ភាសា

សន្និសិទសារព័ត៌មានស្តីអំពីកិច្ចសហប្រតិបត្តិការលើការផ្តល់សេវាត្រួតពិនិត្យសុខភាពហិរញ្ញវត្ថុរវាងការិយាល័យឥណទានកម្ពុជា (ស៊ីប៊ីស៊ី) និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី

កាលបរិច្ឆេទផ្សាយ: ថ្ងៃ​សុក្រ កុម្ភៈ 15th, 2019

Press Conference

ភ្នំពេញ ថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០១៩: នៅថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០១៩ វេលាម៉ោង២រសៀល នៅទីស្នាក់ការ        កណ្តាលនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី មានការរៀបចំសន្និសិទសារព័ត៌មានស្តីអំពីកិច្ខសហប្រតិបត្តិការលើការផ្តល់សេវាត្រួតពិនិត្យសុខភាពហិរញ្ញវត្ថុ រវាងការិយាល័យឥណទានកម្ពុជា (ស៊ីប៊ីស៊ី) និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី បន្ទាប់ពីការចុះអនុស្សារណយោគយល់គ្នារវាងស្ថាប័នទាំងពីរ ក្នុងការដាក់អោយដំណើរការសេវានេះនៅតាមសាខារបស់អេអឹមខេ ចាប់ពីថ្ងៃទី២ ខែមករា ឆ្នាំ ២០១៩ តទៅ។

សន្និសិទសារព័ត៌មាននេះ មានការចូលរួមពី លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិនៃការិយាល័យឥណទានកម្ពុជា លោក គា បូរាណ ប្រធាននាយកប្រតិបត្តិនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី ថ្នាក់ដឹកនាំជាន់ខ្ពស់នៃស្ថាប័នទាំងពីរ និង អ្នកសារព័ត៌មាននៅកម្ពុជា។

លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិនៃការិយាល័យឥណទានកម្ពុជា បានមានប្រសាសន៍ថា “ក្នុងរយៈពេលជាង៦ឆ្នាំនៃប្រតិ​បត្តិការ ស៊ីប៊ីស៊ីបានចាប់ផ្តើម និង​ផ្តោតចំបងជាមួយនឹងរបាយការណ៍ឥណទានអតិថិជន ដែលអនុញ្ញាតអោយសមាជិករបស់យើងអាចស្វែងយល់ពីអតិថិជនរបស់ពួកគេកាន់តែច្បាស់ និង ធ្វើការសម្រេចចិត្តលើការផ្តល់ឥណទានប្រកបដោយប្រសិទ្ធិភាព និង ទំនួលខុសត្រូវ។ បន្ថែមពីលើនេះ ប្រព័ន្ធនេះក៏បានជួយដល់អតិថិជនទូទៅ ក្នុងការស្នើសុំនិងស្វែងយល់អំពីព័ត៌មានឥណទានរបស់ពួកគេអោយកាន់តែប្រសើរឡើង ដែលនឹងជួយពួកគេក្នុងការត្រៀមខ្លួនសម្រាប់ការស្នើសុំកម្ចី។ មិនតែប៉ុណ្ណោះ ប្រព័ន្ធនេះក៏ចូលរួមចំណែកដល់ស្ថេរភាពនៃវិស័យហិរញ្ញវត្ថុ និង​ សេដ្ឋកិច្ចផងដែរ។”។

លោកបន្តថា “ដោយមើលឃើញពីសារសំខាន់នៃរបាយការណ៍ឥណទានចំពោះប្រជាជនកម្ពុជា​ និង ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាជនដែលរស់នៅតាមបណ្តាខេត្ត​ ទើបការិយាល័យឥណទានកម្ពុជាបានពង្រីកសេវាត្រួតពិនិត្យសុខភាពហិរញ្ញវត្ថុ ដោយធ្វើកិច្ចសហប្រតិបត្តិអាជីវកម្មជាមួយដៃគូយុទ្ធសាស្រ្ត គឺ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី ដែលមានសាខាជាង១៥០ ទូទាំងប្រទេស ក្នុងការផ្តល់សេវាកម្មនេះ ដោយជំហ៊ានដំបូងយើងដាក់អោយដំណើរការនៅតាមសាខារបស់អេអឹមខេ ចំនួន៥ ហើយគ្រោងនឹងពង្រីកទូទាំងប្រទេសនៅបំណាច់ឆ្នាំ២០១៩​នេះ។”

សេវាត្រួតពិនិត្យសុខភាពហិរញ្ញវត្ថុ គឺជាសេវាកម្មមួយរបស់ ស៊ីប៊ីស៊ី ដែលអនុញ្ញាតឲ្យប្រជាពលរដ្ឋទូទៅ អាចពិនិត្យមើលរបាយការណ៍ឥណទាន  ឬ លទ្ធភាពក្នុងការប្រើប្រាស់ឥណទាន ដោយខ្លួនឯងតាមរយៈភ្នាក់ងារដៃគូយុទ្ធសាស្ត្រ របស់ស៊ីប៊ីស៊ី។ ដើម្បីប្រើប្រាស់សេវាកម្មនេះ អតិថិជនគ្រាន់តែយកអត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែនច្បាប់ដើមនិងមានសុពលភាព ហើយអញ្ជើញទៅកាន់សាខាទាំង៥របស់គ្រឹះស្ថានមីក្រូហិញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី ដូចជា ទីស្នាក់ការកណ្តាល​ សាខាខណ្ឌពោធិ៍សែនជ័យ សង្កាត់ចោមចៅ៣ សាខាខេត្តកំពង់ចាម សាខាខេត្តកណ្តាល និងសាខាខេត្តសៀមរាប ។

លោក គា​ បូរាណ ប្រធាន​នាយក​ប្រតិបត្តិ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី មាន​ប្រសាសន៍​ថា “ អេ អឹម ខេ មាន​ក្តី​សោមនស្ស​រីករាយ ដោយ​បាន​ចាប់​ដៃគូ​សហប្រតិបត្ដិការ​ជា​មួយការិយាល័យឥណទានកម្ពុជា (ស៊ីប៊ីស៊ី) ក្នុង​ការ​បម្រើ​សេវាត្រួតពិនិត្យសុខភាពហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជាអោយបានរឹតតែទូលំទូលាយ តាម​រយៈការស្នើសុំត្រួតពិនិត្យរបាយការណ៍ឥណទានផ្ទាល់ខ្លួននៅតាមសាខានៃ​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ។ បច្ចុប្បន្ន អេ អឹម ខេ បានផ្តល់សេវាទៅដល់អតិថិជនជាង ៧៦ ម៉ឺននាក់ និង មានសាខាគ្រប់ដណ្តប់គ្រប់ស្រុកនិងឃុំ ទូទាំងប្រទេស។ ដូច្នេះសេវាហិរញ្ញវត្ថុមួយនេះនឹងជួយដល់អតិថិជនក្នុងការស្វែងយល់ពីស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួន លើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងត្រៀមខ្លួនរួចរាល់ប្រកបដោយការទទួលខុសត្រូវក្នុងការទទួលបានប្រាក់កម្ចីពីស្ថាប័នហិរញ្ញវត្ថុ។”

ចាប់ដំណើរការជាផ្លូវការនៅឆ្នាំ ២០១២ ស៊ីប៊ីស៊ីបានបម្រើដល់សមាជិក និង អតិថិជនជាមួយនឹងសេវាកម្មស្នូលគឺរបាយការណ៍ឥណទានអតិថិជន។ ប្រព័ន្ធនេះបានចូលរួមចំណែកជាប្រយោជន៍យ៉ាងច្រើនដល់ភាគីពាក់ព័ន្ធ រួមមានប្រជាជន ស្ថាប័នហិរញ្ញវត្ថុ និង វិស័យហិរញ្ញវត្ថុ។

អំពីការិយាល័យឥណទានកម្ពុជា (ស៊ីប៊ីស៊ី)

ការិយាល័យឥណទានកម្ពុជាជាក្រុមហ៊ុនឈានមុខគេក្នុងការផ្ដល់ព័ត៌មានឥណទាន ឧបករណ៍​វិភាគ និងរបាយការណ៍​ឥណទានជូនដល់ ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនភតិសន្យា គ្រឹះស្ថានឥណទាន​ជនបទ និងអ្នកប្រើប្រាស់នានាក្នុងព្រះរាជាណាចក្រកម្ពុជា។​ គិតត្រឹមខែមករាឆ្នាំ២០១៩ ស៊ីប៊ីស៊ីមានសមាជិកចំនួន១៦០ស្ថាប័ន។

ស៊ីស៊ីប៊ីស៊ី ត្រូវបានបង្កើតឡើងក្នុងខែមីនា ឆ្នាំ​២០១២ ដោយមានការគាំទ្រពីធនាគារជាតិនៃកម្ពុជា (NBC) សមាគមធនាគារនៃកម្ពុជា (ABC) សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងក្រុមប្រឹក្សាហិរញ្ញវត្ថុអន្តរជាតិ (IFC)។

ស៊ីប៊ីស៊ី ជំរុញឲ្យលំនឹងសេដ្ឋកិច្ចកាន់តែប្រសើរឡើងដោយផ្ដល់ទិន្នន័យទាន់ហេតុការណ៍និងត្រឹមត្រូវដល់អ្នកប្រើប្រាស់ និងឧស្សាហកម្មដែលជួយក្នុងការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុនៃធុរកិច្ចរបស់ពួកគេ។ យើងជួយធុរកិច្ចក្នុងការគ្រប់គ្រងហានិភ័យនៃឥណទាន ការពារការក្លែងបន្លំ និងការធ្វើសេចក្ដីសម្រេចចិត្តដោយស្វ័យប្រវត្តិ។ ស៊ីប៊ីស៊ី ក៏ជួយបុគ្គលប្រើប្រាស់ក្នុងការត្រួតពិនិត្យរបាយការណ៍ឥណទានរបស់ពួកគាត់ដើម្បីធានាថាពួកគាត់អាចទទួលបានប្រាក់កម្ចី និងហិរញ្ញវត្ថុ និងការពារខ្លួនពីការក្លែងបន្លំអត្តសញ្ញាណ។

អំពីគ្រឹះស្ថានមីក្រូហិញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី

អេ អឹម ខេ គឺជា​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលឈានមុខគេ​លើវិសាលភាព​ប្រតិ​បត្តិការ និងចំនួនអតិថិជន​ប្រាក់កម្ចី។ គិតត្រឹម​​ខែ​ធ្នូ ឆ្នាំ២០១៨ អេ អឹម​ ខេ មានអតិថិជនសរុបចំនួនជាង ៧៦ ម៉ឺននាក់ ជាមួយនឹង​ផល​ប័ត្រ​​ប្រាក់​កម្ចីជាង ២៥២ លាន​​ដុល្លារ​អា​មេ​រិក  និងប្រាក់​បញ្ញើជាង ១៦០ លានដុល្លារអាមេរិក មានការិយាល័យ​ប្រតិ​បត្តិការ​ចំនួន ១៥០កន្លែង និង​មានភ្នាក់ងារ​ជាង​​ ៤.០០០ កន្លែងនៅ​ទូទាំង​​​ប្រទេស។  អេ អឹម ខេ មានផលិតផល និងសេវា​កម្ម​​​ជាច្រើនកំពុង​ផ្តល់ជូន​អតិថិជន​ដូចជា៖  សេ​​វា​ប្រាក់កម្ចី  ប្រាក់សន្សំ  សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស សេវាទូទាត់វិក្កយបត្រ  ធានារ៉ាប់រង​ខ្នាត​តូច ភ្នាក់ងារ​ចល័ត  សេវា​បើក​​ប្រាក់​បៀវត្សរ៍  ម៉ាស៊ីនដក និង​ដាក់​​ប្រាក់​ដោយ​ស្វ័យប្រវត្តិ។