ភាសា

សន្ទស្សន៍ឥណទានលក្ខណៈបុគ្គល៖ ត្រីមាសទី ៤ ឆ្នាំ ២០២៣

កាលបរិច្ឆេទផ្សាយ: ថ្ងៃ​ព្រហស្បតិ៍ កុម្ភៈ 1st, 2024

ចេញផ្សាយនៅ ខែ កុម្ភៈ ឆ្នាំ ២០២៤

សេចក្តីសង្ខេបរបាយការណ៍នៃត្រីមាសទី ៤ ឆ្នាំ ២០២៣

សមិទ្ធផលឥណទានលក្ខណៈបុគ្គល​ សម្រេចបាននូវ​កំណើន​ដ៏រឹងមាំ​ ដោយសមតុល្យឥណទាន​ និងចំនួនគណនីឥណទាន ​មានការកើនឡើងក្នុងគ្រប់តំបន់។ ចំនួននៃការស្នើសុំឥណទានបុគ្គល​ មានការកើនឡើងក្នុងត្រីមាសទីមួយ បើប្រៀបធៀបនឹងត្រីមាសមុន។ ជាចុងក្រោយ គុណភាពនៃឥណទានបុគ្គលដែលវាស់វែងដោយអនុបាតនៃឥណទានសំណងយឺតលើសពី៣០ថ្ងៃ (30+DPD) មានធ្លាក់ចុះបន្តិចបន្តួច ដោយអនុបាតបានថយចុះ​នៅគ្រប់តំបន់។

  • ពាក្យស្នើសុំឥណទានលក្ខណៈបុគ្គល

ចំនួននៃពាក្យស្នើសុំឥណទានលក្ខណៈបុគ្គលកើនឡើង​​ជារួម +៥%។

ចំនួននៃពាក្យស្នើសុំកម្ចីប្រើប្រាស់ផ្ទាល់ខ្លួនកើនឡើងចំនួន +៧% ប្រៀបធៀបនឹងត្រីមាសមុន។ ការស្នើសុំប័ណ្ណឥណទានមានការថយចុះ  ធៀបនឹងត្រីមាសមុនចំនួន -១៤% និងពាក្យស្នើសុំកម្ចីអចលនទ្រព្យថយចុះចំនួន -៧%។​

  • ដំណើរការឥណទានលក្ខណៈបុគ្គល

ចំនួនគណនីឥណទានលក្ខណៈបុគ្គលសរុបមានការកើនឡើងគួរសម ចំនួន​ +៤,៤៩% ដែលនាំឲ្យចំនួនគណនីសរុបមានចំនួន ១,៧៦ លានគណនី។ សមតុល្យសរុបកើនឡើង​ +០,៥១%  ឈានដល់​ ១៥,០១ ប៊ីលានដុល្លារអាមេរិកនៅត្រីមាសទី៤នេះ។

  • គុណភាពឥណទានលក្ខណៈបុគ្គល

អនុបាតនៃឥណទានសំណងយឺតលើសពី ៣០ថ្ងៃ (30+DPD) មានការកើនឡើងដល់ +៥,១៤%។ អតិថិជនភាគច្រើននៅតែមានការប្រើប្រាស់កម្ចីតែមួយស្ថាប័ន (៧០,០៧%)​ ហើយមានគណនីឥណទានតែមួយគណនី (៥៨,៧៣%)។

ពាក្យស្នើសុំឥណទានលក្ខណៈបុគ្គល

បង្ហាញអំពីបំណងរបស់អ្នកប្រើប្រាស់ក្នុងការទទួលបានឥណទានក្នុងលក្ខណៈជាឥណទានសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន ប័ណ្ណឥណទាន និងកម្ចីអចលនទ្រព្យ។

នៅត្រឹម​ត្រីមាសទី៤ នៃឆ្នាំ២០២៣នេះ ចំនួនអតិថិជនដែលព្យាយាមស្នើសុំឥណទាន ក្នុងទម្រង់៣ផ្សេងៗគ្នាដូចជា ឥណទានសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន (Personal Finance) ប័ណ្ណឥណទាន (Credit Cards) និងកម្ចីអចលនទ្រព្យ (Mortgage)។ ពាក្យស្នើសុំឥណទានលក្ខណៈបុគ្គល បានកើនឡើង​ជារួម +៥%។ ការកើនឡើងនៃពាក្យស្នើសុំកម្ចីប្រើប្រាស់ផ្ទាល់ខ្លួនមានចំនួន ​ +៧% ក្នុងនេះមានការកើនឡើងខ្លាំងនៅតំបន់ទំនាប និងតំបន់ឆ្នេរមានចំនួន +៩%។ ការស្នើសុំប័ណ្ណឥណទាន​​ មានការធ្លាក់ចុះ -១៤% ក្នុងនេះមានការធ្លាក់ចុះខ្លាំងនៅតំបន់ខ្ពង់រាប -៣៩%។​ ការស្នើសុំកម្ចីអចលនទ្រព្យថយចុះចំនួន -៧%​ ក្នុងនេះមានការធ្លាក់ចុះខ្លាំងនៅតំបន់ទន្លេសាប -៩%។

បម្រែបម្រួលជាភាគរយទំហំទឹកប្រាក់នៃការស្នើសុំឥណទាន ក៏មានការធ្លាក់ចុះចំនួន -១០%​ ដែលចំនួននេះកើនឡើងខ្លាំងពីត្រីមាសមុន ចំនួន +១២%។​ បម្រែបម្រួល​នេះ​បណ្តាលមកពី​ការធ្លាក់ចុះនៃទំហំទឹកប្រាក់នៃការស្នើសុំប័ណ្ណឥណទាន -៦% និងកម្ចីផ្ទាល់ខ្លួ​ន -១១% និងកម្ចីអចលនទ្រព្យ -១% ។

ដំណើរការឥណទានលក្ខណៈបុគ្គល

បង្ហាញអំពីទំហំឥណទានលក្ខណៈបុគ្គលនៅចុងត្រីមាសទីមួយនេះឆ្លុះបញ្ចាំងពីទីផ្សារឥណទានសកម្ម។

គិតត្រឹមខែធ្នូ ឆ្នាំ២០២៣ ចំនួនគណនីឥណទានលក្ខណៈបុគ្គលមានការកើនឡើង ចំនួន +៤,៤៩% ប្រៀបពីត្រីមាសមុនដែលធ្វើឲ្យ ចំនួនគណនីនៅទូទាំងប្រទេសសរុបមានចំនួន ១,៧៦ លានគណនី។ ក្នុងចំណោមចំនួននេះ ៨០,២៧% ជាឥណទានសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន ខណៈចំណែកតូចជាងគេគឺកម្ចីប័ណ្ណឥណទាន ៨,២០% និងកម្ចីអចលនទ្រព្យមាន​ ១១,៥៣%។ កំណើននេះត្រូវបានគេមើលឃើញនៅក្នុងគ្រប់តំបន់ នៃព្រះរាជាណាចក្រកម្ពុជា (+៣,៧​%នៅតំបន់​ខ្ពង់រាប +៣,០%នៅតំបន់ឆ្នេរ ​ +៥,២%នៅតំបន់ទំនាប​និង +៣,២%នៅតំបន់ទន្លេសាប)។

សមតុល្យឥណទានលក្ខណៈបុគ្គល ក៏បានបន្តកើនឡើង​ជាលំដាប់ក្នុងកម្រិត +០,៥១% គិតត្រឹមពីខែធ្នូ ឆ្នាំ២០២៣​។ នៅចុងត្រីមាសនេះ សមតុល្យឥណទានលក្ខណៈបុគ្គលមានចំនួន ១៥,០១ ប៊ីលានដុល្លារអាមេរិក។

បើទោះបីជា​ ចំនួនគណនី​​នៃកម្ចី​អចលនទ្រព្យមាន​​ត្រឹមតែ​ ១១,៥៣% នៃ​ចំនួន​គណនី​សរុបក៏ដោយ កម្ចីអចលនទ្រព្យនៅតែមានលើសពីពាក់កណ្តាលនៃសមតុល្យឥណទានលក្ខណៈបុគ្គលសរុប ៥៤,៤២% ចំណែកឯសមតុល្យឥណទានប្រើប្រាស់ផ្ទាល់ខ្លួនមានចំណែក ៨០,២៧% និងសមតុល្យឥណទានប្រើប្រាស់ផ្ទាល់ខ្លួន មានចំណែក ៤៤,៤៤%។ សមតុល្យប័ណ្ណឥណទានមានចំណែកតូចគឺត្រឹមតែ ១,១៤% តែប៉ុណ្ណោះ។ និយាយជារួម សមតុល្យឥណទានមានការកើន​ឡើងជាវិជ្ជមាននៅតំបន់​ដូចជា +២,៧%នៅតំបន់ខ្ពង់រាប និង+០,៧%នៅតំបន់ទំនាប ប៉ុន្តែមានការថយចុះ -០,៩%នៅតំបន់ឆ្នេរ និង-០,១%នៅតំបន់ទន្លេសាប។

គុណភាពឥណទានលក្ខណៈបុគ្គល

បានមកពីអនុបាតនៃគណនីឥណទានជាមួយនឹងការសងយឺត ៣០ ថ្ងៃហួសកាលបរិច្ឆេទកំណត់ ដែលជា30+ DPD។ វាបង្ហាញពីលទ្ធភាពនៃការបង់សង និង ហានិភ័យនៃការខកខាននៅក្នុងត្រីមាស។

អនុបាត 30+DPD កើនឡើង​ពី ៥,១៤% នៅក្នុង​ត្រីមាសនេះ ពី ៤,៧១% ក្នុងត្រីមាសទីបី ឆ្នាំ២០២៣។ ក្នុងចំណោមផលិតផលទាំងបីនោះ ផលិតផលដែលមាន អនុបាត ៣០+DPD ខ្ពស់បំផុតគឺ ឥណទានប្រើប្រាស់ផ្ទាល់ខ្លួនជាមួយនឹង អនុបាតចំនួន ៦,៥៤%។

ចំនួនសមតុល្យឥណទានមិនដំណើរការលើសពី៣០ថ្ងៃ មានការកើន​ឡើង​ជារួម +៩,៧% នៅទូទាំងតំបន់។ ការកើន​ឡើងដែលច្រើនជាងគេនៃចំនួនទឹកប្រាក់ឥណទានសំណងយឺតលើសពី៣០ថ្ងៃគឺនៅ តំបន់ទំនាបកើនឡើង​ចំនួន +១៤%,  តំបន់ខ្ពង់រាបកើនឡើង +១១% តំបន់ទន្លេសាបកើនឡើងចំនួន +៣%, ចំនែកឯតំបន់​ឆ្នេរមាន​ការថយចុះ​ចំនួន -៩,0%។

ចំនួនអតិថិជនដែលមានកម្ចីតែមួយស្ថាប័ននៅតែមានកម្រិតខ្ពស់គឺ ៧០,០៧%នៃចំនួនអតិថិជនទាំងអស់។ ចំណែកឯអតិថិជន​​ដែលមានកម្ចីច្រើនស្ថាប័ននៅតែមានកម្រិតទាបដដែលត្រឹម ២៩,៩៣%។

អតិថិជនប្រើប្រាស់ឥណទានលក្ខណៈបុគ្គលដែលមានគណនីចំនួន ១ មាន ៥៨,៧៣%, ​ អ្នកមានគណនីឥណទានចំនួន ២ មានចំនួន ២៨,០៧% អ្នកដែលមានគណនីឥណទានចំនួន ៣​ មានចំនួន ៩,៦៩% ហើយអ្នកដែលមានគណនីឥណទានច្រើនជាង៣ មានចំនួន ៣,៥១% នៃចំនួនអតិថិជនទាំងអស់។

លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា ខូ អិលធីឌីបានមានប្រសាសន៍ថា “តម្រូវការពាក្យស្នើសុំឥណទានបុគ្គលមានការកើនឡើង ប៉ុន្តែសមិទ្ធផលឥណទានលក្ខណៈបុគ្គលនៅតែវិជ្ជាមាន ជាមួយនឹងចំនួនគណនី និងសមតុល្យកម្ចីក្នុងត្រីមាសទីបីនេះ បើប្រៀបធៀបនឹងត្រីមាសមុន”។ លោកបានបន្ថែមទៀតថា គុណភាពឥណទានមានការធ្លាក់ចុះ ជាមួយនឹងការកើនឡើងនៃអនុបាតនៃគណនីប្រាក់កម្ចីជាមួយនឹងការសងយឺត ៣០ថ្ងៃហួសកាលបរិច្ឆេទកំណត់ ពី៤,៧១% ក្នុងត្រីមាសទីបីក្នុងឆ្នាំ២០២៣ មក៥,១៤% ក្នុងត្រីមាសនេះ។

*ចប់*

 

ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា ខូ អិលធីឌី

លោក​ស្រី ស្រ៊ី បុប្ផារ័ត្ន

ទូរសព្ទ៖+855 86 766 599

អ៊ីមែល៖ B.SRY@creditbureau.com.kh

 

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង

 

 

ចំណាំសម្រាប់និពន្ធនាយក

  • របាយការណ៍ពេញលេញមានភ្ជាប់ជាមួយសារនេះ
  • សម្រាប់គោលបំណងនៃរបាយការណ៍នេះ ប្រទេសកម្ពុជាបានបែងចែកជា ៤ តំបន់៖ ទន្លេសាប តំបន់ឆ្នេរ តំបន់វាលទំនាប និងខ្ពង់រាប
  • អំពីក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា ខូ អិលធីឌី​(CBC)

ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា ខូ អិលធីឌី ជាក្រុមហ៊ុនឈានមុខគេក្នុងការផ្ដល់ព័ត៌មានឥណទាន ឧបករណ៍វិភាគ និង  សេវាកម្មរាយការណ៍របាយការណ៍ឥណទានដល់ធនាគារ ស្ថាប័នហិរញ្ញវត្ថុ ក្រុមហ៊ុនផ្ដល់ប្រាក់កម្ចី ប្រតិបត្តិករឥណទាន និងអ្នកប្រើប្រាស់នានាក្នុងព្រះរាជាណាចក្រកម្ពុជា។

CBC បានដំណើរការប្រតិបត្តិការជាផ្លូវការក្នុងខែមិនា ឆ្នាំ​២០១២ ដោយមានការគាំទ្រពីធនាគារជាតិនៃកម្ពុជា (NBC) សមាគមធនាគារនៃកម្ពុជា (ABC) សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC)។ CBC ជំរុញឱ្យលំនឹងសេដ្ឋកិច្ចកាន់តែប្រសើរឡើងដោយផ្ដល់ទិន្នន័យទាន់ហេតុការណ៍និងត្រឹមត្រូវដល់អ្នកប្រើប្រាស់ និងឧស្សាហកម្មដែលជួយក្នុងការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុនៃធុរកិច្ចរបស់ពួកគេ។ យើងជួយធុរកិច្ចក្នុងការគ្រប់គ្រងហានិភ័យនៃឥណទាន ការពារការក្លែងបន្លំ និងការធ្វើសេចក្ដីសម្រេចចិត្តដោយស្វ័យប្រវត្តិ។ CBC ក៏ជួយបុគ្គលប្រើប្រាស់ក្នុងការត្រួតពិនិត្យរបាយការណ៍ឥណទានរបស់ពួកគាត់ដើម្បីធានាថាពួកគាត់អាចទទួលបានប្រាក់កម្ចី និងហិរញ្ញវត្ថុ និងការពារខ្លួនពីការក្លែងបន្លំអត្តសញ្ញាណ។

CBC ជាសម្ព័ន្ធអាជីវកម្មរវាង ក្រុមហ៊ុន ក្រេឌីត ប្យូរ៉ូ​ហូលឌិញ (​​ម្ពុជា​​) អ៊ិលធីឌី (CHBC) និង ក្រុមហ៊ុន Equifax (Cambodia Holdings) Pte Limited (ECH)។ CHBC គឺជាក្រុមហ៊ុនដែលមានការរួមបញ្ចូលគ្នានៃ ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជាECH គឺជាក្រុមហ៊ុន​​ដែលត្រូវ​បាន​បង្កើត​ឡើង​ដោយ​​ការ​បណ្តាក់​​ទុន​រួមគ្នា​​ រវាងក្រុមហ៊ុន Credit Bureau Asia Holdings Pte Ltd (មានមូលដ្ឋាននៅប្រទេសសិង្ហបុរី) និងក្រុមហ៊ុន Equifax (មានមូលដ្ឋាននៅសហរដ្ឋអាមេរិក) ដែលឈានមុខគេក្នុងដំណើរការ ការិយាល័យឥណទាន។