ភាសា

សន្និសិទសារព័ត៌មានស្តីអំពីកិច្ចសហប្រតិបត្តិការក្នុងការផ្តល់សេវាត្រួតពិនិត្យសុខភាពហិរញ្ញវត្ថុរវាងការិយាល័យឥណទានកម្ពុជា (ស៊ីប៊ីស៊ី) និង ធនាគារអេស៊ីលីដា ភីអិលស៊ី

កាលបរិច្ឆេទផ្សាយ: ថ្ងៃ​ពុធ មករា 16th, 2019

ភ្នំពេញ ថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០១៩: នៅថ្ងៃទី ១៥ខែមករា ឆ្នាំ ២០១៩ វេលាម៉ោង ២រសៀលនៅទីស្នាក់ការ       កណ្តាលនៃធនាគារអេស៊ីលីដា ភីអិលស៊ី មានរៀបចំសន្និសិទសារព័ត៌មានស្តីអំពីភាពជាដៃគូរក្នុងការផ្តល់សេវាត្រួតពិនិត្យសុខភាពហិរញ្ញវត្ថុរវាង ការិយាល័យឥណទានកម្ពុជា (ស៊ីប៊ីស៊ី) និង ធនាគារអេស៊ីលីដា ភីអិលស៊ី បន្ទាប់ពីការចុះអនុស្សារណយោគយល់គ្នារវាងស្ថាប័នទាំងពីរ ក្នុងការដាក់អោយដំណើរការសេវានេះនៅសាខារបស់ធនាគារ អេស៊ីលីដា នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ ២០១៨។

សន្និសិទសារព័ត៌មាននេះ មានការចូលរួមពីលោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិនៃការិយាល័យឥណទានកម្ពុជា លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ នៃធនាគារអេស៊ីលីដា ភីអិលស៊ី ថ្នាក់ដឹកនាំជាន់ខ្ពស់នៃស្ថាប័នទាំងពីរ និង អ្នកសារព័ត៌មាននៅកម្ពុជា។

លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិនៃការិយាល័យឥណទានកម្ពុជា បានមានប្រសាសន៍ថា “ក្នុងរយៈពេលជាង៦ឆ្នាំនៃប្រតិ​បត្តិការ ស៊ីប៊ីស៊ី បានចាប់ផ្តើមជាមួយនឹងរបាយការណ៍ឥណទានអតិថិជន ដែលអនុញ្ញាតអោយសមាជិករបស់យើងអាចស្វែងយល់ពីអតិថិជនរបស់ពួកគេកាន់តែច្បាស់ និង ធ្វើការសម្រេចចិត្តលើការផ្តល់ឥណទានប្រកបដោយប្រសិទ្ធិភាព និង ទំនួលខុសត្រូវ។ បន្ថែមពីលើនេះ ប្រព័ន្ធនេះក៏បានជួយដល់អតិថិជនទូទៅ ក្នុងការស្នើសុំនិងស្វែងយល់អំពីព័ត៌មានឥណទានរបស់ពួកគេអោយកាន់តែប្រសើរឡើង ដែលនឹងជួយពួកគេក្នុងការត្រៀមខ្លួនសម្រាប់ការស្នើសុំកម្ចី។ មិនតែប៉ុណ្ណោះ ប្រព័ន្ធនេះក៏ចូលរួមចំណែកដល់ស្ថេរភាពនៃវិស័យហិរញ្ញវត្ថុ និង​ សេដ្ឋកិច្ចផងដែរ។“។

លោកបន្តថា “ដោយមើលឃើញពីសារសំខាន់នៃរបាយការណ៍ឥណទានចំពោះប្រជាជនកម្ពុជា​ និង ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាជនដែលនៅតាមបណ្តាខេត្ត ទើបការិយាល័យឥណទានកម្ពុជាបានបង្កើតសេវាកម្មនេះឡើង ដោយធ្វើកិច្ចសហប្រតិបត្តិអាជីវកម្មជាមួយធនាគារអេស៊ីលីដា ភីអិលស៊ី ក្នុងការផ្តល់សេវាត្រួតពិនិត្យសុខភាពហិរញ្ញវត្ថុនេះ ដោយជំហ៊ានដំបូងយើងដាក់អោយដំណើរការនៅតាមសាខារបស់ធនាគារអេស៊ីលីដា ចំនួន ៥ខេត្ត ក្រុង ហើយគ្រោងនឹងពង្រីកទូទាំងប្រទេសនៅបំណាច់ឆ្នាំ២០១៩​នេះ។”

សេវាត្រួតពិនិត្យសុខភាពហិរញ្ញវត្ថុ គឺជាសេវាកម្មមួយរបស់ ស៊ីប៊ីស៊ី ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋទូទៅ អាចពិនិត្យមើលរបាយការណ៍ឥណទាន  ឬ លទ្ធភាពក្នុងការប្រើប្រាស់ឥណទាន ដោយខ្លួនឯងតាមរយៈភ្នាក់ងារដៃគូរយុទ្ធសាស្ត្រ របស់ស៊ីប៊ីស៊ី។ ដើម្បីប្រើប្រាស់សេវាកម្មនេះ អតិថិជនគ្រាន់តែយកអត្តសញ្ញាណប័ណ្ណឬលិខិតឆ្លងដែនច្បាប់ដើមនិងមានសុពលភាព ហើយអញ្ជើញទៅកាន់សាខាទាំង៥របស់ធនាគារអេស៊ីលីដា ភីអិលស៊ី ដូចជា ទីស្នាក់ការកណ្តាល​ សាខាសៀមរាប សាខាកំពង់ស្ពឺ សាខាតាកែវ និងសាខាខេត្តកណ្តាល។

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​ប្រសាសន៍​ថា ” ការិយាល័យឥណទានកម្ពុជា បានចូលរួមចំណែកជាប្រយោជន៍យ៉ាងច្រើនដល់ភាគីពាក់ព័ន្ធ រួមមានឯកត្តជន ស្ថាប័នធនាគារ​និងហិរញ្ញវត្ថុ និងវិស័យហិរញ្ញវត្ថុនានា។ ដោយយល់ឃើញថា ការិយាល័យឥណទានកម្ពុជា មានប្រព័ន្ធរាយការណ៍ព័ត៌មានឥណទាន ច្បាស់លាស់ និងជឿទុកចិត្ត មានការប្តេជ្ញាចិត្តខ្ពស់ក្នុងការឆ្លើយតបទៅនឹងតម្រូវការ របស់សមាជិក ភាគីពាក់ព័ន្ធ និងក្រុមហ៊ុននានា ជាពិសេសសហគ្រាសធុនតូចនិងមធ្យម ក្នុងការស្វែងរកឥណទានអោយកាន់តែប្រសើរ។ ​ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​ក្តី​សោមនស្ស​រីករាយ ក្នុងការចុះកិច្ចព្រមព្រៀង ​សហប្រតិបត្ដិការ​ជា​មួយការិយាល័យឥណទានកម្ពុជា (ស៊ីប៊ីស៊ី) ក្នុង​ការ​បម្រើ​សេវាត្រួតពិនិត្យសុខភាពហិរញ្ញវត្ថុដល់អតិថិជនក្នុងវិស័យ ធនាគារ និងហិរញ្ញវត្ថុ អោយបានរឹតតែទូលំទូលាយ តាម​ការស្នើសុំពិនិត្យរបាយការណ៍ឥណទានផ្ទាល់ខ្លួន នៅតាមបណ្តាការិយាល័យ រាជធានី សាខាខេត្ត-ក្រុង ចំនួន៥ នៃ​ធនាគារ អេស៊ីលីដា ភីអិលស៊ី។ សេវានេះនឹងជួយដល់អតិថិន និងភាគីពាក់ព័ន្ធក្នុងការស្វែងយល់ពីស្ថានភាពហិរញ្ញវត្ថុ ក្នុងដំណើរការស្នើសុំឥណទាន។”

ចាប់ដំណើរការជាផ្លូវការនៅឆ្នាំ ២០១២ ស៊ីប៊ីស៊ីបានបម្រើដល់ដល់សមាជិក និង អតិថជនជាមួយនឹងសេវាកម្មស្នូលគឺរបាយការណ៍ឥណទានអតិថិជន។ ប្រព័ន្ធនេះបានចូលរួមចំណែកជាប្រយោជន៍យ៉ាងច្រើនដល់ភាគីពាក់ព័ន្ធ រួមមានប្រជាជន ស្ថាប័នហិរញ្ញវត្ថុ និង វិស័យហិរញ្ញវត្ថុ។ស៊ីប៊ីស៊ី ប្តេជ្ញាក្នុងការឆ្លើយតបទៅនឹងតម្រូវការនិងបានធ្វើការជាមួយសមាជិក និងភាគីពាក់ព័ន្ធទាំងអស់ក្នុងការនាំយកមកនូវប្រព័ន្ធរាយការណ៍ព័ត៌មានឥណទាននីតិបុគ្គល(ក្រុមហ៊ុន) ដែលត្រូវបានជឿជាក់ថានឹងជួយដល់ស្ថាប័ន ជាសមាជិក និង ក្រុមហ៊ុនទាំងអស់ក្នុងការត្រួសត្រាយផ្លូវ ជាពិសេសម្រាប់សហគ្រាស់ធុនតូចនិងមធ្យម ក្នុងការស្វែងរកឥណទានអោយកាន់តែប្រសើរ។

អំពីការិយាល័យឥណទានកម្ពុជា (ស៊ីប៊ីស៊ី)

ការិយាល័យឥណទានកម្ពុជាជាក្រុមហ៊ុនឈានមុខគេក្នុងការផ្ដល់ព័ត៌មានឥណទាន ឧបករណ៍​វិភាគ និងសេវាកម្មរាយការណ៍ដល់ ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនភតិសន្យា គ្រឹះស្ថានឥណទានជនបទប្រតិបត្តិករឥណទាន និងអ្នកប្រើប្រាស់នានាក្នុងព្រះរាជាណាចក្រកម្ពុជា។​ គិតត្រឹមខែវិច្ឆិកា ឆ្នាំ ២០១៨ ស៊ីប៊ីស៊ី មានសមាជិកសរុប ១៥៨ស្ថាប័ន។

ស៊ីប៊ីស៊ី ជំរុញលំនឹងសេដ្ឋកិច្ចអោយមានភាពកាន់តែប្រសើរឡើង ដោយផ្ដល់ទិន្នន័យទាន់ហេតុការណ៍ប្រកបដោយសុក្រឹតភាពខ្ពស់ដល់អ្នកប្រើប្រាស់ និងវិស័យហិរញ្ញវត្ថុក្នុងការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុនៃអាជីវកម្មរបស់ពួកគេ។ យើងជួយស្ថាប័នជាសមាជិកក្នុងការគ្រប់​គ្រង​​​ហានិភ័យនៃឥណទាន ការពារការក្លែងបន្លំព័ត៌មាន និងការធ្វើសេចក្ដីសម្រេចចិត្តប្រកប​ដោយប្រសិទ្ធិភាពខ្ពស់។ ស៊ីប៊ីស៊ី ក៏ជួយអ្នកប្រើប្រាស់ក្នុងការត្រួតពិនិត្យរបាយការណ៍ឥណទាន​របស់ពួកគាត់ដើម្បីធានាថាពួកគាត់អាចទទួលបានប្រាក់កម្ចី ហិរញ្ញវត្ថុ និងការពារខ្លួនពីការក្លែងបន្លំអត្តសញ្ញាណផងដែរ៕

អំពីធនាគារ អេស៊ីលីដា ភីអិលស៊ី

ធនាគារ អេស៊ីលីដា ភីអិលស៊ី មានក្រុមហ៊ុន​បុត្រសម្ព័ន្ធ​ចំនួន​ប្រាំ គឺធនាគារ អេស៊ីលីដា ឡាវ លីមីធីត អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា​ និង អេស៊ីលីដា ប្រូភើធី អិលធីឌី​ ព្រមទាំងមានការិយាល័យតំណាងនៅសាធារណរដ្ឋសហភាព​មីយ៉ាន់ម៉ា ។​ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានទ្រព្យសកម្មសរុបចំនួនជាង ៥,៧ ពាន់លានដុល្លារអាមេរិក គិត​មក​ត្រឹម​បំណាច់ខែធ្នូ ឆ្នាំ២០១៨ នេះសមតុល្យ​ឥណទានសរុបចំនួន ៣,៤៩ ពាន់លាន​ដុល្លារអាមេរិក និងប្រាក់បញ្ញើសន្សំ​សរុបចំនួន ៣,៧៥ ពាន់លាន​ដុល្លារ​អាមេរិក និងមានអតិថិជនប្រមាណជាង ២,៥ លាននាក់ គិតត្រឹម​ដំណាច់ខែធ្នូ ឆ្នាំ២០១៨ នេះ។