ភាសា

កិច្ចប្រជុំគណៈកម្មការការងារសមាជិក​លើកទីមួយឆ្នាំ ២០១៨

កាលបរិច្ឆេទផ្សាយ: ថ្ងៃ​ច័ន្ទ មិនា 26th, 2018

នាថ្ងៃទី២២ ខែមិនា ឆ្នាំ២០១៨ កន្លងទៅនេះ​ ការិយាល័យ​ឥណទានកម្ពុជា (ហៅកាត់ថាស៊ីប៊ីស៊ី) បានរៀបចំជួបប្រជុំ គណៈ​កម្មការ​​​ការងារ​​សមាជិក​លើកទីមួយ សំរាប់ឆ្នាំ ២០១៨ ​របស់ខ្លួន នៅសណ្ឋាគារ​ភ្នំពេញ​ ដោយ​មានតំណាង​​អញ្ជើញ​​មកពីគ្រប់ស្ថាប័ន​ហិរញ្ញវត្ថុ​ជាសមាជិក ផងដែរ។

ក្នុងកិច្ចប្រជុំលើកនេះ រួម​មានកិច្ចពិភាក្សារ​អំពីចំនុច​ដែលបានលើកឡើង កាលពីកិច្ចប្រជុំលើកមុន​ដើម្បីធ្វើសេចក្តីសំរេច​ជាផ្លូវការ និង  មានការបោះឆ្នោត​ជ្រើសតាំងប្រធាន និង​អនុគណៈ​កម្មការ​ការងារ​សមាជិក ដែលវាជាការបោះឆ្នោត​​រៀងរាល់​២ឆ្នាំម្តង។

ក្នុងការបោះឆ្នោត ប្រធានគណៈ​កម្មការ​ការងារ​​សមាជិក​​ដែល​នឹង​ចូលរួម​​ចំណែក ​ក្នុងការងារប្រតិបត្តិការ​គណៈកម្មការនេះ បាន​ទៅលើ​​លោក រុំ វណ្ណារ៉ា អញ្ជើញ​មកពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ក្រេឌីត ហើយអនុគណៈកម្មការ​ការងារសមាជិក បានទៅលើលោកស្រី ស្រ៊ាង ឡាលីន អញ្ជើញ​មកពីធនាគារ ស៊ីអាយអិមប៊ី។

គួរបញ្ជាក់ថា គណៈកម្មការការងារ​​សមាជិករបស់ស៊ីប៊ីស៊ី ​គឺជាក្រុម​ថ្នាក់ដឹកនាំ​​ចាត់​តាំង​​​ដ៏មាន​​ប្រសិទ្ធិភាព ​ក្នុងការទំនាក់​ទំនង ទៅកាន់អ្នកប្រើប្រាស់​ប្រចាំថ្ងៃ របស់យើង ហើយវាជា​មធ្យោបាយមួយ ដែលយើង​អាច​ធ្វើការ​​ទំនាក់​​ទំនង​ ដើម្បីផ្តល់​ព័ត៌មាន​ផ្សេងៗ ដល់​សមាជិក​ទាំងអស់ ទន្ទឹមនឹងនោះក៏ដើម្បីទទួលយកពត៌មានពីសមាជិកខ្លួនផងដែរ។

គណៈកម្មការនេះ ធ្វើការជួបប្រជុំគ្នារៀងរាល់ ៣ខែម្តង ដោយមាន​ការចូល​រួមពី​សមាជិកទាំងអស់។ ក្រុមថ្នាក់​ដឹកនាំចាត់​តាំងនេះ​បាន​​អនុវត្ត​យ៉ាង​ហ្មត់ចត់ និងប្រកបដោយគុណតម្លៃ ព្រមទាំង​ប្រសិទ្ធិភាព​​ខ្ពស់​សំរាប់សមាជិករបស់ស៊ីប៊ីស៊ី  ក៏ដូចជាវិស័យទាំងមូល ដោយផ្តល់​ឱកាស​​អោយ​យើង​អាច​​​កែសម្រួល​​លទ្ធផល​ ​អោយ​កាន់តែ​ប្រសើ​ឡើង​​ជាលំដាប់ តាម​រយៈ​​ការ​ផ្តល់​ឱកាស់​ដល់​​សមាជិក​​ទាំងអស់​​លើក​ឡើង​នូវកង្វល់ ការស្នើសុំ និងគំនិតផ្សេងៗ ដើម្បីផ្តល់​លទ្ធផល​ជាវិជ្ជមាន​ដល់​​សមាជិកគ្រប់ស្ថាប័ន។