងត្រីមាសទី៣ ឆ្នាំ២០១៧។ ក្នុងត្រីមាសនេះ ផលិតផលទាំងបី មានការកើនឡើង ដោយឡែកយើងសង្កេតឃើញថា ការស្នើសុំប័ណ្ណឥណទាន​មានការកើនឡើង​គួរអោយកត់សំគាល់​រហូតដល់ ៩៤% ធៀបនឹងត្រីមាសមុន។ ទន្ទឹមនឹងនេះ កម្ចីមិនដំណើរការលើសពី ៣០ថ្ងៃ ស្ថិតក្នុងស្ថានភាពល្អ អនុបាត​បាន​បន្តធ្លាក់ចុះ​នៅត្រឹម ១.៥១% គិតត្រឹមខែធ្នូ ឆ្នាំ ២០១៧​​ ទាបជាង​អនុបាត​កាល​ពី​ខែ​ធ្នូ ឆ្នាំ២០១៦ ខណៈដែលសមតុល្យ​កម្ចីលក្ខណៈ​បុគ្គល​សរុប បានកើនឡើង៤៤% ក្នុងអំឡុង​ពេល១២​ខែនេះ។

ការស្នើសុំប្រាក់កម្ចីលក្ខណៈបុគ្គលបង្ហាញ​អំពីបំណង​របស់​អ្នក​ប្រើប្រាស់​​ក្នុង​ការទទួល​បាន​ឥណទានក្នុង​​លក្ខណៈ​ជាហិរញ្ញវត្ថុផ្ទាល់ខ្លួន ប័ណ្ណឥណទាន និង កម្ចីអចលនទ្រព្យ ។

តាមរបាយការណ៍ក្នុងត្រីមាសទី៤ ក្នុងឆ្នាំ២០១៧ បង្ហាញថា ការស្នើរ​សុំ​ឥណទាន​លក្ខណៈបុគ្គល​​បានកើន​ឡើង​ក្នុងកម្រិត +១៩% ធៀបនឹងត្រីមាសទី៣ ដែលមានកម្រិត +១០%។ កំណើននេះ ដោយសារតែមាន​ការកើន​ឡើង​នៃការស្នើសុំប្រាក់កម្ចីនៃផលិតផល​ទាំងបី​ប្រភេទគឺ ការស្នើសុំហិរញ្ញវត្ថុផ្ទាល់ខ្លួន (+១៥%) ការស្នើសុំប័ណ្ណឥណទាន (+៩៤%) និង ការស្នើសុំកម្ចីអចលនទ្រព្យ (+៦២%)។ ការស្នើសុំប័ណ្ណឥណទាន​មានកំណើនគួរអោយ​ចាប់​អារម្មណ៍ ដោយសារតែមាន​ការស្នើសុំកើន​ឡើង​ខ្ពស់នៅតំបន់ទំនាប ​(+១០៩%) ពិសេសមានកំណើនឡើងខ្ពស់ក្នុងរាជធានីភ្នំពេញ និងតំបន់​ទន្លេសាប (+៣៥%) ដោយមានកំណើនមធ្យមក្នុង​ ខេត្តសៀមរាប។ ដោយឡែក តំបន់ឆ្នេរ និងតំបន់​ខ្ពង់រាប​មានការ​ធ្លាក់ចុះ​ក្នុងកំរិត -៣១% និង -៤% រៀងគ្នា លើការ​ស្នើសុំប័ណ្ណឥណទាន​​ក្នុងត្រីមាស​ទី៤ ផងដែរ។​ ចំណែកកម្ចី​អចលនទ្រព្យ ការកើនឡើងនៃ​ការស្នើសុំក្នុង​ត្រីមាសទី៤នេះ​ ជាចំបងក្នុងតំបន់ទំនាប រួមមាន​ខេត្ត​កំពង់ស្ពឺ ខេត្តព្រៃវែង និង ខេត្តតាកែវ។

ដំណើរការ​ប្រាក់កម្ចីលក្ខណៈបុគ្គលបង្ហាញអំពីស្ថានភាពប្រាក់កម្ចីជាក់ស្ដែង រាយការណ៍នៅក្នុងត្រីមាស។

ក្នុងចំណោម​ត្រីមាស​ទាំងបួន ឆ្នាំ២០១៧ ចំនួនគណនី​ឥណទាន​ត្រីមាសទី៤ មានការកើនឡើង​លំដាប់ទីពីរ បន្ទាប់​ពីត្រីមាសទី១។  វាបានកើន​ឡើង​ក្នុងកំរិត +៦.៤០% ក្រោយ​ពីមាន​ការ​ថមថយ​បន្តិច​ក្នុង​ត្រីមាស​ទី៣ ដោយមាន​កំណើន +២.១១% ធ្លាក់ពី​ +៤.១៩% ជាកំណើន​ក្នុងត្រីមាសទី ២។ គិតត្រឹម​ខែធ្នូ ឆ្នាំ២០១៧  ​ចំនួ​ន​គណនី​​ឥណទាន​​សរុបកើន​ឡើងដល់​ ២.៦៩ លាន​គណនី ដែលក្នុងនោះ ​គណនីឥណទាន​លក្ខណៈបុគ្គល មានចំនួន ៨៤៣ពាន់គណនី (ប្រៀបធៀប ៨០១ ពាន់គណនី ក្នុងត្រីមាសទី៣) ស្មើនឹង៣១% នៃ​ចំនួនគណនី​ឥណទាន​សរុប។ គិតជាចំនួនគណនី​ ហិរញ្ញវត្ថុផ្ទាល់​ខ្លួន នៅតែមាន​ចំណែក​ច្រើនជាង​គេក្នុងចំណោម​​ប្រាក់​កម្ចីលក្ខណៈ​បុគ្គលសរុប ដែលស្មើនឹង ៨១.០៨% បន្ទាប់មកគឺ កម្ចី​អចលន​ទ្រព្យ​ដែល​មាន ១១.២៤% និង ជា​ប័ណ្ណឥណទាន ដែលស្មើនឹង ៧.៦៨%។

អាស្រ័យដោយចំនួន​គណនី​ឥណទាន​សរុបមាន​ការ​កើនឡើង សមតុល្យឥណទាន​មានការកើន​ឡើង​ស្របគ្នា​ក្នុងកំរិត +៨.៧០% ធៀបនឹងត្រីមាសទី៣ ដែលមានចំនួន +៧.៨៥%​។ កំណើន​នេះធ្វើអោយ​​សមតុល្យឥណទាន​​កើនឡើង​​មកដល់ ៤.៥៤ ពាន់លាន​ដុល្លារ​អាមេរិក នៅបំណាច់ត្រីមាស ស្មើនឹង ២៨% នៃសមតុល្យឥណទាន​សរុបក្នុងទីផ្សារ។ ស្រដៀង​ទៅនឹង​ចំនួន​គណនី​ផងដែរ ហិរញ្ញវត្ថុផ្ទាល់ខ្លួន នៅតែមានចំណែក​ច្រើនជាងគេ ៥០.០៣% នៃសមតុល្យឥណទាន​លក្ខណៈបុគ្គល​សរុប កម្ចីអចលនទ្រព្យ​នៅតែមាន​លំដាប់លេខពីរ ចំណែក​ធំជាង​មុន ៤៩.១១% (ប្រៀបធៀប ៤៧.៩៣% ខែធ្នូ ឆ្នាំ២០១៦) នៃសមតុល្យឥណទាន​លក្ខណៈ​បុគ្គល​សរុប សំរាប់ប័ណ្ណឥណទាន​នៅតែមាន​ចំណែក​មួយដ៏តូច ត្រឹមតែ​ ០.៨៦% នៃ​សមតុល្យ​ឥណទាន​លក្ខណៈបុគ្គល​សរុប (កើនឡើងបន្តិចពី ០.៨៣% គិតត្រឹមខែធ្នូ ឆ្នាំ២០១៦)។ បើប្រៀបធៀប​ទៅនឹងពេល​ដូចគ្នា នាចុងឆ្នាំ២០១៦ វានៅតែមានភាព​ដូចគ្នា​សំរាប់​ទីតាំង​ដែល​ប្រើប្រាស់​ឥណទាន​លក្ខណៈបុគ្គល​ច្រើនជាងគេ ដែលរួមមាន រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តសៀមរាប និង ខេត្តកំពង់ស្ពឺ រៀងគ្នា ជាតំបន់​ដែល​មានសមតុល្យ​ឥណទាន​ឈានមុខគេ។

គុណភាពប្រាក់កម្ចីលក្ខណៈបុគ្គលឆ្លុះបញ្ចាំងអំពីលទ្ធភាពទូទាត់សងរបស់កូនបំណុលទៅតាមថ្ងៃកំណត់។

ប្រាក់កម្ចីមិន​ដំណើរការ​លើសពី ៣០ ថ្ងៃ (NPL 30) មានភាព​ល្អជាង​មុននៅ​គ្រប់តំបន់ ប្រៀបធៀប​នឹងត្រីមាសទី៣។ វាបានបន្តធ្លាក់ចុះពី ១.៦១% ក្នុងត្រីមាសទី៣ មកត្រឹម ១.៥១% គិត​ត្រឹម​ខែធ្នូ ឆ្នាំ២០១៧។ ម្យ៉ាងវិញទៀត វាបានធ្លាក់ចុះជាង​មុនបន្តិច​ទៀត បើប្រៀបធៀប​នឹងត្រី​មាស​ដូចគ្នា កាលពីឆ្នាំ២០១៦ ខណៈពេល​ដែល​សមតុល្យ​ឥណទាន​សរុប​បាន​កើនឡើង​រហូត​ដល់​ទៅ ៤៤% បើប្រៀប​ធៀប​ពីត្រីមាសទី៤ ឆ្នាំ២០១៦ និង ត្រីមាសទី៤ ឆ្នាំ២០១៧។

កម្ចីច្រើនស្ថាប័ន៖ សំដៅទៅលើអតិថិជនដែលមានគណនីឥណទានច្រើន ឬបានប្រើប្រាស់ឥណទានជាមួយស្ថាប័ន​ហិរញ្ញ​វត្ថុ​លើសពី​មួយ​ ក្នុងពេលជាមួយគ្នា (សំដៅលើកម្ចីលក្ខណៈបុគ្គលតែប៉ុណ្ណោះ)។

យើងសង្កេតឃើញថា នៅតែមានកំរិតច្រើន​ជាង​គេសំរាប់ អតិថិជន​ដែលមាន​ឥណទាន​តែមួយ ដែលមាន ៦៩.៣៦% គិតត្រឹមខែធ្នូ ឆ្នាំ២០១៧។ ចំនួននេះ គឺស្រដៀងគ្នាទៅនឹង ត្រីមាសទី២ និងទី១ នៃអតិថិជនដែល​មាន​គណនីតែមួយ ដោយវាបាន​ធ្លាក់ចុះបន្តិចពី ៧០.៨៥% ក្នុងត្រីមាសទី៣។  ជារួម យើងសង្កេតឃើញថា មានកំណើន​ឡើង​នៃអតិថិជន​ដែលមាន​គណនី​ឥណទានពីរ (២២.៦៥%) គណនីឥណទានបី (៦.១៧%) និងលើសពីបី (១.៨២%)។ តាមការវិភាគលំអិត អតិថិជន​ដែលមាន​ទំនាក់ទំនង​ជាមួយ​ស្ថាប័នហិរញ្ញវត្ថុ​លើស​ពីមួយ មានកំណើន​យឺត​ជាង​មុន នៅក្នុងឆ្នាំ២០១៧ បើប្រៀប​ធៀប​ទៅនឹងឆ្នាំកន្លងទៅ ដោយអតិ​ថិជន​ដែលមាន​ទំនាក់ទំនង​ជាមួយស្ថាប័ន​តែមួយមាន ៨០.២៣% (៨១.២២% ក្នុងត្រីមាសទី៣ ឆ្នាំ២០១៧) ប្រៀបធៀបនឹង ៧៩.៨០% គិតត្រឹមខែធ្នូ ឆ្នាំ២០១៦។ ក្រៅពីនេះ ១៩.៧៧% មានទំនាក់ទំនង​ជាមួយ​ស្ថាប័នហិរញ្ញវត្ថុលើស​ពីមួយ​ គិតត្រឹមខែធ្នូ ឆ្នាំ២០១៧។

“ក្នុងចំណោម​ត្រីមាសទាំងបួន​ ក្នុងឆ្នាំ២០១៧ ត្រីមាសទី៤ មានការកើនឡើងលំដាប់ទីពីរ បន្ទាប់ពីត្រីមាសទី១ សំរាប់ការអនុម័ត​ឥណទានលក្ខណៈ​បុគ្គលសរុប ទាំងចំនួនគណនី និង សមតុល្យសរុប។ គិតត្រឹមចុងឆ្នាំ២០១៧ សមតុល្យផលប័ត្រឥណទាន​សរុបមាន​ចំនួន ៤.៥៤ ពាន់លានដុល្លារ​អាមេរិក ដោយបាន​កើនឡើង ៤៤% ពីសមតុល្យខែធ្នូ ឆ្នាំ២០១៦ ដែល​មានចំនួន ៣.១៦ ពាន់លានដុល្លារអាមេរិក។ ចំណែករួមនៃផលិតផល​ឥណទាន​ទាំង៣ ក្នុងសមតុល្យឥណទានសរុប ស្រដៀងទៅនឹងចុងឆ្នាំ២០១៦ ដោយហិរញ្ញវត្ថុផ្ទាល់ខ្លួន នៅ​តែ​មានចំណែក​ច្រើនជាងគេ (៥០.០៣% ត្រីមាសទី៤ ២០១៧ ប្រៀបធៀប ៥១.២៣% ត្រីមាសទី៤ ២០១៦) កម្ចីអចលនទ្រព្យនៅ​តែមានលំដាប់​លេខពីរ (៤៩.១១% ត្រីមាសទី៤ ២០១៧ ប្រៀបធៀប ៤៧.៩៣% ត្រីមាសទី៤ ២០១៦)  និង ចុងក្រោយគឺប័ណ្ណឥណទាន (០.៨៦% ត្រីមាសទី៤ ២០១៧ ប្រៀបធៀប ០.៨៣% ត្រីមាសទី៤ ២០១៦)។ កំណើន​សមតុល្យ​ឥណទាន​សរុប​ប្រចាំឆ្នាំ របស់ផលិតផល​ឥណទាន​លក្ខណៈ​បុគ្គលទាំង៣ សំរាប់ឆ្នាំ២០១៦ មក ២០១៧:​ ហិរញ្ញវត្ថុផ្ទាល់ខ្លួន​មានកំណើន​សរុប ៤០% កម្ចីអចលនទ្រព្យ​មានកំណើន​សរុប ៤៧% និង ប័ណ្ណឥណទានបានកើនឡើង ៤៨%។ ប្រាក់កម្ចីមិនដំណើរការ​លើសពី ៣០ ថ្ងៃ (NPL 30) នៅតែស្ថិតក្នុង​ទំនោរជាវិជ្ជមាន ដែលបានបន្តធ្លាក់ចុះ​នៅត្រឹម ១.៥១%​ គិតត្រឹម ខែធ្នូ ឆ្នាំ២០១៧ វាបានធ្លាក់ចុះ​ជាងមុន​បន្តិចទៀត បើប្រៀបធៀប​នឹងឆ្នាំមុន ខណៈពេលដែល​កំណើនសមតុល្យឥណទាន​សរុបនៅតែជាទីកត់​សំគាល់ ៤៤%។ នេះចង្អុលបង្ហាញថា ដំណើរការ​ឥណទាន​បុគ្គល​មានភាពល្អប្រសើរជាងមុន ហើយយើងក៏នៅ​តែរំពឹងទុកថា អនុបាតប្រាក់​កម្ចីមិន​ដំណើរការ​កាន់​តែថយចុះ ទន្ទឹមនឹងការ​ចូលរួមចំណែក​ពីការិយាល័យ​ឥណទានកម្ពុជា ក្នុង​ការផ្តល់​ជូនដំណោះស្រាយ​តាមរយ:ទំរង់​របាយការណ៍​វិភាគទិន្នន័យ​ឥណទានជាច្រើន និង​សំបូរបែប ដែលអាច​ជួយដល់​ស្ថាប័ណ​ហិរញ្ញវត្ថុ​ទូទៅក្នុងការគ្រប់គ្រង​សំពៀត​ឥណទាន​របស់ខ្លួនកាន់​តែមានប្រសិទ្ធិភាព៕