ភាសា

ប្រព័ន្ធរាយការណ៍ព័ត៌មានឥណទាននីតិបុគ្គល(ក្រុមហ៊ុន) ត្រូវបានដាក់អោយដំណើរចាប់ពីពេលនេះតទៅ

កាលបរិច្ឆេទផ្សាយ: ថ្ងៃ​ច័ន្ទ ធ្នូ 31st, 2018

ភ្នំពេញ ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៨: ការិយាល័យឥណទានកម្ពុជា (ស៊ីប៊ីស៊ី) បានដាក់អោយដំណើរការសាកល្បងនូវប្រព័ន្ធរាយការណ៍ឥណទាននីតិបុគ្គល (ក្រុមហ៊ុន) ចាប់ពីពេលនេះតទៅ ហើយនឹងដំណើរការពេញលេញនៅដើម ឆ្នាំ ២០១៩ តទៅ ដែលនឹងអនុញ្ញាតអោយសមាជិករបស់យើងអាចឆែករបាយការណ៍ឥណទានរបស់ក្រុមហ៊ុនដែលស្នើសុំឥណទានអាជីវកម្ម។

ចាប់ដំណើរការជាផ្លូវការនៅឆ្នាំ ២០១២ ស៊ីប៊ីស៊ីបានបម្រើដល់ដល់សមាជិក និង អតិថិជនជាមួយនឹងសេវាកម្មស្នូលគឺរបាយការណ៍ឥណទានអតិថិជន។ ប្រព័ន្ធនេះបានចូលរួមចំណែកជាប្រយោជន៍យ៉ាងច្រើនដល់ភាគីពាក់ព័ន្ធ រួមមានប្រជាជន ស្ថាប័នហិរញ្ញវត្ថុ និង វិស័យហិរញ្ញវត្ថុ។

លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិនៃការិយាល័យឥណទានកម្ពុជាបានមានប្រសាសន៍ថា“ក្នុងរយៈពេលជាង៦ឆ្នាំនៃប្រតិ​បត្តិការ ស៊ីប៊ីស៊ី បានចាប់ផ្តើមជាមួយនឹងរបាយការណ៍ឥណទានអតិថិជន ដែលអនុញ្ញាតអោយសមាជិករបស់យើងអាចស្វែងយល់ពីអតិថិជនរបស់ពួកគេកាន់តែច្បាស់ និង ធ្វើការសម្រេចចិត្តលើការផ្តល់ឥណទានប្រកបដោយប្រសិទ្ធិភាព និង ទំនួលខុសត្រូវ។ បន្ថែមពីលើនេះ ប្រព័ន្ធនេះក៏បានជួយដល់អតិថិជនទូទៅ ក្នុងការស្នើសុំនិងស្វែងយល់អំពីព័ត៌មានឥណទានរបស់ពួកគេអោយកាន់តែប្រសើរឡើង ដែលនឹងជួយពួកគេក្នុងការត្រៀមខ្លួនសម្រាប់ការស្នើសុំកម្ចី។ មិនតែប៉ុណ្ណោះ ប្រព័ន្ធនេះក៏ចូលរួមចំណែកដល់ស្ថេរភាពនៃវិស័យហិរញ្ញវត្ថុ និង​ សេដ្ឋកិច្ចផងដែរ។”

លោកបានបន្តថា “ស្ថាប័នហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជា និង អ្នកពាក់ព័ន្ធទាំងអស់ បាន​វាយតម្លៃខ្ពស់ និង ទទួលស្គាល់លើគុណភាពទិន្នន័យ ហើយស៊ីប៊ីស៊ីបាន​ទទួលនូវការទុកចិត្តនិងការជម្រុញពីគ្រប់ភាគីពាក់ព័ន្ធក្នុងការរៀបចំប្រព័ន្ធរាយការណ៍ឥណទាននីតិបុគ្គល​ (ក្រុមហ៊ុន) និងដាក់អោយដំណើរក្នុងក្នុងទីផ្សារ។”

ចាប់ពីពេលនេះតទៅ ស៊ីប៊ីស៊ីនឹងផ្តល់សេវារាយការណ៍ឥណទានពេញលក្ខណៈគឺទាំងរបាយការណ៍ឥណទានលក្ខណៈបុគ្គល និង ក្រុមហ៊ុន។

 “ជាមួយនឹងការប្តេជ្ញាចចិត្តខ្ពស់ក្នុងការនាំយកប្រព័ន្ធនេះចូលទីផ្សារ ជាលទ្ធផល យើងមានមោទនភាពក្នុងការ ដាក់អោយប្រើប្រាស់ប្រព័ន្ធរាយការណ៍ព័ត៌មានឥណទាននីតិបុគ្គល (ក្រុមហ៊ុន) សាកល្បងចាប់ពីសប្តាហ៍ទី៤ ខែ ធ្នូ ឆ្នាំ ២០១៨ តទៅ។ ប្រព័ន្ធនេះនឹងដំណើរការពេលលេញ នៅដើមឆ្នាំ ២០១៩ ខាងមុខនេះ ដែលអនុញ្ញាតអោយសមាជិករបស់យើងអាចឆែករបាយការណ៍ឥណទានរបស់ក្រុមហ៊ុនដែលស្នើសុំកម្ចីអាជីវកម្មបាន។” លោក អឿ សុធារ័ត្ន បន្ថែម។

ស៊ីប៊ីស៊ី ប្តេជ្ញាក្នុងការឆ្លើយតបទៅនឹងតម្រូវការនិងបានធ្វើការជាមួយសមាជិក និងភាគីពាក់ព័ន្ធទាំងអស់ក្នុងការនាំយកមកនូវប្រព័ន្ធរាយការណ៍ព័ត៌មានឥណទាននីតិបុគ្គល (ក្រុមហ៊ុន) ដែលត្រូវបានជឿជាក់ថានឹងជួយដល់ស្ថាប័ន ជាសមាជិក និង ក្រុមហ៊ុនទាំងអស់ក្នុងការត្រួសត្រាយផ្លូវ ជាពិសេសម្រាប់សហគ្រាសធុនតូចនិងមធ្យម ក្នុងការស្វែងរកឥណទានអោយកាន់តែប្រសើរ។

ការិយាល័យឥណទានកម្ពុជា ជាក្រុមហ៊ុនឈានមុខគេក្នុងការផ្ដល់ព័ត៌មានឥណទាន ឧបករណ៍​វិភាគ និងសេវាកម្មរាយការណ៍ដល់ ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនភតិសន្យា គ្រឹះស្ថានឥណទានជនបទប្រតិបត្តិករឥណទាន និងអ្នកប្រើប្រាស់នានាក្នុងព្រះរាជាណាចក្រកម្ពុជា។​ គិតត្រឹមខែវិច្ឆិកា ឆ្នាំ ២០១៨ ស៊ីប៊ីស៊ី មានសមាជិកសរុប ១៥៧ស្ថាប័ន។

ស៊ីប៊ីស៊ី ជំរុញលំនឹងសេដ្ឋកិច្ចអោយមានភាពកាន់តែប្រសើរឡើង ដោយផ្ដល់ទិន្នន័យទាន់ហេតុការណ៍ប្រកបដោយសុក្រឹតភាពខ្ពស់ដល់អ្នកប្រើប្រាស់ និងវិស័យហិរញ្ញវត្ថុក្នុងការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុនៃអាជីវកម្មរបស់ពួកគេ។ យើងជួយស្ថាប័នជាសមាជិកក្នុងការគ្រប់​គ្រង​​​ហានិភ័យនៃឥណទាន ការពារការក្លែងបន្លំព័ត៌មាន និងការធ្វើសេចក្ដីសម្រេចចិត្តប្រកប​ដោយប្រសិទ្ធិភាពខ្ពស់។ ស៊ីប៊ីស៊ី ក៏ជួយអ្នកប្រើប្រាស់ក្នុងការត្រួតពិនិត្យរបាយការណ៍ឥណទាន​របស់ពួកគាត់ដើម្បីធានាថាពួកគាត់អាចទទួលបានប្រាក់កម្ចី ហិរញ្ញវត្ថុ និងការពារខ្លួនពីការក្លែងបន្លំអត្តសញ្ញាណផងដែរ៕