ភាសា

អាហារូបករណ៍ក្រុមហ៊ុនក្រេឌីតប្យួរ៉ូ (ខេមបូឌា) ខូអិលធីឌី គាំទ្រអនាគតដ៏ភ្លឺស្វាងក្នុងវិស័យហិរញ្ញវត្ថុ

កាលបរិច្ឆេទផ្សាយ: ថ្ងៃ​ពុធ តុលា 27th, 2021

ភ្នំពេញ​, ២៧ តុលា ២០២១ – ជាផ្នែកមួយនៃសកម្មភាពទំនួលខុសត្រូវសង្គម​ (CSR) ជាច្រើន ក្រុមហ៊ុនក្រេឌីតប្យួរ៉ូ (ខេមបូឌា) ខូអិលធីឌី (ហៅកាត់ថា ស៊ីប៊ីស៊ី) នឹងផ្តល់អាហារូបករណ៍ដែលមានតម្លៃជាង ២៥,០០០ ដុល្លារ ដល់សិស្ស និសិ្សតវ័យក្មេងកម្ពុជាដែលពូកែខាងផ្នែកសេដ្ឋកិច្ច។

ក្នុងឆ្នាំនេះ​ អាហារូបករណ៍នឹងបើកឲ្យសិស្សនិស្សិតថ្នាក់ឆ្នាំមូលដ្ឋានក្នុងកម្មវិធីថ្នាក់បរិញ្ញាបត្រអន្តរជាតិនៃសាកលវិទ្យាល័យ​ នីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE)​ ក្នុងរាជធានីភ្នំពេញ សម្រាប់ឆ្នាំសិក្សានេះ ចំនួន៣នាក់ ហើយអាហារូបករណ៍នេះនឹងរ៉ាប់រងថ្លៃសិក្សាប្រចាំឆ្នាំ សម្រាប់រយៈពេល ៣ឆ្នាំទៀត ដែលពួកគេ​ ត្រូវរៀនបន្តផ្នែក សេដ្ឋកិច្ច និងគ្រប់គ្រង។ អាហារូបករណ៍ចំនួន៣បន្ថែមទៀត នឹង   ផ្តល់ជូនដល់និស្សិតឆ្នាំមូលដ្ឋាន ក្នុងឆ្នាំសិក្សាបន្ទាប់ និង ចំនួន៣ទៀតនឹងផ្តល់ដល់និស្សិតឆ្នាំមូលដ្ឋាននៅឆ្នាំ២០២៣។ បេក្ខជនត្រូវតែជាជនជាតិខ្មែរ មានអាយុក្រោម ២៥ឆ្នាំ និង មាន GPA យ៉ាងហោចណាស់៣.០ ឬទទួលបានពិន្ទុល្អជាងគេក្នុងការប្រឡងចូលឆ្នាំទី២នៃកម្មវីធីសិក្សាបរិញ្ញាបត្រអន្តរជាតិ។

នាយកដ្ឋានសហប្រតិបត្តិការបារាំងនៅ​សាកលវិទ្យាល័យ RULE គឺជានាយកដ្ឋានសិក្សាតែមួយគត់នៅក្នុងប្រទេស ដែលអនុញ្ញាតឲ្យសិស្សទទួលបានសញ្ញាប័ត្រពីរ ផ្នែកច្បាប់សេដ្ឋកិច្ច និងការគ្រប់គ្រង ពីសាកលវិទ្យាល័យបារាំងដ៏មានកេរ្ត៏ឈ្មោះ គឺសាកលវិទ្យាល័យ Lumière Lyon 2 ដែលទទួលស្គាល់ដោយសហភាពអឺរ៉ុបផងដែរ។

លោក Laurent Mesmann ទីប្រឹក្សាពិសេស ទទួលបន្ទុកកម្មវិធីទ្វេដឺក្រេនៅសាកលវិទ្យាល័យ RULE បានមានប្រសាសន៍ថា « យើងរីករាយណាស់ក្នុងការចាប់ដៃគូរជាមួយស៊ីប៊ីស៊ី សម្រាប់កម្មវិធីសញ្ញាបត្របរិញ្ញាបត្រអន្តរជាតិ នៅ​ RULE។ បន្ថែមលើអាហារូបករណ៍ដែលនឹងផ្តល់ជូនដល់សិស្សឆ្នើមបំផុតរបស់យើង ភាពជាដៃគូនេះ នឹងរួមចំណែកក្នុងការរឹតបន្តឹងទំនាក់ទំនងរវាង RULE និងវិស័យធនាគារផងដែរ។ ពិតណាស់ RULE តែងតែប្តេជ្ញាចិត្តធានាអោយសិស្សនិស្សិតប្រកបដោយវិជ្ជាជីវៈ និងតែងតែអភិវឌ្ឍកម្មវិធីសិក្សារបស់ខ្លួនឲ្យស្របតាមតម្រូវការ និងការរំពឹងទុករបស់ទីផ្សារការងារ។ ខ្ញុំជឿថា ស៊ីប៊ីស៊ីដែលជាដៃគូរ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការបំពេញគោលបំណងទាំងនេះ»។

លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិរបស់ស៊ីប៊ីស៊ី បានថ្លែងថា ៖ “ការផ្តួចផ្តើមចុងក្រោយនៃទំនួលខុសត្រូវ សង្គមរបស់យើង មានគោលបំណងគាំទ្រដល់ការអប់រំរបស់និស្សិតកម្ពុជាខាងផ្នែកសេដ្ឋកិច្ច ដោយបំពាក់នូវជំនាញ និងចំណេះដឹងដើម្បីសម្រេចបាននូវអាជីពដ៏ជោគជ័យក្នុងវិស័យ ធនាគារ និងសេវាហិរញ្ញវត្ថុ។ យើងក៏មានគោលបំណងក្នុងការអភិវឌ្ឍសមត្ថភាពផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុ ដែលជាមូលដ្ឋានគ្រឹះនៃការអនុវត្តក្នុងវិស័យ​សេវាហិរញ្ញវត្ថុសម័យទំនើប។”

លោកបានបន្ថែមទៀតថា៖ “ជំងឺរាតត្បាត COVID-19 ប៉ះពាល់យ៉ាងខ្លាំងទៅលើប្រាក់ចំណូលក្នុងគ្រួសារ ហើយនេះជាពេលដែលយើងត្រូវលូកដៃ និងផ្តល់ការគាំទ្រដល់សិស្សនិស្សិតវ័យក្មេង ដែលប្រហែលជានឹងមានការលំបាកក្នុងការបង់ថ្លៃសិក្សា។ ការទំនុកបំរុងឲ្យពួកគេបញ្ចប់ការសិក្សាផ្នែកសេដ្ឋកិច្ច មានន័យថា យើងកំពុងជួយបង្កើតអនាគតដ៏ភ្លឺស្វាងសម្រាប់វិស័យហិរញ្ញវត្ថុរបស់កម្ពុជា។”

ស៊ីប៊ីស៊ី ក៏មានបំណងផ្តល់ឲ្យបេក្ខជនដែលទទួលបានជោគជ័យនូវបទពិសោធន៍ការងារ និងសកម្មភាពក្រៅសាលា តាមរយៈការហាត់ការជាមួយក្រុមហ៊ុន ឬវគ្គសិក្សាផ្សេងៗដែលពាក់ព័ន្ធផងដែរ។

នៅខែមីនា ឆ្នាំ២០២១ ស៊ីប៊ីស៊ី បានធ្វើការបរិច្ចាគទឹកប្រាក់ចំនួន ៤០ លានរៀល​ ម៉ាសក្បាំងការពារមុខចំនួន ៥០,០០០ និងដបទឹកចំនួន ១២,០០០ ទៅសាលាក្រុងភ្នំពេញ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺ COVID-19។ ថ្មីៗនេះ​ ស៊ីប៊ីស៊ីក៏បានជួយដល់គ្រួសាររងគ្រោះដោយការរាតត្បាតនៃជំងឺ COVID-19 ចំនួន២០គ្រួសារនៅខេត្តសៀមរាប តាមរយៈការផ្តល់ជំនួយផ្នែកម្ហូបអាហាររយះពេល១២ខែ។

អំពីក្រុមហ៊ុនក្រេឌីតប្យួរ៉ូ (ខេមបូឌា) ខូអិលធីឌី

ចាប់តាំងពីឆ្នាំ២០១២ មក ស៊ីប៊ីស៊ី បានក្លាយជាអ្នកផ្ដល់ព័ត៌មានហិរញ្ញវត្ថុ ដំណោះស្រាយបែបវិភាគ និង      សេវា​កម្មរបាយការណ៍ឥណទានដ៏ឈានមុខគេ ជូនដល់ស្ថាប័នហិរញ្ញវត្ថុ និងអតិថិជនក្នុង   ព្រះរាជាណាចក្រកម្ពុជា។ ស៊ីប៊ីស៊ីជួយអតិថិជនក្នុងការគ្រប់គ្រងហានិភ័យ និងការលើកទឹកចិត្តសម្រាប់ការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ និងពាណិជ្ជកម្មតាមរយៈដំណោះស្រាយជាច្រើនដូចជា របាយការណ៍ឥណទានបុគ្គល, របាយការណ៍ឥណទានក្រុមហ៊ុន, ពិន្ទុឥណទាន(ខេ-ស្ករ), របាយការណ៍បែបវិភាគទិន្នន័យ, សេវាគ្រប់គ្រងផលប័ត្រ, សេវាត្រួតពិនិត្យផលប័ត្រ, និងដំណោះស្រាយតាមតម្រូវការអតិថិជន។

 

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយ

អ៉ីម៉ែល៖ s.thun@creditbureau.com.kh

លេខទូរស័ព្ទ៖ ០៨៦​ ៩៩៩ ៧៥៤