ភាសា

វគ្គបណ្តុះបណ្តាលស្តីពី “គោលការណ៍ទូទៅនៃរបាយការណ៍ឥណទាន”

កាលបរិច្ឆេទផ្សាយ: ថ្ងៃ​អង្គារ ឧសភា 8th, 2018

នាថ្ងៃទី ៥ ខែឧសភាឆ្នាំ ២០១៨ ការិយាល័យឥណទានកម្ពុជា​បានរៀប​ចំវគ្គបណ្តុះបណ្តាល​ស្តីពី “គោលការណ៍ទូទៅ​សម្រាប់របាយការណ៍ឥណទាន” ដោយមានការចូលរួមពីបុគ្គលិក និងថ្នាក់ដឹកនាំការិយាល័យឥណទានកម្ពុជាទាំងអស់។ វគ្គបណ្តុះបណ្តាលនេះត្រូវបានចូលរួម​ធ្វើបទ​បង្ហាញផ្ទាល់ដោយ លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិនៃការិយា​ល័យ​ឥណទានកម្ពុជា​ ដើម្បីផ្តល់ជាចំណេះដឹងជូនបុគ្គលិករបស់ខ្លួន ស្តីអំពីគោលការណ៍ និងប្រព័ន្ធនៃរបាយការណ៍​ឥណទាន ​ដែលវា​ជាផ្នែក​ដ៏មាន​សារៈ​សំខាន់​ក្នុងការ​បង្កើត​ហេដ្ឋារចនាសម្ព័ន្ធ​ហិរញ្ញវត្ថុ ដ៏មានប្រសិទ្ធិភាព ដែលជួយសម្រួល​ដល់ដំណើរការផ្តល់​ប្រាក់កម្ចីរបស់​សមាជិករបស់ខ្លួន និងពង្រីកលទ្ធភាពទទួលបានឥណទានរបស់ប្រជាពលរដ្ឋ។

ប្រព័ន្ធរបាយការណ៍ឥណទាន​ក៏ជួយបំពេញនូវតំរូវការរបស់អ្នកផ្តល់កម្ចី ដែលចង់បានព័ត៌មានត្រឹមត្រូវ និងប្រកបដោយភាពជឿទុកចិត្ត ដើម្បី​ប្រើប្រាស់ ក្នុងការ​កាត់បន្ថយ​ហានិភ័យ​ក្នុងការផ្តល់ប្រាក់កម្ចី និងការខាតបង់ប្រាក់កម្ចី។ ប្រព័ន្ធទាំងនេះ​​មានសក្តានុពល​ទៅលើឥរិយាបថ​អ្នកប្រើប្រាស់ឥណទាន ដែលជួយពួកគេ​ឲ្យ​ទទួលបានឥណទាន​ងាយស្រួលជាងមុន តាមរយៈប្រវត្តិឥណទានល្អរបស់ពួកគាត់ផងដែរ។ នៅក្នុងកម្រិតម៉ាក្រូ និងមីក្រូ ប្រព័ន្ធរបាយការណ៍ឥណទានជួយ​ដល់ អាជ្ញាធរគ្រប់គ្រងហិរញ្ញវត្ថុ តាមរយៈទិន្ន័យ​ដែលឈាន​ទៅរកការជួយ​លើកកម្ពស់​ភាព​រីកចំរើន​នៃវិស័យហិរញ្ញវត្ថុ​ប្រកបដោយស្ថេរភាព នៅទូទាំងប្រទេស។

ការិយាល័យឥណទានកម្ពុជា តែងមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការបម្រើសមាជិករបស់ខ្លួន ជាមួយនឹងប្រព័ន្ធរបាយការណ៍ឥណទាន​ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និង​ប្រសិទ្ធភាព​ខ្ពស់ សម្រាប់​ធានានូវនិរន្តភាព​នៃដំណើរ​ការឥណទានដែលល្អ និងដើម្បីចូលរួមចំណែកជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។