ភាសា

អណ្តូងទឹក និងបង្គន់ចំនួន ២០ ត្រូវបានផ្តល់ជូនដល់ប្រជាពលរដ្ឋក្រីក្រខេត្តព្រៃវែង

កាលបរិច្ឆេទផ្សាយ: ថ្ងៃ​ច័ន្ទ ធ្នូ 25th, 2017

នា​​ថ្ងៃ​ទី​២៣ ខែ​ធ្នូ​ ឆ្នាំ​២០១៧​​ ថ្នាក់​ដឹកនាំ​ និងបុគ្គលិកការិយាល័យឥណទានកម្ពុជា (ស៊ីប៊ីស៊ី) បានចុះ​ជួយធ្វើបន្ទប់ទឹក និងអណ្តូងសរុបចំនួន ២០ សម្រាប់ប្រជាពលរដ្ឋក្រីក្រ ៤៥ គ្រួសារ រស់នៅសង្កាត់កំពង់លាវ ក្រុង​ព្រៃវែង ខេត្តព្រៃវែង។ ​កម្មវិធីនេះ​បង្កើតឡើងក្នុងគោលបំណង​ផ្តល់ភាពងាយ​ស្រួល​ក្នុងការ​ទទួលបានប្រភពទឹកស្អាត និងលើកកម្ពស់សុខភាព ព្រមទាំងអនាម័យ និងការពារជំងឺចំលងក្នុងសហគមន៍ផងដែរ។​​

កម្ម​វិធី​នេះ​មាន​ការ​ចូល​រួម​ពី​ លោក​ អឿ សុធា​​រ័ត្ន ប្រធាន​នា​យក​ប្រតិបត្តិ​ ការិ​យាល័យ​​ឥណ​ទាន​កម្ពុជា ​អាជ្ញា​ធ​ដែន​ដី​ ថ្នាក់ដឹកនាំ និង បុគ្គលិកការិយាល័យឥណទានកម្ពុជា និង អង្គការស្រលាញ់​កម្ពុជា​ រួម​ទាំង​ប្រជា​ពលរដ្ឋ​សរុប​ជាង​ ១០០ ​នាក់។

គួ​រ​បញ្ជាក់ថា​ការិយាល័យ​ឥណទាន​កម្ពុជា ត្រូវបានចាប់ផ្តើមដំណើរការជាផ្លូវការ​នាថ្ងៃ​ទី​១៩ ខែមី​នា ឆ្នាំ២០១២​ ដោយមាន​ការផ្ដួច​ផ្ដើម​​ពី ធនាគារ​ជាតិ នៃកម្ពុជា សមាគមធនាគារ​នៅកម្ពុជា សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា និងក្រុមប្រឹក្សា​ហិរញ្ញវត្ថុ​អន្តរ​ជាតិ។ ការិយាល័យឥណទាន​កម្ពុជា ​​ជាក្រុមហ៊ុន​ឈានមុខគេ ​ក្នុង​ការផ្តល់នូវ​សេវា​ព័ត៌​​មាន​​ហិរញ្ញវត្ថុ ឧបក​រណ៍​​​​វិភាគ​​ទិន្នន័យ និង របាយការណ៍​ឥណទាន ទៅ​ដល់​​ស្ថាប័ន​ហិរញ្ញវត្ថុ​​ទាំង​អស់ នៅក្នុងប្រទេស​​កម្ពុជា។​ ក្រុម​ហ៊ុន​តែង​​បាន​ចូល​រួម​ជា​ប្រចាំ​ក្នុង​សកម្ម​ភាព​មនុស្ស​ធម៌​ កីឡា ការ​អប់​រំ​ដល់​និស្សិត​តាម​សាកល​វិទ្យា​ល័យ​រដ្ឋ ​និង​ឯ​ក​ជន ការ​ជួយ​គាំទ្រ ​និង​ធ្វើ​អោយ​ប្រសើរ​ឡើង​​នូវវិស័យ​ហិរញ្ញ​វត្ថុកម្ពុជា​ និង​ការ​ចូល​រួម​លើក​កម្ពស់​​សុខភាព​របស់​ប្រជាជន​ ព្រមទាំងការ​ជួយ​ឧបត្ថម្ភក្នុង​រូប​ភាព​ជា​ច្រើន​ផ្សេងទៀត។​