ភាសា

សន្ទស្សន៍ឥណទានលក្ខណៈបុគ្គល ក្នុងត្រីមាសទី២ ឆ្នាំ២០១៨ ៖ ចំនួនគណនី និងសមតុល្យនៃឥណទានលក្ខណៈបុគ្គល បន្តកើនឡើង ស្របពេលដែលឥណទានមិនដំណើរការកាន់តែល្អជាងមុន

កាលបរិច្ឆេទផ្សាយ: ថ្ងៃ​សុក្រ សីហា 10th, 2018

រាជធានីភ្នំពេញ  ថ្ងៃទី ០៣ ខែសីហា ឆ្នាំ ២០១៨

យោងតាមរបាយការណ៍ស្ដីពីសន្ទស្សន៍ឥណទានលក្ខណៈបុគ្គល របស់ការិយាល័យឥណទានកម្ពុជា បានបង្ហាញថា ចំនួនអ្នកស្នើសុំប្រាក់កម្ចី ក៏ដូចទំហំទឹកប្រាក់ស្នើសុំឥណទានបានចាប់ផ្តើមធ្លាក់ចុះជាលើកដំបូងសម្រាប់ ឆ្នាំ២០១៨ នៅក្នុងត្រីមាសទី២នេះ។ ​ ទំនោរនៃការធ្លាក់ចុះបែបរដូវកាលនេះ គឺដូចគ្នាទៅនឹងអំឡុងពេលដូចគ្នាកាលពី ឆ្នាំ២០១៧។ ទោះជាយ៉ាងណាក៏ដោយ ចំនួនគណនី និងសមតុល្យឥណទានលក្ខណៈបុគ្គលនៅតែបន្តកើនឡើងក្នុងកម្រិតមធ្យម ស្រដៀងនឹងទំនោរពីឆ្នាំមុនដែលមានកំណើនយឺតជាងត្រីមាសទី១។ ទន្ទឹមនឹងនេះ ឥណទានមិនដំណើរការលើសពី ៣០ថ្ងៃ ស្ថិតក្នុងស្ថានភាពល្អ អនុបាតបានបន្តធ្លាក់ចុះនៅត្រឹម ១.៣០% គិតត្រឹមចុងខែមិថុនា ឆ្នាំ២០១៨​​ ទាបជាងអនុបាតកាលពីដំណាច់ត្រីមាសទី១ ឆ្នាំ២០១៨​ ​(១.៤២%) ។

ការស្នើសុំឥណទានលក្ខណៈបុគ្គល​ បង្ហាញ​អំពីបំណងរបស់អ្នក​ប្រើប្រាស់​ក្នុងការទទួលបានឥណទានក្នុង​​លក្ខណៈជាហិរញ្ញវត្ថុផ្ទាល់ខ្លួន ប័ណ្ណឥណទាន និង កម្ចីអចលនទ្រព្យ

នៅក្នុងត្រីមាសទី២ ឆ្នាំ២០១៨ ចំនួននៃការស្នើសុំឥណទានលក្ខណៈបុគ្គលបានធ្លាក់ចុះវិញក្នុងកម្រិត -១៥%​ រីឯទំហំទឹកប្រាក់នៃការស្នើសុំឥណទានក៏បានធ្លាក់ចុះក្នុងកម្រិត -១៤% (កាលពីត្រីមាសទី១ ៖ +១៩%សម្រាប់ចំនួននៃការស្នើសុំ និង​

+២១% សម្រាប់ទំហំទឹកប្រាក់នៃការស្នើសុំ)។ បើធៀបទៅនឹងអំឡុងពេលដូចគ្នានៃ ឆ្នាំ​២០១៧ ចំនួននៃការស្នើសុំឥណទានធ្លាក់ចុះក្នុងកម្រិតដូចគ្នា (-១៥%)   នៅពេលដែលទំហំនៃការសើ្នសុំឥណទានក្នុងត្រីមាសនេះធ្លាក់ចុះច្រើនជាង -១៤% ធៀបនឹងត្រីមាសទី២ឆ្នាំមុន ត្រឹមកម្រិត -៣%។ ទំនោរនេះគឺដោយសារតែការធ្លាក់ចុះ ការស្នើសុំកម្ចីអចលនទ្រព្យរហូតដល់ -២១%​ និង ការស្នើសុំហិរញ្ញវត្ថុផ្ទាល់ខ្លួនធ្លាក់ចុះដល់ -១៤% ទោះបីជាការស្នើសុំប័ណ្ណឥណទានមានកំណើនតិចតួចក្នុងកម្រិត +១.៨៨% បន្ទាប់ពីបានធ្លាក់ចុះ -៣១% កាលពីត្រីមាសមុន។ យើងកត់សម្គាល់ឃើញថាក្នុងត្រីមាសនេះ​ ការស្នើសុំ កម្ចីអចលនទ្រព្យ និង​ ហិរញ្ញវត្ថុផ្ទាល់ខ្លួន បានធ្លាក់ចុះនៅគ្រប់តំបន់ទាំងអស់, ដែលក្នុងនោះតំបន់ឆ្នេរសមុទ្រជាតំបន់មួយដែលមានការធ្លាក់ចុះខ្ពស់ជាងគេទាំងពីរប្រភេទឥណទានេះ _ កម្ចីអចលនទ្រព្យ ៖ ត្រីមាសទី២ ឆ្នាំ២០១៨ កម្រិតធ្លាក់ចុះ -២៦% ធៀបនឹង +១៥% ក្នុងត្រីមាសទី១, ចំពោះហិរញ្ញវត្ថុផ្ទាល់ខ្លួនកម្រិតធ្លាក់ចុះ -១៨% ធៀបនឹងត្រីមាសមុន +៣៥%។ បន្ទាប់មកគឺតំបន់ទំនាបកណ្តាលដែលមានកម្រិតធ្លាក់ចុះខ្ពស់បន្ទាប់ពីតំបន់ឆ្នេរសមុទ្រ ដោយការស្នើសុំកម្ចីអចលនទ្រព្យធ្លាក់ចុះក្នុងកម្រិត -២១%  (ធៀបនឹងត្រីមាសទី១​ +១២%)​ _ ដែលក្នុងនោះខេត្តស្វាយរៀង កំពង់ស្ពឺ ព្រៃវែង និង តាកែវ មានការធ្លាក់ចុះខ្លាំង​រៀងគ្នា។ ការស្នើសុំហិរញ្ញវត្ថុផ្ទាល់ខ្លួនធ្លាក់ចុះក្នុងកម្រិត -១៦% ធៀបនឹងត្រីមាសមុន +២៣% _ ដែលក្នុងនោះកម្រិតធ្លាក់ចុះខ្លាំងក្នុងខេត្ត ស្វាយរៀង ​កំពង់ស្ពឺ និង កណ្តាលរៀងគ្នា។

ដំណើរការឥណទានលក្ខណៈបុគ្គលបង្ហាញអំពីស្ថានភាពឥណទានជាក់ស្ដែង រាយការណ៍នៅដំណាច់ត្រីមាស។

ចំនួនគណនីឥណទានលក្ខណៈបុគ្គលសរុប នៅតែបន្តកើនឡើងចំនួន +៥.៦២% កំណើនយឺតជាងត្រីមាសមុនបន្តិច (ត្រីមាសទី១ ៖ +៧.២២%)។  គិតត្រឹមតំណាច់ត្រីមាសនេះ ចំនួនគណនីសម្រាប់វិស័យឥណទានសរុបបានកើនឡើងដល់ ២.៧៩លាន ដែលក្នុងនោះ ៣៤.១៩% គឺជាចំនួនគណនីឥណទានលក្ខណៈបុគ្គលសរុប ស្មើនឹង ៩៥៥ពាន់គណនី (ត្រីមាសមុនមាន ៩០៤ពាន់គណនី)។ ទោះបីជាតំបន់ទន្លេសាបមានកំណើនចំនួនគណនីច្រើនជាងគេ ក្នុងកម្រិត ​+៦.៤% ប៉ុន្តែយើងកត់សម្គាល់ថាចំនួនគណនីមានកំណើននៅគ្រប់តំបន់ទាំងបួនក្នុងត្រីមាសទី២នេះ។ ហិរញ្ញវត្ថុផ្ទាល់ខ្លួននៅតែមានចំណែកច្រើនជាងគេ ៨០.៧៧% ក្នុងចំណោមឥណទានលក្ខណៈបុគ្គលសរុប បន្ទាប់មកគឺ កម្ចី​អចលនទ្រព្យដែលមានចំណែក ១១.៥៥% និង​ប័ណ្ណឥណទាន មានចំណែកស្មើនឹង ៧.៦៨%​, គឺប្រហាក់ប្រហែលនឹងត្រីមាសមុន ដោយឡែកហិរញ្ញវត្ថុផ្ទាល់ខ្លួន និង ​ប័ណ្ណឥណទានមានចំណែកតិចជាងមុនបន្តិចក្នុងត្រីមាសនេះ។ ចំណែករបស់កម្ចី​អចលនទ្រព្យកើនឡើងស្របនឹងកំណើនចំនួនគណនីរបស់ផលិតផលនេះ ​+៦.៧៦% នៅពេលដែលកំណើនគណនីរបស់ផលិតផលពីរទៀតតូចជាងត្រឹម ​+៥.៤៨% និង+៥.៣០% រៀងគ្នា។

ដូចគ្នានឹងចំនួនគណនីដែរ សមតុល្យឥណទានលក្ខណៈបុគ្គលសរុប​បានកើនឡើង +៥.០៨% ធៀបនឹងត្រីមាសមុនដែលមានកំណើន +៨.១០%។ ​កំណើននេះបានធ្វើអោយស​មតុល្យឥណទានលក្ខណៈបុគ្គលសរុប កើនឡើងដល់ ៥.១៦ប៊ីលាន ស្នើរនឹង ២៨.៨១% នៃសមតុល្យឥណទានទីផ្សារសរុប។ សមតុល្យហិរញ្ញវត្ថុផ្ទាល់ខ្លួន និង កម្ចី​អចលនទ្រព្យ​មានចំណែកប្រហែលគ្នានៃសមតុល្យឥណទានលក្ខណៈបុគ្គលសរុប គឺ ៥០.៨២% និង ៤៨.៣៨% រៀងគ្នា, នៅពេលដែលប័ណ្ណឥណទាននៅតែមានចំណែកមួយដ៏តូចត្រឹមតែ​០.៨០%។  ចំណែករបស់កម្ចី​អចលនទ្រព្យធំជាងមុនដោយសារកំណើនសមតុល្យរបស់វាក្នុងកម្រិត +៥.៤៣% គួរកត់សម្គាល់ថាចំណែករបស់ហិរញ្ញវត្ថុផ្ទាល់ខ្លួនបានធ្លាក់ចុះបន្តិច នៅពេលដែលចំណែករបស់ប័ណ្ណឥណទាននៅថេរតែ ០.៨០%​ ប៉ុណ្នោះ។ រាជធានីភ្នំពេញមានកម្រិតសមតុល្យឥណទានធំជាងគេបំផុតដដែររហូតដល់ជិត ៥០% នៃសមតុល្យឥណទានលក្ខណៈបុគ្គលសរុប ធ្វើអោយតំបន់ទំនាបកណ្តាលទាំងមូលចូលរួមចំណែករហូតដល់ ៧៦%។ ខេត្តកណ្តាលដែលមានសមតុល្យធំជាងគេទីពីរមានចំណែកត្រឹមតែ ៧% បន្ទាប់មកគឺខេត្ត សៀមរាប និង កំពង់ស្ពឺដែលមានចំណែកប្រហែលគ្នាប្រមាណ ៦%។​

គុណភាពឥណទានលក្ខណៈបុគ្គល​ ឆ្លុះបញ្ចាំងអំពីលទ្ធភាពទូទាត់សងរបស់កូនបំណុលទៅតាមថ្ងៃកំណត់។

ឥណទានមិនដំណើរការលើសពី ៣០ថ្ងៃ (NPL 30) មានភាពល្អជាងមុននៅគ្រប់តំបន់ធៀបនឹងត្រីមាសទី១, លើកលែងតែតំបន់ខ្ពង់រាបដែលអនុបាតខ្ពស់ជាងមុន ១.៧៤% ក្នុងត្រីមាសទី២ ហើយ១.៥៧% ក្នុងត្រីមាសទី១។ វាបានបន្តធ្លាក់ចុះគួរអោយកត់សម្គាល់ក្នុងរយ:ពេលមួយឆ្នាំចុងក្រោយ ពី ១.៧០% ក្នុងត្រីមាសទី២ ឆ្នាំ២០១៧ មកត្រឹម ១.៣០% ក្នុងត្រីមាសនេះ   (ធៀបនឹងត្រីមាសទី១ ១.៤២%​) ។ បើមើលបន្ថែមមូលហេតុនៃការធ្លាក់ចុះអនុបាតឥណទានមិនដំណើរការលើសពី ៣០ថ្ងៃ ក្នុងត្រីមាសទី២ ​គឺដោយសារតែកំណើនសមតុល្យឥណទានសរុបចំនួន +៥.៤៣%  ស្របពេលដែលចំនួនឥណទានមិនដំណើរការថយចុះកម្រិត -៤%។

ក្នុងត្រីមាសនេះតំបន់ខ្ពង់រាបជាតំបន់តែមួយដែលមានការធ្លាក់ចុះនូវសមតុល្យឥណទានហើយចំនួនឥណទានមិនដំណើរមានការកើនឡើង។ ដោយឡែករាជធានីភ្នំពេញទោះបីនៅតែជាតំបន់ដែលមានចំនួនឥណទានមិនដំណើរការខ្ពស់ជាងគេបំផុត (ស្របតាមចំនួនសមតុល្យរបស់វា​) ប៉ុន្តែបានកត់សម្គាល់ភាពល្អប្រសើរឡើងចំពោះអនុបាតនេះ ពី១.៥៧% (ត្រីមាសទី១​)  ទៅ ១.៣៥% (ត្រីមាសទី២)។  គួរជាទីចាប់អារម្មណ៍ផងដែរ អនុបាតឥណទានមិនដំណើរការលើសពី ៣០ថ្ងៃ របស់ខេត្តបាត់ដំបងមានកម្រិតខ្ពស់បំផុតរហូតដល់ ៣.១៧% ទោះបីជាសមតុល្យឥណទានរបស់ខេត្តសរុបប្រមាណ ៣%នៃសមតុល្យលក្ខណៈបុគ្គលសរុប។​

មិនខុសពីត្រីមាសទី១ អនុបាតឥណទានមិនដំណើរការរបស់ប័ណ្ណឥណទាននៅតែខ្ពស់ជាងគេ ក្នុងចំណោមប្រភេទឥណទានទាំងបីរបស់ឥណទានលក្ខណៈបុគ្គល គឺ ២.៤៣% ក្នុងត្រីមាសទី២ និង ២.១៣% ក្នុងត្រីមាសទី១។ អនុបាតឥណទានមិនដំណើរការរបស់ហិរញ្ញវត្ថុផ្ទាល់ខ្លួនមានភាពល្អប្រសើរជាងមុនបន្តិច គឺ ១.៨៦% ក្នុងត្រីមាសទី២ និង ១.៩៨% ក្នុងត្រីមាសទី១។ អនុបាតឥណទានមិនដំណើររបស់ កម្ចី​អចលនទ្រព្យស្ថិតនៅកម្រិតទាបជាងគេដដែរ ០.៨៨%​​ នៅដំណាច់ត្រីមាសទី២ ខ្ពស់ជាងត្រីមាសមុនបន្តិច ០.៨១%។

កម្ចីច្រើនស្ថាប័ន៖ សំដៅទៅលើអតិថិជនដែលមានគណនីឥណទានច្រើន ឬបានប្រើប្រាស់ឥណទានជាមួយស្ថាប័ន​ហិរញ្ញ​វត្ថុ​លើសពី​មួយ​ ក្នុងពេលជាមួយគ្នា (សំដៅលើឥណទានលក្ខណៈបុគ្គលតែប៉ុណ្ណោះ)។

យើងសង្កេតឃើញថាមិនទាន់មានភាពខុសប្លែកពីត្រីមាសមុនៗនៅឡើយ​ ភាគច្រើនអតិថិជនមានឥណទានតែមួយដែលមានរហូតដល់ ៦៨.៩៨% នៃអតិថិជនឥណទានបុគ្គលសរុប ទោះបីជាមានកម្រិតទាបជាងត្រីមាសមុនបន្តិចបណ្ណោះ ជាហេតុធ្វើអោយមានការកើនឡើងអតិថិជនដែលមានចំនួនឥណទានពីរ ​(២៣.០៨%) និង បីគណនី ​​(៦.២០%)។  អតិថិជនដែលមានទំនាក់ទំនងតែមួយស្ថាប័ននៅតែមានកម្រិតចម្បងក្នុងទីផ្សារនេះរហូតដល់ ៧៩.៩១% នៃអតិថិជនឥណទានលក្ខណៈបុគ្គលសរុបប្រហាក់ប្រហែលនឹងត្រីមាសមុនដែរ ៨០.៣០%។

“ទោះជាមានការធ្លាក់ចុះបែបរដូវកាលលើការស្នើសុំឥណទានលក្ខណៈបុគ្គលក៏ដោយ ប៉ុន្តែយើងសង្កេតឃើញថា ចំនួនគណនី និង សមតុល្យឥណទានសរុបនៅតែបន្តកើនឡើងស្មើនឹង ៣៤.១៩% នៃចំនួនគណនីឥណទានទីផ្សារសរុប និង ២៨.៨១% នៃចំនួនសមតុល្យឥណទានទីផ្សារសរុប។ ក្នុងត្រីមាសទី២នេះ យើងក៏សង្កេតឃើញថាដំណើរការរបស់អនុបាតឥណទានមិនដំណើរការលើសពី៣០ថ្ងៃ​ មានភាពកាន់តែប្រសើរឡើងរៀងរាល់ត្រីមាស តួយ៉ាងបានបន្តធ្លាក់ចុះរហូតដល់ ១.៣០% ពីកំណើនខ្ពស់បំផុតក្នុងត្រីមាសទី២ ឆ្នាំ២០១៧​​​ ដែលមានកម្រិត ១.៧០%។ នេះបញ្ជាក់អោយឃើញពីស្ថានភាពដ៏ល្អ នៃទីផ្សារឥណទានលក្ខណៈបុគ្គលក្នុងប្រទេសប្រកបដោយគុណភាពឥណទានដែលបានអនុម័ត” លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិនៃការិយាល័យឥណទានកម្ពុជា៕

ដើម្បីអានរបាយការណ៍លម្អិត សូមចុចទីនេះ

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង

ការិយាល័យឥណទានកម្ពុជា

លោក ផៃ សុផល ប្រធានផ្នែកទីផ្សារ

ទូរសព្ទ៖ +855 86 999 760

អ៊ីមែល៖ s.phay@creditbureaucambodia.com

កំណត់សម្គាល់សម្រាប់និពន្ធនាយក

  • របាយការណ៍ពេញលេញមាននៅក្នុងសារនេះ
  • សម្រាប់គោលបំណងនៃរបាយការណ៍នេះ ប្រទេសកម្ពុជាបានបែងចែកជា ៤ តំបន់៖ ទន្លេសាប តំបន់ឆ្នេរ តំបន់វាលទំនាប និងខ្ពង់រាប

 

 

 

 

 

 

 

 

 

 

 

  • អំពីការិយាល័យឥណទានកម្ពុជា (CBC)

ការិយាល័យឥណទានកម្ពុជាជាក្រុមហ៊ុនឈានមុខគេក្នុងការផ្ដល់ព័ត៌មានឥណទាន ឧបករណ៍វិភាគ និងសេវាកម្មរាយការណ៍ដល់ធនាគារ ស្ថាប័នហិរញ្ញវត្ថុ ក្រុមហ៊ុនផ្ដល់ប្រាក់កម្ចី ប្រតិបត្តិករឥណទាន និងអ្នកប្រើប្រាស់នានាក្នុងព្រះរាជាណាចក្រកម្ពុជា។

CBC ត្រូវបានបង្កើតឡើងក្នុងខែមិនា ឆ្នាំ​២០១២ ដោយមានការគាំទ្រពីធនាគារជាតិនៃកម្ពុជា (NBC) សមាគមធនាគារនៃកម្ពុជា (ABC) សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងក្រុមប្រឹក្សាហិរញ្ញវត្ថុអន្តរជាតិ (IFC)។

CBC ជំរុញឱ្យលំនឹងសេដ្ខកិច្ចកាន់តែប្រសើរឡើងដោយផ្ដល់ទិន្នន័យទាន់ហេតុការណ៍និងត្រឹមត្រូវដល់អ្នកប្រើប្រាស់ និងឧស្សាហកម្មដែលជួយក្នុងការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុនៃធុរកិច្ចរបស់ពួកគេ។ យើងជួយធុរកិច្ចក្នុងការគ្រប់គ្រងហានិភ័យនៃឥណទាន ការពារការក្លែងបន្លំ និងការធ្វើសេចក្ដីសម្រេចចិត្តដោយស្វ័យប្រវត្តិ។ CBC ក៏ជួយបុគ្គលប្រើប្រាស់ក្នុងការត្រួតពិនិត្យរបាយការណ៍ឥណទានរបស់ពួកគាត់ដើម្បីធានាថាពួកគាត់អាចទទួលបានប្រាក់កម្ចី និងហិរញ្ញវត្ថុ និងការពារខ្លួនពីការក្លែងបន្លំអត្តសញ្ញាណ។

CBC ជាសម្ព័ន្ធអាជីវកម្មរវាង Credit Bureau Holding Cambodia (តំណាងដោយ ABC និង CMA)​ និង Equifax Cambodia Holding Pte. Limited (ECH) ដែលមានការិយាល័យឥណទាននាំមុខគេផ្នែកប្រតិបត្តិការទូទាំងសាកលលោក។ ECH ជាក្រុមហ៊ុនសាជីវកម្មដែលបានបង្កើតឡើងជាសម្ព័ន្ធអាជីវកម្មរវាង Asia Credit Bureau Holdings Pte Ltd (ACB) និងជាក្រុមហ៊ុនដែលមានការិល័យស្ថិតនៅប្រទេសសិង្ហបុរី និង ក្រុមហ៊ុន Equifax Company ។