ភាសា

ក្រុមហ៊ុន ក្រេឌីត ប្យូរ៉ូ (ខេមបូឌា) ខូ អិលធីឌី (ស៊ីប៊ីស៊ី) ចូលរួមជាមួយសាលារាជធានីភ្នំពេញដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-១៩

កាលបរិច្ឆេទផ្សាយ: ថ្ងៃ​សៅរ៍ មិនា 20th, 2021

ភ្នំពេញ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១៖ ក្រុមហ៊ុន ក្រេឌីត ប្យូរ៉ូ (ខេមបូឌា) ខូ អិលធីឌី (ស៊ីប៊ីស៊ី) បានចូលរួមចំណែកគាំទ្រនូវគំនិតផ្តួចផ្តើមរបស់សាលារាជធានីភ្នំពេញ ក្នុងការទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ-១៩។

ក្រុមហ៊ុន ក្រេឌីត ប្យូរ៉ូ (ខេមបូឌា) ខូ អិលធីឌី (ស៊ីប៊ីស៊ី)      បានចូលរួមបរិច្ចាកថវិកាចំនួន ៤០លានរៀល ម៉ាសការពារចំនួន ៥ម៉ឺនម៉ាស ព្រមទាំងទឹកសុទ្ធចំនួន ១២.០០០ដប ទៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីរបស់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។

 

ស្របទៅនឹងការអនុវត្តនូវទំនួលខុសត្រូវក្នុងសង្គមរបស់ក្រុមហ៊ុនសាជីវកម្ម (CSR) ក្រុមហ៊ុន ក្រេឌីត ប្យូរ៉ូ (ខេមបូឌា) ខូ អិលធីឌី (ស៊ីប៊ីស៊ី) បានចូលរួមចំណែកគាំទ្រដល់រដ្ឋាភិបាល ដើម្បីពង្រីកនូវធនធានរបស់ពួកគេ ដើម្បីឲ្យការបម្រើប្រជាពលរដ្ឋមានភាពប្រសើរឡើង ជាពិសេសក្នុងការប្រយុទ្ធប្រឆាំងទៅផលប៉ះពាល់នៃវីរុសកូវីដ-១៩ ដែលក្នុងពេលថ្មីៗនេះ វីរុសនេះបានឆ្លងរាតត្បាតនៅក្នុងទីក្រុង ក៏ដូចជាបណ្តាខេត្តមួយចំនួន។ អាជ្ញាធរសុខាភិបាលបានរាយការណ៍ថា មានករណីឆ្លងចំនួន ​៦១៦ ករណីនៅក្នុងទីក្រុងភ្នំពេញចាប់តាំងពីការផ្ទុះឡើងនូវព្រឹត្តិការណ៍សហគមន៍២០កុម្ភៈមកម្ល៉េះ។

ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ មានប្រសាសន៍ថា៖«ជាមួយនឹងការកើនឡើងនៃករណីឆ្លងវីរុសកូវីដ១៩នៅក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ប្រជាជនប្រមាណ ១៩.៦០៨នាក់នៅក្នុងរាជធានីភ្នំពេញបានដាក់ឲ្យធ្វើចត្តាឡីស័ក។»

ឯកឧត្តមបន្តថា៖«ការគាំទ្រផ្នែកហិរញ្ញវត្ថុពី ក្រុមហ៊ុន ស៊ីប៊ីស៊ី នឹងជួយដល់សាលារាជធានីភ្នំពេញ ដើម្បីផ្តល់ជំនួយបន្ទាន់ ដូចជា ថវិកា គ្រឿងឧបភោគ បរិភោគ ផ្តល់ជូនអ្នកដែលខ្វះខាតនិងត្រូវការជាចាំបាច់និងគ្រួសារដែលកំពុងធ្វើចត្តាឡីស័ក។ ម៉ាសនិង អាល់កុលលាងដៃ នឹងត្រូវបានចែកជូនដល់ប្រជាជន កងកម្លាំងនិងអ្នកស្ម័គ្រចិត្ត ដែលបានដាក់ពង្រាយនៅទូទាំងរាជធានីដើម្បីប្រយុទ្ធប្រឆាំងទៅនឹងកូវីដ-១៩។»

លោក អឿ សុធារ័ត្ន ប្រធាននាយកប្រិត្តិបត្តិ ក្រុមហ៊ុន ស៊ីប៊ីស៊ី បានឲ្យដឹងថា ការផ្ទុះឡើងនៃកូវីដ-១៩ បានក្លាយជាបញ្ហាប្រឈមដែលមិនធ្លាប់មានសម្រាប់យើងទាំងអស់គ្នា។ យើងទាំងអស់គ្នាគួរតែរួមគ្នាហើយប្រយុទ្ធប្រឆាំងនឹងឧបសគ្គនេះ។ យើងប្តេជ្ញាគាំទ្រអាជ្ញាធរមូលដ្ឋានក្នុងពេលវេលាដ៏សំខាន់នេះដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ។

លោកសុធារ័ត្នបន្តថា៖«ថ្ងៃនេះក៏ជាការបញ្ចប់ឆ្នាំទី៩ នៃការបម្រើសេដ្ឋកិច្ចកម្ពុជាសម្រាប់ ស៊ីប៊ីស៊ី តាមរយៈការលើកកម្ពស់តម្លាភាពព័ត៌មានឥណទានឆ្ពោះទៅរកប្រសិទ្ធភាពទីផ្សារឥណទានប្រកបដោយប្រសិទ្ធភាព ការគ្រប់គ្រងហានិភ័យឥណទាន និងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ។ !

លោកបន្ថែមថា៖«ចាប់តាំងពីការចាប់ផ្តើមពីមានការរីករាលដាលនៃជំងឺរាតត្បាតកូវីដ១៩កាលពីឆ្នាំមុន ស៊ីប៊ីស៊ីបាននិងកំពុងអនុវត្តវិធានការសុវត្ថិភាពគ្រប់គ្រាន់ដើម្បីការពារបុគ្គលិករបស់ខ្លួនឲ្យមានសុវត្ថិភាពនិងពង្រីកបណ្តាញឌីជីថល ដើម្បីបម្រើដល់ស្ថាប័នហិរញ្ញវត្ថុនិងអ្នកខ្ចីប្រាក់នៅក្នុងប្រទេសដោយគ្មានការរំខាន សម្រាប់ការវាយតម្លៃហានិភ័យឥណទានប្រកបដោយប្រសិទ្ធភាព។»៕

ក្រុមហ៊ុន ក្រេឌីត ប្យូរ៉ូ (ខេមបូឌា) ខូ អិលធីឌី (ស៊ីប៊ីស៊ី)     

ចាប់តាំងពីឆ្នាំ ២០១២  ក្រុមហ៊ុន ក្រេឌីត ប្យូរ៉ូ (ខេមបូឌា) ខូ អិលធីឌី (ស៊ីប៊ីស៊ី) គឺជាក្រុមហ៊ុន​ឈានមុខគេ ​ក្នុង​ការផ្តល់នូវ​សេវា​ព័ត៌​​មាន​​ហិរញ្ញវត្ថុ ឧបក​រណ៍​​​​វិភាគ​​ទិន្នន័យ និង របាយការណ៍​ឥណទាន ទៅ​ដល់​​ស្ថាប័ន​ហិរញ្ញវត្ថុ​​ទាំង​អស់ នៅក្នុងប្រទេស​​កម្ពុជា។

ស៊ីប៊ីស៊ី ​ជួយដល់​អតិថិជន និង សមាជិករបស់​ខ្លួន​​ទាំង​អស់ ​​ក្នុងការគ្រប់គ្រង​​​ហានិភ័យ និង ធ្វើការ​សម្រេច​​ចិត្ត​​បាន​ឆាប់​រហ័ស។​ តាមរយៈ​​ការប្រើប្រាស់​​ផលិតផល ឧបករណ៍​របាយ​​​​ការណ៍​​​ឥណទាន យើង​ជម្រុញ​​ការ​​យល់​ដឹង​​​អំពី​​​អតិថិជន​​​ទូទៅ ទីផ្សារ និង សេដ្ឋកិច្ច។ យើង​ជួយ​​​ស្ថាប័ន​​​ជាសមាជិក ​ក្នុងការស្វែង​យល់​​​ពីអតិថិជន​​​​របស់​​ស្ថាប័ន​​នោះ និង​កសាង​​​​​ទំនាក់​​ទំនង​​​​កាន់​តែ​​​​​ប្រសើរ​​​ឡើង​ជាមួយ​អតិថិ​ជន។