ភាសា

ការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ ខួបលើកទី៣៨

កាលបរិច្ឆេទផ្សាយ: ថ្ងៃ​ព្រហស្បតិ៍ មិនា 22nd, 2018

ដើម្បីលើកកម្ពស់ចរន្តនៃការប្រើប្រាស់​ប្រាក់រៀល ក្នុងដំណើរ​ទូទាត់​ផ្សេងៗ​នៅ​ទូទាំង​ប្រទេស នាថ្ងៃទី២០ ខែមិនា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) នៃសាកល​វិទ្យាល័យភូមិន្ទភ្នំពេញ មានការប្រារព្ធ “ទិវាប្រាក់រៀល” ខួបលើកទី៣៨ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ។ កម្មវិធីនេះ​ត្រូវបានផ្តួចផ្តើម​រៀបចំដោយ​ធនាគារជាតិ​នៃកម្ពុជា ក្រោមការចូលរួម​ គាំទ្រ​ដោយ​ការិយាល័យ​ឥណទានកម្ពុជា (CBC) និងស្ថាប័នមួយចំនួនផ្សេងទៀត។

ថ្លែងក្នុងកម្មវិធី លោកជំទាវ អ៊ុក ម៉ាលី ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា ការពង្រឹងប្រសិទ្ធភាព គោល​នយោបាយ​រូបិយវត្ថុ និងអត្រាប្ដូរប្រាក់ នឹងរួម​ចំណែក​រក្សា​ស្ថេរភាពថ្លៃ និងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខណៈពេលដែលសេដ្ឋកិច្ចជាតិមានការប៉ះទង្គិច ជាយថាហេតុណាមួយកើតឡើង។ ការចូលរួម​ប្រើប្រាស់​ប្រាក់​រៀល​កាន់​តែ​ច្រើន នឹងធ្វើឱ្យកម្ពុជាទទួលបានផលចំណេញ ក្នុងការបង្កើនចំណូលពីការបោះពុម្ពក្រដាស់ប្រាក់ និងបង្កើន ចំណូលជូនរាជរដ្ឋាភិបាល ដើម្បីយកទៅអភិវឌ្ឍន៍សេដ្ឋកិច្ច និងការ​ចំណាយ​ផ្សេងៗ និងអាចកាត់បន្ថយភាព​ងាយ​រងឥទ្ធិពល​ពីការប្រែប្រួល​នៃតម្លៃប្រាក់ដុល្លារ​អាម៉េរិក ជាដើម។

លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិ ការិយាល័យឥណទានកម្ពុជា​ ​(CBC) បានមានប្រសាសន៍ថាយើងខ្ញុំមានក្តីសោម​នស្សន៌​ និងគាំទ្រយ៉ាងមុតមាំចំពោះគំនិត​ផ្តួចផ្តើមអោយ​មានចរាចរ​ប្រាក់រៀលក្នុងប្រទេស ​អោយកាន់តែច្រើនឡើង។ ក្នុងឆ្នាំនេះ ការិយាល័យឥណទានកម្ពុជា ក៏បានរៀបចំ​អោយមានការបើក​ប្រាក់​បៀវត្សន៍បុគ្គលិក និងការទូទាត់ផ្សេងៗ​ ជាប្រាក់រៀលផងដែរ។ យើងខ្ញុំមានក្តីសប្បាយចិត្ត ដោយឃើញមានការកើ​នឡើង​នៃចរាចរប្រាក់រៀលក្នុងទីផ្សារ ហើយយើងខ្ញុំសង្ឃឹមថា ប្រជាពលរដ្ឋ និងស្ថាប័នផ្សេងៗ នឹងបន្​តជំរុញ​ការប្រើប្រាស់​ប្រាក់រៀល​បន្ថែម ដើម្បីស្ថេរភាព និងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ កាន់តែខ្លាំងឡើង។

គួរបញ្ជាក់ថា ការិយាល័យឥណទានកម្ពុជា (CBC)​ គឺជាក្រុមហ៊ុន​ឈានមុខគេ ​ក្នុង​ការផ្តល់នូវ​សេវា​ព័ត៌​​មាន​​ហិរញ្ញវត្ថុ ឧបក​រណ៍​​​​វិភាគ​​ទិន្នន័យ និង របាយការណ៍​​ឥណទាន ទៅ​ដល់​​ស្ថាប័ន​ហិរញ្ញវត្ថុ​​ទាំង​អស់ ក៏ដូចជាអ្នកប្រើប្រាស់ឥណទានទូទៅ នៅក្នុងប្រទេស​​កម្ពុជា។ ការិយាល័យ​​ឥណទាន​​កម្ពុជា (CBC) ​ជួយដល់​អតិថិជន និង សមាជិករបស់​ខ្លួន​​ទាំង​អស់ ​​ក្នុងការ​គ្រប់គ្រង​​​ហានិភ័យ និង ធ្វើការ​សម្រេច​​​ចិត្តហិរញ្ញវត្ថុ​​បាន​​ឆាប់​រហ័ស។