ភាសា

ក្រេឌីតប្យួរ៉ូ (ខេមបូឌា) ខូអិលធីឌី និង ធនាគារស្ថាបនាភីអិលស៊ី ចុះកិច្ចព្រមព្រៀងភាពជាដៃគូឌីជីថល ដើម្បីធ្វើឱ្យសេវាត្រួតពិនិត្យសុខភាពហិរញ្ញវត្ថុអាចប្រើប្រាស់បានកាន់តែទូលំទូលាយសម្រាប់ប្រជាពលរដ្ឋកម្ពុជា

កាលបរិច្ឆេទផ្សាយ: ថ្ងៃ​អង្គារ មិថុនា 22nd, 2021

ភ្នំពេញ, ២២ មិថុនាមិថុនា ២០២១ — ធនាគារស្ថាបនា និងក្រុមហ៊ុនក្រេឌីត​ប្យួរ៉ូ​ (ខេមបូឌា) ខូអិលធីឌី (ស៊ីប៊ីស៊ី) បានប្រកាសបើកដំណើរការភាពជាដៃគូឌីជីថលដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជនរបស់ធនាគារដើម្បីធ្វើការត្រួតពិនិត្យសុខភាពហិរញ្ញវត្ថុដោយផ្ទាល់តាមរយៈSathapana Mobile គ្រប់ពេលគ្រប់ទីកន្លែង។

ភាពជាដៃគូឌីជីថលនេះ គឺជាដៃគូលើកដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជាដើម្បីពង្រឹងបន្ថែមទៀតនូវការប្តេជ្ញាចិត្តរបស់ស្ថាប័នទាំងពីរក្នុងការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ បរិយាប័នហិរញ្ញវត្ថុ និងធ្វើឲ្យប្រសើរឡើងនូវការគ្រប់គ្រងហានិភ័យឥណទាននៅក្នុងឧស្សាហកម្មហិរញ្ញវត្ថុនៅកម្ពុជា។

របាយការណ៍ឥណទានរបស់អ្នកខ្ចីប្រាក់ គឺជាកំណត់ត្រាមួយនៃប្រវត្តិទូទាត់សងឥណទានរបស់ពួកគេ ដែលប្រមូលបានមកពីបណ្តាធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផ្សេងៗ។ ជាធម្មតាអ្នកផ្តល់ប្រាក់កម្ចីនឹងពិនិត្យមើលរបាយការណ៍ឥណទានដើម្បីវាយតម្លៃពីលទ្ធភាពនៃការទទួលបានឥណទានរបស់អ្នកខ្ចី។ ដូច្នេះវាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការត្រួតពិនិត្យរបាយការណ៍ឥណទានរបស់អ្នកអោយបានទៀងទាត់ដើម្បីរក្សាស្ថានភាពហិរញ្ញវត្ថុអោយមានភាពល្អប្រសើរ និងធានាបាននូវភាពត្រឹមត្រូវនៃព័ត៌មានឥណទាន។  ម្យ៉ាងទៀត អ្នកក៏អាចប្តឹងតវ៉ាជាមួយស៊ីប៊ីស៊ីផងដែរ បើសិនជាមានព័ត៌មានមិនត្រឹមត្រូវណាមួយនៅក្នុងរបាយការណ៍ឥណទានរបស់ខ្លួន។

ក្នុងជំហានសាមញ្ញៗ អតិថិជនរបស់ធនាគារស្ថាបនាអាចដាក់សំណើរសុំរបាយការណ៍ឥណទានរបស់ខ្លួនទៅកាន់ CBC តាមរយៈសំណុំបែបបទបំពេញស្វ័យប្រវត្តិនៅក្នុងកម្មវិធីទូរសព្ទចល័តរបស់ស្ថាបនា (Sathapana Mobile) ។  បន្ទាប់ពីការផ្ទៀងផ្ទាត់រួច CBC នឹងផ្ញើរបាយការណ៍ឥណទានដល់អតិថិជន។  សម្រាប់អ្នកដែលមិនទាន់ក្លាយជាអតិថិជនរបស់ធនាគារស្ថាបនា ការត្រួតពិនិត្យសុខភាពហិរញ្ញវត្ថុក៏នៅតែអាចធ្វើទៅបានដោយការទាញយកកម្មវិធីទូរស័ព្ទចល័តរបស់ស្ថាបនា ដើម្បីបើកគណនីអនឡាញភ្លាមៗ ។

លោក ហ្វុង ខាយជីន ដែលជាប្រធាននាយកប្រតិបត្តិរបស់ធនាគារស្ថាបនា បានមានប្រសាសន៍ថា៖ “ធនាគារស្ថាបនាមានកិត្តិយសនិងក្តីសោមនស្សរីករាយក្នុងការធ្វើសហប្រតិបត្តិការជាមួយស៊ីប៊ីស៊ី ដើម្បីផ្តល់សេវាត្រួតពិនិត្យសុខភាពហិរញ្ញវត្ថុដល់ប្រជាពលរដ្ឋកម្ពុជា តាមរយៈកម្មវិធី  Sathapana Mobile ដែលមានលក្ខណៈរហ័ស និងងាយស្រួលជាងមុនយ៉ាងច្រើន ដោយជម្រុះចោលនូវដំណើរការបែបបុរាណដែលត្រូវប្រើពេលវេលាច្រើន។  នេះគឺជាសក្ខីភាពមួយនៃការប្តេជ្ញាចិត្តចំពោះតួនាទីឈានមុខរបស់ធនាគារនៅក្នុងការធ្វើប្រតិបត្តិការធនាគារឌីជីថល នៅក្នុងព្រះរាជាណាចក្រកម្ពុជា។”

លោក ​អឿ សុធារ័ត្ន ដែលជាប្រធាននាយកប្រតិបត្តិរបស់ស៊ីប៊ីស៊ី បានមានប្រសាសន៍ថា៖ “ស៊ីប៊ីស៊ីពេញចិត្តធ្វើជាដៃគូជាមួយធនាគារស្ថាបនា ដើម្បីផ្តល់ឱ្យអតិថិជនទាំងអស់របស់ធនាគារស្ថាបនានូវភាពងាយស្រួលក្នុងការចូលប្រើសេវាត្រួតពិនិត្យសុខភាពឥណទានស៊ីប៊ីស៊ី តាមរយៈកម្មវិធីប្រតិបត្តិការធនាគារលើទូរសព្ទចល័ត(Mobile Banking App)។ កម្មវិធីនេះ នឹងអនុញ្ញាតឱ្យអតិថិជនរបស់ធនាគារស្ថាបនានៅទូទាំងប្រទេសអាចស្នើសុំរបាយការណ៍ឥណទានបាន ដោយប្រើស្មាតហ្វូនរបស់ខ្លួន។ បន្ថែមពីលើនេះ  លោកបានសង្កត់ធ្ងន់ថា  នេះគឺជាគំនិតផ្តួចផ្តើមមួយសម្រាប់ការធ្វើឌីជីថលូបនីយកម្មនៃសេវាកម្មបម្រើអតិថិជនរបស់ស៊ីប៊ីស៊ី  ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ និងការខ្ចីប្រាក់ប្រកបដោយទំនួលខុសត្រូវរបស់ប្រជាពលរដ្ឋកម្ពុជា។”

 

 

អំពីក្រេឌីតប្យួរ៉ូខេមបូឌា (ស៊ីប៊ីស៊ី)

ក្រេឌីតប្យួរ៉ូខេមបូឌា (ស៊ីប៊ីស៊ី) គឺជាក្រុមហ៊ុនឈានមុខគេក្នុងការផ្តល់សេវាព័ត៌មានហិរញ្ញវត្ថុ  សេវាវិភាគទិន្នន័យ និងសេវាធ្វើរបាយការណ៍ឥណទាន ទៅដល់ស្ថាប័នហិរញ្ញវត្ថុ និងអតិថិជនទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ គិតពីឆ្នាំ២០១២មក ស៊ីប៊ីស៊ី បាននិងកំពុងចូលរួមជួយអតិថិជនក្នុងការគ្រប់គ្រងហានិភ័យនិងរង្វាន់នៃការសម្រេចចិត្តផ្នែកពាណិជ្ជកម្មនិងហិរញ្ញវត្ថុ តាមរយៈកញ្ចប់ដំណោះស្រាយមួយ៖  របាយការណ៍ឥណទានអតិថិជន  របាយការណ៍ឥណទានពាណិជ្ជកម្ម  ខេស្ករ  របាយការណ៍វិភាគទិន្នន័យ  សេវាតាមដានឥណទាន  សេវាត្រួតពិនិត្យឥណទាន និងដំណោះស្រាយតាមតម្រូវការ។ ស៊ីប៊ីស៊ី បម្រើឱ្យបណ្តុំសមាជិកដែលមានជាង ១៦៥ ស្ថាប័នហិរញ្ញវត្ថុ រាប់បញ្ចូលទាំងធនាគារពាណិជ្ជកម្ម  ធនាគារឯកទេស  គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ  ក្រុមហ៊ុនភតិសន្យា និងប្រតិបត្តិករឥណទានជនបទ។

 

អំពីធនាគារស្ថាបនា

ធនាគារស្ថាបនា គឺជាធនាគារពាណិជ្ជកម្មឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ដែលមានទ្រព្យ​សរុប​​​តម្លៃជាង២ពាន់លានដុល្លារអាមេរិក និងមាននិយោជិតជាង ៤០០០ នាក់។ យើង​មាន​បណ្តាញ​​សាខាធំទូលាយគ្របដណ្តប់ទូទាំងប្រទេស ដែលសរុបមានជាង ១៧២ សាខា និង ជាង ២៣០ ទូអេធីអឹមដែលមានសមត្ថភាពចាត់ចែងសាច់ប្រាក់។ យើងមានផ្តល់ជូននូវសេវាធនាគារពេញលក្ខណៈ ដូចជា សេវាប្រាក់កម្ចី  សេវាប្រាក់បញ្ញើ  សេវាប្រតិបត្តិការធនាគារតាមអ៊ីនធើរណិត  សេវាប្រតិបត្តិការធនាគារតាមទូរសព្ទ  កាតឥណពន្ធនិងឥណទាន  សេវាផ្ញើប្រាក់ទៅក្នុងនិងក្រៅប្រទេស  សេវាវេស្ទើនយូញាន  សេវាហិរញ្ញវត្ថុពាណិជ្ជកម្ម  និងសេវាកម្មជាច្រើនផ្សេងទៀត។ យើងក៏មានផ្តល់ជូនផងដែរនូវសេវាប្រមូលពន្ធ  សេវាទូទាត់បង់ប្រាក់នៃសេវាកម្មសាធារណៈជាមួយក្រសួងសាធារណការនិងដឹកជញ្ជូន ព្រមទាំងមានកិច្ចសហប្រតិបត្តិការជាមួយអ្នកផ្តល់សេវាកម្មទូទាត់បង់ប្រាក់ចល័តជាច្រើនទៀត ដែលមានដូចជា វីង ភីភេ ទ្រូម៉ាន់នី លីហួរវេរលុយ អ៊ីម៉ាន់នី និងបាគងជាដើម ដើម្បីផ្តល់ជម្រើសភាពងាយស្រួលកាន់តែច្រើនដល់អតិថិជនរបស់យើង។