ភាសា

វឌ្ឍនភាពចុងក្រោយបង្អស់នៅក្នុងព័ត៌មានឥណទានដើម្បីជំរុញបរិយាប័ន ហិរញ្ញវត្ថុនៅកម្ពុជា

កាលបរិច្ឆេទផ្សាយ: ថ្ងៃ​សុក្រ ឧសភា 3rd, 2019

រាជធានីភ្នំពេញ កម្ពុជា ថ្ងៃទី ៣ ខែ ឧសភា ឆ្នាំ ២០១៩​ — សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC) ដែល​គឺជា​សមាជិក​មួយ​នៃ​ក្រុម​ធនាគារ​ពិភពលោក និង ការិយាល័យ​ឥណទាន​កម្ពុជា (CBC) បាន​រួម​គ្នា​រៀបចំ​សិក្ខាសាលា​មួយ​នៅ​រាជធានីភ្នំពេញ​នា​ថ្ងៃនេះ ដើម្បី​ផ្សព្វផ្សាយ​វឌ្ឍនភាព​ចុងក្រោយ​នៅក្នុង​ការ​អភិវឌ្ឍ​ប្រព័ន្ធ​រាយការណ៍​ឥណទាន និង ឥទ្ធិពល​ដែល​អាច​មាន​នៃ​ប្រព័ន្ធ​នេះ​លើ​វិស័យ​ហិរញ្ញវត្ថុ​កម្ពុជា។

ព្រឹត្តិការណ៍ដែលមាន​ឈ្មោះថា ‘ពិនិត្យ​វាយតម្លៃ និង​ផ្សព្វផ្សាយ​ឲ្យ​បានកាន់​តែ​ស៊ីជម្រៅ’ ​នេះ​ត្រូវ​បាន​ចូលរួម​ដោយ​តំណាងជាង ១៥០ នាក់​មក​ពី​គ្រឹះស្ថានហិរញ្ញវត្ថុ ស្ថាប័ន​រាជរដ្ឋាភិបាល សមាគម​ធុរ​កិច្ច​និង​ពាណិជ្ជកម្ម ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ និង ដៃគូអភិវឌ្ឍន៍។

នៅក្នុងព្រឹត្តិការណ៍នេះ លោក​ជំទាវ ជា សេរី ជាប្រធានក្រុមប្រឹក្សាភិបាលនៃការិយាល័យ ឥណទាន កម្ពុជា និង ជាអគ្គនាយក​នៃ​ធនាគារជាតិ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា “ការិយាល័យ​ឥណទាន​កម្ពុជា​ទើប​តែ​បាន​ប្រកាស​ការ​ដាក់​ឲ្យ​ដំណើរការ​នូវ​ប្រព័ន្ធ​ព័ត៌មាន​ឥណទាននីតិបុគ្គល (ក្រុមហ៊ុន) កាលពី​ខែ ធ្នូ ឆ្នាំ ២០១៨។ នៅ​ពេល​ដែល​ព័ត៌មាន​ឥណទាននីតិបុគ្គល ដំណើរការ​ពេញលេញ វា​នឹងជួយ​គ្រឹះស្ថានហិរញ្ញវត្ថុ និង​ភាគីពាក់ព័ន្ធឲ្យ​ទទួល​បាន​នូវ​ព័ត៌មាន​ឥណទាន​ពេញលេញ​របស់​នីតិបុគ្គទាំងឡាយ ដែលដាក់​ពាក្យ​សុំ​ប្រាក់​កម្ចី​ពាណិជ្ជកម្មនៅក្នុង​ទីផ្សារ​នេះ។ ព័ត៌មាន​នីតិបុគ្គល (ក្រុមហ៊ុន)​ ក៏​មាន​សារៈ​សំខាន់​ផងដែរ​សម្រាប់​ឲ្យ​ធនាគារ​កណ្តាល​តាម​ដាន​មើល​ទីផ្សារ​ទាំងមូល ដើម្បី​រក្សា​ស្ថិរភាព​ហិរញ្ញវត្ថុ”។ លោក​ជំទាវ​បាន​បន្ថែម​ទៀត​ថា “សេវាកម្ម​ដែល​ផ្តល់​ដោយ​ការិយាល័យ​ឥណទាន​
កម្ពុជា មិន​មែន​បញ្ចប់​ត្រឹ​មតែ​ព័ត៌មាន​ឥណទាន​ប៉ុណ្ណោះទេ។ គណៈគ្រប់គ្រង បាន​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​រយៈពេល​វែង​មួយ ដែល​បាន​ទទួល​ការ​គាំទ្រ​រួចហើយ​ពី​ក្រុម​ប្រឹក្សាអភិបាល។ យើង​
ប្តេជ្ញា​ផ្តល់​ការ​គាំទ្រ​ជា​បន្ត​ជូន​ដល់​សមាជិក​របស់​យើង ដោយ​ផ្តល់​ជូននូវ​ដំណោះស្រាយ​ផ្សេងៗ​ជាច្រើន​ស្របតាម​តម្រូវការ​របស់​ពួកគេ។”

ការសិក្សា​ផល​ប៉ះពាល់​មួយ ដែល​ត្រូវ​បាន​ធ្វើ​ដោយ​ជំនាញការឯករាជ្យ​ផ្នែកព័ត៌មាន​ឥណទានមួយរូប​មកពី​អឺរ៉ុប ក៏ត្រូវ​បាន​ប​ង្ហាញ​ផងដែរ​នៅក្នុង​សិក្ខាសាលា​នេះ។ ការ​សិក្សា​នេះ​បញ្ជាក់​ផលប៉ះពាល់​វិជ្ជមាន​នៃ​ព័ត៌មានឥណទាន​លើ​សេដ្ឋកិច្ច​និង​សង្គម។ ផ្អែក​លើ​អង្កេត​នៅក្នុង​ការសិក្សា​នេះ ទិន្នន័យ​ព័ត៌មាន​ឥណទានមាន​ទម្ងន់ ៣៦ ភាគរយ​នៅក្នុង​ការ​សម្រេច​ផ្តល់​ប្រាក់​កម្ចី​បុគ្គល។ វា​ក៏កាត់​បន្ថយ​ផងដែរ​នូវ​ពេល​វេលា​ពិនិត្យ​មើល​ឯកសារ​សុំ​ប្រាក់​កម្ចីពី ៣២ ទៅ ៥៧ ភាគរយ​ជា​មធ្យម​ លើ​
លក្ខណៈវិនិច្ឆ័យ​ចំនួន​ប្រាំ​នៃឥណទាន បួន​ឆ្នាំ​ក្រោយ​ពេល​ដែល​ការិយាល័យ​ឥណទាន​បាន​ដំណើរការ។

លោក ខាយល៍ ខេលហូហ្វ័រ (Kyle Kelhofer) នាយកគ្រប់គ្រង​របស់សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC) ប្រចាំ​ប្រទេស​ប្រទេសកម្ពុជា ឡាវ និង វៀតណាម បាន​មាន​ប្រសាសន៍​ “យើង​​មាន​សេចក្តី​រីករាយ​ដែល​បាន​ជួយ​ក្នុង​ការ​បង្កើត និង​ឃើញការ​លូតលាស់​នៃ​ការិយា​ល័យ​ឥណទាន​កម្ពុជា។ របកគំហើញ​វិជ្ជមាន​នៃ​ការសិក្សា​ឯករាជ្យ​នេះ មាន​លក្ខណៈប្រសើរ​គួរ​ឲ្យ​កត់​សម្គាល់ និង​គប្បី​ជំរុញ​​​ការ​គាំទ្របន្ថែម​ទៀតដល់​ប្រព័ន្ធ​ព័ត៌មាន​ឥណទាននេះ”។ លោក​បាន​បន្ថែម​ទៀត​ថា “​ប្រព័ន្ធ​ព័ត៌មាន​ឥណទាន​នីតិបុគ្គល​ដែល​ទើប​តែ​ដាក់​ឲ្យ​ដំណើរការ​នេះ នឹងមាន​តម្លៃ​សម្រាប់​ការពង្រីក​​ហិរញ្ញវត្ថុ​
ធុរកិច្ច​នៅ​កម្ពុជាប្រកបដោយ​សុវត្ថិភាព​និង​បែបបរិយាប័ន​ ជាពិសេសសម្រាប់​សហគ្រាស​ធុន​តូច​និ​ង​មធ្យម។ យើង​នឹងសហការ​ជាមួយ​ដៃគូ​កម្ពុជា​ដើម្បី​ពង្រឹង​​ហេដ្ឋារចនាសម្ព័ន្ធ​ហិរញ្ញវត្ថុ​របស់​ប្រទេសបន្ថែមទៀត​។ ប្រព័ន្ធ​ហិរញ្ញវត្ថុ​ចលនទ្រព្យ​ប្រកបដោយ​ប្រសិទ្ធភាព​ ប្រព័ន្ធ​ព័ត៌មាន​
ឥណទានដ៏​ពេញលេញ​ និង របប​ក្ស័យធន​ប្រកបដោយ​ប្រសិទ្ធភាព​ ​មានភាព​ចាំបាច់​ដើម្បី​ជំរុញ​ការអភិវឌ្ឍ​ផ្នែក​ឯកជន និង​លើក​ស្ទួយ​ភាព​ប្រកួត​ប្រជែង​នៃ​សេដ្ឋកិច្ច​កម្ពុជា។”

កម្មវិធី​ផ្តល់​ប្រឹក្សា​របស់​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC) ស្តីពី​ព័ត៌មាន​ឥណទាន​​បាន​គាំទ្រ​ដោយ​
រដ្ឋាភិបាល​ជប៉ុននិង​កាណាដា និង រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​សេដ្ឋកិច្ច​ (SECO) នៃ​ប្រទេស​ស្វីស។

តាំងពី​ឆ្នាំ ១៩៩៧ មក សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC) បាន​វិនិយោគ និង​កៀរគរ​បាន​ជាង ៩៥០ លាន​ដុល្លារ​នៅ​កម្ពុជា ដោយ​ផ្តោត​លើ​សេវា​ផ្នែក​ហិរញ្ញវត្ថុ អប់រំ ហេដ្ឋារចនាសម្ព័ន្ធ និង​កសិធុរកិច្ច។ តាំងពីឆ្នាំ ២០១៤ មកក្រុម​ផ្តល់​ប្រឹក្សា​នៃសាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC) បានធ្វើ​ការ​ជា​មួយ​ការិយាល័យ​ឥណទាន​កម្ពុជា លើ​ការ​អភិវឌ្ឍ​ការព័ត៌មាន​ឥណទាន​នីតិបុគ្គល (ក្រុមហ៊ុន) និង ដើម្បី​ជួយ​សម្រួល​ការ​ទទួល​បាន​ហិរញ្ញវត្ថុ​ឲ្យ​បាន​កាន់​តែ​ប្រសើរ​ឡើង​សម្រាប់​សហគ្រាស​ចុះ​បញ្ជី។​ សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC) ក៏​កំពុង​ជួយ​ផងដែរ​ជាមួយ​ការ​អភិវឌ្ឍរបប​ការពារ​អ្នក​ប្រើ​ប្រាស់​សេវា​ហិរញ្ញវត្ថុ​នៅ​កម្ពុជា។

អំពី​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC)

សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC) ដែល​គឺជាស្ថាប័ន​បុត្រសម្ព័ន្ធ​មួយ​នៃ​ធនាគារ​ពិភពលោក និង​គឺជាសមាជិក​មួយ​នៃ​ក្រុម​ធនាគារ​ពិភពលោក គឺជា​គ្រឹះស្ថាន​អភិវឌ្ឍន៍​ធំបំផុត​លំដាប់​ពិភពលោក ដែល​ផ្តោ​ត​លើ​ផ្នែក​ឯកជន​នៅក្នុង​ទីផ្សារ​ថ្មីៗ។ យើង​សហការ​ជាមួយ​ធុរកិច្ច​ជាង ២,០០០ ក្នុង​ពិភពលោក ដោយ​ប្រើ​មូលធន ឯកទេស និង ឥទ្ធិពល​របស់​យើង ដើម្បី​បង្កើត​ទីផ្សារ​និង​កាលា​នុវត្តភាព នៅតាម​តំបន់​លំបាក​បំផុត​នានា​នៃ​ពិភពលោក។ ក្នុង​ឆ្នាំហិរញ្ញវត្ថុ ២០​១៨ យើង​បាន​ផ្តល់​ហិរញ្ញប្បទាន​រយៈពេលវែង​ចំនួន ២៣ ប៊ីលាន​ដុល្លារ ជូន​ប្រទេស​កំពុង​អភិវឌ្ឍ ដោយ​ជំរុញ​ឥទ្ធិពល​របស់​ផ្នែក​ឯកជន​ដើម្បី​ជួយ​បញ្ចប់​ភាព​ក្រីក្រ​ និង បង្កើន​វិបុភាពរួម។ ដើម្បី​ព័ត៌មាន​បន្ថែម សូម​មើល www.ifc.org

អំពី​ការិយាល័យ​ឥណទាន​កម្ពុជា

ការិយាល័យ​ឥណទាន​កម្ពុជា គឺ​ជា​ក្រុមហ៊ុន​ឈាន​មុខ​គេ ​ក្នុង​ការ​ផ្តល់​នូវ​សេវា​ព័ត៌​មាន​ហិរញ្ញវត្ថុ ឧបក​រណ៍​វិភាគ​ទិន្នន័យ និង របាយការណ៍​ឥណទាន ​ជូន​ធនាគារ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុន​ភតិសន្យា ប្រតិបត្តិករ​ឥណទាន និង អ្នក​ប្រើ​ប្រាស់​នៅ​ព្រះរាជាណាចក្រ​កម្ពុជា។

ការិយាល័យ​ឥណទាន​កម្ពុជា​បាន​ដំណើរការ​តាំងពី​ខែ មីនា ឆ្នាំ ២០១២ ដោយ​មាន​ការជ្រោម​ជ្រែង​ពី​ធនាគារ​ជាតិ​នៃ​កម្ពុជា សមាគម​ធនាគារ​នៅ​កម្ពុជា (ABC) សមាគម​មីក្រូហិរញ្ញ​វត្ថុ​កម្ពុជា (CMA) និង សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC)។ ការិយាល័យ​ឥណទាន​កម្ពុជា ក៏ជួយលើក​ស្ទួយ​សេ្ថរ​ភាព​ហិរញ្ញវត្ថុផងដែរ តាម​រយៈ​ការផ្តល់​នូវ​ទិន្នន័យ​ដែល​ត្រឹមត្រូវ និង រហ័ស​ទាន់​ចិត្ត​ជូន​អតិថិជន និង វិស័យ​ហិរញ្ញវត្ថុ​ទាំង​មូល ​ដែល​ជួយ​ពួកគេ​ក្នុង​ការ​គ្រប់គ្រង​រា​ល់​ទិដ្ឋភាព​ហិរញ្ញវត្ថុនៃ​ធុរកិច្ច​ពួកគេ។ ការិយាល័យ​ឥណទាន​កម្ពុជា​ជួយ​ឲ្យធុរកិច្ច​អាច​គ្រប់​គ្រង​ហានិភ័យ​ឥណទាន ទប់ស្កាត់​ការ​លួច​បន្លំ និង ជួយធ្វើការសម្រេច​ចិត្ត​បាន​លឿន។ ការិយាល័យ​ឥណទាន​កម្ពុជា​ ក៏ជួយផងដែរ​ដល់អតិថិជន​ទូទៅ​ ក្នុងការពិនិត្យ​មើល​របាយ​ការណ៍​ឥណទាន​របស់​ខ្លួន ​ដើម្បីធានាបាន​ថា​ពួកគេអាច​ទទួល​បាន​ឥណទាន និង​ហិរញ្ញវត្ថុ និង ដើម្បី​ការ​ការពារ​ខ្លួន​ពីការ​លួច​បន្លំ​អត្ត​សញ្ញាណ​។

ការិយាល័យ​ឥណទាន​កម្ពុជា គឺជា​ក្រុមហ៊ុន​​បណ្តាក់​ទុន​រួមគ្នា​​មួយ​រវាង​ក្រុមហ៊ុនក្រេឌីតប្យូរ៉ូ​ហូលឌិញក​ម្ពុជា ​(Credit Bureau Holding Cambodia) (ដែល​តំណាង​ដោយ ABC និង CMA) និង ក្រុមហ៊ុន Equifax Cambodia Holdings Pte Limited​ (ECH) ដែល​​បាន​បោះជំហា​ន​ឈាន​មុខគេ​ជាសាកល​ក្នុង​ប្រតិបត្តិការ​របស់​ការិយាល័យ​ឥណទាន។ ECH គឺជា​ក្រុមហ៊ុន​សាជីវកម្ម​សឹង្ហបុរី​មួយ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ជា​​ក្រុមហ៊ុន​​បណ្តាក់ទុន​រួម​គ្នា​មួយរវាង​ក្រុមហ៊ុន Asia Credit Bureau Holdings Pte Ltd (ACB) ដែល​គឺជា​ក្រុមហ៊ុន​មួយមាន​​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហបុរី និង ក្រុមហ៊ុន Equifax (សហរដ្ឋអាមេរិក)។

ដើម្បីទាញយកឯកសារនៅក្នុងកម្មវិធីខាងលើ សូមចុចលើតំណ https://bit.ly/2XYP9IU