ភាសា

ក្រុមហ៊ុនក្រេឌីតប្យួរ៉ូ (ខេមបូឌា) ខូអិលធីឌី ប្រកាសចូលរួមជំរុញបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា ជាសាច់ប្រាក់សរុបចំនួន១លានដុល្លា

កាលបរិច្ឆេទផ្សាយ: ថ្ងៃ​សុក្រ ធ្នូ 24th, 2021

ការិយាល័យឥណទានកម្ពុជា (ស៊ីប៊ីស៊ី) បានប្រកាសពីការប្តេជ្ញាក្នុងការគាំទ្រយុទ្ធសាស្ត្របរិយាបន្នហិរញ្ញវត្ថុជាតិ​ សរុបជាសាច់ប្រាក់ចំនួន១លានដុល្លាអាមេរិក ដើម្បីលើកកម្ពស់ និងពង្រឹងបរិយាបន្នហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា ក្នុងរយៈពេល ៥ឆ្នាំ ខាងមុខ។

ភ្នំពេញ, ២៤ ធ្នូ ២០២១ស៊ីប៊ីស៊ីបានប្រកាសពីផែនការយុទ្ធសាស្ត្ររយៈពេលប្រាំឆ្នាំរបស់ខ្លួន ជាមួយនឹងការប្តេជ្ញាចិត្តចូលរួម សរុបជាសាច់ប្រាក់ចំនួន​១លានដុល្លា ដើម្បីធ្វើការយ៉ាងជិតស្និទ្ធជាមួយសហគមន៍ក្នុងស្រុកក្នុងការគាំទ្រយុទ្ធសាស្ត្របរិយាបន្នហិរញ្ញវត្ថុជាតិ (ហៅកាត់ថា NFIS ឆ្នាំ ២០១៩ – ២០២៥) ដោយផ្តោតលើគំនិតផ្តួចផ្តើមជុំវិញការផ្តល់ប្រាក់កម្ចីប្រកបដោយទំនួលខុសត្រូវ ការទទួលបានហិរញ្ញប្បទាន និងការអប់រំផ្នែកហិរញ្ញវត្ថុ។

ស៊ីប៊ីស៊ី នឹងគាំទ្រការផ្តួចផ្តើមរបស់ធនាគារជាតិនៃកម្ពុជា និងសហការជាមួយភាគីពាក់ព័ន្ធក្នុងប្រព័ន្ធអេកូឡូស៊ីនៃវិស័យហិរញ្ញវត្ថុក្នុងប្រទេស ដើម្បីបន្តពង្រឹងវឌ្ឍនភាពបន្ថែមទៀតលើផ្នែកបរិយាបន្នហិរញ្ញវត្ថុ។ ការពង្រឹងរបាយការណ៍ឥណទាន និងការគាំទ្រដល់ការផ្តល់ប្រាក់កម្ចីប្រកបដោយទំនួលខុសត្រូវ តាមរយៈការបង្កើនវិសាលភាពនៃស្ថាប័នហិរញ្ញវត្ថុដែលត្រូវរាយការណ៍ នឹងក្លាយជាផ្នែកមួយដ៏សំខាន់ក្នុងផែនការនេះ។ បន្ថែមពីលើនេះ ផ្នែកអាទិភាព​​ផ្សេងទៀតរួមមាន ការផ្តល់លទ្ធភាពឱ្យស្ត្រីទទួលបានហិរញ្ញវត្ថុ ការលើកកម្ពស់អក្ខរកម្មហិរញ្ញវត្ថុក្នុងរបាយការណ៍ឥណទាន ការអប់រំផ្នែកហិរញ្ញវត្ថុឌីជីថល និងការការពារអ្នកប្រើប្រាស់។​

៥៩% នៃប្រជាជនកម្ពុជាមិនបានទទួលសេវាហិរញ្ញវត្ថុផ្លូវការទេ ចំណែកឯ ២៩% នៃប្រជាជនកម្ពុជាពេញវ័យមិនបានទទួលសេវាហិរញ្ញវត្ថុទាំងស្រុង ទាំងផ្លូវការ និងក្រៅផ្លូវការ។​ សកម្មភាពអាទិភាពនៅក្នុង NFIS ២០១៩-២០២៥ រួមមានការផ្សព្វផ្សាយផលិតផលឥណទានថ្មីៗ ការពង្រឹងអំណាចនិងការការពារអ្នកប្រើប្រាស់ តម្លាភាពក្នុងវិស័យហិរញ្ញវត្ថុ ក្នុងចំណោមសកម្មភាពផ្សេងទៀតដែលមានគោលបំណងកាត់បន្ថយអត្រាស្រ្តីដែលមិនទាន់ទទួលបានសេវាហិរញ្ញវត្ថុចំនួនពាក់កណ្តាលពី ២៧% ទៅ ១៣% និងបង្កើនការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការពី ៥៩% ដល់ ៧០% នៅត្រឹមឆ្នាំ២០២៥។

លោកជំទាវបណ្ឌិត ជា​ សិរី ប្រធានក្រុមប្រឹក្សាភិបាលរបស់ស៊ីប៊ីស៊ី មានប្រសាសន៍ថា « បរិយាបន្នហិរញ្ញវត្ថុគឺជាកត្តាចំបងមួយ ក្នុងការជម្រុញកំណើនសេដ្ឋកិច្ចក្នុងប្រទេស និងការកាត់បន្ថយវិសមភាព។ ក្នុងនាមជាហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុដ៏សំខាន់មួយនៅក្នុងប្រទេស ការគាំទ្ររបស់ស៊ីប៊ីស៊ី នឹងនាំឲ្យកិច្ចសហការនៅក្នុងការផ្តួចផ្តើមរបស់ធនាគារជាតិនៃកម្ពុជាក្នុងការជំរុញបរិយាបន្នហិរញ្ញវត្ថុនៅក្នុងប្រទេស។ សកម្មភាពដែលគាំទ្រដោយស៊ីប៊ីស៊ី នឹងជួយកែលម្អបន្ថែមទីផ្សារឥណទានប្រកបដោយបរិយាបន្ន និងប្រសិទ្ធភាព កាត់បន្ថយចំណាយលើប្រតិបត្តិការ និងកាត់បន្ថយភាពងាយរងគ្រោះសម្រាប់អ្នកប្រើប្រាស់»។

ស៊ីប៊ីស៊ីគ្រប់គ្រងប្រព័ន្ធរបាយការណ៍ឥណទានដ៏ទូលំទូលាយបំផុតនៅក្នុងប្រទេសដែលគ្របដណ្តប់លើប្រវត្តិឥណទានរបស់អ្នកខ្ចីប្រាក់ជាង៧លាននាក់ ពីគ្រឹះស្ថានហិរញ្ញវត្ថុជាសមាជិកជាង ១៧០ ក្រោមប្រកាសស្តីពីរបាយការណ៍ឥណទានរបស់ធនាគារជាតិនៃកម្ពុជា ដែលអាចឲ្យអ្នកផ្តល់ប្រាក់កម្ចីពិនិត្យមើលប្រវត្ដិឥណទានរបស់អ្នកខ្ចីដោយមិនចាំបាច់ឆ្លងកាត់ដំណើរការសម្រេចចិត្តយូរ និងស្មុគស្មាញ។ តាមរយៈការបំពេញនូវចន្លោះព័ត៌មានដូចនេះ និងការកាត់បន្ថយចំណាយប្រតិបត្តិការ ស៊ីប៊ីស៊ី បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញបរិយាបន្នហិរញ្ញវត្ថុសម្រាប់ប្រទេស។ ថ្មីៗនេះ ជាមួយនឹងការរីកចម្រើនយ៉ាងលឿនផ្នែកបច្ចេកវិទ្យា ស៊ីប៊ីស៊ីបាននិង កំពុងធ្វើការផ្តួចផ្តើមដើម្បីអាចប្រើប្រាស់ទិន្នន័យពីប្រភពផ្សេងៗ និងប្រើប្រាស់កាវិភាគទិន្នន័យកម្រិតខ្ពស់ ដើម្បីអនុញ្ញាតឲ្យមានការ សម្រេចចិត្តផ្តល់ឥណទានលឿនជាងមុន និងជួយប្រជាជនដែលមិនមាន ឫមានប្រវត្តិឥណទានតិចតួចឲ្យទទួលបានសេវាហិរញ្ញវត្ថុផ្លូវការផងដែរ។

លោក អឿ សុធារ័ត្ន នាយកប្រតិបត្តិក្រុមហ៊ុនស៊ីប៊ីស៊ី បានបញ្ជាក់ថា «យើងសូមបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងក្នុងការគាំទ្រដល់ការអនុវត្ត NFIS ២០១៩-២០២៥ និងចូលរួមចំណែកជំរុញការទទួលបានសេវាហិរញ្ញវត្ថុឲ្យកាន់តែទូលំទូលាយដើម្បីបង្កើនឱកាសសេដ្ឋកិច្ច និងលើកកំពស់សុខុមាលភាពដល់ប្រជាជនកម្ពុជាទាំងអស់»។