ភាសា

របាយការណ៍ស្តីអំពីស្ថានភាពឥណទាននៅកម្ពុជាសម្រាប់ឆ្នាំ២០១៦

កាលបរិច្ឆេទផ្សាយ: ថ្ងៃ​សុក្រ កក្កដា 21st, 2017

ថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ២០១៧ ការិយាល័យឥណទានកម្ពុជា បានផ្សព្ធផ្សាយជាផ្លូវការ នូវរបាយការណ៍ ស្ថានភាពឥណទាននៅ កម្ពុជាសម្រាប់ឆ្នាំ ២០១៦ ក្នុងគោលបំណងបង្កើន​ការយល់ដឹង​អោយកាន់តែទូលំទូលាយ អំពីស្ថានភាពឥណទាននៅកម្ពុជា ដែលអាចប្រើប្រាស់ជាឯកសារជំនួយ​សម្រាប់​ស្ថាប័នសាធារណៈ និង ស្ថាប័នឯកជន ក្នុងការវិភាគពីស្ថានភាព​ឥណទាន ដូចជា ​ចំនួនប្រជាជនដែល​ទទួលបានឥណទាន បរិមាណឥណទានដែលបានខ្ចី និង កម្រិត​អតិថិជន​ដែលមានការយឺតយ៉ាវលើសពី ៩០ថ្ងៃ ក្នុងការសងប្រាក់ នៅតាម​ខេត្តនីមួយៗ និងទូ​ទាំងប្រទេស ព្រមទាំងដាក់ចេញនូវវិធានការណ៍ឥណទាន និង គោល​នយោ​​បាយ​សមស្រប​ណាមួយ។

ក្នុងរយៈពេលជាងមួយទសវត្សរ៍ចុងក្រោយនេះ វិស័យធនាគារនិងមីក្រូហិរញ្ញវត្ថុបានរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយ​បានទាក់ទាញវិនិយោគិនមកធ្វើការវិនិយោគជាច្រើន ហើយបានបម្រើសេវាដល់​ប្រជាជន​នៅតាមជនបទ ជាពិសេសប្រជាជនក្រីក្រ ។ ជាក់ស្តែង ក្នុងអំឡុងឆ្នាំ២០០៤-២០១៦ ចំនួនគ្រឹះស្ថានធនាគារនិង​មីក្រូ​ហិរញ្ញវត្ថុ​​បាន​កើន​ឡើង​ពី ១០ ទៅ ៧១ គ្រឹះស្ថាន ជាមួយនឹងការពង្រីកបណ្តាញពី ១២.៨៣៣ ទៅដល់ ១៤០.១២១ នៅតាមស្រុក ភូមិ និងឃុំ ទូទាំងប្រទេស ដែលធ្វើឱ្យការផ្តល់សេវាកើនឡើងរហូតដល់ទីជនបទ ។

គិតត្រឹមខែធ្នូ ឆ្នាំ២០១៦ គ្រឹះស្ថានជាសមាជិកទាំងនេះ បានផ្តល់ឥណទាន​​សរុប​​មានចំនួន​១២,៥ ប៊ីលាន ដុល្លារអាមេរិក ដល់ប្រជាជនចំនួន ២.០៩៧.៨៥៣ នាក់ នៅក្នុង ២៥ ខេត្ត-ក្រុង។ ក្នុងនោះ រាជធានី​ភ្នំពេញ​​មាន​បរិមាណឥណទាន​ច្រើនជាងគេចំនួន ៥,៣ ប៊ីលាន ដុល្លារអាមេរិក ស្មើនឹង ៤២,៦% នៃឥណទាន​សរុប​ទូទាំងប្រទេស និងមាន​អ្នកខ្ចី​ប្រាក់ចំនួន ២៣២.១៣៣ នាក់​ បន្ទាប់មកគឺ​ខេត្តសៀមរាបមាន​បរិមាណ​ឥណទាន​​ចំនួន ៧៨៥,៧ លាន ដុល្លារអាមេរិក ស្មើនឹង ៦,៣% ដែលមានអ្នកខ្ចី​ប្រាក់ចំនួន​ ១៣៤,៧០២​ នាក់​ ខេត្តកណ្តាល​មាន​បរិមាណ​ឥណទានចំនួន ៧៣៤,៥ លានដុល្លារអាមេរិក ស្មើនឹង ៥,៩% ដែលមានអ្នក​ខ្ចី​ប្រាក់ចំនួន​​ ១៨១,៨៣៥​ នាក់ និង ខេត្តបាត់ដំបងមានបរិមាណឥណទានចំនួន ៦៧៦,៣ លាន​ដុល្លារ​អាមេ​រិក ស្មើនឹង ៥,៤% ដែលមាន​អ្នកខ្ចីប្រាក់ចំនួន ១៣៧.៩៥៣​ នាក់ ។ លើសពីនេះ ទិន្នន័យ​បានបង្ហាញថា តំបន់ណាដែល​មានទំហំឥណទានធំ តំបន់នោះមាន​សេដ្ឋកិច្ច​កាន់តែធំនិងរីកចម្រើន ដែលសរ​បញ្ជាក់ថាឥណទាន​បាន​រួមចំណែកយ៉ាងសំខាន់ក្នុងការជម្រុញ​សេដ្ឋកិច្ច​តំបន់​ឲ្យរីកចម្រើនកាន់តែឆាប់រហ័ស ។

ជាក់ស្តែង រាជធានីភ្នំពេញទទួលបានប្រាក់កម្ចីសរុបច្រើនជាងគេប្រមាណលើសពី ១ ប៊ីលាន​ដុល្លារ​អាមេរិក បន្ទាប់មក គឺខេត្តកណ្តាលនិងសៀមរាប ដែលមានទឹកប្រាក់កម្ចីក្នុងចន្លោះ ៧០០ លាន ទៅ ១ ប៊ីលានដុល្លារអាមេរិក ។ ចំណែកឯខេត្តបាត់ដំបងនិងកំពង់ចាម ទំហំកម្ចីមានចំនួនចន្លោះពី ៥០០ ទៅ ៧០០ លាន ដុល្លារអាមេរិក ។ ខេត្តដែលមានទឹកប្រាក់កម្ចីនៅទាបនៅឡើយ គឺខេត្តស្ទឹងត្រែង ព្រះវិហារ មណ្ឌលគីរី កែប ប៉ៃលិន និងកោះកុង ដែលមាន ទឹកប្រាក់ទាបជាង ១០០ លានដុល្លារអាមេរិក ។

បរិមាណឥណទានជាមធ្យម​ដែល​គ្រឹះស្ថានធនាគារផ្តល់ដល់អតិថិជន ១នាក់ មានចំនួន ១២.៩០៩ ដុល្លារអាមរិក ហើយបរិមាណឥណទានជាមធ្យម​ដែល​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផ្តល់ដល់អតិថិជន ១នាក់ មាន​ចំនួន ២.០៩៩ ដុល្លារអាមេរិក​ ។ ជាមួយគ្នានេះអតិថិជនដែលបានខ្ចីប្រាក់ពីគ្រឹះស្ថានតែមួយមាន ៨៣.១% ពីរគ្រឹះស្ថាន​មាន  ១៣.៧% បីគ្រឹះស្ថានមាន  ២.៨% ​និង ច្រើនជាងបីគ្រឹះស្ថានមាន ០,៤% ។

ចំពោះគុណភាពឥណទានដែលបានផ្តល់ទាំងនេះ ជារួមមានគុណភាពល្អដែលឆ្លុះបញ្ចាំង​ដោយ​អត្រា​ទាបនៃប្រាក់កម្ចីដែលអតិថិជនសងមិនទាន់ពេលដែលមានកម្រិតប្រមាណ ១,២៨% នៃឥណទាន​សរុប ។ ថ្វីត្បិត​តែទំហំ ទឹកប្រាក់ខ្ចីមានភាពខុសគ្នាខ្លាំងនៅតាមបណ្តាខេត្តមួយចំនួនក្នុងប្រទេសក៏ដោយ ទិន្នន័យ​បាន​បង្ហាញថា កម្រិតអត្រានៃប្រាក់កម្ចីដែលអតិថិជនសងមិនទាន់ពេលមិនមានភាព​ខុស​គ្នាឆ្ងាយទេ ។ ខេត្តដែល​មានអត្រា ប្រាក់កម្ចីដែលអតិថិជនសងមិនទាន់ពេលខ្ពស់ជាងគេគឺខេត្តត្បូងឃ្មុំ (២,៨៧%) រតនគីរី (២,៣២%) ពោធិ៍សាត់ (២,២៩%) ព្រះវិហារ (២,១៥%) និង​ឧត្តរមានជ័យ (២,១៣%) ។ លើសពីនេះ ប្រសិនបើ ពិនិត្យមើលពីចំនួនអតិថិជនដែលសង​មិន​ទាន់​ពេលនៅតាម​បណ្តាខេត្តទាំងនេះ គឺមានចំនួនតិចជាង ១.៥០០ នាក់ ក្នុងខេត្តនីមួយៗ គឺមានកម្រិត​ទាបជាងមធ្យមភាគនៃចំនួនអតិថិជនដែលសងមិនទាន់ពេល​ទូទាំង​ប្រទេស (១.៥០៦នាក់) ។ ចំនួន​អតិថិជន​តិចនេះក៏បញ្ជាក់ថែមទៀតថាទោះបីជានៅក្នុងខេត្ត​មួយចំនួន​មានអត្រា ប្រាក់កម្ចី​ដែល​អតិថិជនសងមិនទាន់ពេលមានកម្រិតខ្ពស់បន្តិចក្តី ប៉ុន្តែបើគិតពីចំនួនប្រជាជន​គឺមាន​ចំនួន​តិចតួច​ទេ ។ គួរបញ្ជាក់ថាចំពោះខេត្តដែលផ្តល់​ឥណទាន​ច្រើនជាងគេ ១០ ដំបូង ដែលក្នុងនោះ រួមមាន ភ្នំពេញ សៀមរាប កណ្តាល បាត់ដំបង និងកំពង់ចាម ជាដើម មាន​សមាមាត្រផ្តល់ឥណទាន​ប្រមាណ ៨២% នៃឥណទានសរុបទូទាំងប្រទេស គឺមានអត្រាប្រាក់កម្ចីដែលអតិថិជនសងមិនទាន់ពេលត្រឹម ១% ប៉ុណ្ណោះ ។

លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិស្តីទី នៃការិយាល័យឥណទានកម្ពុជា មានប្រសាសន៍ថា ជារួមស្ថានភាពនៃវិស័យធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជាមានការរីក​ចម្រើន​​គួរឲ្យកត់សម្គាល់ ដោយ​បានរួមចំណែក អភិវឌ្ឍសកម្មភាពសេដ្ឋកិច្ច តាមរយៈការផ្តល់​ឥណទាននៅតាមបណ្តាខេត្ត-ក្រុង ទូទាំងប្រទេស​ ហើយការលើក​កម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋលើការ​ប្រើប្រាស់សេវាហិរញ្ញវត្ថុ គឺមានសារៈសំខាន់ណាស់​ក្នុងការ​ជំរុញ​និងបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទាន ។

សម្រាប់ព័ត៌មានលម្អិត សូមទាញយករបាយការណ៍នៅទីនេះ CBC’s Loan Situation Report 2016