ភាសា

ក្រុមហ៊ុន ក្រេឌីតប្យួរ៉ូ ខេមបូឌា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បង្កើតឱ្យមានវេទិកាពិភាក្សាពេលព្រឹក ក្នុង ឱកាសអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ

កាលបរិច្ឆេទផ្សាយ: ថ្ងៃ​សុក្រ មិនា 18th, 2022

ភ្នំពេញ ថ្ងៃទី 9 ខែ មិនា ឆ្នាំ 2022, ក្រុមហ៊ុន ក្រេឌីតប្យួរ៉ូ​​ ខេមបូឌា (CBC) រួមជាមួយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានរៀបចំវេទិកាពិភាក្សាពេលព្រឹកក្នុងការអបអរសាទរទិវាសិទ្ធិនារី​ ដែលពោពេញទៅដោយចំណេះដឹង និងការជុំរុញបំផុសគំនិតទៅដល់ភ្ញៀវកិត្តិយសដែលបានចូលរួមជាង 160 នាក់មកពីស្ថាប័នហិរញ្ញវត្ថុ និងពាណិជ្ចកម្ម​ ដើម្បីចូលរួមស្ដាប់ពីការចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនរបស់ស្ត្រីដ៏ឆ្នើមដែលមានតួនាទីជាអ្នកដឹកនាំជាន់ខ្ពស់​ចំនួន 4រូប ពួកគាត់បានទទួលជោគជ័យពីផ្នែកហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៅកម្ពុជា។

ទិន្នន័យដែលចងក្រងដោយក្រុមហ៊ុនស៊ីប៊ីស៊ីបានបង្ហាញថាភាពជាអ្នកដឹកនាំរបស់ស្ត្រីក្នុងវិស័យហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៅមានកម្រិតទាបប្រមាណ​ 20% ក្នុងវិស័យហិរញ្ញវត្ថុ និង 27% ក្នុងស័យបច្ចេកវិទ្យា ប៉ុន្តែបានកើនឡើងប៉ុន្មានឆ្នាំមកនេះ ដោយមានការចាប់ផ្ដើមបំបែកភាពលំអៀងផ្នត់គំនិតលើស្រ្តីក្នុងវិស័យនេះ​។ នៅក្នុងស៊ីប៊ីស៊ីយើងមានបុគ្គលិក​​ច្រើនជាង57%ជាស្ត្រី ដែលតែងតែទទួលបានការលើកទឹកចិត្តឱ្យពួកគាត់ជំនះឧបសគ្គសាកការងារនៅក្នុងមុខដំណែងជាអ្នកដឹកនាំ នេះជាការប្តេជ្ញាក្នុងការលើកកម្ពស់សមភាពយេនឌ័ររបស់យើង។ 40% នៃគណៈគ្រប់គ្រងជាន់ខ្ពស់របស់ស៊ីប៊ីស៊ីជាស្ត្រី។ វប្បធម៌នៃភាពខុសគ្នារវាងបុគ្គលម្នាក់ៗនៅក្នុងក្រុមការងារបានធ្វើឱ្យយើងច្នៃប្រឌិតផលិតផល និងសេវាកម្ម ដែលបំពេញតម្រូវការទីផ្សារដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ។ ក្នុងនាមជាអ្នកបង្កើតហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុ និងប្រព័ន្ធអេកូឡូស៊ីដ៏សំខាន់ ក្រុមហ៊ុនស៊ីប៊ីស៊ីដើម្បីបន្តឆ្ពោះទៅរកគោលដៅរួម និងចក្ខុវិស័យក្នុងការលើកកម្ពស់ស្ត្រីក្នុងតួនាទីជាអ្នកដឹកនាំ។

ស្ត្រីដ៏ឆ្នើមចំនួន៤រូប​បានចូលរួមជាវាលគ្មិនកិត្តិយសរួមមាន៖ លោកជំទាវ​ ឌិត​​ នីតា​​ អគ្គនាយិកាប្រតិបត្តិ​ ខេមា​មីក្រូហិរញ្ញវត្ថុ លីមីតធីត​ និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមនមីក្រូហិរញ្ញវត្ថុកម្ពុជា​, លោកជំទាវ​​​ ជា រដ្ឋា​ ប្រធាននាយកប្រតិបត្តិ​​​​​ Khmum Technology,​ លោកជំទាវ ឡាយ រចនា អគ្គនាយិកា​រងជាន់ខ្ពស់នៃធនាគារជីប ម៉ុង,​ លោកស្រី​ ប៉ុន​ បញ្ញាវត្តី នាយិកាផ្នែកវិភាគទិន្នន័យ​ ក្រុមហ៊ុន ក្រេឌីតប្យួរ៉ូ​ ខេមបូឌា​ ក្នុងវេទិកាពិភាក្សាពេលព្រឹកចែករំលែកវិធីសាស្ត្រសម្រាប់ស្ត្រីអាចធ្វើការដឹកនាំទាំងក្នុងវិស័យការងារនិងការងាផ្ទាល់ខ្លួន​។ លោកស្រី លី សុភ័ក្រ្ត នាយិកាផ្នែកបណ្ដុះបណ្ដាល​ ក្រុមហ៊ុន​អេហ្វដាប់ប៊ែលយូឌី​ ខេមបូឌា ជាអ្នកសម្របសម្រួលកិច្ចពិភាក្សាដ៏មានក្លឹមសារនិងអត្ថន័យអប់រំ​។

វាលគ្មិនកិត្តិយសបានគូសបញ្ជាក់ថា តួនាទីជាអ្នកដឹករបស់ស្ត្រីនៅក្នុងវិស័យបច្ចេកវិទ្យា វាមានសារៈសំខាន់ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងផ្នត់គំនិតមានភាពលំអៀងនៅក្នុងសង្គមទៅលើសម្ថភាពស្ត្រីក្នុងវិស័យនេះ។​ ការលើកកម្ពស់យេនឌ័រអាច ចាប់ផ្តើមពីវិធីដែលឪពុកម្តាយចិញ្ចឹមអប់រំកូនស្រីរបស់ពួកគេដោយមិនដាក់សម្ពាធនិងភាពមិនស្មើរគ្នាជាមួយកូនប្រុស។ ការពិភាក្សាក៏បានលើកឡើងផងដែរថា ទំនួលខុសត្រូវក្នុងគ្រួសារមិនគួរជាឧបសគ្គសម្រាប់ស្ត្រីក្នុងការសម្រេចសេចក្តីប្រាថ្នាអាជីពការងារនោះទេ។ ស្ត្រីជាម្ចាស់ពាណិជ្ជកម្មក៏បានសង្កត់ធ្ងន់ថាក្រុមគ្រួសារនិងដៃគូជីវិតដើរតួនាទីសំខាន់ក្នុងការជួយស្ត្រីឱ្យរីកចម្រើន និងអាចបំពេញកាតព្វកិច្ចយ៉ាងពេញលេញលើការងាររបស់ពួកគេ។

នៅក្នុងសម័យបដិវត្តន៍ឧស្សាហកម្មទី 4 ជាមួយនឹងការវិវត្តន៍យ៉ាងលឿននៃបច្ចេកវិទ្យា មនុស្សត្រូវការជំនាញឯកទេសដើម្បីបំពេញតម្រូវការទីផ្សារ និងប្រកួតប្រជែងដើម្បីដោះស្រាយបញ្ហាសង្គម។ វាជារឿងដែលគួរឱ្យស្ញប់ស្ញែងណាស់ដែលស្ត្រីបានព្យាយាមជ្រៀតខ្លួនចូលរួមក្នុងការប្រកួតប្រជែង និងបំបែកភាពផ្នត់គំនិតលើស្ត្រីក្នុងផ្នែកហិរញ្ញវត្ថុ និងបច្ចេកវិទ្យា។ នេះគឺជាជំហានផ្លាស់ប្ដូរដ៏សំខាន់មួយ និងជាការបើកឱកាស ដល់ស្ត្រីទាំងអស់នៅទូទាំងប្រទេសកម្ពុជា ដើម្បីមានភាពក្លាហាន និងត្រៀមខ្លួនឈានជើងចូលទៅក្នុងយុគសម័យថ្មីនៃការវិវត្តន៍នេះ។

ទន្ទឹមនឹងនេះដែរ វឌ្ឍនភាពដែលកំពុងបន្តនៅក្នុងសេវាកម្មហិរញ្ញវត្ថុឌីជីថលនឹងជួយស្ត្រីក្នុងការកាត់បន្ថយការចំណាយដើម្បីទទួលបានសេវាហិរញ្ញវត្ថុពេញលេញត្រឹមត្រូវ មានឯកជនភាពខ្ពស់ និងការគ្រប់គ្រងលើប្រាក់កាសបានយ៉ាងងាយស្រួល។ បច្ចុប្បន្ន ស្ត្រីមានអត្រា 53% នៃអ្នកខ្ចីដែលបានខ្ចីប្រាក់សម្រាប់អាជីវកម្មខ្នាតតូច ហិរញ្ញវត្ថុផ្ទាល់ខ្លួន ក៏ដូចជាគោលបំណងសង្គម។ ការលើកកម្ពស់បន្ថែមទៀតនូវការរួមបញ្ចូលផ្នែកហិរញ្ញវត្ថុសម្រាប់ស្ត្រី និងការអនុវត្តយុទ្ធសាស្រ្តសម្រាប់ស្ត្រីក្នុងការដាក់ពាក្យសុំភាពជាអ្នកដឹកនាំនៅតែជាកត្តាសំខាន់ក្នុងការផ្តល់សិទ្ធិអំណាចដល់ស្ត្រី។

ព្រឹត្តិការណ៍នេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ ក្រុមហ៊ុន​ស៊ីប៊ីស៊ី ក្នុងការលើកកម្ពស់យុទ្ធសាស្ត្របរិយាបន្នហិរញ្ញវត្ថុ និងយុទ្ធសាស្រ្តយេនឌ័រនៅក្នុងទីផ្សារឥណទាន។ នៅក្នុងខែធ្នូ ឆ្នាំ 2021 ​ស៊ីប៊ីស៊ី​ បានប្រកាសពីការប្តេជ្ញាចិត្តរបស់ខ្លួនដោយឧបត្ថម្ភប្រាក់ 1 លានដុល្លារអាមេរិក ក្នុងការពង្រឹងយុទ្ធសាស្ត្របរិយាបន្នហិរញ្ញវត្ថុ នៅក្នុងព្រះរាជាណាចក្រស្របតាមទិសដៅអាទិភាពនៃធនាគារជាតិនៃកម្ពុជា។ កាលពីដើមខែកុម្ភៈ ឆ្នាំ 2022 ​ក្រុមហ៊ុន​ស៊ីប៊ីស៊ី ​ និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក៏បានចុះហត្ថលេខាអនុស្សរណៈយោគយល់ដើម្បីបង្កើតការរួមផ្សំស្របទិសដៅគ្នាជាមួយការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា​ ។