ភាសា

កម្មវិធីសប្បុរសធម៌: “ការបរិច្ចាគសម្ភារៈសិក្សា សម្ភារៈអនាម័យ និងគ្រឿងបរិភោគ”

កាលបរិច្ឆេទផ្សាយ: ថ្ងៃ​អង្គារ ធ្នូ 24th, 2019

ព្រះរាជាណាចក្រកម្ពុជា, រាជធានីភ្នំពេញ (ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩) – ការិយាល័យឥណទានកម្ពុជា ហៅកាត់ថា ស៊ីប៊ីស៊ី មានសេចក្តីសោមនស្សរីករាយក្នុងការជំរាបជូនទៅសាធារណៈជនថាស៊ីប៊ីស៊ី បានចូលរួមបរិច្ចាគសម្ភារៈសិក្សា សម្ភារៈអនាម័យ និងគ្រឿងបរិភោគមួយចំនួនទៀត ដល់សមាគមន៍ក្តីសង្ឃឹមរបស់ជនក្រីក្រ (HAP) ក្នុងគោលបំណងជួយដល់​កុ​មារងាយរងគ្រោះ ដើម្បីលើកកម្ពស់សុខុមាលភាពរបស់ពួកគេ។​

យើងជឿជាក់ថា កុមារគ្រប់រូបដែលមានវត្តមាននាពេលបច្ចុប្បន្ននេះ ត្រូវតែមានឱកាសល្អប្រសើរ​ជាងពេលណាៗទាំងអស់​ នៅ​​ក្នុងការធំធាត់ដោយសុខភាពល្អ ការទទួលបានការអប់រំល្អៗ ការទទួលបានការការពារ​ ជាមួយឱកាសផ្សេងៗទៀត ដើម្បីសម្រេចបាននូ​វសក្តានុពលរបស់ពួកគេ។ តាមរយៈការជំនួយដល់សមាគមន៍ក្តីសង្ឃឹមរបស់ជនក្រីក្រ (HAP)​, ក្រុមហ៊ុនស៊ីប៊ីស៊ី រំពឹងថា រាល់ការចូលរួមចំណែក​ទាំងអស់ អាចក្លាយជាការចូលរួម​ដ៏មានតម្លៃក្នុងដំណើរការនិងការគាំទ្រដល់ការអប់រំជាមូលដ្ឋាន បរិស្ថានរស់នៅប្រកបដោយសុវត្ថិភាព និង កាត់បន្ថយ​កង្វះអាហារ​រូបត្ថម្ភ ដែលអាចធ្វើអោយកុមារទាំងអស់ ​​​ទទួលបានឱកាសស្មើៗគ្នាក្នុង​ការលើកកម្ពស់ជីវភាព ជាមួយចំណេះដឹង​ ជំនាញ និងសីលធម៌។

ចាប់តាំងពីប្រតិបត្តិការរបស់ខ្លួន នៅឆ្នាំ២០១២ ក្នុងនាមជាក្រុមហ៊ុនឯកជន ស៊ីប៊ីស៊ី បានគាំទ្រនិងចូលរួមចំណែកយ៉ាងសកម្មដល់សហគមន៍ តាមរយៈការឧបត្ថម្ភជាដល់អង្គការក្រៅរដ្ឋាភិបាលមួយចំនួន​ដែលធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រជាជននៅក្នុងសហគមន៍។ លើសពីនេះទៀតស៊ីប៊ីស៊ីក៏បានផ្តួចផ្តើមកម្មវិធីចំណេះដឹងផ្នែកហិរញ្ញវត្ថុ តាមរយៈការធ្វើសិក្ខាសាលានៅតាមសាកលវិទ្យាល័យ ការជជែកអំពីសិទ្ធអតិថិជនលើរបាយការណ៍ឥណទាន និងកម្មវិធី​ផ្សេងៗទៀត ដើម្បីជូនដំណឹងដល់សាធារណជន ពីសារៈសំខាន់នៃរបាយការណ៍ឥណទាន និងការកសាងប្រវត្តិឥណទានល្អ ដែលផ្តល់ផលប្រយោជន៍ដល់ពួកគេនាពេលអនាគត។

ក្រុមហ៊ុនស៊ីប៊ីស៊ី បានដំណើរការ តាំងពីខែមីនា ឆ្នាំ ២០១២មក ដោយមានការគាំទ្រយ៉ាងខ្លាំងពី ​ធនាគារជាតិនៃកម្ពុជា (NBC) សមាគមធនាគារកម្ពុជា (ABC) សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC)។ ស៊ីប៊ីស៊ី ធ្វើការ​លើកកម្ពស់ស្ថេរភាពហិរញ្ញវត្ថុអោយ​កាន់តែប្រសើរ ដោយផ្តល់នូវទិន្នន័យច្បាស់លាស់និងជាក់លាក់​ពិតប្រាកដ ដល់អ្នកប្រើប្រាស់និងឧស្សាហកម្មទាំងមូល​ ដែលជួយពួកគេក្នុងការគ្រប់គ្រងទិដ្ឋភាពហិរញ្ញវត្ថុនៃអាជីវកម្មរបស់ខ្លួន។ កិច្ចការងាររបស់យើង​ អនុញ្ញាតឱ្យអាជីវកម្មអាច​គ្រប់គ្រងហានិភ័យឥណទាន ការពារការក្លែងបន្លំ និងធ្វើការសម្រេចចិត្តភ្លាមៗ។ ស៊ីប៊ីស៊ី ក៏ជួយអតិថិជនទូទៅ អាចពិនិត្យមើលរបាយការណ៍ឥណទានរបស់ពួកគេ ដើម្បីធានាថាពួកគេអាចទទួលបានប្រាក់កម្ចីហិរញ្ញវត្ថុ និងការពារខ្លួនពីការលួចអត្តសញ្ញាណ។ គិតត្រឹមខែ​វិច្ឆិកា ឆ្នាំ ២០១៩ ស៊ីប៊ីស៊ី មានសមាជិកចំនួន ១៦៧ រួមបញ្ចូលទាំងធនាគារ ស្ថាប័នមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនភតិសន្យា និងស្ថាប័នឥណទានជនបទ។