ភាសា

ចំណេះដឹងលើប្រព័ន្ធចែករំលែកព័ត៌មានឥណទានដើម្បីភាពរីកចម្រើនរបស់សហគ្រាសធុនតូច និងមធ្យមក្នុងវិស័យទេសចរណ៍

កាលបរិច្ឆេទផ្សាយ: ថ្ងៃ​ព្រហស្បតិ៍ មិនា 28th, 2024

ថ្ងៃទី ២៧ ខែមីនា​​ ឆ្នាំ២០២៤

ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ​​​ ខេមបូឌា​ (CBC) និងសមាគមទេសចរណ៍កម្ពុជា (CATA) បានសហការគ្នារៀបចំសិក្ខាសាលា នៅខេត្តសៀមរាប នាថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៤ ដើម្បីពង្រីកការយល់ដឹងអំពីប្រព័ន្ធចែករំលែកព័ត៌មានឥណទាន វិធីពិនិត្យសុខភាពហិរញ្ញវត្ថុ និងចំណេះដឹងរង្វាយតម្លៃឥណទានក្នុងការបង្កើនលទ្ធភាពទទួលបានឥណទានសម្រាប់ភាពរីកចម្រើនរបស់សហគ្រាសធុនតូច និងមធ្យមទេសចរណ៍។

ហិរញ្ញប្បទានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយដល់អាជីវកម្មក្នុងវិស័យទេសចរណ៍ ដើម្បីពន្លឿនកំណើន និងការងើបឡើងវិញបន្ទាប់ពីការធ្លាក់ចុះក្រោយជំងឺរាតត្បាតកូវីទ ១៩។ ក្នុងបរិបទនៃការប្រកាសកញ្ចប់ប្រាក់កម្ចីចំនួន ៥០ លានដុល្លារពីរដ្ឋាភិបាលកម្ព្ុជាដល់សហគ្រាសធុនតូច និងមធ្យមទេសចរណ៍ក្នុងខេត្តសៀមរាប សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងផ្តោតលើកត្តាអាចឱ្យធុរកិច្ចរៀបចំខ្លួនបានល្អប្រសើរសម្រាប់ការទទួលបានប្រាក់កម្ចី។ សហគ្រាសធុនតូច និងមធ្យមទេសចរណ៍ប្រមាណ ១០០ មកពីខេត្តសៀមរាប បានចូលរួមសិក្ខាសាលានេះ។

លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តតំណាង​ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ក្នុងសុន្ទរកថាគន្លឹះក្នុងសិក្ខាសាលានេះ បានលើកឡើងពីតម្រូវការសម្រាប់ម្ចាស់សហគ្រាសធុនតូច និងមធ្យមក្នុងវិស័យទេសចរណ៍ ត្រូវយល់ដឹង និងរៀបចំខ្លួនដើម្បីទទួលបានឥណទាន ហើយអាចមានលទ្ធភាពរវិនិយោគប្រកបដោយការទទួលខុសត្រូវ និងនិរន្តរភាព។ លោកបានគូសបញ្ជាក់បន្ថែមទៀតថា ដោយសារវិស័យទេសចរណ៍គឺជាកត្តាជំរុញដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចរបស់យើង កិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធជាមួយ ស៊ីប៊ីស៊ី និងធនាគារ អាចជួយជំរុញកំណើនវិស័យនេះ។

ប្រព័ន្ធចែករំលែកព័ត៌មានឥណទាន​ ដើរតួនាទីជាគ្រឹះក្នុងការពង្រីកលទ្ធភាពទទួលបានឥណទាន និងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ។ នៅពេលដែលបុគ្គល ឬអាជីវកម្មស្នើសុំប្រាក់កម្ចី អ្នកផ្តល់ប្រាក់កម្ចីគ្រប់រូបត្រូវពិនិត្យមើលប្រវត្តិឥណទានរបស់ខ្លួនពីក្រុមហ៊ុន​​ ស៊ីប៊ីស៊ី។ សេវាកម្មរបស់​ ស៊ីប៊ីស៊ី នឹងជួយបុគ្គល និងអាជីវកម្មទទួលបានប្រាក់កម្ចីដោយផ្តល់ព័ត៌មានសំខាន់ៗអំពីទម្រង់ឥណទានរបស់ពួកគេ ដែលជួយស្ថាប័នហិរញ្ញវត្ថុដែលផ្ដល់កម្ចីអាចធ្វើការវាយតម្លៃ ក៏ដូចជាធ្វើការសម្រេចចិត្តផ្តល់ប្រាក់កម្ចីបានលឿន និងត្រឹមត្រូវជាងមុន។

លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិ​ នៃក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ ខេមបូឌា បានមានប្រសាសន៍ថា “ទិន្នន័យពី ស៊ីប៊ីស៊ី បង្ហាញថាគិតត្រឹមខែកុម្ភៈ ឆ្នាំ ២០២៤ ប្រាក់កម្ចីចំនួន ២.៦៨ ពាន់លានដុល្លារត្រូវបានប្រើប្រាស់នៅក្នុងវិស័យទេសចរណ៍នៅទូទាំងប្រទេសដែលស្មើនឹង ១២.៦៨% នៃប្រាក់កម្ចីក្នុងវិស័យទេសចរណ៍បានផ្តល់ទៅឱ្យប្រជាជន នៅក្នុងខេត្តសៀមរាបដែលបានស្នើប្រាក់កម្ចី។ ប្រសិនបើយើងក្រឡេកមើលទិដ្ឋភាពឥណទានដ៏ទូលំទូលាយនៅក្នុងខេត្តសៀមរាប យើងអាចមើលឃើញថា ឥណទានបានដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់អាជីវកម្មក្នុងស្រុក ដោយសារសមតុល្យប្រាក់កម្ចីអាជីវកម្មខ្នាតតូចបានកើនឡើង ៥២% ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយចាប់តាំងពីឆ្នាំ ២០១៩ ហើយបច្ចុប្បន្នស្មើនឹង ៧៣.៣៥% នៃប្រាក់កម្ចីសរុបនៅខេត្តសៀមរាប។ អាស្រ័យហេតុនេះ ស៊ីប៊ីស៊ី ប្តេជ្ញាពង្រីកការយល់ដឹងអំពីរបាយការណ៍ឥណទានដើម្បីធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានឥណទានសម្រាប់សហគ្រាសធុនតូច និងមធ្យមក្នុងវិស័យទេសចរណ៍ ដែលជាឆ្អឹងខ្នងរបស់ប្រទេសយើង។”

សមាគមទេសចរណ៍កម្ពុជា (CATA) ដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រអាជីវកម្មរបស់សមាជិកខ្លួន ដើម្បីពង្រីកចំណេះដឹង​ ការផ្សព្វផ្សាយ និងបង្កើតបណ្តាញសម្រាប់ការពង្រឹងអាជីវកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុរបស់សមាជិក​។ មុនពេលជំងឺរាតត្បាត កូវីទ១៩ វិស័យទេសចរណ៍បានរួមចំណែកដល់ ១៨.២% នៃផលិតផលជាតិក្នុងស្រុកសរុបក្នុងឆ្នាំ ២០១៩។ បន្ទាប់ពីវិបត្តិ កូវីទ១៩ សិក្ខាសាលានេះនឹងដើរតួយ៉ាងសំខាន់ក្នុងការរៀបចំសហគ្រាសធុនតូច និងមធ្យមជាសមាជិករបស់ សមាគមទេសចរណ៍កម្ពុជា សម្រាប់ការទទួលបានប្រាក់កម្ចីសម្រាប់ផ្តល់ហិរញ្ញប្បទានដល់កំណើនប្រតិបត្តិការរបស់សមាជិក។

លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា មានប្រសាសន៍ថា “យើងបានរៀបចំសិក្ខាសាលានេះ ដើម្បីផ្តល់ជាវេទិកាមួយសម្រាប់សហគ្រាសធុនតូច និងមធ្យមជាសមាជិករបស់យើង ដើម្បីបង្កើនការយល់ដឹងរបស់ពួកគេលើរបាយការណ៍ឥណទាន និងរបៀបដែលវាប៉ះពាល់ដល់លទ្ធភាពទទួលបានប្រាក់កម្ចីរបស់សមាជិករបស់យើង។ វិស័យទេសចរណ៍ដើរតួនាទីចាំបាច់ក្នុងការស្តារកំណើនសេដ្ឋកិច្ចនៃខេត្តសៀមរាប ក៏ដូចជាទូទាំងប្រទេសកម្ពុជា។ យើងត្រូវជំរុញកិច្ចសហប្រតិបត្តិការរបស់យើងជាមួយវិស័យហិរញ្ញវត្ថុ សមាគមនធុរកិច្ច សមាគមផ្សេងៗ និងរាជរដ្ឋាភិបាល ដើម្បីបង្កើតបានជាធ្លុងដ៏រឹងមាំមួយ ដែលអាច សម្រេចបាននូវកំណើនក្នុងវិស័យទេសចរណ៍ ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល។»

ក្នុងកម្មវិធីសិក្ខាសាលានេះ សហគ្រាសធុនតូច និងមធ្យមដែលចូលរួមក៏មានឱកាសសាកល្បងទាញយក និងប្រើប្រាស់​កម្មវិធីទូរស័ព្ទស៊ីប៊ីស៊ី​​ និងពិនិត្យមើលរបាយការណ៍ឥណទានឥតគិតថ្លៃ។ វាជាសិទ្ធិរបស់បុគ្គល និងអាជីវកម្មគ្រប់រូបក្នុងការពិនិត្យមើលរបាយការណ៍ឥណទានរបស់ពួកគេដោយមិនគិតថ្លៃម្តងក្នុងមួយឆ្នាំ។ ស្ថាប័នហិរញ្ញវត្ថុតែងតែ ពិនិត្យមើលរបាយការណ៍ឥណទានរបស់អ្នកស្នើឥណទានមុនពេលធ្វើការសម្រេចចិត្ត ដូចនេះវាពិតជាសំខាន់ណាស់ដែលលោកអ្នកតាមដាន និងពិនិត្យមើលរបាយការណ៍ឥណទានពីរទៅបីដងក្នុងមួយឆ្នាំ។

ក្នុងសិក្ខាសាលានេះ សហគ្រិនក្នុងស្រុក និងថ្នាក់ដឹកនាំបានចែករំលែកទស្សនៈរបស់ពួកគេអំពីស្ថានភាពអាជីវកម្មទេសចរណ៍ និងបញ្ហាប្រឈមដែលពួកគេជួបប្រទះនៅពេលស្នើឥណទាន។ នាយកប្រតិបត្តិជាន់ខ្ពស់របស់ធនាគារ សហគ្រាសធុនតូច​ និងមធ្យម​ កម្ពុជា និង​ ធនាគារ ស្ថាបនា ក៏បានចូលរួមផងដែរ ក្នុងការផ្តល់គន្លឹះ និងការប្រឹក្សាយោបល់ដែលអាចជួយសហគ្រាសធុនតូច និងមធ្យម ក្នុងការប្រើប្រាស់ហិរញ្ញវត្ថុរបស់ពួកគេ។

      ​

     

 

អំពីក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី (ស៊ីប៊ីស៊ី)

ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី ដែលហៅកាត់ថា ស៊ីប៊ីស៊ី​ ជាក្រុមហ៊ុនឈានមុខគេក្នុងការផ្តល់នូវ សេវាព័ត៌មានហិរញ្ញវត្ថុ ឧបករណ៍វិភាគទិន្នន័យ​ និងរបាយការណ៍ឥណទាន ដល់ស្ថាប័នហិរញ្ញវត្ថុទាំងអស់ ក្នុងប្រទេស កម្ពុជា។ ចាប់តាំងពីឆ្នាំ២០១២​មក  ស៊ីប៊ីស៊ីបានជួយដល់អតិថិជន ក្នុងការគ្រប់គ្រងហានិភ័យ និងអត្ថប្រយោជន៍ ជាច្រើនលើផ្នែកធុរកិច្ច និងការសម្រេចចិត្តបានកាន់តែប្រសើរ តាមរយៈដំណោះស្រាយជាច្រើនដូចជារបាយការណ៍ឥណទានអតិថិជន របាយការណ៍ឥណទានក្រុមហ៊ុន ខេ-ស្ករ​ សេវាវិភាគទិន្នន័យ
ផែនទីហានិភ័យឥណទាន  សេវាតាមដានឥណទាន សេវាត្រួតពិនិត្យឥណទាន សេវាវិភាគទិន្នន័យតាមតម្រូវការ
និងសេវាវាយតម្លៃអចលនទ្រព្យឌីជីថល ជាដើម។ បច្ចុប្បន្ន ស៊ីប៊ីស៊ី មានសមាជិករហូតដល់ទៅ ១៩០ស្ថាប័នហិរញ្ញវត្ថុ ដែលរួម មានធនាគារពាណិជ្ជ ធនាគារឯកទេស គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ជើ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ
ក្រុមហ៊ុនភតិសន្យា ប្រតិបត្តិករឥណទានជនបទ។​

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមក b.sry@creditbureau.com.kh

អំពីសមាគមទេសចរណ៍កម្ពុជា

សមាគមទេសចរណ៍កម្ពុជាធ្វើជាសំឡេងតែមួយរបស់ភ្នាក់ងារទេសចរណ៍កម្ពុជា និងសមាគមឧស្សាហកម្មទេសចរណ៍រៀងៗខ្លួន។ វាដើរតួនាទីជាកាតាលីករដ៏សំខាន់ក្នុងការកសាងអាជីវកម្មទេសចរណ៍ដែលមានការប្រកួតប្រជែងជាសកល និងក្នុងការពង្រឹងវិស័យទេសចរណ៍ក្នុងស្រុក និងសមាគមទេសចរណ៍ដែលពាក់ព័ន្ធ។