ភាសា

ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី និង ក្រុមហ៊ុនវីត្រាស់ អឹព្រេហ្សល ខូ អិលធីឌី ចុះហត្ថាលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីស្វែងរកដំណោះស្រាយវាយតម្លៃអចលនទ្រព្យសម្រាប់វិស័យហិរញ្ញវត្ថុ

កាលបរិច្ឆេទផ្សាយ: ថ្ងៃ​សុក្រ ឧសភា 28th, 2021

ភ្នំពេញ, ថ្ងៃទី​២៧ ​ខែឧសភា​ ឆ្នាំ២០២១, ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី (ស៊ីប៊ីស៊ី) និង ក្រុមហ៊ុនវីត្រាស់ អឹព្រេហ្សល​ ខូ អិលធីឌី ​(វីត្រាស់) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីស្វែងរក​កិច្ចសហប្រតិបត្តិការរវាង​ស្ថាប័នទាំង​ពីរ ទៅលើកិច្ចការដែលផ្តល់ជាប្រយោជន៍ទាំងសងខាង ពាក់ព័ន្ធទៅនឹងការវាយតម្លៃ​អចលនទ្រព្យ និង​ការ​គ្រប់​គ្រង​​ហានិភ័យ​ឥណទាន ដែល​អាច​ផ្តល់​អត្ថប្រយោជន៍ផ្ទាល់ទៅកាន់បុគ្គលអ្នក​ខ្ចី​ម្នាក់​ៗ ព្រមទាំងស្ថាប័ន​​​ផ្តល់​ប្រាក់កម្ចី​ទាំងអស់​ទូទាំងព្រះរាជាណាចក្រកម្ពុជា។

អនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបាន​ចុះហត្ថលេខាតាមរយៈប្រព័ន្ធអនឡាញដោយ លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន ស៊ីប៊ីស៊ី និងលោកវង្ស សុខាល ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនវីត្រាស់ ដោយមានវត្តមាន​របស់គណៈគ្រប់គ្រងរបស់ក្រុមហ៊ុនទាំងពីរផងដែរ។

អនុស្សរណៈនៃការយោគយល់គ្នានេះបានត្រួសត្រាយផ្លូវសម្រាប់ ស៊ីប៊ីស៊ី និង វីត្រាស់ក្នុងការរួមបញ្ចូល​គ្នានូវ​ចំណុចខ្លាំងរៀងៗ​ខ្លួន និងស្វែងរកឱកាសដែលមានវិសាលភាពក្នុងកម្រិត​វិស័យ​ទាំងមូល ដើម្បី​បំពេញតម្រូវការ​រស្ថាប័ន​ហិរញ្ញវត្ថុទាំងអស់ដែលជាសមាជិករបស់​ស៊ីប៊ីស៊ី​ ក្នុងការធ្វើការវាយតម្លៃហានិភ័យឥណទានយ៉ាងមានប្រសិទ្ធភាព និងទូលំទូលាយ នៅដំណាក់កាលស្នើសុំឥណទាន តាមរយៈការប្រើ​ប្រាស់ដំណោះស្រាយវាយតម្លៃអចលនទ្រព្យពី វីត្រាស់ បូករួមនឹង​របាយការណ៍ឥណទាន និងខេស្ករ ដែល​បច្ចុប្បន្ននេះ​សមាជិក​ទាំងអស់អាចទទួលបានពី ស៊ីប៊ីស៊ី។

សន្ទស្សន៍ឥណទានលក្ខណៈបុគ្គលសម្រាប់ត្រីមាសទីមួយក្នុងឆ្នាំ២០២១​ ដែលបានចេញផ្សាយ​ដោយ​ស៊ីប៊ីស៊ីថ្មីៗនេះ បង្ហាញថា​ ៥១,៧២% នៃ​ផលប័ត្រសមតុល្យឥណទានលក្ខណៈបុគ្គលសរុប គឺបាន​មកពី​​កម្ចីគេហដ្ឋាន។ ​ក្នុងរយៈពេល​ប៉ុន្មានឆ្នាំចុងក្រោយនេះ ទីផ្សាអចលនទ្រព្យមាន​សន្ទុះរីកចម្រើនគួរឲ្យកត់សម្គាល់ ជាមួយ​នឹង​តម្រូវការ និងការផ្គត់ផ្គង់ទៅលើកម្ចីគេហដ្ឋានក៍បានកើនឡើងដែរ។ បន្ថែមពីនេះទៀត នេះ​ក៏ជារឿង​ធម្មតាដែរ ក្នុងការ​យក​​ទ្រព្យបញ្ចាំជាអចលនទ្រព្យទៅប្រើប្រាស់ ដើម្បីទទួល​បានឥណទានលក្ខណៈបុគ្គល និងឥណទានលក្ខណៈក្រុមហ៊ុនផ្សេងៗផងដែរ។

លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិនៃស៊ីប៊ីស៊ី បានមានប្រសាសន៍ថា “យើងបាន​ចុះអនុស្សរណៈនៃការយោគយល់​គ្នានេះក្នុងគោល​បំណង​ស្វែង​រកសក្តានុពលនៃកិច្ចសហប្រតិបត្តិការ​ជាមួយវីត្រាស់ ដើម្បីធ្វើពិពិធកម្មផលប័ត្រដំណោះស្រាយរបស់យើងបន្ថែមទៀត ដើម្បីពង្រឹងតួនាទីរបស់យើងដែលជាហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុដ៍ចំបងមួយនៅប្រទេសកម្ពុជា ដែលអាចជួយដល់សមាជិកជាង ១៦៥នាក់ របស់យើងក្នុងការធ្វើការសម្រេច​ចិត្តតាមរយៈ​ទិន្នន័យយ៉ាងមានប្រសិទ្ធភាព។​ យើងបាន​បើកចំហរចំពោះភាពជាដៃគូរទិន្នន័យយុទ្ធសាស្រ្ត និងផលិតផល ដែលអាច​នាំយកមកនូវអត្ថប្រយោជន៍កាន់តែ​ធំទូលំទូលាយ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព​ទីផ្សារឥណទាន​ និងតម្លាភាពនៅក្នុងប្រទេស​កម្ពុជា។”

លោក វង្ស សុខាល ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនវីត្រាស់  បានមានប្រសាសន៍ថា “ដោយបទពិសោធន៍របស់អតិថិជនគឺមានសារៈសំខាន់បំផុតសម្រាប់ ប្រព័ន្ឋបច្ចេកវិទ្យា អ៊ីនឌីខេសិន ផ្លើស ភ្លេតហ្វម ដែលជាសេវាកម្មវាយតម្លៃទ្រព្យសម្បត្តិអនឡាញដែលអាចជឿទុកចិត្តបានបំផុតរបស់ វីត្រាស់ អឹព្រេហ្សល​ បានធ្វើឲ្យការចុះអនុស្សរណៈនៃការយោគយល់គ្នានេះត្រូវបានព្រមព្រៀងឡើងជាមួយស៊ីប៊ីស៊ី។ ការធ្វើសមាហរណកម្មរវាងរបាយការណ៍ឥណទានរបស់ស៊ីប៊ីស៊ី និងប្រព័ន្ឋបច្ចេកវិទ្យា អ៊ីនឌីខេសិន ផ្លើស ភ្លេតហ្វម របស់វីត្រាស់នឹងបើកទូលាយមិនត្រឹមតែការទទួលបានពត៌មានស្ថានភាពឥណទាន និងរបាយការណ៍ប្រវត្តិឥណទានតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ជូននូវសេវាកម្មវាយតម្លៃទ្រព្យសម្បត្តិដែលអាចជឿទុកចិត្តបាន រហ័ស សុវត្ថិភាព និងងាយស្រួលជាងមុនក្នុងកន្លែងតែមួយសម្រាប់សមាជិតស៊ីប៊ីស៊ីទាំងជាង ១៦៥ ដែលមានស្រាប់។ ជាមួយគ្នា ក្រុមហ៊ុនទាំងពីររបស់យើងមានគោលបំណងរួមគ្នាតែមួយ ដែលយើងនឹងប្រើដំណោះស្រាយបំពេញបន្ថែមដែលអាចផ្តល់លទ្ធភាពក្នុងការបំពេញតម្រូវការអតិថិជនរបស់យើងប្រកបដោយប្រសិទ្ធភាពនិងតម្លាភាព និងលើកកម្ពស់ទម្រង់វិជ្ជាជីវៈរបស់វិស័យរបស់យើង ក៍ដូចជាបំពេញតម្រូវការសហគមន៍ទាំងមូល និងតម្រូវការឥណទានរបស់ប្រជាជនក្នុងព្រះរាជាណាចក្រកម្ពុជា”។

 

អំពីក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (​ខេមបូឌា) ខូ អិលធីឌី​​(ស៊ីប៊ីស៊ី)  

ស៊ីប៊ីស៊ី គឺជាក្រុមហ៊ុន​ឈានមុខគេ ​ក្នុង​ការផ្តល់នូវ​សេវា​ព័ត៌​​មាន​​ហិរញ្ញវត្ថុ ឧបក​រណ៍​​​​វិភាគ​​ទិន្នន័យ និងរបាយការណ៍​ឥណទាន ទៅ​ដល់​​ស្ថាប័ន​ហិរញ្ញវត្ថុ​​ទាំង​អស់ និងអ្នកប្រើប្រាស់ទាំងអស់ នៅក្នុងប្រទេស​​កម្ពុជា។ ចាប់តាំង​ពីឆ្នាំ ២០១២ មក ស៊ីប៊ីស៊ី បាន​ជួយដល់​អតិថិជន និងសមាជិករបស់​ខ្លួន​​ទាំង​អស់ ​​ក្នុងការគ្រប់គ្រង​​​ហានិភ័យ និងធ្វើការ​សម្រេច​​ចិត្ត​​បាន​ឆាប់​រហ័សតាមរយៈសេវាកម្មដូចជា៖ របាយការណ៍ឥណទានផ្ទាល់ខ្លួន, របាយការណ៍ឥណទានក្រុមហ៊ុន, ខេ ស្ករ,​ សេវាវិភាគទិន្នន័យ, សេវាតាមដានឥណទាន,​ សេវាត្រួតពិនិត្យឥណទាន និងដំណោះស្រាយទិន្នន័យ តាមតម្រូវការ។ ស៊ីប៊ីស៊ីបាន​បម្រើទៅដល់​សមាជិកដែលជា​គ្រឹះស្ថានហិរញ្ញវត្ថុច្រើនជាង ១៦៥ ស្ថាប័ន ដូចជា៖ ធនាគារពាណិជ្ជ​ ធនាគារឯកទេស ស្ថាប័នទទួលប្រាក់បញ្ញើមីក្រូហិរញ្ញវត្ថុ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនភតិសន្យា និងស្ថាប័នឥណទានជនបទ។

 

អំពីក្រុមហ៊ុនវីត្រាស់ អឹព្រេហ្សល ​ខូ អិលធីឌី

ក្រុមហ៊ុនវីត្រាស់ អឹព្រេហ្សល គឺជាក្រុមហ៊ុនវាយតម្លៃឈានមុខគេមួយនៅកម្ពុជា ដែលបានកំពុងផ្តល់សេវាកម្មវាយតម្លៃអចលនទ្រព្យជូន អតិថិជន ស្ថាប័ននានាទាំងក្នុងស្រុក និងអន្តរជាតិ​ រួមទាំងស្ថាប័នហិរញ្ញវត្ថុ និង វិនិយោគិននៅក្នុងវិស័យលំនៅដ្ឋានពាណិជ្ជកម្ម និងវិស័យអចលនទ្រព្យនៅកម្ពុជា។ ជិត ២ ទស្សវត្ស ចាប់តាំងពីការបង្កើតក្រុមហ៊ុនក្នុងឆ្នាំ ២០០៤ មក យើងផ្តល់សេវាកម្មវាយតម្លៃតាមរយៈប្រព័ន្ឋបច្ចេកវិទ្យា

អ៊ីនឌីខេសិន ផ្លើស ភ្លេតហ្វម យ៉ាងទូលំទូលាយដល់ ស្ថាប័នហិរញ្ញវត្ថុ ក្រុមហ៊ុនវិនិយោគ ក្រុមហ៊ុនអចលនទ្រព្យ នាយកដ្ឋានរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល ក្រុមហ៊ុននានា ប្រកបដោយតម្លាភាព រហ័សទាន់ចិត្ត និងលក្ខណៈត្រឹមត្រូវ ដែលប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈជូនដល់អតិថិជន។