ភាសា

សក្ខាសាលា លើកកម្ពស់ការ​យល់ដឹង អំពីការិយាល័យ​ឥណទាន

កាលបរិច្ឆេទផ្សាយ: ថ្ងៃ​អាទិត្យ មករា 29th, 2017

នៅ​ថ្ងៃ​ទី​២១ -​២២ ខែឧសភា ឆ្នាំ២០១៥ ការិយាល័យ​ឥណទាន​កម្ពុជា (CBC) សហការ​ជាមួយ​សាជីវកម្ម​ហិរញ្ញវត្ថុ​​អន្តរ​ជាតិ (IFC) បាន​រៀបចំ​សិក្ខាសាលា​ចំនួន​ពីរ ​ដើម្បី​លើក​កម្ពស់​ការ​យល់ដឹង​ពី​ការិយាល័យ​ឥណទាន នៅ​សណ្ឋាគារ​អ៊ីនធើ​កុងទីណុងតាល់ ក្នុង​ទីក្រុង​ភ្នំពេញ​។

គោលបំណង​នៃ​សិក្ខាសាលា​នេះ​ គឺ​ដើម្បី​ផ្តល់​ព័ត៌មាន​ស៊ីជម្រៅ​ស្តីពី​ប្រតិបត្តិការ​ នៃ​ការិយាល័យ​​ឥណទាន​កម្ពុជា អត្ថប្រយោជន៍​ក្នុង​ការ​ចូលរួម​ ជា​សមាជិក​របស់​ការិយាល័យ​ឥណទាន និង​​គោលការណ៍​ រួមទាំង​បទបញ្ញត្តិ​​ផ្សេងៗ​ដែល​ទាក់ទង​។

អ្នកចូលរួម​សរុប​មាន​ចំនួន ១២២នាក់ មក​ពី​អង្គការ​ក្រៅរដ្ឋាភិបាល ហាង​ទទួលបញ្ចាំ ក្រុមហ៊ុន​ធានា​​រ៉ាប់រង អ្នកផ្តល់​សេវា​ទឹកភ្លើង និង​អ្នកផ្តល់​សេវា​អ៊ីនធើណិត បាន​ចូលរួម​សិក្ខាសាលា​នេះ​។ សិក្ខា​សាលា​បាន​ចាប់ផ្តើម​ដោយ​មតិស្វាគមន៍​ពីលោក ម៉ិល សុគីម មន្ត្រីប្រតិបត្តិ មកពី​សាជីវកម្ម​ហិរញ្ញវត្ថុ​​អន្តរជាតិ​។ បន្ទាប់មក​លោក ច្រឹក សុធា ប្រធាន​នាយក​ប្រតិបត្តិការ នៃ​ការិយាល័យ​​ឥណទាន​កម្ពុជា បាន​ធ្វើ​បទបង្ហាញ​ពីទិដ្ឋភាព​ទូទៅ ​នៃ​ការិយាល័យ​​ឥណទាន​កម្ពុជា​។ លោក ភីតធឺ ដូក្លាស សៀរីន ទីប្រឹក្សា​នៃ​ការិយាល័យ​ឥណទាន និង​គ្រប់គ្រង​ហានិភ័យ របស់​សាជីវកម្ម​ហិរញ្ញវត្ថុ​​អន្តរជាតិ សម្រាប់​កម្មវិធី​ការិយាល័យ​​ឥណទាន​ពិភពលោក ក៏បាន​បកស្រាយ​ការស្រាវជ្រាវ​​អំពី​អត្ថប្រយោជន៍ ​នៃ​​របាយការណ៍​ឥណទាន​។ សិក្ខាសាលា​បាន​បញ្ចប់​ជាមួយ​នឹង​បទបង្ហាញ​ស្តីពី​តម្លៃ និង​អត្ថប្រយោជន៍​​ក្នុង​ការ​ចូលរួម​ជាមួយ​​ការិយាល័យ​ឥណទាន​កម្ពុជា ដោយ​លោក អឿ សុធារ័ត្ន នាយក​អភិវឌ្ឍន៍​អាជីវកម្ម នៃ​ការិយាល័យ​​​ឥណទាន​កម្ពុជា​។