ភាសា

កម្មវិធីសប្បុរសធម៌: “Safe Water Safe Bottle”

កាលបរិច្ឆេទផ្សាយ: ថ្ងៃ​ព្រហស្បតិ៍ ធ្នូ 5th, 2019

រាជធានីភ្នំពេញ ថ្ងៃទី30 ខែវិច្ឆិកា ឆ្នាំ ២០១៩ – ការិយាល័យឥណទានកម្ពុជា (CBC) បានធ្វើការ​ចែកជូន​ ដបទឹកចំនួន ៣០០  និងឧបករណ៍ជម្រុះទឹកស្អាតចំនួន ១ ទៅ​ដល់សាលាបឋមសិក្សាព្រែកប្រាក្រោម តាមរយៈគម្រោង “Safe Water Safe Bottle” ដែលបានបង្កើតឡើង​ដោយ “Global Peace Foundation and the Global Peace Alliance-Cambodia ដើម្បីបង្កើតបរិយាកាសសុខភាពល្អនិងសុខមាលភាពសម្រាប់កុមារនៅក្នុងប្រទេសកម្ពុជា។

CBC បានសង្កេតឃើញ​ថា កុមារមួយចំនួន​នៅតែមិនមានសុវត្ថិភាពគ្រប់គ្រាន់សម្រាប់ការប្រើប្រាស់ទឹកស្អាតនៅសាលារៀន។ សិស្ស​មួយចំនួនកំពុងទទួលទានទឹកពីទុយោបំពង់ ខណៈពេលដែលសិស្សខ្លះចំណាយប្រាក់ប្រចាំថ្ងៃរបស់ពួកគេដើម្បីទិញទឹកដបប្លាស្ទិច​ ដែលមិនត្រឹមតែប៉ះពាល់ដល់សុខភាពរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងស្ថានភាពសេដ្ឋកិច្ចទាំងមូលផងដែរ។ សំខាន់ជាងនេះទៅទៀត ទម្លាប់នៃការទិញទឹកដបប្លាស្ទិច គឺជាផ្នែកមួយ​បង្កទៅ​ជា​កាកសំណល់ប្លាស្ទិច ដែលត្រូវបានគេបោះបង់ចោល ហើយ​ត្រូវ​​យកទៅបំផ្លាញដោយការ​កប់ ឬ ដុតនៅទីលានចាក់សំរាម​របស់សាលាពេលក្រោយ។ អាកប្បកិរិយាបែបនេះ​ ជាកត្តារូមចំណែក​បង្ក​អោយ​ប៉ះពាល់ដល់សុខភាព​របស់គ្រូ សិស្ស និង​បំពុលបរិយាកាស​ទាំងមូល។

បើយោងតាមអង្គការយូនីសេហ្វកម្ពុជាក្នុងឆ្នាំ ២០១០ ប្រជាជនកម្ពុជាចំនួន ៦.៣ លាននាក់នៅតែមិនមានលទ្ធភាពទទួលបានទឹកស្អាតនិងអនាម័យមូលដ្ឋាន ហើយជាង ៦០ ភាគរយនៃប្រជាជនកម្ពុជា ចំនួន​ ៦.៣ លាននាក់ដែលប្រឈមនឹងស្ថានភាពលំបាកនេះ កំពុងរស់នៅក្នុងស្ថានភាពក្រីក្រនៅតាមទីជនបទ។ ៤០ ភាគរយ​នៃសាលាបឋមសិក្សានៅតាមសាលារៀននានា​នៅក្នុងប្រទេសកម្ពុជាមិនមានលទ្ធភាពប្រើប្រាស់ទឹកស្អាត នៅឡើយនោះទេ​។

លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិ​នៃការិយាល័យឥណទានកម្ពុជាបានលើកឡើងថា “យើងរំពឹងថាការរួមចំណែករបស់យើងអាចធ្វើឱ្យកុមារអាចទទួលទានទឹកគ្រប់គ្រាន់ក្នុងជារៀងរាល់ថ្ងៃ នៅក្នុងសាលារៀនរបស់គេរៀងៗខ្លួន ហើយនឹងមានការកាត់បន្ថយការប្រើដបប្លាស្ទិចដែលមិនមានសុវត្ថិភាពសំរាប់មនុស្សគ្រប់គ្នា រូមមានសិស្ស គ្រូ និងបរិស្ថាន។

ចាប់តាំងពីប្រតិបត្តិការរបស់ខ្លួន នៅឆ្នាំ២០១២ ការិយាល័យឥណទានកម្ពុជាបានគាំទ្រនិងចូលរួមចំណែកយ៉ាងសកម្មដល់សហគមន៍ តាមរយៈការឧបត្ថម្ភជាដល់អង្គការក្រៅរដ្ឋាភិបាលមួយចំនួនដែលធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រជាជននៅក្នុងសហគមន៍។ លើសពីនេះទៀតស៊ីប៊ីស៊ីក៏បានផ្តួចផ្តើមកម្មវិធីចំណេះដឹងផ្នែកហិរញ្ញវត្ថុ តាមរយៈការធ្វើសិក្ខាសាលានៅតាមសាកលវិទ្យាល័យ ការជជែកអំពីសិទ្ធអតិថិជនលើរបាយការណ៍ឥណទាន និងកម្មវិធីផ្សេងៗទៀត ដើម្បីជូនដំណឹងដល់សាធារណជន ពីសារៈសំខាន់នៃរបាយការណ៍ឥណទាន និងការកសាងប្រវត្តិឥណទានល្អ ដែលផ្តល់ផលប្រយោជន៍ដល់ពួកគេនាពេលអនាគត។

ស៊ីប៊ីស៊ី បានដំណើរការ តាំងពីខែមីនា ឆ្នាំ ២០១២មក ដោយមានការគាំទ្រយ៉ាងខ្លាំងពី ធនាគារជាតិនៃកម្ពុជា (NBC) សមាគមធនាគារកម្ពុជា (ABC) សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC)។ ស៊ីប៊ីស៊ី ធ្វើការលើកកម្ពស់ស្ថេរភាពហិរញ្ញវត្ថុអោយកាន់តែប្រសើរ ដោយផ្តល់នូវទិន្នន័យច្បាស់លាស់និងជាក់លាក់ពិតប្រាកដ ដល់អ្នកប្រើប្រាស់និងឧស្សាហកម្មទាំងមូល ដែលជួយពួកគេក្នុងការគ្រប់គ្រងទិដ្ឋភាពហិរញ្ញវត្ថុនៃអាជីវកម្មរបស់ខ្លួន។ កិច្ចការងាររបស់យើង អនុញ្ញាតឱ្យអាជីវកម្មអាចគ្រប់គ្រងហានិភ័យឥណទាន ការពារការក្លែងបន្លំ និងធ្វើការសម្រេចចិត្តភ្លាមៗ។ ស៊ីប៊ីស៊ី ក៏ជួយអតិថិជនទូទៅ អាចពិនិត្យមើលរបាយការណ៍ឥណទានរបស់ពួកគេ ដើម្បីធានាថាពួកគេអាចទទួលបានប្រាក់កម្ចីហិរញ្ញវត្ថុ និងការពារខ្លួនពីការលួចអត្តសញ្ញាណ។ គិតត្រឹមខែវិច្ឆិកា ឆ្នាំ ២០១៩ ស៊ីប៊ីស៊ី មានសមាជិកចំនួន ១៦៧ រួមបញ្ចូលទាំងធនាគារ ស្ថាប័នមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនភតិសន្យា និងស្ថាប័នឥណទានជនបទ។