ភាសា

សិក្ខាសាលាស្តីអំពីទំនើបកម្មពិន្ទុឥណទាន៖ ស្វ័យភាពក្នុងការផ្តល់ឥណទានដែលគ្មានភាពលំអៀង

កាលបរិច្ឆេទផ្សាយ: ថ្ងៃ​អង្គារ មិថុនា 25th, 2019

នៅថ្ងៃទី២១-២២​ ខែមិថុនា ឆ្នាំ២០១៩ ការិយាល័យឥណទានកម្ពុជា (ស៊ីប៊ីស៊ី) បានសហការជាមួយសមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និង ក្រុមហ៊ុន Sprint Milestones រៀបចំសិក្ខាសាលាស្តីអំពី “ពិន្ទុឥណទាន” នៅសណ្ឋាគារភ្នំពេញ ដោយមានអ្នកចូលរួមប្រមាណ ២៥០នាក់ មកពីស្ថាប័នហិរញ្ញវត្ថុចំនួន ១៦០ដែលជាសមាជិករបស់សមាគមទាំងពីរ។

គោលបំណងសំខាន់នៃសិក្ខាសាលានេះគឺ ដើម្បីចែករំលែកអំពីទិដ្ឋភាពទូទៅនៃការប្រើប្រាស់និងអភិវឌ្ឍគំរូពិន្ទុឥណទានដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនិងទទួលបានជោគជ័យនៅប្រទេសជាច្រើន លើផលិតផលឥណទានដូចជាប័ណ្ណឥណទាន ឥណទានអតិថិជន និង ឥណទានគេហដ្ឋានជាដើម។ ប្រព័ន្ធពិន្ទុឥណទានអាចជួយអោយការសម្រេចចិត្តបានឆាប់រហ័ស ប្រកបដោយភាពសុក្រិតជាងមុន និង ច្បាស់លាស់ ដោយមិនពឹងផ្អែកខ្លាំងលើការវិនិច្ឆ័យពីបុគ្គល។

នៅក្នុងទីផ្សារឥណទានក្នុងប្រទេសកម្ពុជា ស្ថាប័នហិរញ្ញវត្ថុមួយចំនួនបានបង្កើតនូវពិន្ទុឥណទានផ្ទាល់ខ្លួនដែលអាចប្រើប្រាស់ក្នុងប្រព័ន្ធធនាគារ។ ទោះបីជាយ៉ាងណាក៏ដោយ មានស្ថាប័នហិរញ្ញវត្ថុជាច្រើនទៀតដែលមិនទាន់ពិន្ទុឥណទានដែលទាន់សម័យនៅឡើយ (ពិន្ទុឥណទានបែបទំនើបប្រើប្រាស់គំរូស្ថិតិ ឬ Machine Learning) មានន័យថាពួកគេប្រើប្រាស់ការវិនិច្ឆ័យផ្ទាល់ខ្លួនដើម្បីកំណត់ព័ត៌មានសំខាន់ក្នុងការវាយតម្លៃអតិថិជន។

ដើម្បីដោះស្រាយបញ្ហាប្រឈមខាងលើនេះ ស៊ីប៊ីស៊ីបានសហការជាមួយក្រុមហ៊ុន Sprint Milestone ដែលជាក្រុមហ៊ុនដៃគូយុទ្ធសាស្ត្រមួយឈានមុខគេក្នុងការផ្តល់សេវាវិភាគទិន្នន័យ និងបទពិសោធស៊ីជម្រៅក្នុងការអភិវឌ្ឍគំរូពិន្ទុឥណទានក្នុងប្រទេសជាច្រើននៅអាស៊ីប៉ាស៊ីភិច។

ការផ្តល់ពិន្ទុឥណទានបានក្លាយជាវិធីសាស្ត្រស្តង់ដារមួយសម្រាប់អនុវត្តនៅក្នុងដំណើរការសម្រេចចិត្តក្នុងវដ្តនៃការគ្រប់គ្រងឥណទានដែលធ្វើអោយមានការសម្រេចចិត្តលឿន និង គ្មានលំអៀង។ គំរូនេះប្រើវិធីសាស្ត្រទិន្នន័យ និងបច្ចេកទេសស្ថិតិដើម្បីបង្កើតនូវប័ណ្ណពិន្ទុហានិភ័យដែលគេហៅថាពិន្ទុហានិភ័យ ដើម្បីវាយតម្លៃលើលទ្ធភាពនៃការសងរបស់អតិថិជន។ វាអនុញ្ញាតអោយស្ថាប័នផ្តល់កម្ចី អាចជ្រៀតចូលទីផ្សារជាប្រព័ន្ធ ពង្រឹងចំណូល និង កាត់បន្ថយការបាត់បង់ដែលអាចកើតមាន។

សម្រាប់ព័ត៌មានបន្ថែម សូមចូលក្នុងគេហទំព័រ www.credibureau.com.kh ឬ ទំនាក់ទំនងតាមអ៊ីម៉ែល​ bis@creditbureau.com.kh ។